29 C
Phnom Penh

គណបក្ស​​​ប្រឆាំង​​​​លុប​​​ចោ​​​ល​​​ការ​​​ជួបជុំ​​​គ្នា​​​​​​មួ​​​យទៀត​​​ដោយ​​​សារ​​​​​​ការ​​​រំខាន​​​ពី​​​អ្នក​​​គាំ​​​ទ្រ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​គណបក្ស​សង្គ្រោះជាតិ​មាន​គម្រោង ​​ជួប​ជុំ​គ្នា​នៅ​ទីស្នាក់​ការ​គណបក្ស​របស់​ខ្លួននៅ​ក្នុង​ខេត្ត​កំពង់ចាម កាល​ពីម្សិលមិញ​ ​រដ្ឋា​ភិ​បាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​​ដាក់​ពង្រាយ​នគរបាល​ និង​កង​រាជអាវុធ​ហត្ថ​រាប់​រយ​នាក់​នៅតំបន់​នោះ ដោ​​​យ​​​សារ​​​អ្នក​គាំទ្រគណបក្សប្រជាជន​កម្ពុជា​ដែល​​កាន់​អំណាច​បាន​រៀប​ចំការ​ជួប​ជុំគ្នា​មួយ​ដើម្បី​ប្រឆាំង​ ដោយ​​​​ធ្វើ​​​ឲ្យ​​​មេ​​​ដឹកនាំគណបក្ស​ប្រឆាំង​លុប​​ចោល​កម្ម​វិធី​របស់​ខ្លួន​ដោយ​សារ​​ខ្លាច​មាន​​អំពើ​ហិង្សា​។

បុរសពាក់​មួក​ដែល​មាន​រូប​សញ្ញា​គណ​បក្ស​​​ប្រជា​ជន​កម្ពុជា​ គ្រវី​ទង់​ជាតិ ​និង​ស្រែក​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​តាម​ឧគ្ឃោ​សនសព្ទ​​​​នោះ ក៏​បាន​ឡោម​ព័ទ្ធ​សណ្ឋាគារ​ដែល​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ស្នាក់​នៅ​ផង​ដែរ​កាល​​​​ពីព្រឹក​​ម្សិល​មិញ​។

លោក កឹម សុខា បានមាន​ប្រសាសន៍​នៅ​ឯ​សន្និសីទ​កាសែត​ បន្ទាប់​ពីត្រឡប់មក​ទីក្រុង​ភ្នំពេញ​វិញ​ថា “ គណ​បក្ស​ប្រជា​ជន​កម្ពុជា​​​បាន​បញ្ជូន​ក្រុម​​​​អ្នក​​​លេង​​​​ឲ្យទៅ​រំខាន​ និង​បំភិត​​​​បំភ័យ​សកម្មជន​ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​​​​ជាតិ​ដែល​រៀបចំការ​ជួប​ជុំ​គ្នា​នៅ​​ទីស្នាក់​ការ​កណ្តាល​របស់​ខ្លួននៅ​​ក្នុង​ខេត្ត​កំពង់​ចាម​”។

បន្ទាប់​ពី​បាន​ចាកចេញ​ពីសណ្ឋាគារ​កាល​ពី​ព្រឹក​ម្សិលមិញ​ លោក កឹម សុខា បាន​មាន​​ប្រសាសន៍ថា  លោក​ត្រូវ​បាន​កង​កម្លាំង​រដ្ឋា​ភិ​បាល​រារាំង​នៅពេល​លោក​ប៉ុន​ប៉ង​ជិះ​រថយន្ត​ទៅកាន់​ទីស្នាក់​ការ​គណបក្ស​ដើម្បី​ចូល​រួម​​​ការ​ជួប​ជុំគ្នា​ដូចការគ្រោង​ទុក​។

លោក សុន ឆ័យ ប្រធាន​​​ក្រុម​​​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ រួមជាមួយ​សមាជិក​សភា​ជាប់​ឆ្នោត​របស់​គណបក្ស​ប្រឆាំង​មួយ​ក្រុម​បាន​ទៅដល់​កន្លែង​​ជួប​ជុំ​គ្នានោះ​ក្រោយ​ម៉ោងប្រហែល​​១១ព្រឹក​បន្តិច ដើម្បីប្រាប់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ ជាតិ​ពីរ​ បីរយ​នាក់​ថា លោក​ កឹម​ សុខា មិន​អា​ច​មក​ចូល​រួម​តាម​ការ​គ្រោ​ងទុក​របស់​លោក​បាន​ទេ​ដោយសារ​​​​មាន​​​ការ​រារាំង​ពី​គណ​​បក្ស​ប្រជា​ជន​កម្ពុជា។លោក សុន ឆ័យ បាន​មាន​ប្រសាសន៍ថា  “ គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​ចត​រថយន្ត​ធំ​ពីរ​គ្រឿង​ដឹក​មនុស្ស​ពេញ​ៗ និង​មាន​បំពាក់​ឧគ្ឃោស​ន​សព្ទ​នៅ​ចំពីមុខ​ទីស្នាក់ការ​គណ​​​បក្ស​ សង្គ្រោះ​ជាតិ​”។

រូប​ភាព​វីដេអូ​ បង្ហោះតាមបណ្តាញ​ទំនាក់​ទំនង​សង្គម​​​ហ្វេសប៊ុក​បាន​​បង្ហាញថា សំឡេង​របស់​លោក​ សុន ឆ័យ ត្រូវ​បាន​​​គេ​ចាក់​ភ្លេង​​​​រំខាន​​​​ពី​រថយន្ត​នោះ​ដោយ​​មាន​នគរបាល​ប្រដាប់​អាវុធ​ជាច្រើន​នាក់​ឈរ​នៅ​​​​ចន្លោះ​​​​ការ​ជួប​ជុំ​​​​ទាំង​​​ពីរ​​​។វីដេអូ​ថត​នៅខាង​ក្រៅ​សណ្ឋាគារ​ដែល​លោក​ កឹម សុខា ស្នាក់​នៅ​កាល​ពីព្រឹក​ម្សិល​​​មិញ​ មាន​មនុស្ស​ប្រុស​ជាច្រើន​លើក​ទង់​ជាតិ​ និង​​​​នៅ​​​ព័ទ្ធ​ជុំវិញ​ចំណត​រថយន្ត​។គេ​ឃើញ​បុរស​ម្នាក់​លើក​​ស្លាក​មួយ​សរសេរ​ថា “ យើង​ប្តេជ្ញា​ការ​ពារ​រដ្ឋ​ធម្មនុញ្ញ​ និង​រដ្ឋាភិបាល​ស្រប​ច្បាប់​”។​​សំឡេង​ចេញពី​ឧគ្ឃោសនសព្ទ​នោះ​ស្រែក​ថា “ យើង​មិន​ត្រូវ​ការ​ សម រង្ស៊ី និង​​ កឹម​ សុខា​ ទេ​”។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​​​​ជួប​​​​​ការ​រា​រាំង​ស្រដៀង​គ្នា​នេះ​ពីអ្នក​គាំទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​កាល​ពីសប្តាហ៍​មុន​​នៅមុន​ការ​ជួប​ជុំ​គ្នា​ដែលបាន​គ្រោង​ធ្វើ​នៅក្នុង​ខេត្ត​កណ្តាល​។ នគរបាល​ និង​កង​រាជអាវុធហត្ថ​រាប់រយ​នាក់​ រួមជាមួយ​ជន​ស៊ីវិល​គាំទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ប្រហែល​១.០០០នាក់​បាន​​ចូល​ទៅក្នុង​វត្ត​មួយ​នៅជិត​​លំនៅ​ដ្ឋាន​ឯក​ជន​ ​ជា​កន្លែង​ជួប​ជុំគ្នា​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​នាំ​ឲ្យ​គណបក្ស​ប្រឆាំង​លុប​ចោល​ការ​ជួប​ជុំ​គ្នា​របស់​ខ្លួន​។
ការ​បង្ហាញកម្លាំង​របស់​​​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​​​​​​ឲ្យ​​​ប្រឆាំង​​​នឹង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កើត​មានឡើង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថា កាល​ពីថ្ងៃទី១៨ ខែ​មករា  អំពាវ​​នាវ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​ត្រៀម​ខ្លួនប្រឆាំង​ទង្វើ​ទាំង​អស់​ដែល​ខ្វះ​ការ​ទទួល​ខុសត្រូវ​ និងមាន​លក្ខណៈ​ជា​រដ្ឋ​ប្រហារ​​។

លោក ចាន់​ ហោ នាយ​រង​ការិយាល័យ​នគរ​​​បាល​យុត្តិធម៌​ខេត្ត​កំពង់​ចាម​បាន​មាន​ប្រសាសន៍​ថា អ្នកគាំទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​​បាន​រំខាន​ការ​ជួប​ជុំ​គ្នា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ម្សិលមិញ មិន​មែន​ក្រុម​អាជ្ញាធរ​ទេ ​។

លោក​ ចាន់ ហោ បានមាន​ប្រសាសន៍ថា “ អ្នក​ដែល​ព្យាយាម​រារាំង​​ [​ ថ្នាក់​ដឹកនាំ​គណ​បក្ស​សង្រោះ​​​​ជាតិ​] គឺជា​អ្នក​គាំទ្រ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ មិនមែន​ជា​អាជ្ញាធរ​ទេ​”។

ឧត្តម​សេនីយ៍​ត្រី ខេង​ ទីតូ អ្នក​នាំពាក្យ​កង​រាជអាវុធហត្ថ​បានមាន​ប្រសាសន៍ថា កម្លាំង​សន្តិសុខ​គ្រាន់​តែ​អនុវត្ត​បម្រាម​មិន​ឲ្យ​ជួប​ជុំ​ជា​សាធារណៈ​ប៉ុណ្ណោះ​។
លោក​បានមាន​ប្រសាសន៍​ថា “ ការ​ជួប​ជុំ​គ្នា​នេះ​ផ្ទុយពីច្បាប់​”។ លោក​បាន​បន្ថែម​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ជួប​ជុំគ្នា​ដែរ​។
ការ​ជួប​ជុំគ្នា​របស់​គណបក្ស​ប្រឆាំង​កាល​ពីថ្ងៃសៅរ៍ នៅក្នុងខេត្ត​ព្រៃវែង​​​ដែល​លោក​ កឹម សុខា បាន​ថ្លែង​ទៅកាន់​អ្នក​គាំទ្រ​រាប់​រយ​នាក់​ និង​បាន​ត្អូញត្អែរអំពីការគាប​សង្កត់​របស់​រដ្ឋាភិបាល​លោក ហ៊ុន​ សែន​ ចំពោះ សេរី​ភាព​នោះ​​ត្រូវ​បាន​អនុញ្ញាតឲ្យធ្វើ​ដោយ​គ្មានការ​រំខាន៕​​​គឹមហឿន​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស