កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សរាជធានី ខេត្ត-ក្រុងស្រុក-ខណ្ឌ ដែលមានតែសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតនោះ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៨ខែឧសភា។
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប. បានថ្លែងថា “ ការបោះឆ្នោតក្រុមប្រឹក្សរាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ ជាលើកទី២នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា។ ហើយវានឹងមានរយៈពេលប្រាំថ្ងៃ ដើម្បីរៀបចំការចុះឈ្មោះបោះឆ្នោតនៅថ្នាក់ខេត្ត”។លោកបានបន្តថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់សរុបចំនួន១១.៤៥៩រូប មានសិទ្ធិចូលរួមការបោះឆ្នោតនេះ។ លោកមានប្រសាសន៍ថា “ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នីមួយៗ មានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង និងសមាជិកក្រុមប្រឹក្សា ស្រុក-ខណ្ឌ នៅក្នុងពេលតែមួយ”។លោក ទេព នីថា បានលើកឡើងថា គ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោតនៅក្រសួងមហាផ្ទៃ អាចមានសិទ្ធិចូលរួមការបោះឆ្នោតបាន ដោយដាក់ឯកសារជូនគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្តរបស់ខ្លួន។
ការបោះឆ្នោតក្រុមប្រឹក្សរាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ លើកដំបូងត្រូវបានធ្វើឡើងកាលពីឆ្នាំពី២០០៩ហើយសម្រាប់ការបោះឆ្នោតលើកនេះ នឹងមានតំណែងច្រើនជាងលើកមុន ដោយសារតែការបង្កើតខេត្តថ្មីមួយគឺខេត្តត្បូងឃ្មុំ និងខណ្ឌថ្មីចំនួនបីនៅក្នុងរាជធានីភ្នំពេញ។លោក ទេព នីថា បានបន្តថា “ ថ្មីៗនេះ រដ្ឋាភិបាលបានបង្កើតខេត្តត្បូងឃ្មុំមួយដែលមានសមាជិកក្រុមប្រឹក្សាចំនួន១៩រូប ហើយនៅក្នុងរាជធានីភ្នំពេញវិញ មានខណ្ឌបន្ថែមចំនួនបី រួមមាន ខណ្ឌច្បារអំពៅ ដែលមានសមាជិកក្រុមប្រឹក្សាចំនួន១៩រូប ខណ្ឌជ្រោយចង្វារ ដែលមានសមាជិកក្រុមប្រឹក្សាចំនួន១៥រូប និងខណ្ឌព្រែកព្នៅ ដែលមានសមាជិកក្រុមប្រឹក្សាចំនួន១៥រូបដែរនោះ”៕ ស៊ុយឈាង