31 C
Phnom Penh

សាលាឧទ្ធរណ៍បើក​សវនាការ​​​ជំនុំ​ជម្រះ​រឿង​ក្តី​​របស់​គ្រូ​បង្រៀន​ចាប់រំលោភ​សិស្ស​ស្រី​អាយុ៩​ឆ្នាំ​ម្នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃ​អង្គារ សាលាឧទ្ធរណ៍​​បា​ន​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្ដី​គ្រូប​ង្រៀន​​​ម្នាក់​ដែល​​ត្រូវ​បាន​ផ្ដន្ទាទោស​​ឲ្យ​ជាប់​​ពន្ធនាគារ​រយៈ​ពេល​១០​ឆ្នាំ​ កាល​ពីឆ្នាំ​២០១០ ពីប​ទ​ចាប់​រំលោភ​ក្មេង​​ស្រីអាយុ​៩ឆ្នាំ​ម្នាក់​នៅ​ក្នុង​បន្ទប់​ទឹក​សាលា​គ្រីស្ទាន ដែល​​គាត់​បាន​បង្រៀន​​​​នៅ​ទីនោះ។

គាំ កុសល អាយុ​៣០​ឆ្នាំ​ត្រូ​​វ​បាន​កាត់​ឲ្យ​ជាប់​ទោស​ពីបទ​ចាប់​រំលោភ​ក្មេង​ស្រី​រង​គ្រោះ​​​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៩ នៅ​សាលា​រៀន​មួយ​ស្ថិត​នៅ​ក្នុង​សង្កាត់​​ច្បារ​អំពៅ​២ ខណ្ឌ​មានជ័យ។ គាត់​បាន​​ប្រាប់​តុលាការ​កាលពីម្សិល​មិញ​ថា គាត់​មិន​បាន​ចាប់​រំលោភ​ក្មេង​ស្រី​នោះ​ទេ ហើយ​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​លើក​​លែង​ការ​ចោទ​ប្រកាន់​។ គាត់​បាន​និយាយ​ថា “ខ្ញុំ​មិន​បាន​ចាប់​រំលោភ​​​ក្មេង​ស្រី​រង​គ្រោះ​ទេព្រោះ​នៅ​ថ្ងៃ​កើត​ហេតុ​​​នោះ នាង​មិន​បាន​មក​រៀន​ទេ​”។

លោក អឿង រិទ្ធា មេធាវីការ​ពារ​​លោក​គាំ កុសល បាន​មាន​ប្រសាសន៍​ថា ការ​ផ្ត​ល់​សក្ខី​​កម្ម​ពី​​សាក្សី​បាន​​បញ្ជាក់ពី​រឿង​រា៉វ​របស់​កូន​ក្ដី​លោក​ថា ក្មេងស្រី​​រង​គ្រោះ​មិន​បាន​មក​រៀន​ទេ នៅ​ថ្ងៃនោះ។ លោក រិទ្ធា បាន​បន្ថែម​ថា ការ​ធ្វើ​កោសល្យ​​​​វិច័យ​បាន​បង្ហាញ​ថា សន្ទះ​ព្រហ្ម​ចារី​យ៍​របស់​ក្មេង​ស្រី​នោះដាច់​រហែកមែន ប៉ុន្តែ​ថា​ ការ​ដាច់រហែក​នេះ​អាច​បណ្ដាល​មកពី​​ការ​ដួល​កង់​ក៏ថាបាន។

លោក អុឹម សុផាន ព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍ បាន​មាន​ប្រសាសន៍​ថា លោក​​ជឿ​ថា មិនមាន​ភ័ស្តុតាង​​គ្រប់​គ្រាន​់​ដើម្បី​​គាំទ្រការ​កាត់​ឲ្យ​លោក​ គាំ កុសល ជាប់​ទោសទេ ​ដោយ​​សារ​មិន​មាន​សាក្សី​ឃើញ​​បទ​ល្មើសនោះ។ លោក​បាន​មាន​ប្រសាសន៍​ថា វា​លំបាក​ជឿ​​ណាស់​​ថា ក្មេងស្រី​អាយុ​៩​ឆ្នាំ​ត្រូវ​បាន​ចាប់​រំលោភ​ ហើយមិន​ស្រែក​​ឲ្យ​គេ​ជួយ​នោះ”។

លោក​ចៅក្រម ញួង ថុល ​មាន​ប្រសា​សន៍​ថា តុលាការ​នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ៕ សារុន ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស