មន្ត្រីបានលើកឡើងថា កាលពីម្សិលមិញសាលាដំបូងរាជធានីភ្នំពេញបានសាកសួរសាក្សីបួននាក់ដែលឃើញការវាយដំយ៉ាងព្រៃផ្សៃនិងការឃាត់ខ្លួនបាតុករ១៥នាក់ពីសំណាក់ទាហានឆត្រយោងអង្គភាពលេខ៩១១នៅខាងក្រៅរោងចក្រកាត់ដេរយ៉ាកជីន កាលពី ថ្ងៃទី២ ខែមករា។
បុរស១០នាក់ក្នុងចំណោមបុរសទាំង១៥នាក់ដែលត្រូវបានទាហានឆត្រយោងឃាត់ខ្លួននៅរោងចក្រកាត់ដេរយ៉ាកជីន ពេលនេះកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារមួយដែលមានការរឹតបន្ដឹងខ្ពស់នៅក្នុងខេត្តកំពង់ចាម រួមជាមួយនឹងបុរស១៣នាក់ផ្សេងទៀតដែលត្រូវបានឃាត់ខ្លួននៅថ្ងៃបន្ទាប់ នៅពេលកងរាជអាវុធហត្ថបានសម្លាប់បាតុករប្រាំនាក់និងធ្វើឲ្យរបួសមនុស្សជាង៤០នាក់ផ្សេងទៀតនៅលើកំណាត់ផ្លូវវេងស្រេងក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អំឡុងពេលប្រឈមមុខដាក់គ្នាជាមួយក្រុមយុវជនគប់ដុំថ្ម។
លោក ហម ស៊ុនរិទ្ធ មេធាវីនៅឯមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានមានប្រសាសន៍ថា “យើងបាននាំខ្លួនបុរសពីរនាក់ និងស្ត្រីពីរនាក់ឡើងតុលាការក្រោយពីពួកយើងបានស្នើសុំកាលពីសប្ដាហ៍មុន ដើម្បីបញ្ជាក់អំពើហិង្សាដែលបានកើតឡើងអំឡុងបាតុកម្មនៅរោងចក្រយ៉ាកជីន”។
លោក ហម ស៊ុនរិទ្ធ បានមានប្រសាសន៍បន្តទៀតថា “តុលាការ កំពុងតែខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសាកសួរសាក្សី ហើយយើងសង្ឃឹមថា ពួកគេ [សាក្សី] នឹងជួយតុលាការស្វែងរកការពិត ហើយផ្ដល់យុត្តិធម៌នៅក្នុងសំណុំរឿងនេះ”។
លោក មឿន តុលា ប្រធានគម្រោងកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានមានប្រសាសន៍ថា ពីរនាក់ក្នុងចំណោមសាក្សីទាំងបួននាក់ គឺជាបុគ្គលិករបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ដែលបានផ្ដល់ភ័ស្ដុតាងបញ្ជាក់ថា បាតុករជាប់ពន្ធនាគារទាំង១០នាក់រួមទាំងមេដឹកនាំសហជីព គឺលោក វ៉ន ពៅ ដែលជាប្រធានសមាគម ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធផង កំពុងធ្វើជាអ្នកសម្របសម្រួល នៅពេលអំពើហិង្សាបានផ្ទុះឡើង។
លោកថ្លែងថា “មានទាំងភ័ស្ដុតាង មានទាំងសាក្សី ដែលអាចបញ្ជាក់បានថា មនុស្សទាំង២៣នាក់ [ដែលជាប់ឃុំ] គឺជាជនរងគ្រោះ ដូច្នេះប្រសិនបើតុលាការឯករាជ្យ តុលាការនឹងដោះលែងពួកគេ ហើយដកការចោទប្រកាន់លើពួកគេជាមិនខាន”។សុខុម