28.4 C
Phnom Penh

ក្រសួង​ការ​ពារ​ជាតិ​​៖ បក្ស​ប្រឆាំង​​ប្រមាថ​មើល​ងាយ​​កង​យោធពល​ខេមរភូមិន្ទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ក្រសួង​ការ​ពារ​ជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថ្កោល​ទោស​អ្នក​នាំពាក្យ​គណបក្ស​ប្រឆាំង​ចំពោះ​ការ​ប្រមាថ​មើល​ងាយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​កង​កម្លាំង​​​​ប្រដាប់​អាវុធ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​កាល​ពី​ថ្ងៃ​អង្គារ​នេះ បាន​ថ្កោល​ទោស​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​​គណបក្ស​សង្គ្រោះ​ជាតិ​ចំពោះ​ពាក្យសម្តី​ដែល​លោក​បាន​និយា​យ​ទៅកាន់​ប្រព័ន្ធផ្សព្វផ្សាយ​កាលពីថ្ងៃទី​២៣​ ខែមករា​ ចាត់​ទុក​​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុ​ប្បន្ន​ថា ជារដ្ឋាភិបាល​ខុស​ច្បាប់​ និង “ កង​ទ័ព​ដែល​បម្រើ​ឲ្យរដ្ឋាភិបាល​ខុសច្បាប់​ក៏ខុស​ច្បាប់​ដែរ​”។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​លើក​ឡើងថា “ ក្រសួ​ងការ​ពារជាតិ​​ប្រកាស​បដិសេធ​​ និង​ថ្កោល​ទោសដាច់​ខាត​ការ​ប្រមាថ​មាក់​ងាយ​មក​លើ​កិត្តិ​យស​ និង​សេចក្តី​ថ្លៃ​ថ្នូរ​​របស់​កង​​យោ​ធពល​ខេមរ​​ភូមិន្ទ​​”។

“ ទន្ទឹម​នឹង​នេះដែរ​សូម​អំពាវ​នាវ​ដល់​នាយ​ទាហាន​ ពល​ទាហាន​នៃកង​​យោ​ធពល​ខេមរ​​ភូមិន្ទ​​​មេត្តាបន្ត​ការ​អត់​ធ្មត់​ចំពោះការ​​ប្រើ​ពាក្យ​ពេចន៍​ប្រមាថ​មាក់ងាយ​របស់​លោក​ យឹម​ សុវណ្ណ​ មក​លើ​កង​​យោ​ធពល​ខេម​រ​​ភូមិន្ទ​​​”។

លោក យឹម សុវណ្ណ បាន​និយាយ​​ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​ដែល​ថា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អំពាវ​នាវ​ឲ្យ​កង​ទ័ពការ​ពារ​រដ្ឋាភិ​បាល​​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​​ ហ៊ុន សែន នៅក្នុង​​ជម្លោះ​ដែល​កំពុងកើត​មាន​របស់​ខ្លួន​ជាមួ​យ​គណបក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​លទ្ធផល​នៃការ​បោះ​ឆ្នោត​​ជាតិ​កាល​ពី​ឆ្នាំមុន​។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​ពារជាតិ​កាល​ពីថ្ងៃអង្គារ​នេះ ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​បោះឆ្នោត​កាល​ពីថ្ងៃទី ២៨​ ខែ​​កក្កដា បាន​ប្រព្រឹត្តទៅ​តាម​លទ្ធិ​ប្រជា​ធិប​តេយ្យ​​ មាន​លក្ខណៈ​សេរី​ យុត្តិធម៌​ ​និង​​តម្លា​ភាព​​ ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ​ដោយ​ស្រប​ច្បាប់​​។

សេចក្តីប្រកាសព័ត៌មាន​​នេះ​លើក​ឡើង​ទៀត​ថា “ កង​​យោ​ធពល​ខេមរ​​ភូមិន្ទ​​ត្រូវ​ការ​ពារ​​ដាច់​ខាត​រដ្ឋ​ធម្មនុញ្ញ​ ការ​ពារ​រាជរដ្ឋាភិ​បាល​​ស្របច្បាប់​​ ដែល​បាន​ជ្រើស​តាំង​ដោយ​រដ្ឋ​សភាស្រប​ច្បាប់​”។

កាល​ពី​ម្សិលមិញ លោក យឹម សុវណ្ណ បាន​និយាយការពារ​សម្តី​របស់​លោក ដោយ​​លើកឡើង​ថា ពាក្យ​សម្តី​​​ទាំង​នោះ​សំដៅ​ទៅ​​លើ​មេបញ្ជាការ​យោធា​មួយ​ចំនួន​តូច​ដែល​បាន​បញ្ជា​ឲ្យ​​គេ​សម្លាប់​ប្រជាជន​កាល​ពី​ដើមខែ​មករា ដែល​នៅ​ពេល​នោះ​កង​រាជ​អាវុធ​​ហត្ថ​បាន​បាញ់​សម្លាប់កម្មករ​រោង​ចក្រ​កាត់​ដេរ​ដែល​ធ្វើ​កូដ​កម្ម​ប្រាំនាក់​ និង​បាញ់​ឲ្យ​រង​របួស​ជាច្រើន​នាក់​ទៀត​នៅខាង​ក្រៅសួន​ឧស្សាហកម្ម​កាណា​ឌីយ៉ា ក្នុង​ទីក្រុង​ភ្នំពេញ​។

លោក យឹម សុវណ្ណ​ ក៏បានសួរ​ពីមូល​ហេតុ​ដែល​ក្រសួង​ការ​ពារ​ជាតិ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជានេះដែរ​។
លោក​បាន​បន្ថែម​ថា “ តាម​ច្បាប់​ កង​កម្លាំង​​ប្រដាប់​អាវុធ​ត្រូវ​តែ​អព្យាក្រឹត​​។ ពួក​​គេមិន​អាច​លម្អៀង​ទៅខាង​បក្ស​ណាមួយ​​ទេ”។

លោក ប្រេដ​ អាដាម នាយក​ប្រចាំអាស៊ី​​នៃអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​មាន​ប្រសាសន៍ថា សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​ថ្មី​ៗនេះ​ដើម្បី​គាំទ្រ​រដ្ឋា​ភិ​បាល​​​នោះ គឺជា​បញ្ហា​ ដែល​បង្ហាញ​​​យ៉ាង​ច្បាស់​​​ថា មិន​មាន​​ភាព​ខុស​គ្នា​សោះ​ឡើយ​រវាង​កង​ទ័ព​ និង​គណ​បក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន​ សែន​​។

កាល​ពីខែ​ធ្នូ​ ឧត្តមសេនីយ៍​ ទៀ​ បាញ់ បាន​ណែ​នាំ​កង​ទ័ព​ឲ្យ​រៀន​​​ពី​ប្រវត្តិសាស្ត្រដើម្បី​​កុំ​ឲ្យ​ចាញ់​បោកគេ​ដោយ​សារ​​​ព័ត៌មាន​ដែល​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្សព្វ​ផ្សាយ​។ ហើយ​កាល​ពីសប្តាហ៍​មុន​អំឡុង​កិច្ច​ប្រជុំ​​របស់​កង​រាជអាវុធហត្ថ​ ឧត្តម​សេនីយ៍ ទៀ បាញ់​ បាន​អំពាវ​នាវ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​​ការ​ពារ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​និង​​បា​ន​ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​ថា បាន​ព្យាយាម​បង្ក​ភាព​ចលាចល​។

លោក អាដាម បាន​សរសេរ​តាម​អ៊ី​ម៉េល​ថា “ កង​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​នៅ​ជា   ​អ​ព្យា​ក្រឹត្យ មិន​មែន​ធ្វើ​ជា​ដៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដៃ ហ៊ុន សែន ឬ អង្គភាព​ណា​​ផ្សេង​ ឬ​ជន​ណា​មួយ​ឡើយ​”។លោក​បានលើក​ឡើង​ថា “ សម្តី​​របស់​លោក​ ទៀ បាញ់​ ដែលថា កង​ទ័ព​គួរ​​តែ​ស្មោះ​​ត្រង់​ចំពោះលោក​ ហ៊ុន សែន​ នោះ​ គឺមិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​ និង​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​គិត​ថា កង​​យោ​ធពល​ខេមរ​​ភូមិន្ទ​​​គឺជា​កង​ទ័ព​របស់​លោក​ ហ៊ុន សែន មិន​មែន​កង​ទ័ព​របស់​ប្រទេស​ជាតិ​ទេ​”។

ឧត្តម​សេនីយ៍​ឯក ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួ​ងការពារជាតិ​បាន​មាន​ប្រសាសន៍​កាល​​ពីម្សិលមិញថា កង​កម្លាំង​ប្រដាប់​អាវុធ​ប្តេជ្ញា​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​​មិនថា គណ​បក្ស​​ណា​មួ​យ​ឡើង​កាន់​អំណាច​ឡើយ​​​។លោក​បានមាន​ប្រសាសន៍ថា “ យើង​មិន​​បាន​រើស​អើង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ឬ​គណបក្ស​ប្រឆាំង​ឡើយ​”៕គឹម​ហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស