38.1 C
Phnom Penh

វាល​ព្រះ​មេរុ​ត្រូវ​បាន​គេ​បោសសម្អាត​ឡើង​វិញ​ហើយ​ ប៉ុន្តែ​អនាគត​កន្លែងនេះ​នៅ​មិន​ច្បាស់ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រតិបត្តិ​ការ​បោស​សម្អាត​ត្រូវ​បាន​ចាប់​ផ្តើមហើយ​​នៅ​វាលព្រះ​មេរុ​ ជា​កន្លែង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​សម្តេច​ឪ​នរោត្តម​​សីហនុ​។ ហើយមន្ត្រី​រដ្ឋាភិបាល​ម្នាក់បាន​ឲ្យ​ដឹង​​ កាល​ពី​ម្សិលមិញថា កន្លែង​ថ្វាយ​ព្រះ​ភ្លើង​ ដែល​ឥឡូវ​នេះ​កំពុង​តែ​ទ្រុឌ​ទ្រោម​នេះ នឹង​ត្រូវ​រុះ​រើ​ក្នុង​ពេល​ឆាប់ៗ​។ ខ្ទម​តូច​ៗ​ដែល​គេ​សាង​សង់​សម្រាប់​កង​សន្តិសុខ​ស្នាក់​នៅ​ត្រូវ​បាន​​រុះ​រើ​ចេញ​ពី​វាលព្រះ​មេរុ​នេះ​ហើយ​ កាល​ពី​ម្សិលមិញ​ ហើយ​សំរាម​ក៏ត្រូវ​បាន​បោស​សម្អាត​ចេញ​អស់​ពី​ទី​នេះ​ផង​ដែរ​។

លោក​ ផៃ​ ស៊ី​ផាន​ អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ បានមាន​ប្រសាសន៍​ថា “ ខ្ញុំ​បាន​​ទទួល​ដំណឹង​ពី​លោក ឧបនាយក​រដ្ឋ​មន្ត្រី​ ញឹក​ ប៊ុន​ឆៃ​ ថា​ សំណង់​ទាំង​នេះ​នឹង​ត្រូវ​រុះ​រើ​នៅ​ចុង​ខែ​មេសា​ឬក៏ដើម​ខែ​ឧសភា​ ពោល​គឺ​ថា ពិធី​ច្រត់​ព្រះ​នង្គ័ល នឹង​អាច​ប្រារព្ធ​​នៅ​ទី​នេះ​”។

ពិធី​ច្រត់​ព្រះ​នង្គ័ល​ តែង​តែ​ត្រូវ​បាន​ប្រារព្វ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​វាល​ព្រះ​មេរុ​ ក្បែរ​ព្រះ​បរម​រាជ​វាំង​ក្នុង​រាជ​ធានី​ភ្នំពេញ​ ប៉ុន្តែ​ពិធីនេះ​ត្រូវ​បាន​គេ​ប្តូរ​ទៅ​ប្រារព្ធនៅ​ក្រុង​កំពង់ចាម​វិញ​ កាល​ពី​ឆ្នាំ​មុន​ បន្ទាប់​ពី​សួន​នេះ​ត្រូវ​បានយក​ធ្វើ​កន្លែង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​សម្តេច​ឪ។មន្ត្រី​រដ្ឋាភិបាល​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា តើ​ពេល​ណា​ពិធី​បុណ្យ​ជាតិ​នេះ​នឹង​ត្រូវ​ប្រារព្ធ​នៅ​កន្លែង​ដើម​វិញ​ឡើយ​។

លោក​ ផៃ​ ស៊ី​ផាន​ បាន​អះ​អាងបន្ថែម​ថា “ សំណង់​នៅ​ក្នុង​វាល​ព្រះមេរុ​មិន​មែន​ត្រូវ​បាន​សាង​សង់​ឡើង​ ដើម្បី​ទ្រាំ​ទ្រ​នឹង​ទឹក​ភ្លៀង​​នៅ​រដូវ​វស្សា​ទេ​ ហើយ​ត្រូវ​បាន​រក្សា​ទុក​សិន​ ហេតុ​ដូច្នេះ​ប្រជា​ពលរដ្ឋ​អាច​មក​ថ្វាយ​ការ​គោរព​ចំពោះ​សម្តេចឪ​ជាលើក​ចុង​ក្រោយ​”។លោក​បន្ត​ថា “ [កន្លែង​ថ្វាយ​ព្រះ​ភ្លើង​នេះ​] ប្រហែ​ល​ជា​នឹង​ត្រូវ​រុះរើ​ ហើយ​ពិធី​ច្រត់​ព្រះ​នង្គ័ល​នឹង​មិន​ប្តូរ​ទៅ​ប្រារព្ធ​នៅ​តាម​ខេត្ត​ទៀត​ឡើយ​ក្នុង​ឆ្នាំ​នេះ​”។

ព្រះ​អង្គ​ម្ចាស់​ ស៊ី​សុវត្ថិ​ ធម្មិកោ​ អតីត   ទី​ប្រឹក្សា​របស់​សម្តេច​ឪ​ និង​ជា​សមាជិក​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​មាន​បន្ទូល​កាល​ពី​ម្សិល​មិញ​ថា​ កន្លែង​ថ្វាយ​ព្រះ​ភ្លើង​ដែល​ទ្រុឌ​​ទ្រោម​នេះ​ គួរ​តែ​ត្រូវ​រុះ​រើ​ឲ្យ​បាន​ឆាប់​ចេញ​ពី​វាល​ព្រមេរុ​នេះ​។ ព្រះ​អង្គម្ចាស់​បាន​មាន​បន្ទូល​ថា “វាល​ព្រះ​មេរុ​នេះ​បើ​យោង​តាម​ភាសា​ខ្មែរ​មាន​ន័យថា​ ជា​កន្លែង​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​មហា​ក្សត្រ​។ សំណង់ផ្សេង​ៗ​ ដែល​ត្រូវ​បាន​សាង​សង់​ឡើង​នេះ​ គឺ​គ្រាន់​តែ​សម្រាប់​ពលរដ្ឋ​ ទស្សនា​ និង​ថ្វាយ​ការ​គោរព​ប៉ុណ្ណោះ​ហេតុ​ដូច្នេះ​ សំណង់​ទាំង​នេះ​គួរ​តែ​បាន​រុះ​រើ​ចេញ​”។ ព្រះ​អង្គម្ចាស់​បានមាន​បន្ទូល​បន្ថែម​ដោយ​សំដៅ​ទៅ​សំណង់​ទ្រុឌ​ទ្រោមដែល​ស្ថិត​នៅ​ក្នុង​វាល​ព្រះ​មេរុ​ក្នុង​ពេល​បច្ចុប្បន្ន​​​ថា “ បន្ទាប់​ពី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ព្រះ​បាទ​នរោត្តម​ សុរាម្រឹត កាលពី​ឆ្នាំ​១៩៦០​  សំណង់​​ត្រូវ​បាន​គេ​រុះ​រើ​ភ្លាមៗ​។ ខ្ញុំ​មិន​យល់​ទេ​ ថាតើ​ហេតុ​អ្វី​វាមិនដូច​គ្នា​”។

កាល​ពី​សប្តាហ៍​មុន​ ព្រះ​អង្គម្ចាស់​ ធម្មិកោ​បាន​មាន​បន្ទូល​ថា វាល​ព្រះ​មេរុ​ ដែល​គេ​មិន​សូវ​យក​ចិត្ត​ទុកដាក់​ថែ​រក្សា​នេះ​ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​អាប់​ឱន​កេរ្តិ៍​ឈ្មោះ​ ហើយ​អាច​ជា​ការ​បង្ហាញ​ថាខ្វះ​ការ​គោរពចំពោះ​ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហមុនី​។

នៅថ្ងៃ​បន្ទាប់​ក្រោយ​ពេល​ការ​លើក​ឡើង​​​របស់​ព្រះ​អង្គ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ព្រះ​បរម​រាជវាំង​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​ឃើញ​ទៅ​ប្រមូល​សំរាម​ចេញពី​វាល​ព្រះ​មេរុ​នេះ​ ហើយ​ស្មៅ​លម្អ​ត្រូវ​បាន​គេ​ស្រោចទឹក​ឲ្យ​ខៀវ​ស្រងាត់​ឡើង​វិញ​ ចំណែក​ស្មៅ​មិន​បាន​ការ​ត្រូវ​បាន​គេ​ដុត​កម្ទេច​ចោល។ កង​សន្តិសុខ​ដែលបានយក​កន្លែង​ថ្វាយ​ព្រះ​ភ្លើង​នេះ​ ធ្វើ​ជា​កន្លែ​ង​ស្នាក់​នៅ​ នៅ​តែ​ប្រចាំ​ការ​នៅ​ទីនោះ​ ប៉ុនសំពត់​តង់រហែក​រយ៉េ​រយ៉ៃ​ដែល​ពួក​គេ​យក​ទៅ​ហ៊ុមព័ទ្ធ​សម្រាប់​ធ្វើ​កន្លែង​ស្នាក់​នៅ​ ត្រូវ​បាន​យក​ចេញ​ពី​ទី​នោះ​អស់​ហើយ​។

ព្រះ​អង្គម្ចាស់​ ធម្មិកោ​ បាន​បន្ទូល​កាលពី​ម្សិល​មិញ​ថា​​ “​ នេះ​ជា​ដំណឹង​ល្អ​។ កន្លែង​នេះ​ ជា​​ទ្រព្យ​របស់​ព្រះ​បរម​រាជ​វាំង​ ហើយ​ទ្រព្យ​របស់​ព្រះ​បរម​រាជ​វាំង​គួរ​តែ​ត្រូវ​បាន​រក្សា​ឲ្យ​មាន​សភាពល្អបែបនេះ”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស