លោក ស៊ូថេប ថងស៊ូបាន មេដឹកនាំការតវ៉ាប្រឆាំងរដ្ឋាភិបាលថៃបានអះអាងថា ខ្មាន់កាំភ្លើងម្នាក់ដែលបានសម្លាប់សហសេវិកម្នាក់នៅក្នុងក្រុងបាងកកកាលពីយប់ថ្ងៃអាទិត្យនោះគឺជាជនជាតិខ្មែរ។
កាលពីថ្ងៃអាទិត្យ ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់លោក ស៊ូទីន ថារ៉ាទីន មេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំសំខាន់ៗនៃការតវ៉ាប្រឆាំងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ ខណៈលោកបានថ្លែងសុន្ទរកថាពីផ្នែកខាងក្រោយរថយន្តធំមួយគ្រឿងនៅក្នុងក្រុងបាងកក។
ភ្លាមៗបន្ទាប់ពីការបាញ់សម្លាប់នេះ លោក ស៊ូថេប មេដឹកនាំគណៈកម្មាធិការកំណែទម្រង់ប្រជាធិបតេយ្យប្រជាជនបាននិយាយថា លោកជឿថា ខ្មាន់កាំភ្លើងនោះជាជនជាតិខ្មែរ ហើយថា កម្ពុជាបានរំលោភអធិបតេយ្យរបស់ថៃ។
លោក ស៊ូថេប បាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា “ ខ្ញុំសូមយកឱកាសនេះប្រាប់ទៅមេបញ្ជាការកងទ័ពថៃ... ឲ្យពិចារណា ខ្លាចមានខ្មាន់កាំភ្លើងមកពីប្រទេសកម្ពុជា ដែលមានន័យថា នេះគឺជាការរំលោភអធិបតេយ្យភាពរបស់ថៃ”។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍កាលពីម្សិលមិញថា លោក ស៊ូថេប “ មានចម្ងល់ថាតើការបាញ់នោះ គឺជាស្នាដៃរបស់អង្គភាពទ័ពពិសេសរបស់កម្ពុជា ដែលលោកជឿថា ត្រូវបានមន្ត្រីនគរបាលជាន់ខ្ពស់នាំមកកាន់ប្រទេសថៃដើម្បីវាយប្រហារលើអ្នកតវ៉ា”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីនៅប្រទេសកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនដឹងពីវត្តមានរបស់អង្គភាពទ័ពពិសេសអ្វីទេ ហើយបានមានប្រសាសន៍ថា កម្ពុជាមិនបានលូកដៃក្នុងនយោបាយថៃឡើយ។
ដោយសំដៅដល់ប្រាសាទដែលស្ថិតនៅតាមបណ្ដាយព្រំដែនកម្ពុជា-ថៃ ដែលតុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចឲ្យកម្ពុជាឈ្នះកាលពីឆ្នាំ១៩៦២នោះ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “ ពួកគេមានបញ្ហាផ្នែករដ្ឋបាលរបស់ខ្លួន ហើយព្យាយាមទម្លាក់កំហុសមកលើយើង…ដូចគ្នានឹងរឿងប្រាសាទព្រះវិហារជាដើម ដែលពួកគេក៏បានបន្ទោសមកលើយើងផងដែរ”។
បើទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវជាបងប្រុសរបស់លោកស្រី យីងឡាក់ នាយករដ្ឋមន្ត្រីថៃក៏ដោយ ក៏ប្រទេសកម្ពុជាបានសហការជាមួយគ្រប់រដ្ឋាភិបាលថៃជាប់ឆ្នោតនិងបានរក្សាទំនាក់ទំនងមិត្តភាពក្នុងនាមជាប្រទេសជិតខាង៕សារុន