កញ្ញា ធី សុវណ្ណថា ស៊ាំទៅនឹងការគំរាមតាមគេហទំព័រហ្វេសប៊ុកទៅហើយ។ ប៉ុន្តែសកម្មជនអាយុ១៩ឆ្នាំដែលគាំទ្រគណបក្សសង្គ្រោះជាតិរូបនេះ បានល្បីឈ្មោះនៅតាមអ៊ីនធើណិតតាមរយៈទំព័រហ្វេសប៊ុកដ៏មានប្រជាប្រិយភាពឈ្មោះថា “ I Love Cambodia Hot News ” បាននិយាយថា ការគំរាមកំហែងមកលើរូបនាងថ្មីបំផុតនេះដែលលិខិតឆ្លងដែនរបស់នាងត្រូវបានបង្ហោះនៅតាមអ៊ីនធើណិតអមជាមួយការព្រមានពីការវាយប្រហារដោយទឹកអាស៊ីតនោះ គឺជារឿងផ្សេងគ្នា។
កាលពីម្សិលមិញ កញ្ញា ធី សុវណ្ណថា បានចោទប្រកាន់ការិយាល័យទទួលបន្ទុកលិខិតឆ្លងដែននៅក្រសួងមហាផ្ទៃថា បានធ្វើឲ្យលេចធ្លាយឯកសារលិខិតឆ្លងដែនរបស់នាងហើយនៅក្នុងឯកសារនោះមានឈ្មោះសាច់ញាតិ អាស័យដ្ឋានផ្ទះនិងលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់នាង។
កញ្ញាបាននិយាយនៅក្នុងកិច្ចសម្ភាសថា“ ខ្ញុំទទួលបានការគំរាមកំហែងដល់ជីវិតរបស់ខ្ញុំជាច្រើនលើកច្រើនសាតាមរយៈទូរស័ព្ទនិងហ្វេសប៊ុក ប៉ុន្តែវាមិនធ្វើខ្ញុំខ្វាយខ្វល់នោះទេ”។ នាងនិយាយបន្តថា “ លើកនេះវាធ្ងន់ធ្ងរជាងលើកមុនៗ ព្រោះវាប៉ះពាល់ដល់សមាជិកគ្រួសាររបស់ខ្ញុំ។ ឯកសារនេះ ដែលត្រូវបានរក្សាទុកយ៉ាងសម្ងាត់ ត្រូវបានធ្វើឲ្យលេចធ្លាយដោយមន្ត្រីនៅក្រសួងមហាផ្ទៃ”។
លិខិតឆ្លងដែនផ្លូវការរបស់កញ្ញាសុវណ្ណថា ដែលចុះកាលបរិច្ឆេទថ្ងៃទី៦ខែមករា ត្រូវបានគេចែករំលែក និង ចូលរួមផ្តល់យោបល់ជាច្រើននៅលើគេហទំព័រហ្វេសប៊ុក ចាប់តាំងពីលិខិតឆ្លងដែននេះ ត្រូវបានបង្ហោះកាលពីថ្ងៃអង្គារ ដោយអ្នកប្រើប្រាស់ទំព័រហ្វេសប៊ុកម្នាក់ឈ្មោះ ជា សុវណ្ណារី ។
លិខិតឆ្លងដែនរបស់កញ្ញាសុវណ្ណថា ត្រូវបានបង្ហោះលើគេហទំព័រ ដោយមានសារព្រមានអមជាមួយថា មិនយូរមិនឆាប់នាងនឹងត្រូវរងការវាយប្រហារដោយទឹកអាស៊ីតហើយ។
អ្នកប្រើប្រាស់ទំព័រហ្វេសប៊ុករូបនេះបានសរសេរដោយសំដៅទៅលើកញ្ញាសុវណ្ណថា ថា “ ស្រីខូចនេះ មិនហ៊ានទៅដេកនៅផ្ទះទេ។ មានយុវជនជាច្រើនកំពុងតាមរកស្រីខូចនេះដើម្បីចាត់វិធានការ[ប្រឆាំងវា] ព្រោះវាបានជេយុវជនដែលមិនគាំទ្រ [គណបក្សសង្គ្រោះជាតិ] ដោយហៅពួកគេថា យួន”។
អ្នកចូលរួមផ្តល់យោបល់បានបន្តថា “ ស្រីខូច ធី សុវណ្ណថា នេះ ទំនងជាមិនអាចគេចផុតពីការវាយប្រហារដោយទឹកអាស៊ីតនៅប៉ុន្មានថ្ងៃទៀតបានឡើយ ព្រោះគេបានដឹងអាស័យដ្ឋានរបស់វាហើយ”។អ្នកចូលរួមរូបនេះបានបន្តទៀតថា “កុំស្រោចទឹកអាស៊ីតលើមុខរបស់មី សុវណ្ណថា តែស្រោចលើក្បាលវាវិញ”។ អ្នកចូលរួមឲ្យយោលបល់ទាំងនេះ ក៏បានបញ្ឆេះឲ្យគេដុតរថយន្តម៉ាកលុចស៊ិសពណ៌សរបស់កញ្ញា ធី សុវណ្ណថា ផងដែរ។
កញ្ញា ធី សុវណ្ណថា ដែលគេចាប់អារម្មណ៍ខ្លាំង ដោយសារការប្រើវោហាស័ព្ទធ្ងន់ៗពាក់ព័ន្ធនឹងរឿងនយោបាយ ហើយតែងតែចែកចាយខ្សែអាត់វីដេអូ ដែលនាងថតដោយខ្លួនឯងតាមរយៈទូរស័ព្ទដៃ អំឡុងរាល់ការធ្វើបាតុកម្ម និងការតវ៉ារបស់គណបក្សសង្គ្រោះជាតិ បាននិយាយថា នាងនឹងដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃនៅក្នុងសប្តាហ៍នេះ ដើម្បីប្តឹងមន្ត្រីនៅក្នុងក្រសួងនេះ ដែលបានធ្វើឲ្យលេចធ្លាយឯកសារសម្ងាត់របស់នាង។នាងបាននិយាយថា “ពាក្យបណ្តឹងរបស់ខ្ញុំ គឺដើម្បីស្នើឲ្យលោក ស ខេង [រដ្ឋមន្ត្រីក្រសួងរបស់គណបក្សប្រជាជនកម្ពុជា] ជួយស្វែងរកអ្នកដែលធ្វើឲ្យលេចធ្លាយឯកសាររបស់ខ្ញុំ ហើយចាប់ពួកគេមកផ្តន្ទាទោស ជាពិសេសនាយកដ្ឋានលិខិតឆ្លងដែន ដែលស្ថិតនៅក្រោមក្រសួងមហាផ្ទៃ។លោក ស ខេង ត្រូវតែទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់ខ្ញុំ និងក្រុមគ្រួសាររបស់”។ កញ្ញាបានបន្ថែមថា “ បន្ទាប់ពីឯកសារទាំងនេះ បានធ្វើឲ្យគេស្គាល់អាសយដ្ឋាន និងសាច់ញាតិរបស់ខ្ញុំរួច ខ្ញុំទទួលបានការបំផិតបំភ័យជាច្រើនៗ”។
ឧត្តមសេនីយឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានសួរថា តើមន្ត្រីទទួលបន្ទុកលិខិតឆ្លងដែន គួរតែជាអ្នកទទួលខុសត្រូវចំពោះការផ្សព្វផ្សាយលិខិតឆ្លងដែនរបស់សកម្មជនគណបក្សសង្គ្រោះជាតិរូបនេះឬ។លោកបានមានប្រសាសន៍ថា “ ខ្ញុំអាចនិយាយបានថា ឯកសាររបស់ ធី សុវណ្ណថា ប្រហែលជាមិនគ្រាន់តែនៅក្នុងនាយកដ្ឋានលិខិតឆ្លងដែនប៉ុណ្ណោះទេ ប៉ុន្តែនាងប្រហែលជាអាចទុកវា នៅកន្លែងផ្សេងទៀតក៏ថាបាន ហើយគេបានយកលិខិតឆ្លងដែននេះបង្ហោះនៅលើហ្វេសប៊ុក តែម្តង”។
ឧត្តមសេនីយ៍ឯក សុភ័គ បានបន្តថា ទោះបីជា កញ្ញា សុវណ្ណថា ដាក់ពាក្យបណ្តឹងក៏ដោយ ក៏ក្រសួងមហាផ្ទៃទំនងជានឹងមិនអាច ធ្វើអ្វីបានទេ។ឧត្តមសេនីយ៍ឯក សុភ័គ បានមានប្រសាសន៍ថា “ បន្ទាប់បីយើងបានទទួលពាក្យបណ្តឹងរួច វានឹងប្រហែលជាលំបាកនៅក្នុងការស៊ើបអង្កេតដើម្បីស្វែងរកថា នរណាជាម្ចាស់ទំព័រហ្វេសប៊ុកនេះ ហើយថា តើឯកសារទាំងនេះចេញមកពីណា។ ប្រសិនបើវាស្ថិតនៅលើទំព័រហ្វេសប៊ុករបស់នរណាម្នាក់ វាលំបាកនឹងកំណត់អត្តសញ្ញាណពួកគេណាស់់”។ លោកបន្ថែមថា វាប្រហែលជាត្រូវការចាត់វិធានការបន្ថែមដូចជា ត្រូវសហការជាមួយទីស្នាក់ការកណ្តាលរបស់គេហទំព័រហ្វេសប៊ុកនៅសហរដ្ឋអាមេរិក ដើម្បីតាមរក ហត្ថលេខានៅលើអ៊ីនធើណិត។តែទោះជាយ៉ាងណា រដ្ឋាភិបាលបានចាត់វិធានការចំនួនពីរលើករួចមកហើយ ចំពោះជនដែលបង្ហោះរឿងមិនត្រឹមត្រូវលើគេហទំព័របណ្តាញទំនាក់ទំនងសង្គមនេះ។
កាលពីខែវិច្ឆិកា លោក ចិត្រ សុវិចិត្រ អ្នកគ្រប់គ្រងទីផ្សារម្នាក់បម្រើការនៅក្រុមហ៊ុន Cellcard ត្រូវបានចាប់ខ្លួនមួយរយៈនៅក្នុងខេត្តស្ទឹងត្រែង បន្ទាប់ពីបានបង្ហោះរូបភាពរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តនៅលើទំព័រហ្វេសប៊ុករបស់គាត់ដោយមានសារអមជាមួយ ដែលអះអាងថា មន្ត្រីរូបនេះគឺជាជនជំរិតទារប្រាក់គ្មានមេត្តា។លោក សុវិចត្រ ត្រូវសាលាដំបូងខេត្តស្ទឹងត្រែងដោះលែងដោយគ្មានការចោទប្រកាន់ឡើយ បន្ទាប់ពីគាត់បានសន្យាលុបចោលសារលើហ្វេសប៊ុក និងសុំទោសជាសាធារណៈរួច។
រីឯកាលពីខែកុម្ភៈវិញ នគរបាលក្នុងរាជធានីភ្នំពេញក៏បានកោះហៅគ្រូបង្រៀនម្នាក់មកសាកសួរផងដែរ។ពួកគេចោទប្រកាន់ថា គ្រូបង្រៀនរូបនេះបានបង្ខូចកេរ្តិ៍ឈ្មោះមន្ត្រីតាមរយៈការបង្ហោះសារនៅលើហ្វេសប៊ុកដែលលើកឡើងថា នគរបាលបានចេញមកជំរិតទារប្រាក់ នៅពេលពួកគេបានរឹបអូសម៉ូតូគាត់។ គ្រូបង្រៀនរូបនេះបានធ្វើការសុំទោសចំពោះការបង្ហោះតាមហ្វេសប៊ុកនេះ ហើយក៏ត្រូវបានដោះលែងវិញ ដោយគ្មានការចោទប្រកាន់ដែរ។
មុនការគំរាមកំហែងថ្មីៗនេះ កិច្ចការតាមបណ្តាញទំនាក់ទំនងសង្គមរបស់កញ្ញា សុវណ្ណថា សម្រាប់គណបក្សសង្គ្រោះជាតិ ក៏បានទាញចំណាប់អារម្មណ៍គេយ៉ាងច្រើនផងដែរ អំពីសមាជិកសម្ងាត់នៃកងអង្គរក្សផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលគេបានឃើញប្រើកាំភ្លើងខ្លីអំឡុវការតវ៉ានៅទីលានប្រជាធិបតេយ្យ ដែលមានការចូលរូមពីតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ គឺលោកស្រី មូរ សុខហួរ និងលោក រ៉ុង ឈុន ប្រធានសហជីព។
ដោយឈរឃ្លាតត្រឹមតែប៉ុន្មានម៉ែត្រពីលោកស្រី មូរ សុខហួរ លោក ពឿង ជឿន សមាជិកកងអង្គរក្សផ្ទាល់របស់លោកហ៊ុន សែន បានស្លៀកពាក់ស៊ីវិលហើយបានថតយករូបភាពនៃមនុស្សដែលកំពុងតវ៉ាហើយខណៈនោះកាំភ្លើងរបស់លោកត្រូវអ្នកឈរមើលដកហូតយក។ ដោយធ្វើការអង្កេតលើវត្តមានរបស់លោក ពឿង ជឿន នៅលើគេហទំព័របណ្តាញទំនាក់ទំនងសង្គម គេបានឃើញរូបភាពមួយចំនួន ដែលលោកបានថតសកម្មជនជាព្រះសង្ឃ និងអ្នកកាសែតអំឡុងការធ្វើបាតុកម្មរបស់គណបក្សប្រឆាំងក៏ដូចជា រូបភាពសម្ងាត់ចំនួនបី ដែលលោកបានលួចថតកញ្ញា សុវណ្ណថា ផងដែរ។
រូបភាពផ្សេងៗទៀតក៏បានបង្ហាញឲ្យឃើញលោក ពឿង ជឿន ថតរូបជាមួយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន ក៏ដូចជា ជាមួយសមាជិកយោធានិងកងអង្គរក្សផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។មន្ត្រីរដ្ឋាភិបាលមិនដែលពន្យល់ពីរឿងដែលលោក ពឿង ជឿន កាន់អាវុធនៅទីលានប្រជាធិបតេយ្យអំឡុងមានការជួបជុំឡើយ៕ស៊ុយឈាង
(រាយការណ៍បន្ថែមដោយ Colin Meyn)