កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់បុរសម្នាក់ពីបទប្រើអំពើហិង្សាមានស្ថានទម្ងន់ទោស បន្ទាប់ពីអ្នកតវ៉ាបានឃាត់ខ្លួនបុរសរូបនេះនៅកន្លែងធ្វើបាតុកម្មស្ថិតនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ហើយបានប្រគល់ទៅឲ្យនគរបាល ដោយសង្ស័យថា បានញុះញង់ឲ្យមានអំពើហិង្សានៅកន្លែងប្រមូលផ្ដុំគ្នានៅជិតទីលានប្រជាធិបតេយ្យ។
ផេង ផា អាយុ៣២ឆ្នាំ ជាបុរសម្នាក់ក្នុងចំណោមបុរសពីរនាក់ដែលអ្នកតវ៉ាបានឃាត់ខ្លួនដោយសង្ស័យថា បុរសរូបនេះព្យាយាមបង្កបញ្ហា ដែលកម្លាំងសន្តិសុខយកជាលេសដើម្បីប្រើកម្លាំងទៅលើក្រុមអ្នកគាំទ្រសហជីពអហិង្សានោះ។ បុរសដែលត្រូវឃាត់ខ្លួនទី២ម្នាក់ទៀតឈ្មោះ ហម ហ៊ុត ត្រូវនគរបាលដោះលែងវិញដោយមិនធ្វើការចោទប្រកាន់អ្វីឡើយកាលពីថ្ងៃច័ន្ទ។
លោក ឡុង លន់ មេធាវីការពារក្ដី ផេង ផា មានប្រសាសន៍កាលពីម្សិលមិញថា “ផេង ផា ត្រូវបានចោទប្រកាន់ពីបទបង្កហិង្សាដោយចេតនា ហើយខ្ញុំនឹងប្ដឹងឧទ្ធរណ៍ជំទាស់ការចោទប្រកាន់នេះដើម្បីឲ្យតុលាការដោះលែងគាត់ឲ្យនៅក្រៅឃុំ”។
លោក ឡុង លន់ បានមានប្រសាសន៍ថា លោកនឹងមិនធ្វើអត្ថាធិប្បាយថា តើកូនក្ដីរបស់លោកជាអ្នកបង្កបញ្ហាដូចអ្នកតវ៉ាដែលបានឃាត់ខ្លួនគាត់នៅកន្លែងប្រមូលផ្ដុំគ្នានោះ ចោទប្រកាន់ឬយ៉ាងណាឡើយ។
ក្រុមអ្នកតវ៉ាបានចាត់ទុកមនុស្សដែលគេចោទថា បានបង្កបញ្ហានេះជា “បាតដៃទី៣” របស់រដ្ឋាភិបាល។
ផេង ផា កំពុងត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស។ប្រពន្ធរបស់ ផេង ផា ឈ្មោះ ហ៊ិន វុទ្ធី បានជួបជាមួយប្ដីរបស់គាត់កាលពីព្រឹកម្សិលមិញ ហើយអ្នកស្រីបាននិយាយថា ប្ដីរបស់គាត់បានប្រាប់គាត់ថា គាត់ជិះម៉ូតូកាត់កន្លែងតវ៉ានោះកាលពីព្រឹកថ្ងៃអាទិត្យ ពេលនោះគាត់គ្រាន់តែឈប់មើលពីអ្វីដែលបានកើតឡើងតែប៉ុណ្ណោះ។
អ្នកស្រី ហ៊ិន វុទ្ធី បាននិយាយថា ប្ដីរបស់គាត់ទទួលស្គាល់ថា គាត់បានកាន់ចំពាមកៅស៊ូនៅពេលនោះមែន តែអ្នកស្រីមិនអាចពន្យល់ ពីមូលហេតុបានទេ ហើយអ្នកស្រីអះអាងថា ប្ដីរបស់គាត់គ្មានកំហុសទេ។
អ្នកស្រីបាននិយាយទៀតថា “ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគេចាប់ប្ដីរបស់ខ្ញុំ ហើយចោទប្រកាន់គាត់ថា បានប្រើអំពើហិង្សាទៅវិញ ពីព្រោះគាត់បានប្រាប់ខ្ញុំថា គាត់មិនបានប្រើអំពើហិង្សាទេ។ ខ្ញុំគិតថា គាត់មិនមែនជា ‘មនុស្សបាតដៃទី៣’ ទេ ហើយខ្ញុំបដិសេធការចោទប្រកាន់នេះ”។
លោក សុង លី នាយនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីបានមានប្រសាសន៍ថា ហម ហ៊ុត និងបុរសផ្សេងទៀតដែលអ្នកតវ៉ាបានឃាត់ខ្លួន ហើយប្រគល់ទៅឲ្យនគរបាលកាលពីថ្ងៃអាទិត្យនោះ ត្រូវបានដោះលែងវិញហើយ ដោយសារខ្វះភ័ស្តុតាង។
ការតវ៉ាកាលពីថ្ងៃអាទិត្យ រៀបចំដោយសហជីពមួយចំនួនទាមទារឲ្យដោះលែងមនុស្ស២៣នាក់ដែលត្រូវបានចាប់ខ្លួនកាលពីដើមខែនេះ អំឡុងការធ្វើបាតុកម្មរយៈពេលពីរថ្ងៃទាមទារដំឡើងប្រាក់ខែគោលខ្ពស់ជាងនេះ។
ការតវ៉ាដែលធ្វើឡើងនៅម្តុំស្ពាននាគ នៅជាប់សួនច្បារដែលស្ថិតនៅតាមមហាវិថីព្រះនរោ ត្តមនោះ បានបន្តធ្វើដដែល បើទោះជារដ្ឋាភិបាលបានចេញបម្រាមហាមមិនឲ្យមានការតវ៉ា និងការធ្វើបាតុកម្មក៏ដោយ។
បន្ទាប់ពីការប្រឈមមុខដាក់គ្នារយៈពេលជាងមួយម៉ោងកាលពីព្រឹកថ្ងៃអាទិត្យនៅកន្លែងតវ៉ារវាងអ្នកតវ៉ានិងកម្លាំងសន្តិសុខខណ្ឌមក មានការប៉ះទង្គិចគ្នានៅជួរមុខរយៈពេលខ្លី ប៉ុន្តែការប៉ះទង្គិចដោយហិង្សាដោយមានការគប់ដុំថ្ម រហូតដល់មួកសុវត្ថិភាព និងដបទឹក ត្រូវបានគប់ដាក់គ្នាទៅវិញទៅមក។
អ្នកតវ៉ាពីរបីនាក់បានរងរបួសហូរឈាម មានស្នាមជាំ និងរត់ជាន់គ្នាពេលប៉ះទង្គិចជាមួយកម្លាំងសន្តិសុខដែលគាំទ្រដោយកម្លាំងស្លៀកពាក់ស៊ីវិលដែលបានប្រើប្រាស់ដំបង និងបានគប់ដុំថ្មដាក់បាតុករ និងអ្នកកាសែតដែលមកយកព័ត៌មានអំពីហេតុការណ៍នោះ៕ សារុន