ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនរួមដ៏ធំនៅក្នុងស្រុក បានបដិសេធថា ការវិនិយោគរួមគ្នារបស់ខ្លួនជាមួយក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន (PAL) ដើម្បីបង្កើតក្រុមហ៊ុនអាកាសចរណ៍ជាតិទី២ របស់កម្ពុជា មិនបានជាប់គាំងនោះទេ ទោះបីជាប្រធានក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនបានលើកឡើងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់លោកបានពន្យារពេលវិនិយោគរបស់ខ្លួនដោយសារតែភាពតានតឹងផ្នែកនយោបាយនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាក៏ដោយ។
កាលពីថ្ងៃព្រហស្បតិ៍លោក រ៉ាម៉ុន អាង (Ramon Ang) ជានាយកនិងជាប្រធានគ្រប់គ្រងប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ហ្វីលីពីនថា ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីននឹងពន្យារពេលការវិនិយោគរបស់ខ្លួនលើក្រុមហ៊ុនខេមបូឌា អ៊ែរ (Cam-bodia Air) ដោយសារតែស្ថានភាពនយោបាយមិនជាក់លាក់ដែលកំពុងតែកើតមាននៅក្នុងប្រទេសកម្ពុជា។
យោងតាមកាសែត BusinessWorld ដែលមានមូលដ្ឋាននៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីនបានឲ្យដឹងថា លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា “យើងកំពុងតែពិនិត្យមើលឡើងវិញថា ត្រូវចាប់ផ្ដើមពេលណា និងថា តើគម្រោងនេះនៅតែអាចបន្តបាននៅឡើយឬយ៉ាងណា…។ យើងបានពន្យារពេលវា ដោយសារតែស្ថានភាពនៅទីនោះ”។
លោក David Pierson អ្នកគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជានាយកគ្រប់គ្រងគម្រោងអាកាសចរណ៍របស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា មិនធ្វើការបំភ្លឺទេ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក រ៉ាម៉ុន អាង ដោយអះអាងថា ការវិនិយោគរួមគ្នានេះកំពុងតែដំណើរការនៅឡើយ។
លោក David Pierson បានមានប្រសាសន៍ថា “យើងមិនបានទទួលដំណឹងពី PAL នៅឡើយទេថា “ការវិនិយោគនេះ] ត្រូវបានពន្យារពេលនោះ។ គ្មានការពិភាក្សាណាមួយលើប្រធានបទពន្យារពេលទេ។យើងកំពុងធ្វើការធម្មតា”។
លោកបានមានប្រសាសន៍ថា “យើងបន្តធ្វើការជាមួយបណ្ដាប្រតិបត្តិករ PAL របស់យើងឲ្យស្របតាមលក្ខណៈតម្រូវសម្រាប់ការចាប់ផ្ដើមក្រុមហ៊ុនអាកាសចរណ៍”។
លោក David Pierson បានមានប្រសាសន៍បន្ថែមទៀតថា “ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍ធ្វើឡើងដោយលោក រ៉ាម៉ុន អាង ខ្ញុំមិនដឹងថា ពួកគេចង់និយាយអំពីអ្វីទេ ហើយខ្ញុំមិនអាចទៅបំភ្លឺបានទេ។ ប៉ុន្តែយើងកំពុងតែបន្ត”។
កាលពីខែមេសា ឆ្នាំមុនក្រុមហ៊ុន San Miguel Corp ដែលជាម្ចាស់ក្រុមហ៊ុន PAL បានចុះកិច្ចព្រមព្រៀងមួយដើម្បីវិនិយោគទុនចំនួន១០លានដុល្លារទិញយកភាគហ៊ុន៤៩ភាគរយនៅក្នុងក្រុមហ៊ុន Inter Logistics (Cambodia) Co.Ltd។
គេរំពឹងថា កិច្ចព្រមព្រៀងនេះនឹងបិទនៅខែតុលា បន្ទាប់ពីត្រូវបានពន្យារពេលចាប់ពីខែមិថុនា ហើយតាមការរំពឹងទុកថា ក្រុមហ៊ុន PAL នឹងបង់១០ភាគរយសម្រាប់ការបិទនោះ។ ដោយមានការសហការណ៍ជាមួយក្រុមហ៊ុន PAL ក្រុមហ៊ុនអាកាសចរណ៍មួយនេះមានគម្រោងផ្ដល់ជើងហោះហើរផ្ទាល់ពីរាជធានីភ្នំពេញឆ្ពោះទៅទីក្រុងម៉ានីល ព្រមទាំងជើងហោះហើរក្នុងស្រុកបន្ថែមទៀតផងដែរ។
នៅក្នុងពិធីចុះហត្ថលេខាកាលពីឆ្នាំមុន មន្ត្រីមួយរូបតំណាងឲ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប លើកឡើងថា ក្រុមហ៊ុនរំពឹងថា នឹងចាប់ផ្ដើមជើងហោះហើរនៅខែតុលា។
នៅពេលសាកសួរកាលពីម្សិលមិញអំពីកាលកំណត់ពេលថ្មីរបស់ក្រុមហ៊ុនខេមបូឌា អ៊ែរ លោក David Pierson បានមានប្រសាសន៍ថា “វានៅរយៈពេលរាប់ខែទៀត គឺអាស្រ័យលើការវិវឌ្ឍនាពេលបច្ចុប្បន្នរបស់យើង”។ក្រុមហ៊ុន PAL មិនបានឆ្លើយតបនឹងសំណើសុំការបំភ្លឺបានទេពាក់ព័ន្ធនឹងការវិនិយោគនេះ៕ សុខុម