ដោយពិធីបុណ្យចូលឆ្នាំចិនជិតមកដល់ អំណាចច្បាប់បានចេញម្តងទៀតសម្រាប់ក្រុមហ៊ុនអាជីវកម្មនានានៅក្នុងសង្កាត់យ៉ាងតិចមួយក្នុងរាជធានីភ្នំពេញ ដោយសុំជួយឧបត្ថម្ភដល់នគរបាលនូវស្រាបៀក្នុងការចូលរួមពិធីបុណ្យចូលឆ្នាំមមី។
យោងតាមលិខិតស្នើសុំផ្លូវការមួយច្បាប់ចុះថ្ងៃទី២៥ ខែមករា លោក ព្រំ សារឿន នាយរងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ខណ្ឌសែនសុខ បានស្នើសុំម្ចាស់អាជីវកម្មនានាដែលស្ថិតក្រោមការត្រួតត្រារបស់គាត់ ដើម្បីបង្ហាញពីការដឹងគុណរបស់ពួកគេ ចំពោះការងាររបស់មន្ត្រីនគរបាល ដោយជួយឧបត្ថម្ភស្រាបៀខ្លះ។
លិខិតដែលមានអាសយដ្ឋានផ្លូវការមានខ្លឹមសារថា “ ដើម្បីអបអរក្នុងពិធីចូលឆ្នាំចិន-វៀតណាមដែលប្រព្រឹត្តទៅនៅថ្ងៃទី៣១ -០១-០២ខែមករា ឆ្លងខែកុម្ភៈខាងមុខនេះ នគរបាលសង្កាត់ភ្នំពេញថ្មី មានផែនការការពារឱកាសនេះឲ្យមានសុវត្ថិភាពល្អ ប៉ុស្តិ៍ស្នើសុំលោក លោកស្រី មេតា្តជួបឧបត្ថម្ភជាស្រាបៀចំនួនបីកេស ដល់កងកម្លាំងរបស់យើងខ្ញុំដោយអនុគ្រោះ”។
លោក កែវ សុន្ធោតន៍ មេប៉ុស្តិ៍បានបដិសេធថា សំណើសុំស្រាបៀមិនមែនជាគោលនយោបាយផ្លូវការរបស់នគរបាលទេ ហើយថា អនុប្រធានរបស់លោកបានផ្ញើលិខិតនេះទៅក្រុមហ៊ុនអាជីវកម្មដោយលោកមិនបានដឹងសោះឡើយ។ លោកមេប៉ុស្តិ៍ កែវ សុន្ធោតន៍ បានលើកឡើងអំពីអនុប្រធានប៉ុស្តិ៍របស់លោកថា “ ខ្ញុំទើបតែដឹង [អំពីរឿងនេះ] នៅថ្ងៃនេះ ហើយខ្ញុំបានអញ្ជើញគាត់មកបញ្ជាក់ ក៏ប៉ុន្តែគាត់ធ្វើនេះដោយខ្លួនឯង ដូច្នេះគាត់ជាអ្នកទទួលខុសត្រូវ”។
លោក សារឿន បានបញ្ជាក់កាលពីម្សិលមិញថា លោកបានផ្ញើលិខិតនេះមែន ក៏ប៉ុន្តែ បានបញ្ជាក់ថា លោកមិនបានបញ្ជាឲ្យក្រុមហ៊ុន រោងចក្រ សិប្បកម្មនានា ផ្តល់ស្រាបៀនោះឡើយ ប៉ុន្តែ ជាធម្មតាសុំឲ្យពួកគេជួយឧបត្ថម្ភប៉ុណ្ណោះ។
លោក សារឿន បានមានប្រសាសន៍ថា “ ខ្ញុំមិនបានបង្ខំឲ្យពួកគេផ្តល់ស្រាបៀឲ្យខ្ញុំនោះទេ” ។ លោកបានបន្ថែមថា លោកគ្រាន់តែចែកចាយលិខិតដល់អាជីវកម្មចំនួន១៥ប៉ុណ្ណោះ។ លោកបានបន្តថា “ ខ្ញុំមានផែនការនេះសុំឲ្យក្រុមហ៊ុននានាឧបត្ថម្ភស្រាបៀអំឡុងពិធីបុណ្យចូលឆ្នាំចិន ដូច្នេះ យើងអាចរួមចំណែកចូលរួមអបអរសាទរពិធីបុណ្យនេះទាំងអស់គ្នា ប៉ុន្តែ នេះអាស្រ័យលើឆន្ទៈរបស់ពួកគេទេ”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញមិនអាចទាក់ទងបានដើម្បីធ្វើអត្ថាធិប្បាយបានទេ ប៉ុន្តែ លោកបានមានប្រសាសន៍កាលពីឆ្នាំទៅថា សំណើសុំស្រាបៀប្រហាក់ប្រហែលគ្នានេះផ្ញើជូនដោយ លោក កែវ សាកល មេប៉ុស្តិ៍នគរបាលសង្កាត់វាលវង់ ខណ្ឌ៧មករា អាចជាការខុសច្បាប់ មានន័យថាស្មើនឹងការ“ គំរាមទារប្រាក់ពីក្រុមហ៊ុនអាជីវកម្ម”៕ប៊ុននី