កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ជនជាតិតៃវ៉ាន់បីនាក់ពីបទជួញដូរថ្នាំញៀនបន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន កាលពីថ្ងៃសុក្រ នៅក្នុងបន្ទប់សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ហើយនគរបាលបានរកឃើញថា បុរសទាំងបីនាក់នេះមានថ្នាំអ៊ិចស្តាស៊ីជាង១០.០០០គ្រាប់។
លោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីបានមានប្រសាសន៍ថា ជនសង្ស័យទាំងបីនាក់ឈ្មោះ លីន លុយ អាយុ៣៣ឆ្នាំ ចិន យុង អាយុ៣០ឆ្នាំ និង ឈ្មោះ វូ ប៉ុស តាង អាយុ២៧ឆ្នាំត្រូវបានចាប់ខ្លួននៅសណ្ឋាគារអាស៊ីនៅតាមមហាវិថីព្រះមុនីវង្សបន្ទាប់ពីនគរបាលរាជធានីបានធ្វើការស៊ើបអង្កេត។
លោកបានមានប្រសាសន៍ថា “ មនុស្សទាំងបីនាក់នេះសុទ្ធតែជាជនជាតិតៃវ៉ាន់ ហើយត្រូវបានចោទប្រកាន់បន្ទាប់ពីនគរបាលរឹបអូសបានថ្នាំញៀន អ៊ិចស្តាស៊ី ប្រហែល៣គីឡូក្រាម។ លោកបានមានប្រសាសន៍បន្ថែមថា ពួកគេកំពុងត្រូវឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។
ថ្នាំអ៊ិចស្តាស៊ី គឺជាថ្នាំញៀនដ៏ពេញនិយមដែលមាននៅក្នុងប្រទេសកម្ពុជាតិចជាងថ្នាំញៀនប្រភេទផ្សេងៗទៀត ដូចជា ថ្នាំមេតំហ្វេតាមីនជាដើម។
ទោះជាយ៉ាងណា ប្រទេសកម្ពុជាគឺជាប្រទេសផ្គត់ផ្គង់សារធាតុគីមីដ៏សំខាន់ដែលគេប្រើសម្រាប់ផលិតថ្នាំញៀន។
កាលពីខែឧសភា ឆ្នាំ២០១២ នគរបាលបានឆែកឆេរទីតាំងប្រាំបីកន្លែងនៅខណ្ឌចំនួនបួន ហើយរឹបអូសបានប្រេងម្រះព្រៅប្រហែល៤.១៩០លីត្រ ដែលចម្រាញ់ចេញពីដើមឈើនៅភ្នំក្រវាញក្នុងប្រទេសកម្ពុជា ហើយត្រូវបានគេប្រើដើម្បីផលិតគ្រឿងញៀន MDMA ដែលជាសារធាតុផ្សំសំខាន់នៅក្នុងថ្នាំញៀនអ៊ិចស្តាស៊ី៕សារុន