យោងតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា លោកឧត្តមសេនីយ៍ នាង ផាត បានក្លាយជាមន្ត្រីយោធាជាន់ខ្ពស់ទី២ ដែលចូលពាក់ព័ន្ធក្នុងភាពជាប់គាំងនយោបាយបច្ចុប្បន្នរវាងរដ្ឋាភិបាលគណបក្សប្រជាជនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិ ដោយចោទប្រកាន់គណបក្សប្រឆាំងថាកំពុងធ្វើឲ្យប្រទេសអស្ថិរភាព។
ភ្នាក់ងារព័ត៌មាន Cambodia Express News ហៅកាត់ CEN នៅលើគេហទំព័ររបស់កាសែតរស្មីកម្ពុជាសរសេរថា លោកឧត្តមសេនីយ៍ នាង ផាត ដែលមានតួនាទីជារដ្ឋលេខាធិការរបស់គណបក្សប្រជាជនកម្ពុជានៅក្រសួងការពារជាតិផងដែរ បានធ្វើអត្ថាធិប្បាយរបស់លោកអំពីគណបក្សសង្គ្រោះជាតិនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃច័ន្ទនៅបញ្ជាការដ្ឋានអង្គភាពកងពលតូចលេខ៧០នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាម CEN បានឲ្យដឹងថា “ លោកឧត្តមសេនីយ៍ នាង ផាត បានលើកឡើងក្នុងសុន្ទរកថាទៅកាន់កងកម្លាំងកងពលតូចលេខ៧០ ថា គណបក្សសង្គ្រោះជាតិមិនទទួលស្គាល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងរដ្ឋាភិបាលអាណត្តិទី៥ឡើយ។ គោលបំណងរបស់ពួកគេ គឺត្រូវបង្កភាពចលាចលសម្រាប់ប្រជាពលរដ្ឋ និងអសណ្តាប់ធ្នាប់ ភាពចលាចលនិងអសន្តិសុខក្នុងប្រទេសនេះ”។ យោងតាម CEN បានឲ្យដឹងថា លោកឧត្តមសេនីយ៍ នាង ផាត ក៏បានអំពាវនាវដល់សមាជិកកងកម្លាំងប្រដាប់អាវុធឲ្យ “ការពាររដ្ឋធម្មនុញ្ញា ព្រះមហាក្សត្រ និងរដ្ឋាភិបាលស្របច្បាប់ និងមិនអនុញ្ញាតឲ្យក្រុមណាមួយបំផ្លាញសន្តិភាពឡើ់យ”។
កងពលតូចលេខ ៧០ បានផ្តល់កងអង្គរក្សផ្ទាល់ការពារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនរហូតដល់ឆ្នាំ២០០៩។ ឆ្នាំនោះ លោក ហ៊ុន សែន បានបង្កើតកងអង្គរក្សរបស់នាយករដ្ឋមន្ត្រី ដែលមានជំនាញនិងឯកទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហ៊ីង ប៊ុនហៀង អតីតមេបញ្ជា ការកងពលតូចលេខ៧០។ អង្គភាពទាំងពីរនេះនៅក្រៅបទបញ្ជាធម្មតាក្នុងកងយោធពលខេមរភូមិន្ទ និងរាយការណ៍ផ្ទាល់ទៅលោក ហ៊ុន សែន។
កាលពីថ្ងៃព្រហស្បតិ៍ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់អង្គប្រជុំកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រចាំឆ្នាំថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះនៅតែប្តេជ្ញាការពាររដ្ឋាភិបាលរបស់ លោក ហ៊ុន សែន ចំពេលមានជម្លោះកំពុងបន្តជាមួយគណបក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ី និង កឹម សុខា មេដឹកនាំរបស់គណបក្សសង្គ្រោះជាតិបានដឹកនាំមហាបាតុកម្មនៅក្នុងរាជធានីភ្នំពេញកាលពីក្នុងខែធ្នូ ដោយអំពាវនាវឲ្យមានការបោះឆ្នោតជាថ្មីឬឲ្យលោក ហ៊ុន សែន ចុះពីតំណែង។
គណបក្សសង្គ្រោះជាតិបានចោទគណបក្សប្រជាជនកម្ពុជាថាទទួលជ័យជម្នះតិចតួចក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងខែកក្កដា ឆ្នាំ២០១៣ ដោយសារតែភាពមិនប្រក្រតីជាប្រព័ន្ធក្នុងដំណើរការបោះឆ្នោត។
CE N បានរាយការណ៍ថា លោកឧត្តមសេនីយ៍ ទៀ បាញ់ ក៏បានចោទគណបក្សប្រឆាំងដែរថាបានបង្កភាពចលាចលក្នុងសង្គម ដែលកងរាជអាវុធហត្ថមិនអនុញ្ញាតឲ្យបន្ត។
លោកឧត្តមសេនីយ៍ទោ ឌួង រ៉ា បញ្ជាការរងរបស់កងពលតូចលេខ៧០ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនបានចូលរួមស្តាប់សុន្ទរកថារបស់លោកឧត្តមសេនីយ៍ នាង ផាត ទេ ក៏ប៉ុន្តែលោកគាំទ្រគំនិតដ៏សំខាន់នេះ ។ លោកបានបន្ថែមថា “ជំហររបស់យើង គឺការពាររដ្ឋធម្មនុញ្ញា ព្រះមហាក្សត្រ និងរដ្ឋាភិបាល។ នេះជាទស្សនៈទូទៅរបស់កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងអស់”។
រដ្ឋាភិបាលបានព្យួរសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំគ្នាតាមរដ្ឋធម្មនុញ្ញ បន្ទាប់ពីការបង្ក្រាបដ៏បង្ហូរឈាមទៅលើកូដកររោងចក្រកាត់ដេរដែលតវ៉ាកាលពីថ្ងៃទី៣ ខែមករា នៅពេលមន្ត្រីកងរាជអាវុធហត្ថបានបាញ់ស្លាប់មនុស្សចំនួនប្រាំនាក់ និងជាង៤០នាក់ទៀតរបួសដោយកាំភ្លើងវែង។
ការតវ៉ាដោយសន្តិភាពដោយសហជីពសកម្មជនប្រឆាំងការបណ្តេញចេញ អង្គការក្រៅរដ្ឋាភិបាល និងថ្មីៗនេះដោយលោកម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុឯករាជ្យ បានបន្តរឹងរូសចំពោះការប៉ុនប៉ងរបស់រដ្ឋាភិបាលក្នុងការព្យួរមាត្រា៤១នៃរដ្ឋធម្មនុញ្ញ ដែលការពារសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំ។
លោក យឹម សុវណ្ណ តំណាងរាស្រ្តជាប់ឆ្នោត និងជាអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា បណ្តាប្រទេសប្រជាធិបតេយ្យមិនអនុញ្ញាតឲ្យសមាជិកកងកម្លាំងប្រដាប់អាវុធគាំទ្រគណបក្សនយោបាយយ៉ាងសកម្មនោះទេ។
លោក សុវណ្ណ មានប្រសាសន៍ថា “ពេលនេះយើងមើលឃើញច្បាស់ថា មេបញ្ជាការជាន់ខ្ពស់ដឹកនាំកងកម្លាំងប្រដាប់អាវុធបម្រើគណបក្សប្រជាជនកម្ពុជា។ ពួកគេគ្មានគំនិតប្រជាធិបតេយ្យឡើយ”៕ប៊ុននី