31.8 C
Phnom Penh

ឯកអគ្គរាជទូត​កម្ពុជា​ថ្មី​​​​​ទទួល​បាន​បញ្ជាឲ្យ​​តប​ត​ទៅនឹង​ការប​ក​ស្រាយ​បំភ្លៃរបស់គណបក្ស​ប្រឆាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចេញ​បញ្ជា​ឲ្យ​ឯក អគ្គរាជទូត​ថ្មី​ៗ​បំផុត​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ប្រចាំ​នៅតំបន់​អាស៊ី និង​តំបន់​អឺរ៉ុប​ ឲ្យ​បន្ត​ធ្វើ​សកម្មភាព​ទំនាក់​ទំនង​សាធារណៈ​ ក្នុង​គោល​បំណង​តបត​ទៅនឹង​សេចក្តី​រាយ​ការណ៍​​កាន់​តែ​ច្រើន​ឡើង​ៗ​នៅ​ក្នុង​សារ​ព័ត៌​មាន​ក្រៅ​​ប្រទេស​នានា​ ដែល​ថា កម្រិត​គោរព​​លទ្ធិ​ប្រជា​​ធិបតេយ្យ​ និង​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​នេះ កំពុង​តែ​ធ្លាក់​ចុះ។

លោក ហេង សំរិន បាន​ផ្តល់​បទ​បញ្ជា​ទាំង​នេះ​ដល់​ឯកអគ្គរាជទូត​ថ្មីៗ​ នៅ​ក្នុង​កិច្ច​ប្រជុំ​សម្ងាត់​មួយ​កាលពី​ថ្ងៃច័ន្ទ អំឡុង​ពេល​ដែល​មជ្ឈដ្ឋាន​អន្តរជាតិ​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​ៗទៅ​លើ​ព្រះ​រាជាណាចក្រ​​កម្ពុជា​ តំាង​ពី​មាន​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ តំណាង​រាស្ត្រ​កាលពីថ្ងៃទី​២៨ ខែកក្កដាឆ្នាំ​មុនមក។

គួរ​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​ដ៏​យូរ​របស់​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ទទួល​ជ័យ​​​ជម្នះ​​ក្នុង​ព្រឹត្តិការណ៍​បោះ​ឆ្នោត​នោះ​​ ​ប៉ុន្តែ ព្រឹត្តិ​ការណ​៍​នេះ​នៅ​តែ​ជាប់​នៅ​ក្នុង​សេចក្តី​រាយ​ការណ៍​អំពី​ភាព​មិន​​ប្រក្រតី​យ៉ាង​ទូលំទូលាយ​ដែល​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​។

កម្លាំង​សន្តិសុខ​កម្ពុជា​បាន​បាញ់​ឲ្យ​មនុស្ស​ប្រាំពីរនាក់​បាត់​បង់​ជីវិត​ នៅ​ក្នុង​សកម្មភាព​តវ៉ា​នានា​ក្នុង​រាជធានី​ភ្នំពេញ​ តាំង​ពី​ខែកញ្ញា​ឆ្នាំមុន​មក និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នាក់ផ្សេង​​ទៀត​រង​របួស​។

យោង​តាម​ច្បាប់​ថត​ចម្លង​នៃ​សុន្ទរកថា​មួយ​ បាន​បង្ហាញ​ថា លោក ហេង សំរិន​ បាន​មាន​ប្រសាសន៍​ថា “ ឯកអគ្គរាជទូត​គ្រប់​រូប​គួរ​ដឹង​ថា [មាន​រឿង​អ្វី​កើត​ឡើង​] ហើយ​គួរ​តែ​បញ្ចេញ​ប្រតិកម្ម​តបត​ទៅ​នឹង​សកម្មភាព​នានា​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​សកម្មភាព​មើល​ងាយ​ ឬ​មាន​ចរិត​បំពាន​ទៅលើ​ជាតិ​។

លោក ហេង សំរិន បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ លោកត្រូវ​ពន្យល់​ឲ្យ​បាន​ច្បាស់​ និង​តបត​ទៅ​នឹង​ទង្វើ​ទាំង​ឡាយ​ណា​ ដែល​បំភាន់ទស្សនរបស់​សាធារណជន​ ជុំ​វិញ​ស្ថាន​ភាពនៃ​ការ​អនុវត្ត​​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​គណបក្ស​សង្គ្រោះ​ជាតិ​តែង​តែ​បក​ស្រាយ​បំភ្លៃ”។

លោក​ប្រធាន​រដ្ឋសភា​រូប​នេះ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ជាពិសេស​ បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ ដែល​ជឿ​គណបក្ស​ប្រឆាំង​ និង​តែង​តែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិ​បាលរបស់​យើង​”។
គណបក្ស​សង្គ្រោះ​ជាតិ​ បាននិង​កំពុង​​ជំរុញ​ឲ្យ​សមាជិក​សភា​ក្នុង​តំបន់​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក ចាត់​វិធានការ​ទៅ​លើ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​សកម្មភាព​នេះ​ទទួល​​បាន​ជោគ​ជ័យ​មួយ​ចំនួន​។
កាលពី​ថ្ងៃ​ទី១៦​ ខែមករា សភាអឺរ៉ុប​បាន​អនុម័ត​សេចក្តី​សម្រេច​អំពាវ​នាវ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អនុវត្ត​ប្រតិបត្តិការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយក្រោមការ​​ដឹក​នាំ​របស់​អន្តរជាតិ​ ទៅលើ​ទាំង​ករណី​បាញ់​សម្លាប់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ប្រាំ​នាក់​ដែល​បាន​ចូល​រួម​ធ្វើ​កូដកម្ម​កាលពី​ពេល​ថ្មីៗនេះ​ ទាំង​ការ​បោះ​ឆ្នោត​កាលពី​ខែកក្កដាឆ្នាំមុន។

នៅ​ថ្ងៃ​បន្ទាប់​មក​ លោកប្រធានាធិបតី​សហ​រដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ​បាន​​ចុះ​ហត្ថលេខា​លើ​ច្បាប់​ស្តី​ពី​ថវិកា​ចំណាយ​​​ ដើម្បី​ព្យួរ​ជំនួយ​មួយ​ចំនួន​សម្រាប់​ព្រះ​រាជា​ណា ចក្រ​កម្ពុជា​ រហូត​ទាល់​តែ​មាន​ការ​អនុវត្ត​ប្រតិបត្តិការ​ស៊ើប​អង្កេត​គួរ​ឲ្យ​ទុក​ចិត្ត​ ទៅ​លើ​ការ​បោះ​ឆ្នោត​នោះ​ ឬ​ក៏​រហូត​ទាល់​តែ​តំណាង​​រាស្ត្រ​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បច្ចុប្ប ន្ន​កំពុង​ធ្វើ​ពហិការ​សភា​ ដើម្បី​តវ៉ា​ការ​បោះ​ឆ្នោត​នោះ​ ទទួល​យក​អាសនៈ​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋសភា​។

នៅ​ក្នុង​សុន្ទរកថារបស់​ខ្លួន​ថ្លែង​ទៅកាន់​អគ្គរាជទូត​ថ្មីៗ​កាលពី​ថ្ងៃច័ន្ទ លោក ហេង សំរិន​ ក៏​បាន​ត្អូញ​ត្អែរអំពី​ប្រជាជន​ខ្មែរ​​ដែល​ធ្វើ​សកម្ម​ភាព​តវ៉ា​នៅ​ក្រៅ​ប្រទេស​ ជាពិសេសនៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ដែល​ប្រជាជន​ខ្មែរ​ជា​ច្រើន​រយ​នាក់​បាន​ធ្វើ​បាតុកម្ម​កាលពីដើម​ខែនេះ ដើម្បី​ប្រឆាំង​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​ការ​បាញ់​ទៅ​លើ​កម្មករ​រោង​ចក្រកាត់​ដេរ​។

លោក ហេង សំរិន បាន​មាន​ប្រសាសន៍​ថា “ រដ្ឋាភិបាល​ [នៃ​ព្រះ​រាជាណាចក្រកម្ពុជា] ខិត​ខំ​ស្វែង​រក​ទីផ្សារការងារ​សម្រាប់​ពួកគេ​ និង​បញ្ជូន​ពួកគេ​ឲ្យ​ទៅ​ធ្វើការ​។ ពួកគេ​គួរ​សរសើរ អរ គុណ​ និង​គាំទ្រ​រាជរដ្ឋាភិបាល​។​ ផ្ទុយ​ទៅ​វិញ​ ពួកគេ​បែរ​ជា​តវ៉ា​ប្រឆាំងរាជ​រដ្ឋាភិបាល​​ ទៅ​វិញ​។ សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​ខូច​កម្លាំង​នយោបាយ​ជាច្រើន​”។ សុន្ទរកថារបស់​លោក ហេង សំរិន មិនបាន​បញ្ជាក់​ឈ្មោះ​ប្រទេស​ដែលឯក​អគ្គរាជទូត​ថ្មី​ៗ​ នឹង​ត្រូវ​​បញ្ជូ​ន​ទៅ​ទេ​។

លោក កុយ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ដែល​ដឹក​នាំ​អង្គទូត​របស់​ព្រះ​រាជាណាចក្រ​​កម្ពុជា​ បាន​លើក​ឡើង​ថា លោក​មិន​បាន​ដឹង​អំពី​សេច​ក្តី​លម្អិត​ទាក់​ទង​ទៅនឹង​កាលពីថ្ងៃ​ច័ន្ទ​ទេ​ ពីព្រោះ​​លោក​មិន​បា​ន​ចូល​រួម​កិច្ច​ប្រជុំ​នោះ​ទេ។ ​ប៉ុន្តែ លោក​បាន​ឲ្យ​ដឹង​ថា ប្រទេស​ដែល​ព្រះ​រា​ជា​ណាចក្រកម្ពុជា នឹង​បញ្ជូន​ឯក​អគ្គរាជទូត​ថ្មី​ៗ​ទៅ​នោះ រួម​មាន​ ប្រទេស​បារំាង​ អាល្លឺម៉ង់ ឡាវ កូរ៉េ​ខាង​ជើង​ កូរ៉េខាង​ត្បូង​ សិង្ហបុរី​ ស្វ៊ីស និង​ប្រទេស​ថៃ ព្រម​ទាំង​ឯកអគ្គរាជទូត​ថ្មី​មួយ​រូប​ទៅ​អង្គការ​សហប្រជាជាតិ​ នៅ​បុរីញូវ​យ៉ក។

លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បានលើក​ឡើង​ថា លោក​មិន​បាន​ដឹង​​អំពី​សេចក្តី​ណែនាំ​ជាក់​លាក់​ ដែល​ប្រធាន​​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា​​​​​បានផ្តល់​ឲ្យ​ឯកអគ្គរាជទូត​ថ្មី​ៗ​ទាំង​នេះទេ​។

លោក​បាន​លើក​ឡើង​ថា ប្រជាជន​តវ៉ា​​ឬ​មិន​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន គឺ​គួរ​អាស្រ័យ​លើ​សញ្ជាតិ​របស់​ពួកគេ​។  លោក​ ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា “ ប្រសិនបើ​ពួក​​គេ​ជា​ជន​ជាតិ​ខ្មែរ​ ពួកគេ​មាន​ជម្រើស​ក្នុង​ការ​បង្ហាញ​ខ្លួន​ឯង​។ បើ​ពួកគេ​មិន​មែន​ជា​ជន​ជាតិ​កម្ពុជា​ទេ​ ពួកគេ​មិន​មាន​សិទ្ធិ​បោះ​ឆ្នោត​ [នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ]។ ដូច្នេះ​ ពួកគេ​មិន​មាន​សិទ្ធិ​បង្ហាញ​អ្វី​ទេ​ ក្រៅ​ពី​កិច្ច​សហ​ប្រតិបត្តិការ​”៕ សុធា
(រាយការណ៍​បន្ថែម​ដោយ វណ្ណ រើន)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស