29 C
Phnom Penh

ការសាង​សង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​ ក្នុង​ខេត្តស្ទឹង​ត្រែងនឹ​ង​ត្រូវ​ចាប់​ផ្តើ​ម​នៅ​ខែ​ក្រោយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិ​និង​អាជ្ញាធរ​បាន​ឲ្យដឹង​បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ កាល​ពី​ម្សិល​មិញ​ថា ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ សេសាន​ក្រោម​២​ នឹង​ចាប់​ផ្តើមដំណើរការ​នៅ​ដើម​ខែ​ក្រោយ​។

លោក​ ស៊ុយ សែម​ រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ បាន​ប្រាប់​ឲ្យ​ដឹង​ពី​ថ្ងៃ​ ដែល​នឹង​ត្រូវ​ចាប់​ផ្តើមការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ​ជា​លើក​ដំបូង​ នៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​ត្រូវ​បាន​ចូល​រួម​ដោយ​អ្នក​ឧកញ៉ា​ គិត​ ម៉េង​ ជា​ម្ចាស់​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​គ្រុប​ ដែល​នឹង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ សេសាន​ក្រោម​២នេះ​ ជាមួយ​​ក្រុម​ហ៊ុន​ ថាមពល​អន្តរជាតិ​របស់​​ចិន​ ឈ្មោះ​ថា Hydrolancang ។

លោក​ វឿន​ សម្បតិ្ត​ មេ​ឃុំ​ក្បាលរ​មាស​ ​​​ស្ថិត​នៅស្រុក​​ សេ​សាន​ បាន​មាន​ប្រសា​សន៍​ បន្ទាប់​ពី​កិច្ច​ប្រជុំ​ថា​ “ ឯក​ឧត្តម​ ស៊ុយ​ សែម​ បាន​ប្រាប់​យើង​ថា ទំនប់​វារី​អគ្គិសនី​ សេ​សាន​​ក្រោម​២​ គឺ​មាន​សារៈ​សំខាន​់​ណាស់​ សម្រាប់​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ និង​ការ​អភិវឌ្ឍ​ប្រទេស​ ហេតុ​ដូច្នេះ​ហើយ​ការ​សាង​សង់​នឹង​ត្រូវ​ចាប់​ផ្តើម​ នៅ​ខែ​ក្រោយ​ ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១៧​”។

មក​ទល់​នឹង​ពេល​នេះ​ ក្រុម​គ្រួសារ​ដែល​ផ្ទះ​សំបែង​របស់​ពួក​គាត់​ នឹង​ត្រូវ​ជន់​លិច​ដោយ​សារ​តែ​អាង​ទំហំ​៣៣.៥៦០ ហិកតា​របស់​ទំនប់​វារី​អគ្គិសនី​នេះ​ បាន​នាំ​គ្នា​ត្អូញ​ត្អែរ​​ដោយសារ​មិន​ទទួល​បានដំណឹង​អំពី​ប្រាក់​សំណង​ ដែល​ត្រូវ​បាន​ដោះ​ស្រាយ​ជា​លើក​ដំបូងអំឡុង​​កិច្ច​ប្រជុំ។

លោក​ សម្បតិ្ត​ បាន​ឲ្យ​ដឹងទៀត​ថា គ្រួសារ​​នីមួយ​ៗ​​​ នឹង​ទទួល​បាន​ដី​ស្រែ​ទំហំ​ប្រាំ​ហិកតា​ និង​ដី​ទំហំ​២០x៥០​ ម៉ែត្រ​ ដែល​មាន​ផ្ទះ​ឈើ​ ឬ​ក៏​ផ្ទះ​ថ្ម​ទំហំ​៨០​ម៉ែត្រ​ក្រឡា​មួយ​កន្លែង​​ផ្សេង​ទៀត​។លោក សម្បតិ្ត​ បាន​លើក​ឡើង​ថា ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ និង​ក្រុមហ៊ុន Hydrolancang ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ពួក​គេ​នឹង​ផ្តល់​ប្រាក់​សំណង​ទៅ​ឲ្យ​កសិករជា​ច្រើន​គ្រួសារ​ចំពោះ​ការ​បាត់​បង់​ ដើម​ឈើ​ហូ​ប​​ផ្លែ​របស់​ខ្លួន​ ពោល​គឺ​នឹង​ផ្តល់​ប្រាក់​៣៥ដុល្លារ​សម្រាប់​ដើម​ខ្នុរ​ ៣៣ដុល្លារ​ សម្រាប់​ដើម​ស្វាយ​ ២៦​ដុល្លារ​ សម្រាប់​ដើម​ផ្លែ​ទឹក​ដោះ​គោ​ និង​ ២២​ដុល្លារ​ សម្រាប់​ដើម​ដូង​។

លោក​ សេក​ មេគង្គ មេ​ឃុំ​ស្រែ​គរ​ និង​លោក​ ពុធ​ ឃឿន​ តំណាង​អ្នកភូមិ​ជាង​៤០០​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់ដោយសារទំនប់​វារីអគ្គិសនី​​ នៅ​ក្នុង​ឃុំ​ស្រែ​គរ​ បាន​បញ្ជាក់​អំពី​ការ​ផ្តល់​ប្រាក់​សំណង​នេះ​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​លោក​ មិន​ទាន់​ពេញ​ចិត្ត​ និង​ប្រាក់​សំណង​នេះនៅ​ឡើយ​​ទេ​។

លោក ឃឿន​ បាន​មាន​ប្រសាសន៍​ថា “ យើង​បាន​ស្នើ​ឲ្យ​មាន​ការ​ផ្អាក​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ​ជាច្រើន​លើក​ច្រើន​សា​ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ធ្វើ​ព្រងើយ​កន្តើយ​នឹង​សំណើ​របស់​យើង​។ ឥឡូវ​នេះ​ពួក​គេ​កំពុង​តែ​សាងសង់​ទំនប់​នេះ​ហើយ​”។

លោក​ស្រី​ Ian Baird អ្នក​ជំនាញ​ផ្នែក​ជលផល​ និង​ជា​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ​ Wisconsin Madison ​បាន​​ប៉ាន់​ប្រមាណ​​នៅ​ក្នុង​ការ​សិក្សា​មួយ​កាល​ពី​ឆ្នាំ​២០០៩​ថា ​អ្នក​ភូមិ​នៅ​ស្រុក​សេសាន​ចំនួន​៥.០០​០​គ្រួសារ​ នឹង​ត្រូវ​​បាត់​បង់​ផ្ទះ​សំបែង​ ដោយ​សារ​ទំនប់​វារី​អគ្គិសនី​នេះ​។ ហើយ​នៅ​ក្នុង​ការ​សិក្សា​មួយកាល​ពី​ឆ្នាំ​២០១២​ ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​ Proceedings of  the National Academey of Sciences អ្នក​ជំនាញបាន​សន្និដ្ឋាន​ថា​ ការ​សាង​​សង់​ទំនប់​វារី​អគ្គិសនី​នេះ​ នឹង​ធ្វើ​ឲ្យ​មច្ឆ​ជាតិ​ធ្លាក់​ចុះ​ជាង​៩ភាគរយ​ ហើយ​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​ពួក​សត្វ​ត្រី​​ចំនួន​ប្រហែល​៥០​ប្រភេទ​បន្ថែម​ទៀត៕ ស៊ុយឈាង 

(រាយការណ៍​បន្ថែ​មដោយ​ Denise Hruby)

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស