41.3 C
Phnom Penh

មេបញ្ជាការ​កងរាជ​អា​​​វុធ​​ហត្ថ​​ស្រវឹង​​​​​​ជោកមួយរូប​​រត់​គេច​​​​ខ្លួន​​​ពី​ហេតុការណ៍បើក​រថយន្ត​បុក​ហើ​យរត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បា​ន​ឲ្យដឹង​​​ថា ​មេបញ្ជាការ​កង​រាជអា​​វុ​ធ​​​ហត្ថ​​ស្រុក​ម្នាក់​​​នៅ​ក្នុ​ង​​ខេត្ត​ក្រចេះ​​​បា​នបន្សល់​​ទុក​មនុស្ស​​​បី​នាក់​​រង​របួស​​​ធ្ងន់​​​កា​ល​​​ពី​រសៀល​ថ្ងៃ​​​ច័ន្ទ បន្ទាប់​​ពី​​​បុរស​​​មា​ន​​​អាការៈ​ស្រវឹង​​​​ជោកម្នាក់នេះ​ ​​​បានបើក​រថយន្ត​​បុ​ក​​​ស្ត្រី​​​​​​​កំពុង​ជិះ​​​​ម៉ូ​​តូ​ម្នាក់​ ហើយក្រោ​យ​មក​​បា​ន​ជ្រុល​​​ទៅ​បុក​​ឪ​​ពុ​ក​​ម្នាក់ និ​ងកូ​ន​​ប្រុស​ម្នាក់​ ​ខណៈដែល​​​ជន​នេះ​​បា​នរត់​គេច​ខ្លួន​ចេញ​​​ពី​កន្លែ​ង​កើត​ហេតុ​កា​រ​​​ណ៍​​លើក​​ទី​១។

ឈ្មោះ ហាវ សាវុធ អាយុ​៤៤ឆ្នាំ ជា​មេ​បញ្ជាការ​កង​រាជអាវុធ​ហត្ថ​ស្រុក​ព្រែក​ប្រសប់​ បាន​ចាក​ចេញ​ភោជនីយដ្ឋាន​មួយ​។ នៅ​ទី​នោះជន​នេះ​បាន​ផឹក​ស្រា​នៅ​ក្នុង​ឃុំ​អូរឫស្សី​នៅ​ម៉ោង​ប្រហែល​២រសៀល​ ហើយ​ប៉ុន្មាន​នាទី​ក្រោយ​មក ​ជន​នេះ​ក៏​បាន​​ធ្វើបាប​ស្ត្រី​ម្នាក់​ឈ្មោះ កាន់ បូរ័ត្ន អាយុ​៣៣ឆ្នាំ ដោយ​បុក​ស្ត្រី​រូប​នោះឲ្យ​ខ្ទាតចេញ​ចម្ងាយ​១០ម៉ែត្រ​រហូត​ទៅ​ដល់​លើ​ថ្នល់​ នេះ​បើ​យោង​តាម​លោក ថន ទាត់ នាយរង​នគរបាល​ចរាចរ​ខេត្ត​ក្រចេះ​។លោក​បាន​មាន​ប្រសាសន៍​ថា “ បន្ទាប់​ពី​បានបើក​រថយន្ត​​បុក​ស្ត្រី​រូប​នោះ ​ជន​នោះ​មិន​បាន​​បញ្ឈប់​សកម្មភាព​ទេ​។ ជន​នោះ​នៅ​តែ​បន្ត​បើក​រថយន្ត​ទៅ​មុខ​ទៀត​ ហើយ​នៅ​ពេល​​ជន​នោះ​គេច​ខ្លួន​ ជន​នោះ​ព្យាយាម​ប្រើ​រថយន្ត​​​មួយ​ផ្សេង​ទៀត​នៅ​ឃុំ​រកា​កណ្តាល​ ហើយ​ក៏​បាន​បើក​បុក​ម៉ូតូ​មួយ​ទៀត​”។

នៅ​ក្នុង​ឧបទ្ទវហេតុ​ទី២ លោក សិន ចន្ធី អាយុ​៥០ឆ្នាំ និង​កូន​ប្រុស​របស់​លោកបាន​រង​របួស​ជាទម្ងន់​ នេះ​បើ​យោង​តាម​លោក ថន ទាត់ ដែល​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា មេ​បញ្ជា​ការ​កងរាជអាវុធ​ហត្ថ​រូប​នេះ​បាន​គេច​​ខ្លួន​ចេញ​ពី​កន្លែង​ឧបទ្ទវហេតុ​ទី​២នេះ​ ក៏​ប៉ុន្តែ​ នៅ​ទី​បំផុត​ជន​នេះ​ត្រូវ​បាន​ចាប់​ខ្លួ​ន​ នៅ​ពេល​ប៉ុន​ប៉ង​ជិះ​ស្រឡាង​ឆ្លង​ទន្លេមេគង្គ ។

ទោះ​ជាយ៉ាង​ណា​ នគរបាល​មិន​បាន​ឃុំ​ខ្លួន​មេបញ្ជាការ​កងរាជអាវុធហត្ថ​រូបនេះ​ទេ ដោយ​សារ​តែ​ជន​នេះ​បាន​ហៅ​ទូរស័ព្ទ​ទៅ​មេបញ្ជាការរង​រាជអាវុធហត្ថ​របស់​ខ្លួន​ ដែល​បាន​និយាយ​ថា កង​រាជអាវុធ​ហត្ថ​នឹង​ដោះ​ស្រាយ​បញ្ហានេះ​ បូក​រួម​ទាំង​បង់ស​ំណង​ដល់​ជន​រង​គ្រោះ​ ​ប្រសិន​បើ​​ជន​នេះ​ត្រូវ​បាន​ដោះ​លែង​។

