កងរាជអាវុធហត្ថបានដេញវាយបាតុករអហិង្សាយ៉ាងឃោរឃៅដែលបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងភ្នំពេញកាលពីម្សិលមិញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យវិទ្យុសម្បុកឃ្មុំបន្តកម្លាំងផ្សាយ និងផ្តល់អាជ្ញាប័ណ្ណទូរទស្សន៍ដល់លោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុឯករាជ្យដែលរិះគន់រដ្ឋាភិបាលជាញឹកញាប់។
នគរបាលបានគប់គ្រាប់បែកផ្សែងទៅលើផ្លូវនិងប្រើដំបងឆក់ដើម្បីឆក់ និងវាយក្រុមអ្នកតវ៉ាដែលមិនតដៃនៅខាងក្រៅក្រសួងព័ត៌មាននៅតាមមហាវិថីព្រះមុនីវង្ស។
អង្គការសិទ្ធិមនុស្សបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សរងរបួស១០នាក់និងបានថ្កោលទោសការបង្ក្រាបរបស់កងរាជអាវុធហត្ថ។ការបង្ក្រាបដោយហិង្សាកាលពីម្សិលមិញនេះគឺជាការបង្ក្រាបដោយឃោរឃៅទៅលើការតវ៉ាអហិង្សាចុងក្រោយពីសំណាក់អាជ្ញាធរនៅក្នុងទីក្រុងភ្នំពេញកាលពីម្សិលមិញ ចាប់តាំងពីរដ្ឋាភិ បាលកាន់អំណាចដោយ គណបក្សប្រជាជនកម្ពុជាបានព្យួររដ្ឋធម្មនុញ្ញស្តីពីសិទ្ធិជួបជុំកាលពីដើមខែនេះ និងបានដាក់ បម្រាមមិនឲ្យមានការជួបជុំគ្នាទាំងអស់។
ថ្វីបើមានការដាក់បម្រាមនេះក៏ដោយ ក៏លោក ម៉ម សូណង់ដូ បានអំពាវឲ្យមានការជួបជុំគ្នាកាលពីម្សិលមិញ ដើម្បីទាមទារឲ្យក្រសួងព័ត៌មានផ្តល់អាជ្ញាប័ណ្ណទូរទស្សន៍ដល់លោក និងអនុញ្ញាតឲ្យវិទ្យុសម្បុកឃ្មុំបន្តកម្លាំងផ្សាយ ដើម្បីឲ្យវិទ្យុនេះអាចផ្សាយទៅដល់ខេត្តនានា។
វិទ្យុសម្បុកឃ្មុំ គឺជាវិទ្យុមួយនៅក្នុងចំណោមវិទ្យុចំនួនពីរបីនៅក្នុងប្រទេសកម្ពុជាដែលបានផ្សព្វផ្សាយព័ត៌មាន និងបទអត្ថាធិប្បាយរិះគន់រដ្ឋាភិបាល ហើយនៅពេលថ្មីៗនេះបានបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះគណបក្សប្រឆាំង។
ដោយធ្វើតាមការអំពាវនាយរបស់លោក ម៉ម សូណង់ដូ ឲ្យហែក្បួនទៅកាន់ក្រសួងព័ត៌មាន អ្នកគាំទ្ររាប់រយនាក់បានប្រមូលផ្តុំគ្នានៅមហាវិថីព្រះនរោត្តមត្រង់ស្ពាននាគរង់ចាំការមកដល់របស់លោក ម៉ម សូណង់ដូ ហើយលោក ម៉ម សូណង់ដូ បានដឹកនាំការហែក្បួនពីទីនោះទៅកាន់ក្រសួងព័ត៌មានដែលនៅមិនឆ្ងាយពីទីនោះ ដោយដើរគេចពីវត្តមានរបស់កងកម្លាំងសន្តិសុខបន្តិចបន្តួចដែលបានប៉ុនប៉ងមិនបានសម្រេចដើម្បីបិទផ្លូវមិនឲ្យហែក្បួននៅជិតវត្តភ្នំ។
ពេលទៅដល់ខ្លោងទ្វារក្រសួងព័ត៌មានដែលបិទជិតនោះ ក្រុមអ្នកតវ៉ាបានកាន់កាប់មហាវិថីព្រះមុនីវង្សដើម្បីជំរុញការទាមទាររបស់ខ្លួនសុំប្រើប្រាស់រលកធាតុអាកាសនៅក្នុងប្រទេសឲ្យបានសមរម្យ ហើយបានបិទផ្លូវមិនឲ្យធ្វើចរាចរពីទិសខាងជើង និងទិសខាងត្បូង។
បន្ទាប់មកកងរាជអាវុធហត្ថរាប់រយនាក់បានចាត់វិធានការ។
បន្ទាប់ពីកងរាជអាវុធហត្ថមួយក្រុមតូចបានតម្រង់ជួរជាលើកដំបូងនៅលើផ្លូវនោះមានកងរាជអាវុធហត្ថជាច្រើនរយនាក់ទៀតចេញមកពីបរិវេណសាលារាជធានីដែលនៅក្បែរនោះភ្លាមៗ ហើយបានឈរតម្រង់ជួរជាច្រើនជួរពេញផ្លូវនោះតែម្តង។ ពីរបីនាទីក្រោយមក ពួកគេបានចាប់ផ្តើមរុលទៅរកអ្នកតវ៉ា ដេញវាយ និងទាត់ធាក់អ្នកតវ៉ាមួយចំនួនដែលមិនគេចខ្លួន។
មន្ត្រីកងរាជអាវុធហត្ថបានគប់គ្រាប់បែកផ្សែងជាច្រើនគ្រាប់ទៅលើផ្លូវនោះមុនពេលមន្ត្រីនៅជួរមុខបានសម្រុកចូលទៅដេញវាយមនុស្សនៅតាមផ្លូវនោះរួមទាំងស្ត្រី និងមនុស្សចាស់ ដែលគ្មាននរណាម្នាក់អាចតដៃបានទេ នៅពេលប្រឈមនឹងការវាយដំយ៉ាងឃោរឃៅនោះ។
កន្លះម៉ោងបន្ទាប់ពីកងរាជអាវុធហត្ថ និងកងកម្លាំងបង្ក្រាបបាតុកម្មបានចេញមកបង្ក្រាបអ្នកតវ៉ា និងផ្សែងបាត់អស់ពីមហាវិថីព្រះមុនីវង្សនោះ ហើយកងរាជអាវុធហត្ថបានត្រឡប់ចូលទៅក្នុងបរិវេណសាលារាជធានី និងមានការធ្វើចរាចរជាធម្មតាវិញ។
យោងតាមអង្គការសិទ្ធិមនុស្សលីកាដូ អ្នកតវ៉ាមួយចំនួនបានប្រមូលផ្តុំគ្នាឡើងវិញនៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកដែលនៅជិតនោះ ហើយនៅទីនោះពួកគេត្រូវបាននគរបាលបង្ក្រាបបាតុកម្មបណ្តេញចេញ និងបានបែកគ្នាជាលើកចុងក្រោយ។
អង្គការលីកាដូបានឲ្យដឹងថា មនុស្សរងរបួសទាំង១០នាក់នោះ រួមទាំងបុរសពីរនាក់ដែលគេចាប់បានមានចំពាមកៅស៊ូហើយត្រូវបានអ្នកតវ៉ាមួយចំនួនវាយដំ ដោយសារសង្ស័យថាពួកគេត្រូវបានរដ្ឋាភិបាលដាក់ឲ្យបង្កប់ខ្លួនក្នុងក្រុមអ្នកតវ៉ាដើម្បីបង្កបញ្ហា។
អង្គការអាដហុកបានឲ្យដឹងថា ម៉ូតូប្រាំបួនគ្រឿង និងរ៉ឺម៉កកង់បីបួនគ្រឿងក៏ត្រូវបាននគរបាលរឹបអូសផងដែរ។ឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថបានអះអាងថា មន្ត្រីរបស់លោកគ្មានជម្រើសក្រៅពីការប្រើកម្លាំងទេពីព្រោះអ្នកតវ៉ាបានបំពានបម្រាមរបស់រដ្ឋាភិបាលមិនឲ្យធ្វើបាតុកម្ម និងមិនស្តាប់បញ្ជាឲ្យចាកចេញពីផ្លូវនោះ។
ឧត្តមសេនីយ៍ត្រី ខេង ទីតូ បានមានប្រសាសន៍ថា “ ពួកគេបំពាននឹងបម្រាម របស់សាលារាជធានី ហើយពួកគេបានបិទ ផ្លូវ និងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ យើងបានប្រាប់ពួកគេឲ្យចាកចេញ ប៉ុន្តែ ពួកគេមិនស្តាប់ទេ ដូច្នេះហើយកងកម្លាំងរបស់យើងត្រូវចាត់វិធានការបង្ក្រាបពួកគេ”។
លោក ម៉ម សូណង់ដូ ដែលត្រូវបានអ្នកគាំទ្រទាញចេញពីការវាយតប់នោះតែប៉ុន្មានជំហានប៉ុណ្ណោះនៅពីមុខកងរាជអាវុធហត្ថនោះ បានថ្កោលទោសការវាយដំនេះ។លោកបានមានប្រសាសន៍ថា “ យើងមានការរន្ធត់ពីព្រោះប្រជាជនគ្រាន់តែបញ្ចេញទស្សនទាមទារអាជ្ញាប័ណ្ណទូរទស្សន៍ និងការបន្តកម្លាំងផ្សាយរបស់វិទ្យុសម្បុកឃ្មុំហើយពួកគេអង្គុយស្ងៀម ប៉ុន្តែ កងរាជអាវុធហត្ថ និងនគរបាលប្រឆាំងបាតុកម្មបានគប់គ្រាប់បែកផ្សែង និងវាយប្រជាពលរដ្ឋ”។
