29 C
Phnom Penh

រដ្ឋាភិបាល​​​​​​៖ របាយការណ៍ស្ដីពី​​​ការ​​​បោះឆ្នោត​​​​​​ជា​​​​​​ផែន​​​ការ​​​រដ្ឋ​​​ប្រហារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុង​​​ឯកសារ​​​មួយ​​​ចេញ​​​ផ្សាយ​​​​​​​​​កាលពី​​​ថ្ងៃ​​​អង្គារ​​​​​​ ទីស្ដីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​បាន​​​អះអាង​​​ថា អង្គការ​​​សង្គម​​​ស៊ីវិល​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​របាយ​​​ការណ៍​​​មួយ​​​​​​រៀប​​​រាប់​​​​​​លម្អិត​​​ពី​​​ភាព​​​មិន​​​ប្រក្រតី​​​នៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ជាតិ​​​​​​កាលពីខែ​​​កក្កដា​​​ កំពុង​​​តែ​​​​​​ឃុប​​​ឃិត​​​​​​គ្នា​​​ដើម្បី​​​ផ្ដួល​​​រំលំ​​​រដ្ឋា​​​ភិបាល​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​។

នៅ​​​ក្នុង​​​​​​របាយការណ៍​​​មួយ​​​​​​​​​ដែល​​​មាន​​​៤០​​​ទំព័រ​​​​​​ឆ្លើយ​​​​​​តប​​​នឹង​​​​​​របាយការណ៍​​​រួម​​​ស្ដីពី​​​ដំណើរ​​​ការ​​​នៃ​​​ការ​​​បោះឆ្នោត​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​នៅ​​​​​​កម្ពុជា​​​  ដែលត្រូវ​​​បាន​​​ចេញ​​​ផ្សាយ​​​ដោយ​​​​​​អង្គ​​​ការ​​​សម្ព័ន្ធ​​​កំណែ​​​ទម្រង់​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​ហៅ​​​កាត់​​​ថា ERA កាលពី​​​ខែ​​​ធ្នូ​​​ អង្គភាព​​​ព័ត៌មាន និង​​​​​​​​​ប្រតិកម្ម​​​រហ័ស​​​នៅ​​​ទីស្ដី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ ក៏​​​លើក​​​ឡើង​​​ដែរ​​​​​​ថា អង្គការ​​​ពាក់ព័ន្ធ​​​​​​ទាំង​​​នេះ​​​​​​ត្រូវ​​​តែ​​​ទទួល​​​ខុសត្រូវ​​​ទាំង​​​ស្រុង​​​” ជា​​​មួយ​​​នឹង​​​​​​ក្រុម​​​មេដឹកនាំគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចំពោះ​​​ការ​​​បាត់​​​បង់​​​អាយុ​​​ជីវិត​​​របស់​​​​​​ប្រជាពលរដ្ឋ​​​នៅ​​​ក្នុង​​​អំពើ​​​ហិង្សា​​​ក្រោយ​​​ការ​​​បោះឆ្នោត​​​។

របាយការណ៍​​​ខែ​​​ធ្នូ​​​ ដែល​​​ផ្អែក​​​លើ​​​​​​តួលេខ​​​របស់​​​គណៈកម្មាធិការ​​​​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ ព្រម​​​ទាំង​​​ការ​​​សិក្សា​​​​​​ស្រាវ​​​ជ្រាវ​​​​​​ដោយ​​​​​​បណ្ដា​​​អ្នក​​​ឃ្លាំ​​​មើល​​​ការ​​​បោះឆ្នោត​​​ឯករាជ្យ​​​ផង​​​ដែរ​​​​​​នេះ​​​​​​ បាន​​​រក​​​ឃើញ​​​ថា ភាព​​​មិន​​​ប្រក្រតី​​​​​​ជា​​​ទូទៅ​​​នៅ​​​ក្នុង​​​​​​ការ​​​បោះឆ្នោត​​​​​​ដ៏​​​ចម្រូង​​​ចម្រាស​​​កាលពីខែ​​​កក្កដា បាន​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​​​​ប្រជា​​​ជន​​​​​​កម្ពុជា​​​កំពុង​​​​​​កាន់​​​អំណាច​​​ទទួល​​​​​​ជ័យ​​​​​​ជម្នះ​​​​​​។​​​

លិខិត​​​ឆ្លើយ​​​តប​​​របស់​​​​​​អង្គភាព​​​​​​ព័ត៌មាន​​​​​​​​​និង​​​​​​ប្រតិកម្ម​​​រហ័ស​​​នៃ​​​ទីស្ដីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​​​​បាន​​​អះ​​​អាង​​​ថា  ​​​របាយ​​​ការណ៍​​​នេះ​​​​​​​​​គ្មាន​​​ភាព​​​ឯក​​​រាជ្យ​​​ទេ​​​។​​​ លិខិត​​​ឆ្លើយ​​​តប​​​ដដែល​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​​​​ដូច្នេះ​​​ថា “យោងតាម​​​ប្រភព​​​អាច​​​​​​ទុក​​​ចិត្ត​​​បាន​​​​​​ឲ្យ​​​ដឹង​​​ថា ប្រធាន​​​​​​អង្គការ​​​​​​ក្រៅ​​​រដ្ឋាភិ​​​បាល​​​ទាំង​​​នេះ​​​​​​​​​ជា​​​ពិសេ​​​ស​​​​​​អង្គការ​​​មួយ​​​​​​ដែល​​​ពាក់ព័ន្ធ​​​​​​នៅ​​​ក្នុង​​​​​​សកម្មភាព​​​ប្រមូល​​​ចង​​​​​​ក្រង​​​របាយការណ៍​​​​​​រួម​​​នេះ​​ ទើប​​​តែ​​​បាន​​​ជួប​​​ជាមួយ​​​លោក​​​ សម រង្ស៊ី និង​​​លោក​​​ កឹម សុខា ក្នុង​​​ពេល​​​​​​ថ្មី​​​ៗ​​​នេះ​​​ដើម្បី​​​ផ្ដល់​​​ប្រឹក្សា​​​ដល់​​​ពួក​​​គាត់​​​ពី​​​វិធី​​​ផ្ដួល​​​រំលំ​​​រដ្ឋាភិបាល​​​​​​តាម​​​រយៈ​​ ‘អំណាច​​​ប្រជាជន​​​’ ឬ​​​ការ​​​ធ្វើ​​​ ‘បដិវត្ត’។ តើ​​​សកម្មភាព​​​បែប​​​នេះ​​​​​​ចាត់​​​ទុក​​​ថា ឯករាជ្យ​​​​​​ឬ?”។

លិខិត​​​ឆ្លើយ​​​តប​​​នេះ​​​​​​បាន​​​បន្ត​​​ទៀត​​​ថា ​​​ពេល​​​វេលា​​​នៃ​​​ការ​​​បញ្ចេញ​​​របាយការណ៍​​​នេះ​​​បង្ហាញ​​​ថា អង្គការ​​​ដែល​​​មាន​​​​​​ការ​​​ពាក់​​​ព័ន្ធ​​​ទាំង​​​នេះ​​​​​​រួម​​​មាន​​​ទាំង​​​​​​គណៈកម្មាធិការ​​​ដើម្បី​​​កា​​​របោះ​​​ឆ្នោ​​​ត​​​​​​ដោយ​​​សេរី​​​និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា​​​​​​ហៅ​​​កាត់​​​ថា ខុម​​​ហ្វ្រែល​​​ និង​​​​​​វិទ្យាស្ថាន​​​ជាតិ​​​ប្រជា​​​ធិប​​​តេយ្យ​​​ ហៅ​​​កាត់​​​ថា អិន​​​ឌីអាយ ដែល​​​មាន​​​មូលដ្ឋាន​​​​​​នៅ​​​ក្នុង​​​សហរដ្ឋ​​​អាមេរិក​​​​​​ផង​​​ដែរ​​​​​​នោះ​​​ កំពុង​​​សហការ​​​គ្នា​​​ជា​​​សម្ងាត់​​​ជាមួយ​​​គណ​​​បក្ស​​​ប្រឆាំង​​​។ អង្គភាព​​​ព័ត៌មាន​​​​​​និង​​​ប្រតិកម្ម​​​រហ័ស​​​បាន​​​លើក​​​ឡើង​​​ថា​​​ “របាយការណ៍​​​រួម​​​របស់​​​ ERA ត្រូវ​​​បាន​​​​​​ចុះ​​​ផ្សាយ​​​​​​ក្នុង​​​សប្ដាហ៍​​​ទី២ នៃ​​​ខែ​​​ធ្នូ​​​ ឆ្នាំ ២០១៣ ស្រប​​​គ្នា​​​នឹង​​​ការ​​​ផ្លាស់​​​ប្ដូរ​​​​​​យុទ្ធសាស្ត្រ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ពីការ​​​ធ្វើ​​​បាតុកម្ម​​​ប្រចាំ​​​សប្ដាហ៍​​​​​​ទៅ​​​ជា​​​បាតុកម្ម​​​ប្រចាំ​​​ថ្ងៃ​​​។​​​ នេះ​​​​​​បង្ហាញ​​​​​​ឲ្យ​​​ឃើញ​​​​​​យ៉ាង​​​ច្បាស់​​​ពី​​​ទំនាក់​​​ទំនង​​​​​​រវាង​​​របាយ​​​ការណ៍​​​រួម​​​នេះ​​​ និង​​​បណ្ដា​​​​​​អង្គការ​​​​​​រដ្ឋាភិបាល​​​ដែល​​​ចេញ​​​របាយការណ៍​​​នេះ​​​ ទៅ​​​នឹង​​​​​​យុទ្ធ​​​សាស្ត្រ​​​នយោបាយ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដើម្បី​​​ច្រាន​​​ចោល​​​លទ្ធផលបោះឆ្នោត​​​​​​”។

លិខិត​​​ឆ្លើយ​​​តប​​​របស់​​​អង្គភាព​​​ព័ត៌មាន​​​​​​និងប្រតិកម្ម​​​រហ័ស​​​បាន​​​សន្និដ្ឋាន​​​ថា “[​​​របាយ​​​ការណ៍​​​​​​របស់​​​ ERA” ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដើម្បី​​​​​​បង្ខូច​​​ដំណើរការ​​​​​​នៃ​​​ការ​​​បោះឆ្នោត​​​​​​នៅ​​​ឆ្នាំ​​​២០១៣ តាម​​​រយៈ​​​ការ​​​​​​បំភ្លៃ​​​អង្គហេតុ​​​ និង​​​​​​ការ​​​ប្រឌិត​​​​​​ និង​​​គោល​​​បំណង​​​​​​ធ្វើ​​​ឲ្យ​​​​​​អ្ន​​​ក​​​អាន​​​​​​យល់​​​ថា ប្រព័ន្ធ​​​បោះឆ្នោត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​មិន​​​យុត្តិធម៌​​​ ធ្វើ​​​ឡើង​​​ដើម្បី​​​គាំទ្រ​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ នឹង​​​​​​គ្មាន​​​ប្រសិទ្ធិភាព​​​​​​ជា​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​សាធារណជន​​​យល់​​​ខុស​​​ថា ​​​នេះ​​​​​​ជា​​​មូលហេតុ​​​ស្ថិត​​​នៅ​​​ពីក្រោយ​​​បរាជ័យ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​”។

អង្គភាព​​​ព័ត៌មាន​​​​​​និង​​​ប្រតិកម្ម​​​រហ័ស​​​ថែម​​​ទាំង​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អង្គការ​​​សង្គម​​​ស៊ីវិល​​​ទាំង​​​នេះ​​​ដែល​​​ពាក់ព័ន្ធ​​​​​​នៅ​​​ក្នុង​​​របាយ​​​ការណ៍​​​នេះ​​​ ជា​​​អ្នក​​​ទទួល​​​ខុសត្រូវ​​​ចំពោះ​​​ការ​​​ស្លាប់​​​​​​របស់​​​បាតុករ​​​ប្រាំពីរ​​​នាក់​​​និង​​​ជន​​​ស៊ីវិល​​​​​​ដែល​​​ត្រូវ​​​បាន​​​​​​កង​​​កម្លាំង​​​សន្ដិសុខ​​​​​​ជាតិ​​​​​​សម្លាប់​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំមួយ​​​ខែ​​​មក​​​នេះ​​​។​​​ អង្គភាព​​​នេះ​​​​​​បាន​​​​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា “អ្នក​​​ដែល​​​​​​ពាក់ព័ន្ធ​​​អង្គការ​​​​​​​​​ក្រៅ​​​រដ្ឋាភិបាល​​​ទាំង​​​នោះ​​​​​​​​​ព្រម​​​ទាំង​​​លោក​​​ សម រង្ស៊ី​​​ និង​​​លោក​​​​​​ កឹម សុខា ផង​​​ ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​ទាំង​​​ស្រុង​​​​​​ចំពោះ​​​ការ​​​នាំ​​​ឲ្យ​​​មាន​​​​​​បាតុកម្ម​​​អនា​​​ធិបតេយ្យ​​​ដើម្បី​​​ប្រើ​​​អំពើ​​​ហិង្សា​​​ និង​​​ចំពោះ​​​ការ​​​ទាមទារ​​​​​ផ្ទុយ​​​ពី​​​រដ្ឋធម្មនុញ្ញ​​​និង​​​គោល​​​ការណ៍​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​ ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ចុះ​​​ចេញ​​​ពី​​​​​​តំណែង​​​ ហើយ​​​​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជា​​​ថ្មី”។ អង្គភាព​​​នេះ​​​​​​លើក​​​ឡើង​​​​​​ថា “ពាក់ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ​​​​​​មេដឹកនាំ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ជា​​​ពិសេស​​​លោក​​​ សម រង្ស៊ី​​​  និង​​​លោក​​​ កឹម សុខា​​​ ហើយ​​​នឹង​​​ ERA ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ផល​​​វិបាក​​​​​​ព្រម​​​ទាំង​​​ការ​​​បាត់​​​បង់​​​អាយុ​​​ជីវិត​​​បណ្ដាល​​​មក​​​ពី​​​​​​អំពើហិង្សា​​​នេះ​​​​​​ផង​​​ដែរ​​​ ជា​​​ពិសេស​​​ផល​​​ប៉ះពាល់​​​​​​នៃ​​​របាយការណ៍​​​រួម​​​របស់​​​ ERA”។

លោក​​​ ឯក ថា អ្នក​​​នាំពាក្យ​​​អង្គភាព​​​ព័ត៌មាន​​​​​​និង​​​​​​ប្រតិកម្ម​​​រហ័ស​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លិខិត​​​​​​យ៉ាង​​​វែង​​​របស់​​​រដ្ឋាភិបាល​​​ឆ្លើយ​​​តប​​​នឹង​​​របាយការណ៍​​​របស់​​​ ERA មាន​​​សារៈ​​​សំខាន់​​​ដើម្បី​​​រក្សា​​​ទុក​​​ជា​​​ឯកសារ​​​ បន្ទាប់​​​ពី​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​និង​​​បណ្ដា​​​អ្នក​​​ឃ្លាំ​​​មើល​​​ការ​​​បោះឆ្នោត​​​បាន​​​​​​លើក​​​ឡើង​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​ថា ការ​​​បោះឆ្នោត​​​​​​​​​កាល​​​ពី​​​ខែ​​​កក្កដា​​​ មិន​​​សេរី​​​និង​​​យុត្តិធម៌​​​។​​​ លោក​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​ចង់​​​​​​ឲ្យ​​​មជ្ឈដ្ឋាន​​​ជាតិ​​​និង​​​អន្តរជាតិ​​​​​​យល់​​​ឲ្យ​​​កាន់​​​តែ​​​ច្បាស់​​​អំពី​​​ដំណើរ​​​ការ​​​បោះឆ្នោត​​​ ព្រម​​​ទាំង​​​ឆន្ទៈ​​​នយោបាយ​​​ច្បាស់​​​លាស់​​​របស់​​​រដ្ឋាភិបាល​​​​​​កម្ពុជា​​​ផង​​​ដែរ​​​”។

លោក​​​ស្រី​​​ ឡូរ៉ា ថន​​​តុន​​​ ប្រធាន​​​​​​ NDI ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា របាយ​​​ការណ៍​​​របស់​​​ ERA  គឺ​​​ឯករាជ្យ​​​ទាំង​​​ស្រុង​​​​​​ មិន​​​ស្ថិត​​​ក្រោម​​​ឥទ្ធិពល​​​នយោបាយ​​​ឡើយ​​​ ហើយ​​​ភាគ​​​ច្រើន​​​​​​ផ្អែក​​​ទៅ​​​លើ​​​ទិន្នន័យរ​បស់​​​រដ្ឋាភិ​​​បាល​​​ផ្ទាល់​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​បោះឆ្នោត​​​​​​។ លោក​​​ស្រី​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា [អង្គការ​​​សង្គមស៊ីវិល​​​] និង​​​គណបក្ស​​​នយោ​​​បាយអាច​​​​​​​​​ប៉ះទង្គិច​​​គ្នា​​​ជា​​​ញឹកញាប់​​​ ហើយ​​​​​​ប្រើ​​​ជំហរ​​​គោលនយោបាយ​​​​​​ដូច​​​គ្នា​​​ ហើយ​​​វាមិន​​​​​​មាន​​​ន័យ​​​ថា​​ អ្នក​​​កំពុង​​​សហការ​​​ជា​​​មួយ​​​ពួក​​​គេ​​​នោះ​​​ទេ​​​”។លោក​​​ស្រី​​​បាន​​​លើកឡើង​​​បន្ថែម​​​ទៀត​​​ថា “ខ្ញុំគិត​​​ថា វា​​​ពិបាក​​​ច្រាន​​​ចោល​​​​​​របាយ​​​ការណ៍​​​របស់​​​ ERA ណាស់​​​ ពីព្រោះវា​​​ផ្អែក​​​​​​លើ​​​ទិន្ន​​​ន័យ​​​​​​និង​​​តួលេខ​​​​​​ចេញពីរដ្ឋាភិបាល​​​ខ្លួន​​​ឯង​​​។ ​​​​​​​​​ប្រសិនបើ​​​អស់​​​លោក​​​​​​ជំទាស់​​​នឹង​​​​​​លទ្ធផល​​​​​​នៅ​​​ក្នុង​​​របាយការណ៍​​​នេះ​​​ មាន​​​ន័យ​​​ថា​​​ អស់​​​លោកកំពុង​​​តែ​​​ជំទាស់​​​នឹង​​​ព័ត៌មាន​​​របស់​​​រដ្ឋាភិ​​​បាល​​​​​​អស់​​​លោក​​​​​​ផ្ទាល់​​​”។

លោក​​​ គល់​​​ បញ្ញា នាយក​​​ប្រតិបត្តិ​​​​​​អង្គការ​​​ខុ​​​ម​​​​​​ហ្វ្រែល​​​ មាន​​​ប្រសាសន៍​​​ថា របាយ​​​ការណ៍​​​នេះ​​​​​​មាន​​​បំណង​​​គាំទ្រ​​​ការ​​​ស៊ើប​​​អង្កេត​​​​​​លើ​​​ការ​​​បោះឆ្នោត​​​កាលពីខែ​​​កក្កដា ហើយ​​​នៅ​​​តែ​​​មាន​​​ប្រយោជន៍​​​​​​នៅ​​​ក្នុង​​​ការ​​​​​​បញ្ចប់​​​វិវាទ នយោបាយ​​​ដែល​​​កំពុង​​​បន្ត​​​​​​កើត​​​មាន​​​ឡើង​​​ ប្រសិន​​​បើ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ និង​​​​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ អង្គុយ​​​ចុះ​​​ចរចា​​​គ្នា​​​​​​ជុំវិញ​​​កំណែទម្រង់​​​​​​បោះឆ្នោត​​​​​​​​​នៅ​​​ទីបំផុត​​​។ លោក​​​ គល់​​​ បញ្ញា មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា ឥរិយាបទ​​​ [របស់​​​រដ្ឋាភិបាល​​​] មិនទាន់​​​កែប្រែ​ដើម្បី​​​​​​បង្ហាញ​​​ពី​​​ការ​​​ប្ដេជ្ញា​​​ចិត្ត​​​ទទួល​​​យក​​​ការ​​​ធ្វើ​​​កំណែទម្រង់​​​ស៊ីជម្រៅ​​​​​​នៅ​​​ឡើយ​​​ទេ​​​ ជា​​​ពិសេស​​​​​​កំណែទម្រង់​​​បោះឆ្នោត​​​។​​​ ពួក​​​គេ​​​តែង​​​តែ​​​មិន​​​​​​អើ​​​ពើ​​​នឹង​​​មតិ​​​រិះគន់​​​​​​ទាំង​​​អស់​​​។​​​ ខ្ញុំគិត​​​ថា  គណបក្ស​​​ប្រជាជន​​​គួរ​​​តែ​​​​​​យក​​​​​​អនុ​​​សាសន៍​​​របស់​​​យើង​​​ទៅ​​​ពិចារណា​​​​​​។ ប្រហែល​​​​​​​​​ជា​​​ពួក​​​គេ​​​អាច​​​ប្រើប្រាស់​​​​​​អនុ​​​សាសន៍​​​ទាំង​​​នេះ​​​បាន​​​ដើម្បី​​​ឈាន​​​ដល់​​​ការ​​​​​​ព្រម​​​ព្រៀង​​​គ្នា​​​លើ​​​កំណែទម្រង់​​​បោះឆ្នោត”៕ សុខុម​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស