ក្រសួងមហាផ្ទៃបានកោះហៅតំណាងសហជីពចំនួនប្រាំមួយនាក់ដើម្បីសាកសួ បន្ទាប់ពីមានពាក្យបណ្តឹងមួយពីលោក ចាក លី (Jack Liu) អគ្គនាយករបស់ក្រុមហ៊ុនថៃណាន (កម្ពុជា) (Tainan Enterprise(Cambodia) Co.Ltd, ដោយចោទថា ពួកគេបានញុះញង់ឲ្យមានអំពើហិង្សា នៅក្នុងរោងចក្រកាត់ដេររបស់លោកនៅក្នុងខេត្តកណ្តាលកាលពីខែចុងខែធ្នូ។
លិខិតមួយច្បាប់ចុះកាលពីថ្ងៃព្រហស្បតិ៍ចុះហត្ថលេខាដោយលោក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានព្រហ្មទណ្ឌរបស់ក្រសួងមហា ផ្ទៃ បានកោះហៅឈ្មោះ ខែម ណាតឈឹម និមល និង ឈ្មោះ ង៉ែត មុនីរ័ត្ន ពីស័ម្ពន្ធសហជីពកម្មករកម្ពុជា ហៅកាត់ថា CATU ទៅសាកសួរនៅថ្ងៃនេះ។លិខិតនេះក៏បានបង្គាប់ផងដែរឲ្យសមាជិកសហជីពចំនួនបីរូបទៀត ឈ្មោះ កុល ខឿន អ៊ុក ខេន និងឈ្មោះ សែម កុសល មកបង្ហាញខ្លួនដើម្បីសាកសួរនៅថ្ងៃពុធនេះ។
លិខិតនេះមានខ្លឹមសារថា “អ្នកទាំងអស់នោះត្រូវបង្ហាញខ្លួន បន្ទាប់ពីដីកាកោះ”។លោក បូរ៉ាបានមានប្រសាសន៍កាលពីម្សិលមិញថា “យើងបានកោះហៅអ្នកទាំងនេះដើម្បីសាកសួរ ព្រោះ[លោក លី] តំណាងរបស់ក្រុមហ៊ុនបានចោទប្រកាន់[ពួកគេ] ពីបទញុះញង់ឲ្យមានអំពើហិង្សាក្នុងចំណោម
កម្មករ និង[ដឹកនាំពួកគេ] បំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រ ប៉ុន្តែយើងគ្មានផែនការចាប់ខ្លួននរណាទេ”។
អ្នកស្រី យ៉ាង សោភ័ណ ប្រធានCATU បានមានប្រសាសន៍ថា ក្រុមហ៊ុន ថៃណាន បានដាក់ពាក្យបណ្តឹងប្តឹងអ្នកតំណាងចំនួនប្រាំមួយនាក់ បន្ទាប់ពីកម្មករបានតវ៉ាកាលពីថ្ងៃទី២៦ខែធ្នូនៅឯរោងចក្រនេះនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដោយទាមទារប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារ។ អ្នកស្រីបានមានប្រសាសន៍ថា “ខ្ញុំយល់ថា ក្រសួងមហាផ្ទៃបានកោះហៅសមាជិករបស់ខ្ញុំ។ វាមិនយុត្តិធម៌ទេ ពីព្រោះពួកគេបានជួយកម្មករទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលដល់ទៅ១៦០ដុល្លារ”។ អ្នកស្រីបានបន្ថែមថា “ខ្ញុំក៏បានទទួលព័ត៌មានផងដែរថា ម្ចាស់រោងចក្រជាច្រើនបានប្តឹងខ្ញុំ ប៉ុន្តែខ្ញុំមិនបានទទួលការកោះហៅណាមួយពីអាជ្ញាធរនៅឡើយទេ”។
លោក ខែម ណាត ប្រធានសាខារបស់CATU នៅក្រុមហ៊ុន ថៃណាន បានបញ្ជាក់ថា“លោកបានទទួលដីកាកោះមួយ បង្គាប់ឲ្យលោកបង្ហាញខ្លួនដើម្បីសាកសួរនាព្រឹកនេះ។លោកបានឲ្យដឹងកាលពីម្សិលមិញថា “ខ្ញុំនឹងទៅជាមួយមនុស្សពីរនាក់ទៀត ដែលត្រូវបានកោះហៅដែរនៅថ្ងៃច័ន្ទនេះ…។ ខ្ញុំមិនខ្លាចទេ ពីព្រោះយើងគ្រាន់តែទាមទារឲ្យមានដំឡើងប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារសម្រាប់កម្មករប៉ុណ្ណោះ”។
កាលពីចុងសប្តាហ៍មុន សមាជិកកងរាជអាវុធហត្ថមួយចំនួនក៏ត្រូវបានកោះហៅដើម្បីសាកសួរនៅឯសាលាដំបូងរាជធានីភ្នំពេញផងដែរ ជុំវិញតួនាទីរបស់ខ្លួនក្នុងកូដកម្មរបស់កម្មករកាត់ដេរនៅក្នុងតំបន់ផ្លូវវ៉េងស្រេង កាលពីថ្ងៃទី២ និងទី៣ ខែមករា។ កម្មករប្រាំនាក់ត្រូវបានសម្លាប់និងជាង៤០នាក់ទៀតបានរងរបួស នៅពេលកងកម្លាំងសន្តិសុខបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ា។
លោក ខេង ទីតូ អ្នកនាំពាក្យរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានលើកឡើងកាលពីម្សិលមិញថា “ កងរាជអាវុធហត្ថប្រហែលបួនទៅប្រាំនាក់បានចូលខ្លួននៅតុលាការដើម្បីឆ្លើយនឹងសំណួររបស់ចៅក្រមសាកសួរម្នាក់កាលពីចុងសប្តាហ៍នេះ ប៉ុន្តែពួកគេត្រូវបានអនុញ្ញាតឲ្យត្រឡប់មក
ផ្ទះវិញ”៕ ប៊ុននី