លោក ម៉ម សូណង់ដូ បានព្រមានអំពីការតវ៉ាពីប្រជាជនកាន់តែធំប្រសិនបើនគរបាលបន្តបង្ក្រាបយ៉ាងឃោរឃៅទៀត។លោកបានមានប្រសាសន៍ថា “ ពួកគេមិនបានដោះស្រាយបញ្ហាទេ ពួកគេគ្រាន់តែបង្ក្រាប។ វានឹងធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះនិងសងសឹកទៅលើអាជ្ញាធរ ហើយវានឹង ធ្វើឲ្យផ្ទុះដូចភ្នំភ្លើង”។
លោក សុខ នី អ្នករត់ម៉ូតូឌុបដែលបានចូលរួមនៅក្នុងការតវ៉ានេះបាននិយាយថា សន្តិសុខខណ្ឌបានវាយគាត់នឹងដំបងចំខ្នង និងចំក្បាល បន្ទាប់ពីបានដោះមួកសុវត្ថិភាពរបស់គាត់ចេញ។ គាត់រងរបួសត្រូវដេរបួនថ្នេរលើក្បាលផ្នែកខាងក្រោយនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។គាត់បាននិយាយថា “ វាជាការបង្ក្រាបដ៏ឃោរឃៅពីព្រោះបាតុករមានតែដៃទទេ តើពួកគេអាចតដៃយ៉ាងម៉េចកើត?”។
លោក សុខ នី បាននិយាយថា នេះគឺជាការបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។គាត់បាននិយាយបន្តថា “ ប្រជាពលរដ្ឋគ្រាន់តែធ្វើបាតុកម្មបញ្ចេញមតិរបស់ខ្លួន។ ឥឡូវនេះយើងមិនអាចបញ្ចេញមតិរបស់យើងបានទៀតទេ។ ពួកគេបានបិទសិទ្ធិរបស់យើងហើយ”។
ថ្លែងនៅពេលក្រោយមកពីកន្លែងចាប់ផ្តើមហែក្បួនពេលព្រឹកជិតស្ពាននាគ លោក ស្រី មូរ សុខហួរ តំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រឆាំងបានមានប្រសាសន៍ថា ការប្រើកម្លាំងនគរបាលបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់នយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា “ លោក ហ៊ុន សែន ត្រូវយល់ថា ថ្ងៃរបស់លោកជិតចប់ហើយ។ ប្រសិនបើលោកនៅតែធ្វើឲ្យឈាមរបស់ប្រជាជនខ្មែរធ្លាក់លើដីខ្មែរនោះ ឈាមមួយតំណក់ៗស្មើនឹងមួយ ថ្ងៃសម្រាប់លោកចុះចេញ”។
“ នេះគឺជាពេលដ៏សំខាន់ណាស់ដើម្បីឲ្យលោក ហ៊ុន សែន យល់ថា ប្រជាពលរដ្ឋកំពុងនិយាយជាមួយលោក។ តើលោកនិយាយជាមួយប្រជាពលរដ្ឋ ឬនិយាយប្រាប់ប្រជាពលរដ្ឋវិញទេ?”។
គណបក្សសង្គ្រោះជាតិដែលចោទលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចយូររបស់លោកថា បានលួចបន្លំដើម្បីយកជ័យជម្នះនៅក្នុងការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីឆ្នាំមុននោះ កំពុងទាមទារឲ្យនាយករដ្ឋមន្ត្រីរូបនេះចុះចេញ ឬរៀបចំការបោះឆ្នោតជាថ្មី។
គណបក្សប្រជាជនកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការចំពោះការទាមទារទាំងពីរចំណុចនេះ។ដោយមិនរួញរាចំពោះការបង្ក្រាបដោយហិង្សាលើការជួបជុំគ្នាកាលពីម្សិលមិញ និងការច្រានចោលដដែលៗពីក្រសួងព័ត៌មាននោះ លោក ម៉ម សូណង់ដូ បានមានប្រសាសន៍ថា លោកនឹងនៅតែទាមទារកម្លាំងផ្សាយបន្ត និងអាជ្ញាប័ណ្ណទូរទស្សន៍ដដែល ហើយនឹងធ្វើសំណើផ្លូវការមួយទៀតជូនទៅក្រសួងនេះ ក្រោយពេលចូលឆ្នាំចិន។
លោកបានមានប្រសាសន៍ថា “ ប្រសិនបើគេផ្តល់អាជ្ញាប័ណ្ណទូរទស្សន៍ និងកម្លាំងផ្សាយបន្តសម្រាប់វិទ្យុយើង បញ្ហានេះនឹងបញ្ចប់”។ លោកបានបន្ថែមថា បើមិនដូច្នោះទេ “ យើងនឹងបន្តធ្វើបាតុកម្ម”៕ គឹមហឿន