ជនជាតិដើមភាគតិចព្នងជាង៣០០នាក់គ្រោងនឹងប្រមូលផ្ដុំគ្នានៅថ្ងៃនេះនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីអំពាវនាវឲ្យអភិបាលខេត្តនិងអាជ្ញាធរខេត្តជួយបញ្ឈប់សកម្មភាពកាប់ឈើខុសច្បាប់។
បុរសព្នងម្នាក់ឈ្មោះ ថ្លាង ស៊ិន អាយុ៥៤ឆ្នាំមកពីឃុំប៊ូស្រា ស្រុកពេជ្រាដា ដែលលើកឡើងថា គាត់មានគម្រោងចូលរួមក្នុងពិធីជួបជុំគ្នានេះដែរនោះបានលើកឡើងថា “ពិធីជួបជុំគ្នានេះនឹងរួមមានទាំងរបាំប្រពៃណីផងដែរ ហើយសហគមន៍ជនជាតិភាគតិចព្នងខុសៗគ្នាចំនួន១០ នឹងមកជួបជុំគ្នាក្នុងពិធីនេះ”។
លោក ថ្លាង ស៊ិន បាននិយាយកាលពីម្សិលមិញថា “មិនយូរមិនឆាប់ព្រៃនឹងរលាយបាត់អស់ ដោយសារតែការកាប់ឈើប្រណីតខុសច្បាប់ព្រមទាំងការកាប់បំផ្លាញ ដែលគ្មានការគ្រប់ គ្រងផងដែរ។ នៅថ្ងៃស្អែកយើងចាំបាច់ត្រូវជូនដំណឹងដល់អាជ្ញាធរនៅក្នុងខេត្តនេះឲ្យចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ការកាប់ឆ្កាព្រៃ”។
លោក យឹម លុច អភិបាលរងខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថា លោកបានបញ្ជាទៅអាជ្ញាធរមូលដ្ឋានឲ្យប្រាប់ប្រជាពលរដ្ឋកុំឲ្យធ្វើការប្រមូលផ្ដុំគ្នា ដែលលោកចាត់ទុកថា ជា “បាតុកម្ម” ពីព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍។ លោកបានបន្តថា “គ្មានការកាប់ឈើខុសច្បាប់ច្រើនទេ គឺមានតែពីរបីករណីប៉ុណ្ណោះ”។
តែទោះជាយ៉ាងណា លោក សុខ រដ្ឋា មន្ត្រីសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថា ការកាប់ឈើ និងការជួញដូរឈើប្រណីតខុសច្បាប់រីករាលដាលខ្លាំងនៅក្នុងតំបន់នេះ៕ សុខុម