លោក ទាត់ បាន​មាន​ប្រសាសន៍​ថា “ យើង​បាន​ឃាត់​ខ្លួន​លោក សាវុធ មុន​ពេល​គាត់​ឡើង​ជិះ​ស្រឡាង​ ក៏​ប៉ុន្តែ យើង​គ្រាន់​តែ​រក្សា​ទុក​រថយន្ត​ប៉ុណ្ណោះ ដោយ​សារ​តែ​មេបញ្ជា​ការ​រង​របស់គាត់​សម្រប​សម្រួល​ជាមួយ​យើង​កុំ​ឲ្យចាប់​ខ្លួន​គាត់​ ហើយ​បាន​និយាយ​ថា ពួកគេ​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​នេះ​”។ យោង​តាម​លោក ទាត់​ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​បី​នាក់​​ដោយ​សារឧបទ្ទវហេតុ​បើក​រថយន្ត​​បុក​ ហើយ​រត់​គេច​ខ្លួន​ទាំង​ពីរ​​លើកនេះ កំពុង​សម្រាក​ព្យាបាល​ជំងឺ​ជា​ទម្ងន់​នៅ​មន្ទីរពេទ្យ​។

លោក ទាត់ បាន​មាន​ប្រសាសន៍​ថា “ អ្នក​ស្រី​ បូរ័ត្ន បានកំពុង​តែ​​ពាក់​មួក​ការពារ​សុវត្ថិភាព​ ក៏​ប៉ុន្តែ សកម្មភាពនេះ​មិន​លឿន​ទេ​ ទើប​ធ្វើ​ឲ្យ​មួកការពារ​សុវត្ថិភាពខ្ទាត​ចេញពី​ក្បាល​ និង​មុខ​របស់​អ្នកស្រី​”។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​រថយន្ត​បុក​ដោយ​អចេតនា​នេះ​ ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​ដើម្បី​ព្យាបាល​។ឪពុក​ដែល​រង​របួស​ជាទម្ងន់​ផង​ដែរ​នោះ​ និង​កូន​ប្រុស​របស់​លោក​កំពុងតែ​ត្រូវ​បាន​ព្យាបាល​នៅ​ខេត្ត​ក្រចេះ។ក្រោយ​ការ​ទំនាក់​ទំនង​ពី​ម្សិលមិញអំពី ហេតុការណ៍​បើក​រថយន្ត​បុក​ហើយ​រត់​គេច​ខ្លួន​នេះ​ លោក ម៉ា ឌឿន មេបញ្ជាការ​រង​កង​រាជអាវុធ​ហត្ថខេត្ត​ក្រចេះ​បាន​ឲ្យ​ដឹង​ថា វាគឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​កង​រាជអាវុធហត្ថ​ក្នុង​ការ​ដោះស្រាយ​ហេតុការណ៍​ដែល​ពាក់​ព័ន្ធ​នឹង​មន្ត្រី​របស់​ខ្លួន​នេះ​។

ទោះ​ជាយ៉ាង​ណា ​លោក អូ សំអាង​ នាយ​នគរបាល​ក្រុង​ក្រចេះ​ បានរិះគន់​សេចក្តី​សម្រេចរបស់​នគរបាល​ចរាចរ​ ក្នុងការ​ដោះ​លែង​មេបញ្ជាការ​កង​រាជអាវុធហត្ថ​រូប​នេះ មុនពេល​មន្ត្រីរបស់​លោកទៅដល់​កន្លែង ឆ្លង​ស្រឡាង​នោះ។លោក សំអាង បានមានប្រសាសន៍ថា “ខ្ញុំ​មិនដឹង​ថា ហេតុអ្វីបានជា​ពួកគេ​មិនចាប់​ខ្លួន​គាត់ទេ​ បើទោះជាគាត់ជានរណាក៏ដោយ។ វា​ជា​រឿង​ខុស​ច្បាប់​ ហើយច្បាប់​មិនត្រូវការ​​ពារ​ជន​ណាដែល​បាន​បើក​រថយន្ត​បុកអ្នក​ដទៃ ហើយរត់គេចខ្លួន​ និងមិនគោរពច្បាប់​បែបនេះ”។

វប្បធម៌​និទណ្ឌភាពតែង​តែ​កើត​ឡើង​ជា​ទូទៅ​ចំពោះ​ករណីបើកបុកហើយរត់​។ កាល​ពីខែ​វិច្ឆិកា​ រថយន្ត​ Lexux SUV របស់​លោក​ ជាម យៀប តំណាងរាស្ត្រ​គណបក្ស​ប្រជាជន កម្ពុជា​ ​បាន​ប៉ះ​ទង្គិច​ជាមួយ​ម៉ូតូមួយគ្រឿង​ ជា​ហេតុ​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ជាស្ត្រីនោះ​ បាត់បង់ជីវិត ​និង​បណ្តាល​ឲ្យ​ស្វាមីរបស់ស្ត្រី​រូប​នោះ​រង​របួសជាទម្ងន់។ លោក ជាម យៀប ​បានណែនាំឲ្យ​អ្នក​បើកបរ​របស់លោក​ចាក​ចេញ​ពីកន្លែងគ្រោះថ្នាក់​ ហើយ​ក្រោយ​មក​ទៀត​ ក៏បាន​ឲ្យ មេធាវីរបស់លោកទំនាក់​ទំនង​​ជាមួយនគរបាល៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស