កុមារចំនួនប្រាំបីនាក់ បានលង់ទឹកស្រះស្លាប់ក្នុងហេតុការណ៍បីដាច់ដោយឡែកពីគ្នា ចន្លោះពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ខណៈមូលនិធិសង្គ្រោះកុមារអង្គការសហប្រជាជាតិហៅកាត់ថា យូនីសេហ្វ បានឲ្យដឹងកាលពីម្សិលមិញថា ការលង់ទឹកស្លាប់ គឺជាករណីស្លាប់នាំមុខគេទី២ ដែលកើតឡើងលើកុមារអាយុលើសពី១២ខែនៅក្នុងប្រទេសកម្ពុជា។
លោក អ៊ិត អ៊ុន មេភូមិអង្គក្អោក ដែលស្ថិតក្នុងឃុំ ព្រៃទទឹង បានឲ្យដឹងថា កាលពីព្រឹកថ្ងៃសៅរ៍ ក្មេងស្រីពីរនាក់ និងក្មេងប្រុសពីរនាក់ អាយុចន្លោះពី ២ឆ្នាំទៅ៣ឆ្នាំ បាននាំគ្នាទៅហែលទឹកលេងនៅក្នុងស្រះមួយក្បែរភូមិ អង្គ ក្អោក នៅក្នុងស្រុកមេសាង ខេត្តព្រៃវែង។ លោក អ៊ិត អ៊ុន បានលើកឡើងថា ក្មេងៗដែលអត់ចេះហែលទឹកទាំងនេះ បានលង់ទឹកស្រះ ដែលមានជម្រៅជាងបីម៉ែត្រ។ លោកបានបន្ថែមថា ក្មេងពីរនាក់ផ្សេងទៀត ពេលឃើញដូច្នោះបានរត់ទៅប្រាប់អ្នកភូមិឲ្យមកជួយ។
លោកបានមានប្រសាសន៍ថា “នៅពេលពួកគេបានឃើញថា មិត្តភក្តិរបស់ខ្លួនកំពុងលង់ទឹក ក្មេងប្រុសអាយុ៣ឆ្នាំ និងក្មេងស្រីអាយុ៥ឆ្នាំ បានរត់ត្រឡប់ទៅភូមិវិញ ហើយបានហៅគ្រួ សាររបស់ពួកគេ និងអ្នកភូមិ ផ្សេងឲ្យមកជួយ”។
លោក ស៊ឹម ជីវ មេឃុំព្រៃទទឹង បានឲ្យដឹងថា អ្នកភូមិបានទៅដល់កន្លែងកើតហេតុយឺតពេក ទើបមិនអាចជួយក្មេងទាំាងបួននាក់នោះបាន។
កាលពីថ្ងៃសុក្រនិងថ្ងៃអាទិត្យ ក្មេងបួននាក់ផ្សេងទៀត ក៏បានលង់ទឹកស្លាប់នៅក្នុងហេតុការណ៍ពីរដាច់ឡែកពីគ្នា ក្នុងខេត្តកំពង់ចាម និងខេត្តកណ្តាលផងដែរ។ ក្មេងប្រុសពីរនាក់ និងក្មេងស្រីពីរនាក់ អាយុចន្លោះពី១០ឆ្នាំដល់១៣ឆ្នាំ បានលង់ទឹកស្រះដ៏តូចនៅក្បែរភូមិរបស់ពួកគេ។ ហើយបើយោងតាមអង្គការ យូនីសេហ្វ បានឲ្យដឹងថា ក្មេងៗដែលស្លាប់ដោយសារលង់ទឹកគឺកើតមានយ៉ាងញឹកញាប់បំផុត។
តំណាងរបស់អង្គការ យូនីសេហ្វ បានលើកឡើងនៅក្នុងអុីម៉េលមួយថា “ក្មេងៗភាគច្រើនដែលស្លាប់ដោយសារលង់ទឹកនៅក្នុងប្រទេសកម្ពុជា គឺមានអាយុចន្លោះពី១ឆ្នាំដល់៤ឆ្នាំ។ ហើយនៅក្នុងចំណោមក្មេងៗ មានអាយុចន្លោះពី១ឆ្នាំដល់៤ឆ្នាំនេះ មាន៨០ភាគរយបានលង់ទឹកស្លាប់ ចម្ងាយប្រហែល២០មែត្រពីផ្ទះរបស់ពួកគេ ដោយសារតែអណ្តូងគ្មានរបងព័ទ្ធជុំវិញ ឬក៏គ្មានគម្របពាងទឹក រណ្តៅ ស្រះ និងអាងទឹកផ្សេងៗជាដើម”។
យោងតាមរបាយការណ៍ស្ទង់មតិថ្នាក់ជាតិមួយស្តីពីការលង់ទឹកដែលមានឈ្មោះថា “ការស្ទង់មតិស្តីពីគ្រោះថ្នាក់ និងការរងរបួសនៅក្នុងប្រទេសកម្ពុជា” ( Cambodia Accident and Injury Survey) ធ្វើឡើងដោយរដ្ឋាភិបាលនិងអង្គការ យូនីសេហ្វ កាលពីឆ្នាំ២០០៧ បានបង្ហាញថា ក្មេងៗប្រហែលប្រាំមួយនាក់បានលង់ទឹកស្លាប់ជារៀងរាល់ថ្ងៃនៅក្នុងប្រទេសកម្ពុជា ហើយតួលេខសរុបនៃការស្លាប់ប្រចាំឆ្នាំវិញ មានប្រហែល២.០០០នាក់។ ការស្ទង់មតិនេះ បានសន្និដ្ឋានថា ក្មេងៗមានអាយុលើសពី១២ខែ ដែលស្លាប់ដោយសារការលង់ទឹក គឺមានច្រើនជាងការស្លាប់ដោយសារមូលហេតុផ្សេងៗទៀត ព្រោះជនរងគ្រោះប្រហែល៩៥ភាគរយ ដែលមានអាយុុលើសពី៤ឆ្នាំ មិនចេះហែលទឹកឡើយ។
តំណាងអង្គការ យូនីសេហ្វ បានសរសេរថា “ ក្មេងៗជាច្រើននៅក្នុងប្រទេសកម្ពុជាមិនដែលរៀនហែលទឹកឡើយ ហើយក្មេងៗ ដែលមានអាយុចាប់ពី៥ឆ្នាំដល់៩ឆ្នាំ គឺមានភាគរយតិចណាស់ដែលចេះហែលទឹក។ តែទោះជាយ៉ាងណា ក្មេងៗដែលបានលង់ទឹកស្លាប់ គឺមិនមែនសុទ្ធតែដោយសារមិនចេះហែលទឹកទំាងអស់នោះទេ ប៉ុន្តែកង្វះការមើលថែឲ្យបានដិតដល់ និងកង្វះវិធានការការពារសុវត្ថិភាព ក៏ជាផ្នែកមួយផងដែរ”៕ស៊ុយឈាង