30 C
Phnom Penh

ជន​សង្ស័យ​​ស្បថថា ខ្លួន​មិន​មែន​ជា​អ្នក​គប់​គ្រាប់​បែក​ចូល​រោង​ការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខេត្ត​កំពង់​ធំ- លោក អ៊ុយ​ ហាប់​ ប្រធាន​ភូមិជាំ​​​ កំពុង​​សរសេរ​​ឈ្មោះ​អ្នកស្លាប់​ និង​អ្នក​រង​របួស​ដោយសារ​ការ​គប់​គ្រាប់​បែក​ដៃ​ចូល​ក្នុង​រោង​ការ​នៅយប់​ថ្ងៃ​សៅរ៍​នោះ ចូលក្នុង​សៀវភៅ​កត់​ត្រា​របស់គាត់​។

មាន​មនុស្ស​​ស្លាប់​និង​រង​របួស​ច្រើន​ពេក​​ដែល​គាត់​មិន​អាច​ចាំបាន​ទាំង​អស់​ បើ​​មិន​កត់​ត្រាទេនោះ​។ លោក អ៊ុយ ហាប់ បាន​សរសេរ​ឈ្មោះ​អ្នក​ស្លាប់​ទី​១០​​​កាល​ពីម្សិលមិញ គឺ​ឈ្មោះ កែវ​ ពឿន​ អាយុ​៥០​ឆ្នាំ​ដែល​មាន​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​នៅក្នុង​គ្លីនិក៥១៥​កំពង់​ធំ​បាន​ស្លាប់​ដោយ​សារ​របួស​ចំខួ​រក្បាល​កាល​ពីយប់​ថ្ងៃ​ច័ន្ទ។ កូន​ប្រុស​ ប្តី និង​ប្អូន​ប្រុស​របស់​គាត់​​​សុទ្ធ​តែ​បាន ស្លាប់​ដោយ​សារការគប់​គ្រាប់​បែក​ចូល​រោង​ការ​នេះ​។

ពេល​និយាយ​នៅខាង​មុខ​ផ្ទះ​ប្រក់​ស្លឹក​របស់​គាត់​កាល​ពីព្រឹក​ម្សិលមិញ លាយ​ឡំ​ជា​មួយ​សំឡេង​ភ្លេង​បុណ្យសព​ដែល​ឮពេញ​ភូមិ​នោះ​ លោកប្រធានភូមិ​​​ អ៊ុយ ហាប់​ ក៏​​​បាន​​​​បន្ថែម​ឈ្មោះ​មួយ​ទៀត​ទៅ​ក្នុង​បញ្ជី​ឈ្មោះអ្នក​រង​របួស​ផង​ដែរ​ គឺ​ឈ្មោះ ម៉ន សុ​ឹម ជាស្ត្រី​ ដោយ​ធ្វើ​ឲ្យ​អ្នក​​រង​របួស​កើន​ដល់​​៣៧​នាក់ ហើយ​អ្នក​រង​របួស​​ជិត​​ពាក់​កណ្តាល​មាន​​​អាយុ​ក្រោម​១៨​ឆ្នាំ​​។ គាត់​បាន​ប្រាប់​ថា “ខ្ញុំ​ខ្លាច​។ ភូមិ​ទាំង​មូល​គួរ​ឲ្យខ្លាច​”។

អ្វី​ដែល​គេ​គិត​ថា ជា​ការ​សប្បាយ​នៅ​ក្នុង​​ភូមិ​ធ្វើ​​ស្រែ​​ដ៏ក្រីក្រ​​ក្នុងស្រុក​ប្រា​សាទ​សំបូរ​​​​​ ​នេះ បែ​រជា​ពោរពេញ​ទៅ​ដោយ​​វិនាសកម្ម​ទៅវិញ​។ នៅម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​សៅរ៍ គឺ​នៅ​យប់​​នៃ​ថ្ងៃ​ចូល​រោង​ការ​របស់​​ កូន​កម្លោះ ជា ចូក​ អាយុ​២២ឆ្នាំ និង​ កូន​ក្រមុំ ភឿន សុផល អាយុ​២០​ ​ គ្រាប់​បែក​ដៃ​មួយ​គ្រាប់​ត្រូវ​បា​ន​គប់​ទៅលើ​ដំបូល​តង់​ដែល​មាន​មិត្ត​ភក្តិ​ និង​សាច់​ញាតិ​​​ប្រហែល​​១០០នាក់​កំពុង​រាំ​ក្នុងពិធីនោះ​។ គ្រាប់​បែក​នោះ​បាន​ផ្ទុះ​នៅពីលើ​ក្បាល​​ភ្ញៀវ​ធ្វើ​ឲ្យមាន​អំបែង​គ្រាប់​ពណ៌ក្រហម​សាច​ដូចគ្រាប់​ភ្លៀង​។

ម៉ែន រ៉ា អាយុ​៣៥​ឆ្នាំ​អ្នក​ភូមិដែល​ស្ថិត​នៅ​ក្នុងពិធី​ចូល​​រោង​ការ​នេះ​បាន​និយាយ​ថា “បន្ទាប់​ពី​គ្រាប់​បែក​នោះ​ផ្ទុះ​ មនុស្ស​មាន​ការ​ស្លន់​ស្លោ​ និង​ចាប់​ផ្តើម​ដួលរដូក​រណែល​។ គ្មាន​នរណា​ម្នាក់​អាច​ជួយ​គ្នា​បាន​ទេ​។ វា​ច្របូក​ច្របល់​ណាស់​ មាន​ឈាម​នៅគ្រប់​កន្លែង​ទាំង​អស់​”។ កម្លាំង​ផ្ទុះនៃគ្រាប់​បែក​ផលិត​នៅ​ចិន​នេះ​គឺមាន​ទំហំ​ប៉ុន​រោង​ការ​​នោះ​​​ ប៉ុន្តែ សោក​នាដ​កម្ម​នេះ​មាន​ពេញ​ទាំង​ខេត្ត​។

​អ្នកស្រី ឃឿន ចេង អាយុ​២៤​ឆ្នាំដែល​រស់​នៅ​ប្រហែល​៣០គីឡូម៉ែត្រ​ក្នុង​ភូមិ​​ស្រយ៉ូវ បាន​បាត់​បង់​ក្មួយ​ស្រី​របស់​គាត់​នៅ​ក្នុង​​ការ​គប់​គ្រាប់​បែក​នេះ​។ បន្ទាប់​មក​ប្តី​របស់​​អ្នកស្រី ឈ្មោះ ឃឹម តារា អាយុ​២២​ឆ្នាំ​ត្រូវ​បានចាប់​ខ្លួន​​កាល​ពីព្រឹក​ថ្ងៃ​អាទិត្យ​ ចំពោះការ​សង្ស័យ​ថា គាត់​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុងការ​គប់​គ្រាប់​បែក​នេះ​។

អ្នក​ស្រី ចេង បាន​និយាយ​ថា គាត់​កំពុង​ដេក​ជាមួយ​​ប្តី​របស់​គាត់​​នៅក្នុង​ផ្ទះ​ប្រក់​ស្លឹក​ដែលមាន​តែ​មួយ​បន្ទប់​​របស់​ខ្លួន ស្រាប់​តែ​មាន​នគរបាល​មក​ចាប់​ទាញ​​លោក តារា យក​ចេញ​ទៅ​ជាមួយ​ម៉ូតូ​សង​់កូរ៉េ​មួយ​គ្រឿង​ ដែល​អ្នកស្រី​និយាយ​ថា មាន​តម្លៃប្រហែល​៨០​ដុល្លារ​ ព្រម​ទាំង​​ទូរស័ព្ទដៃ​មួយគ្រឿង​។

អ្នកស្រី​បាន​និយាយ​ថា “ នៅពេល​គេ​ចាប់​ ខ្លួន​គាត់​ គេ​និយាយ​ថា វាជា​រឿង​លួច​​ម៉ូ​តូ​។ ​ក្រោយ​មក​នៅពេល​គាត់​ទៅ​ដល់​ប៉ុស្តិ៍​នគរ​បាល​ គេ​និយាយថា គាត់​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​គប់​គ្រាប់បែក​ដៃ​នេះ​​។យើង​នៅ​ជាមួយ​ គ្នា​រយៈពេល​ប្រាំពីរ​ឆ្នាំ​ហើយ​។ យើង​នៅ​ជា​មួយ​គ្នា​នៅយប់​ថ្ងៃ​ទី ២៦​ខែ​មករា​។ ខ្ញុំ​ចង់​ ឲ្យ​ពួក​គេ​ដោះលែង​ប្តីរបស់​ខ្ញុំ​”។

មួយសប្តាហ៍​មុន​​ការ​គប់​គ្រាប់​បែក​នេះ​អ្នកស្រី​ ចេង និង​លោក តារា រួម​ជាមួយ​កូន​ស្រី​​អាយុ​២ឆ្នាំ​របស់ខ្លួន​បាន​​ស្នាក់​នៅ​ក្នុ​ង​ភូមិ​ជាំ ប្រហែល​បួន​ថ្ងៃ​ជាមួយ​បង​ប្រុស​របស់​​អ្នកស្រី​ ចេង​ ឈ្មោះ ឃឿន ខុន ជា​កសិករ​ដុត​ធ្យូង​នៅខាង​ក្រោយ​ផ្ទះ​របស់​គាត់​។​លោក​ ​ខុន​ បាន​ប្រាប់​ប្អូនស្រី​របស់​គាត់​ថា នាង​អាច​រក​លុយ​បន្ថែម​ខ្លះ​ទៀត​ដោយ​ការ​ប្រមូល​អុស​នៅជុំវិញ​ផ្ទះខ្ទម​​របស់​គាត់​​នៅ​ជាយ​ភូមិនោះ​។

នៅយប់​ថ្ងៃទី​២៣​ ខែមករា ​បុរ​ស​វ័យ​ក្មេង​​បីនាក់ដែល​ជា​សាច់​ញាតិ​របស់​លោក​ ខុន ​បាន​ដាស់​គ្រួសារ​នេះ​ដើម្បី​ទិញ​ទឹក​ត្នោត​ជូរ​​។ លោក តារា មិន​ព្រម​ចូល​រួ​ម​ផឹក​​ជាមួយ​ពួកគេ​ទេ​ ហើយ​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ទាំង​នោះ ឈ្មោះ ចូក ដែល​ជាកូន​កម្លោះ​​បាន​ដាល់​​​គាត់​មួយ​ដៃ​ចំមុខ​។

លោក​​ ចូក​ បាន​និយាយ​កាល​ពីថ្ងៃ​ច័ន្ទ​ពេល​អង្គុយ​នៅជិត​អ្នកស្រី សុផល ដែល​ជា​កូនក្រមុំ​នោះថា “ ខ្ញុំ​ចង់​ឲ្យគាត់​ផឹក​ទឹក​ត្នោត​ជូរ​​ខ្លះ​ ហើយ​គាត់​បដិសេធ​ ដូច្នេះ​ខ្ញុំ​បាន​វាយ​គាត់​តែ​ម្តង​”។ លោក​​ ចូក​ បាន​និយាយ​ថា “ខ្ញុំ​បាន​វាយ​គាត់​កាល​ពីថ្ងៃទី​២៣​។ បន្ទាប់​មក​គាត់​បាន​ប្តឹង​ខ្ញុំ​ ហើយ​ខ្ញុំ​បាន​សង​គាត់​ចំនួន​៥០​ដុល្លារ​។​ក្រោយ​មក​នៅថ្ងៃ​ទី​២៥​ ខែមករា​គឺ​នៅថ្ងៃ​ចូល​រោង​ការ​ខ្ញុំ​នៅម៉ោង​ប្រហែល១០​និង​៣០​​នាទី​យប់​ គ្រាប់​បែក​មួយគ្រាប់​ត្រូវ​បាន​គប់​ចូល​រោង​ការ​ខ្ញុំ​”។

ពេល​កំពុង​សម្រាក​នៅក្រោម​ផ្ទះ​គ្រូ​បុរាណ​ម្នាក់​នៅ​ចម្ងាយ​ប្រហែល​ពីរបី​គីឡូ​ម៉ែត្រ​ពីផ្ទះ​របស់ខ្លួន លោក​ ចូក ​ជាបុរស​វ័យ​ក្មេង​រូប​រាងស្អាត​ដែលល្បី​ក្នុង​ភូមិ​ចំពោះ​ការ​ផឹកស្រា​ និង​ឡូឡា​ មាន​​ស្នាម​ដេរ​នៅត្រង់​ស្មា​ដោយសារ​ត្រូវ​អំបែង​គ្រាប់​បែក​។

អ្នកស្រី​ សុផល ដែល​ដេក​នៅក្បែ​រគាត់​មាន​ស្នាម​របួស​ចំជើង​ដោយសារ​ការ​គប់​គ្រាប់​បែក​នេះ ។ គាត់​នៅពាក់ក្រចក​វែង​ៗ​ពណ៌ក្រហម​សម្រាប់​ពិធី​នៅយប់​ថ្ងៃ​សៅរ៍​​នោះ​នៅ​ឡើយ​។

លោក ចូក បាន​និយាយ​ថា “​ខ្ញុំ​មិន​ដឹង​ថា នរណា​ធ្វើ​រឿង​នេះ​ទេ​” ។ លោក​ តារា ​ដែល ​មាន​មាឌ​ស្តើង​ និង​មុខ​ក្មេង ​ស្បថ​ថា គាត់​មិនមែន​ជា​អ្នក​គ្រប់​គ្រាប់​បែក​នោះ​ទេ​។ គាត់បាន​និយាយ​កាល​ពីថ្ងៃ​ច័ន្ទ ពេល​ឈរ​នៅក្នុង​បន្ទប់​ឃុំឃាំង​ដែល​នៅ​តែ​ពាក់​អាវ​យឺត​ និង​​ស្លៀក​ខោខូវ​ប៊យ​ដែល​គាត់​បាន​ស្លៀក​នៅពេល​ចាប់​ខ្លួន​នោះថា “ខ្ញុំ​មិន​ដឹង​ពី​មូល​ហេតុដែល​គេចាប់ខ្លួន​ខ្ញុំ​ទេ​។ ខ្ញុំមិន​បាន​ធ្វើ​រឿង​នេះ​ទេ​”​។

អ្នកស្រី ចេង និង​អ្នក​ជិត​ខាង​ចំនួន​៥១​នាក់​បាន​ធ្វើ​ញត្តិ​មួយ​បញ្ជាក់​ថា លោក​ តារា ស្ថិត​នៅក្នុង​ភូមិស្រយ៉ូវ នៅយប់​​គប់​​​គ្រាប់​បែក​នោះ​។ លោក​ តិច ឡេង ប្រធាន​ភូមិ​បាន​បញ្ជូនញត្តិ​នោះ​ទៅ​អភិបាល​ខេត្ត​កំពង់​ធំ​កាល​ពីល្ងាច​ថ្ងៃ​ច័ន្ទ។ លោក តិច ឡេង បានមាន​ប្រសាសន៍​អំពី​ឈ្មោះ តារា ថា “គាត់​ជាមនុស្ស​ស្លូតត្រង់​។ គាត់​មិនដែល​បង្ក​បញ្ហា​ដល់​នរ​ណា​ម្នាក់​ទេ​​”។

លោក​ ផាន់ សុផេង­​ ស្នង​ការ​នគរបាល​​ខេត្ត​កំពង់​ធំ​​បាន​មាន​ប្រសាសន៍ថា នគរបាល​មាន​ភ័ស្តុតាង​ភ្ជាប់​លោក​ តារា ទៅនឹង​ការ​គប់​គ្រាប់​បែក​នេះ​។ លោក សុផេង បានមាន​ប្រសាសន៍ថា ​មន្ត្រីនគរ​បា​ល​ដែល​ល្បាត​នៅក្នុងភូមិ​នោះ​ក៏​បាន​និយាយ​​ដែរ​ថា គាត់​បាន​ឃើញ​លោក តារា​ ជិះ​ម៉ូតូ​របស់​គាត់​ត្រឡប់​ទៅ​ផ្ទះ​ បន្ទាប់​ពី​ការគប់គ្រាប់​បែក​នោះ​។

គាត់​បាន​បន្ថែម​ថា លោក តារា នឹង​ត្រូវ​បញ្ជូន​​​​ទៅ​តុលាការ​នៅថ្ងៃ​នេះ​ ពីព្រោះ​នគរ​បាល​កំពុង​ស្វែង​រក​​ជន​សង្ស័យ​បីនាក់​ទៀត​​ដែល​ជាប់​ពាក់​ព័ន្ធ​​ការ​គប់​គ្រាប់​បែក​នេះ​។ កុមារា​ឈ្មោះ ឃិន ចិត្ត​ អាយុ​១២​ឆ្នាំ​កំពុង​មើល​ថែ​ប្អូន​ស្រី​របស់​ខ្លួន​នៅខាង​ក្រៅ​រោង​ការ​នៅពេល​គ្រាប់​បែក​នោះ​ផ្ទុះ​។

កុមារ​នេះ​និយាយថា នៅពេល​ខ្លួន​ត្រឡប់​ទៅ​យោល​អង្រឹង​​ប្អូនស្រី​របស់​ខ្លួន ​​ខ្លួន​​ឃើញ​បុរស​ពីរនាក់​ឈប់​ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ​​មួយ​គ្រឿង​នៅ​ចម្ងាយ​ប្រហែល​១៥​​ម៉ែត្រ​ពី​រោង​ការ នោះ​។ បុរសម្នាក់​ក្នុង​ចំណោម​បុរស​ពីរនាក់​បានចុះ​ចេញ​ពីលើ​ម៉ូតូ​​ដើរ​ទៅ​មុខ​​ពីរបី​ជំហាន​ ហើយ​បាន​គប់​​អ្វី​មួយ​​។ កុមារ ចិត្ត បាននិយាយថា “ខ្ញុំ​មិន​ដឹង​ថា វា​ជាគ្រាប់​បែក​ទេ​ រហូត​ដល់​វា​ផ្ទុះឡើង​។ បន្ទាប់​មក​ពួកគេ​បាន​ឡើង​ជិះម៉ូតូ​ចេញ​ទៅ​ទិស​ផ្សេង​​” ។

អ្នកស្រី សាន ស៊ីម អាយុ​៣៨​ឆ្នាំ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នកភូមិ​ដែល​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​​ភូមិ​ជាំ​​​ កាល​ពីម្សិលមិញ​ ដើម្បី​ព្យាយាម​ស្វែង​យល់​អំពីអ្វី​ដែល​បាន​កើត​ឡើង​លើ​​មនុស្ស​​ជាទីស្រ​ឡា​ញ់​របស​់ខ្លួន​។​ អ្នកស្រីបាន​និយាយ​ថា “នៅផ្ទះខ្លះ​មាន​​មនុស្ស​ស្លាប់​ពីរ​ ឬ​បី​នាក់​។ ពេល​នេះ​យើង​ទាំង​អស់​គ្នា​កំពុង​មាន​បញ្ហា​”៕​  គឹម​ហឿន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស