ជាថ្មីម្ដងទៀតប្រទេសកម្ពុជាត្រូវបានដាក់ចំណាត់ថ្នាក់ជា “ប្រទេសមិនសេរី” ដោយអង្គការ Freedom House មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលបានចេញផ្សាយសន្ទស្សន៍សេរីភាពក្នុងពិភពលោកលើកទី៤១របស់ខ្លួនកាលពីថ្ងៃសុក្រ។
នៅក្នុងការដាក់ចំណាត់ថ្នាក់នេះ ប្រទេសកម្ពុជាត្រូវបានចាត់ទុកជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៤៨ ដែល “មិនសេរី” ដោយដាក់ប្រទេសកម្ពុជាឲ្យស្ថិតក្នុងចំណោមប្រទេសដែល “គ្មានសិទ្ធិនយោបាយជាមូលដ្ឋាននិងសេរីភាពជនស៊ីវិលត្រូវបានបំបិទយ៉ាងទូលំទូលាយនិងជាប្រព័ន្ធ”។
អង្គការ Freedom House ប្រើប្រាស់មាត្រដ្ឋានពីលេខ១ដល់លេខ៧ ដើម្បីកំណត់សិទ្ធិនិងសេរីភាពជាក់លាក់មួយចំនួន ដោយលេខ៧តំណាងឲ្យប្រទេសដែលមានសេរីភាពតិចជាងគេបំផុត។ ដូចកាលពីឆ្នាំមុនដែរចំណាត់ថ្នាក់សិទ្ធិនយោបាយនិងសិទ្ធិជនស៊ីវិលក្នុងប្រទេសកម្ពុជាមិនត្រូវបានដកចេញទេ ពោលគឺសិទ្ធិនយោបាយជាប់ចំណាត់ថ្នាក់លេខ៦ រីឯសិទ្ធិសេរីភាពជនស៊ីវិលជាប់ចំណាត់ថ្នាក់លេខ៥ជាថ្មីម្ដងទៀត។អង្គការនេះក៏ចាត់ទុកប្រព័ន្ធអ៊ីនធើណិតនៅក្នុងប្រទេសកម្ពុជាថា “ មានលក្ខណៈសេរីដោយអន្លើ” ប៉ុន្តែសារព័ត៌មាននៅក្នុងប្រព័ន្ធអ៊ីនធើណិត “មិនសេរីទេ”។
មិនយូរទេនឹងមានការចេញលិខិតជាក់លាក់មួយពន្យល់ពីលទ្ធផលនៃការដាក់ចំណាត់ថ្នាក់នេះ ប៉ុន្តែរបាយការណ៍នេះធ្វើឡើងបន្ទាប់ពីមានការបង្ក្រាបដោយហិង្សានិងបណ្ដាលឲ្យមនុស្សស្លាប់ដើម្បីកាបសង្កត់សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការជួបជុំក្នុងប្រទេសកម្ពុជាក្នុងរយៈពេលពីរបីខែកន្លងមកនេះ។
ចាប់តាំងពីសន្ទស្សន៍របស់អង្គការ Free-dom House កាលពីឆ្នាំមុនត្រូវបានបញ្ចេញមក ប្រជាពលរដ្ឋកម្ពុជាត្រូវបានសម្លាប់ ធ្វើឲ្យរងរបួសនិងចាប់ខ្លួនដាក់ពន្ធនាគារចំពោះការចូលរួម ឬជាអ្នកឈរមើលបាតុកម្មពាក់ព័ន្ធនឹងលទ្ធផលដ៏ចម្រូងចម្រាសនៃការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ ខែកក្កដា បញ្ហាប្រាក់ខែគោល និងវិវាទដីធ្លី។
ក្នុងចំណោមបណ្ដាប្រទេសសមភាគីអាស៊ានរបស់ខ្លួន កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនប្រាំដែលគេចាត់ទុកថា “មិនសេរី”។
ប្រទេសឡាវ គឺជាប្រទេសដែលមានសេរីភាពតិចជាងគេបំផុត ដោយសិទ្ធិនយោបាយជាប់ចំណាត់ថ្នាក់លេខ៧ និងសិទ្ធិជនស៊ីវិលជាប់ចំណាត់ថ្នាក់លេខ៦។ នៅក្នុងប្រទេសវៀតណាម សិទ្ធិនយោបាយជាប់ចំណាត់លេខ៧ ហើយសិទ្ធិជនស៊ីវិលជាប់ចំណាត់ថ្នាក់លេខ៥ ហើយនៅក្នុងប្រទេសព្រុយណេ សិទ្ធិនយោបាយជាប់ចំណាត់ថ្នាក់លេខ៦ ហើយសិទ្ធិជនស៊ីវិលជាប់ចំណាត់ថ្នាក់លេខ៥ ចំណែកឯនៅក្នុងប្រទេសភូមាវិញ សិទ្ធិនយោបាយជាប់ចំណាត់ថ្នាក់លេខ៦ ហើយសិទ្ធិជនស៊ីវិលជាប់ចំណាត់លេខ៥។
នៅក្នុងប្រទេសថៃ ដែលសិទ្ធិនយោបាយ និងសិទ្ធិជនស៊ីវិលជាប់ចំណាត់លេខ៤ស្នើគ្នាក្នុងប្រទេសឥណ្ឌូណេស៊ី សិទ្ធិនយោបាយជាប់ចំណាត់លេខ២ ហើយសិទ្ធិជនស៊ីវិលជាប់ចំណាត់ថ្នាក់លេខ៤។ នៅក្នុងប្រទេសសិង្ហបុរី សិទ្ធិនយោបាយ និងសិទ្ធិជនស៊ីវិលជាប់ចំណាត់ថ្នាក់លេខ៤ស្នើគ្នា នៅក្នុងប្រទេសម៉ាឡេស៊ី សិទ្ធិនយោបាយ និងសិទ្ធិជនស៊ីវិល ជាប់ចំណាត់ថ្នាក់លេខ៤ស្នើគ្នា ហើយនៅក្នុងប្រទេសហ្វីលីពីន សិទ្ធិនយោបាយនិងសិទ្ធិជនស៊ីវិលជាប់ចំណាត់ថ្នាក់លេខ៣ស្នើគ្នា សុទ្ធតែត្រូវបានចាត់ទុកថា “ មានលក្ខណៈសេរីដោយអន្លើ”។នៅលើឆាកអន្តរជាតិ សមភាគីដែល “មិនមានលក្ខណៈសេរី” របស់ប្រទេសកម្ពុជារួមមានប្រទេសតួកម៉េនីស្ថាន ប្រទេសស៊ីរី ប្រទេសកូរ៉េខាងជើង ប្រទេសអូម៉ង់ ប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសអ៊ីរ៉ាក់ ប្រទេសគុយបា ប្រទេសអេត្យូពី សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសរុស្ស៊ី។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកមិនយល់ថា ហេតុអ្វីបានជាអង្គការ Freedom House ឈានដល់ការសន្និដ្ឋានបែបនេះទេ។លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “ខ្ញុំមិនយល់ស្របទាំងស្រុងចំពោះការសន្និដ្ឋាននោះ។ ខ្ញុំត្រូវមើលថា តើពួកគេគណនា ឬបង្កើតរូបមន្តដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាដោយរបៀបណា ប្រៀបធៀបនឹងប្រទេសផ្សេងៗទៀត”។លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “កត្តាដែលគួរពិចារណារួមមាន “វប្បធម៌ អប់រំ និងការចូលរួមពីប្រជាពលរដ្ឋ និងការទទួលខុសត្រូវនិងគណនេយ្យភាពពីបុគ្គលម្នាក់ៗ។ នោះជាកត្តាមួយ បូករួមជាមួយនឹងបរិយាកាសនយោបាយ”។លោកបានមានប្រសាសន៍ថា “ការអត់ឱនឲ្យគ្នា គឺជារឿងសំខាន់បំផុត”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ប្រទេសកម្ពុជាមានលក្ខណៈសេរី ប៉ុន្តែប្រជាពលរដ្ឋត្រូវតែគោរពច្បាប់៕ សុខុម