29.3 C
Phnom Penh

ឯកអគ្គរដ្ឋទូត​ចិន​និង​ឯកអគ្គរាជ​ទូត​ជប៉ុន​បន្ត​​ឈ្លោះ​ប្រកែក​គ្នា​ទាក់ទិន​នឹង​ការ​ទស្សនកិច្ច​ទីសក្ការបូជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​រិះ​គន់​ខ្លាំង​ៗ​ចំពោះ​សមភាគី​ជប៉ុន​របស់​លោក​ស្រី​ ដែល​បាន​ការពារ​ ការ​ទៅ​ទស្សនកិច្ចរបស់លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នៅ​ទី​សក្ការ​បូជាដ៏​ចម្រូង​ចម្រាសសម្រាប់អ្នកដែលបាត់បង់​ជីវិត​​អំឡុង​សង្គ្រាម។ការរិះ​គន់​យ៉ាង​ខ្លាំងៗ​នេះ​​បាន​ក្លាយ​​ទៅ​ជា​កា​រវាយ​ប្រហារផ្នែក​​ការទូត​លើក​ទី​៣ តាម​រយៈ​ការ​ផ្ញើ​លិខិត​ទៅ​កាន់​និពន្ធ​នាយក​កាសែត​។

នៅ​ក្នុង​លិខិត​មួយ​ ដែល​ចេញ​ផ្សាយ​កាល​​ពី​ម្សិល​មិញ​​នៅ​ក្នុង​​កាសែត​ខ្មែរ​ដេលី​ ដែល​គ្រប់​គ្រង​ដោយ​ចិន​ លោក​ស្រី​ ពូ ចៀន​គ័រ (Bu Jianguo) បាន​លើក​ឡើង​ថា​ ការ​ទៅ​ទស្សន​​កិច្ច​នៅ​ទី​សក្ការ​បូជា​នេះ​ បាន​ធ្វើ​ឲ្យ​កិច្ច​ពិភាក្សា​​ផ្ទាល់​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បិទទ្វារ​។

ការ​ផ្ញើលិខិត​ទៅ​កាន់​កាសែត​ រវាង​ឯក​អគ្គ​រដ្ឋទូត​និង​រាជ​ទូត​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចាប់​ផ្តើម​ ដោយ​លិខិត​មួយ​ច្បាប់​របស់​លោក​ស្រី​ ពូ​ ចៀន​គ័រ​ ដែល​បាន​ចុះ​ផ្សាយ កាលពី​​សប្តាហ៍​​​​មុន​ នៅ​ក្នុង​កាសែត​ភាសាខ្មែរ​ក្នុង​ស្រុក​ដោយ​​​ចាត់​ទុក​​ការ​ទៅ​ទស្សនកិច្ច​របស់​លោក​ ស៊ីន​ហ្សូ អា​បេ​ (Shinzo Abe) នៅ​ទី​សក្ការ​បូជា​ Yasukuni កាល​ពី​ខែ​ធ្នូ​ថា ជា​ការ​ “ បង្ក​ជម្លោះចំៗ​​​​ចំពោះ​មនុស្ស​​​ស្រឡាញ់​សន្តិ​ភាព​​នៅ​ទូទាំង​ពិភព​លោក​” ហើយ​បាន​ចោទ​ប្រកាន់​លោក​ថា​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិ្ថរ​ភាព​ក្នុង​​តំបន់​។

ការ​ទៅ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ទី​សក្ការ​បូជា​នេះ​ របស់​​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​នានា​ តែង​​តែ​ធ្វើ​ឲ្យប្រទេស​ចិន​មាន​ការ​ឈឺ​ចាប់​ជា​ខ្លាំង​។ នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ក្នុង​សម័យ​​សង្គ្រាម​ចំនួន​២,៥​លាន​នាក់​ ដែលត្រូវ​បាន​គេ​គោរព​បូជា​នៅ​ទី​សក្ការបូជា​នោះ​ ក៏​មាន​ឧក្រិដ្ឋ​ជន​សង្គ្រាម​មួយ​ចំនួន​ផង​ដែរ​ រួម​មាន​ឧក្រិដ្ឋ​ជន​“ លំដាប់ A” ​​ចំនួន​១៤​នាក់​ ដែល​បាន​ស្ថិត​នៅ​ពី​ក្រោយ​ការ​កាន់​កាប់​និង​ការ​ឈ្លាន​ពាន​យ៉ាង​ព្រៃ​ផ្សៃ​របស់​ជប៉ុន​ លើ​តំបន់​ភាគខាង​កើត​ប្រទេសចិន​ អំឡុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២​​។

នៅ​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​លិខិត​របស់​លោក​ស្រី​ ពួ​ ចៀន​គ័រ​ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​ក្នុង​ស្រុក​កាល​ពី​សប្តាហ៍​មុន​ លោក គូម៉ាម៉ារុ យូជី​(Kumamaru Yuji) ឯក​អគ្គរាជ​ទូត​ជប៉ុន​ បាន​លើក​ឡើង​ថា សមភាគី​ចិន​របស់​លោក​ បាន​បក​ស្រាយ​ខុស​ចំពោះ​ការ​​ទៅ​ទស្សនកិច្ច​របស់​លោក អាបេ ​នៅ​ទី​សក្ការ​បូជា​នេះ​។ លោក​បាន​ឲ្យ​ដឹង​ថា​ លោក​ អាបេ​​ មិន​មែន​ទៅ​សម្តែង​ការ​គោរព​ចំពោះ​ឧក្រិដ្ឋ​ជន​សង្គ្រាមនោះ​ទេ​ ប៉ុន្តែ​កំពុង​តែ​ព្យាយាម​លើក​​​កម្ពស់់​ដល់​សន្តិភាព​នៅ​ក្នុង​តំបន់។

ដោយ​មិន​ព្រម​បញ្ចប់​បញ្ហានេះ​ត្រឹមហ្នឹង​ លោក​ស្រី​ ពូ ចៀន​គ័រ​ បាន​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​​លោក​ យូជី​ វិញ​កាល​ពី​ម្សិល​មិញ​តាម​រយៈ​​កាសែត​ខ្មែរ​ដេលី​ ដោយ​ចោទប្រកាន់​​​​​​​ជប៉ុន​ថា​ ជា​ការ​លាក់​ពុត​ និង​គ្មាន​សេចក្តី​គោរព​។លោកស្រី​បាន​សរសេរ​ថា​ “ អ្នក​នយោ​បាយ​ជប៉ុន​មួយ​ចំនួ​ន​តែ​ង​តែ​និយា​យ​អំពី​លទ្ធិ​ប្រជា​ធិ​បតេយ្យ​ សេរី​ភាព​ និង​សិទ្ធិមនុស្ស​ ប៉ុន្តែ​ពួក​គេ​មិន​ដែល​មាន​បំណង​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ខ្លួន​ចំពោះ​ប្រវតិ្តសាស្ត្រ​ សង្គ្រាម​ និង​ការ​ឈ្លានពាន​ឡើយ​ ហើយ​ពួក​គេ​តែ​ង​តែ​បដិសេធ​ចំពោះ​បញ្ហានេះ​។ ទង្វើ​នេះ​មិន​គ្រាន់​តែ​ជា​ទង្វើ​ខ្វះ​ការ​គោរព​ដល់​សតិ​អារម្មណ៍​របស់​ពលរដ្ឋ​ ដែល​រស់​នៅ​ក្នុង​ប្រទេស​រង​គ្រោះ​ថ្នាក់​ប៉ុណ្ណោះ​ទេ​ ប៉ុនែ្តវា​ថែម​ទំាងជា​ទង្វើ​មួយ​ ដែល​ប្រឆាំង​យ៉ាង​ខ្លាំង​ទៅ​នឹង​​លទ្ធិ​ប្រជា​ធិប​តេយ្យ​ សេរី​ភាព​និង​សិទ្ធិ​មនុស្សទៀត​ផង​” ។

លោក​ស្រី​ ពូ​ ចៀន​គ័រ​ បន្ថែម​ថា ការ​ទៅ​ទស្សនកិច្ច​របស់​លោក​ អាបេ​ នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទំនាក់​ទំនង​រវាង​ចិន​និង​ជប៉ុ​ន ដែល​កំពុង​តែ​ជាប់​គាំង​ស្រាប់​នៅ​​ក្នុង​​ជម្លោះ​ដែន​ទឹក​ ទាក់​ទិន​ប្រជុំ​កោះ​ ដែល​​ប្រ​ទេស​ទាំង​ពីរអះអាង​ថា​ជា​របស់​ខ្លួន​​​។

លោក​ស្រី​បាន​សរសេរ​ថា “ ការ​សម្តែង​ការ​គោរព​របស់​លោក​ អាបេ ​ចំពោះ​ទី​សក្ការ​បូជា​ Yasukuni នេះ​បាន​ធ្វើ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ទំនាក់​ទំនង​នយោបាយជា​មូលដ្ឋាន​រវាង​ចិន​និង​ជប៉ុន​ ហើយ​បាន​ធ្វើ​ឲ្យ​កិច្ច​ពិ​ភាក្សា​ផ្ទាល់​ជាមួយ​ប្រទេស​ចិន​ត្រូវ​បិទ​ទ្វារ​”។

ដោយ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​វិនិយោគ​ទុន​ចិន​ និង​ជំនួយ​ពី​ប្រទេស​ជប៉ុន​ ប្រទេស​កម្ពុជា​ បាន​ដក​ខ្លួន​ចេញ​ពី​ជម្លោះ​របស់​ប្រ​ទេស​ទាំងពីរ​ទាក់ទិន​នឹង​ទីសក្ការបូជា​នេះ​។ តែ​ទោះ​ជា​យ៉ាង​ណា​ ប្រទេស​កម្ពុជា​​ បាន​ចាត់​ទុក​ភាគី​ចិន​ជា​ភាគី​យ៉ាង​សំខាន់​ ហើយ​បាន​ប្រឆាំង​ទៅ​នឹង​ប្រទេស​ជិត​ខាងខ្លួន​ទាក់​ទិន​នឹង​ការ​អះអាង​សិទ្ធិ​កាន់​កាប់​ដែន​ទឹក​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំងនៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង៕ ស៊ុយ​ឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស