30 C
Phnom Penh

ការ​ហែក្បួនដាក់ញត្តិ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នកជាប់​​ឃុំ​ទាំង​២៣នាក់​បញ្ចប់ដោយ​សន្តិវិធី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​ពេល​មួយ​សប្ដាហ៍​បន្ទាប់ពី​ពួក​គេ​បាន​​​​​ចាប​់​ផ្ដើម​យុទ្ធនាការ​របស់​ខ្លួនមក សកម្ម​ជន​ និង​អង្គការ​សិទ្ធិមនុ​ស្ស​មួយ​ចំនួន​​​​​បាន​​យក​​ញត្តិ​ចុង​ក្រោយ​របស់​ខ្លួន​ទៅ​ដាក់ជូនស្ថានទូត​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពីម្សិល​មិញ ដោយ​សង្ឃឹម​ថា នឹង​ស្វែ​ង​រក​ជំនួយ​ពី​រដ្ឋាភិបាល​បរទេស​​ឲ្យ​ជួយ​ដោះ​លែង​អ្នក​ជាប់ឃុំ​ទាំង​២៣​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពីដើម​ខែ​នេះ នៅ​ពេល​ធ្វើ​ការ​តវ៉ា​។

យុទ្ធនាការ​ដាក់​ញត្តិ​នេះត្រូវ​សន្តិ​សុខ​ខណ្ឌ​ដូនពេញបំបែក​នៅ​ថ្ងៃ​ទី១ កាលពី​សប្ដាហ៍​មុន​ដែល​បាន​​ឃាត់​ខ្លួន​សកម្មជន​១១​​នាក់​​នៅ​តាម​ផ្លូវ​ហើយ​ឃុំខ្លួន​ពួកគេ​រយៈ​ពេល​ជា​ច្រើន​ម៉ោង​។

ការ​ហែក្បួន​កាលពីម្សិលមិញ បាន​​ប្រែ​​ជា​តាន​តឹង​នៅ​ពេល​ដែល​នគរ​បាល​បង្ក្រាប​បាតុកម្ម​បាន​រាំ​ង​ផ្លូវ​អ្នក​ដាក់​ញត្តិ​នៅ​ផ្លូវ​លេខ​៥១​​មុខ​ការិយាល័យ​អង្គការ​សុខ​ភាព​ពិភព​លោក ហើយ​បាន​គំរាម​ប្រើ​កម្លាំងបំបែក​​ប្រសិន​បើ​អ្នក​ហែក្បួន​មិន​ជិះ​ម៉ូតូ​ និង​រ៉ឺម៉ក​ម៉ូតូ​​កង់បី​ចេញ​ក្នុង​រយៈ​​​ពេល​១៥​នាទីទេនោះ។

សកម្មជន​ និង​បុគ្គលិកអង្គការ​​សិទ្ធិ មនុស្ស​មាន​គ្នា​ប្រមាណ​៥០​នាក់​បាន​ធ្វើ​តាម​ ហើយ​បាន​នាំ​គ្នា​​ហែក្បួន​​ចេញទៅ​។ពួកគេ​បាន​បញ្ចប់​ការ​ហែក្បួន​មុន​​ពេល​បរិភោគ​អាហារ​ថ្ងៃត្រង់​​នៅ​មុខ​ស្ថានទូត​ចិន​ស្ថិត​នៅ​តាម​មហាវិថី​ម៉ៅសេទុង។

ប៉ិច ប៉ូឡែត បម្រើការ​នៅ​អង្គការ​ស្ត្រី​ខ្មែរ​ ជា​អង្គការ​ក្រៅរដ្ឋាភិបាល​ផ្នែក​សិទ្ធិ​ស្ត្រី​​បាន​មាន​ប្រសាសន៍​ថា “ យើង​សង្ឃឹម​ថា ស្ថាន​ទូត​​​ទាំង​អស់​ដែល​យើង​បាន​​ដាក់​ញត្តិ​នោះ​នឹង​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​​ឲ្យ​​ពួក​យើង​ហើយ​នឹង​ធ្វើការ​ចរចា​ជាមួយ​រដ្ឋាភិបាល”​។

ដោយ​មាន​​ញត្តិ​របស់​ខ្លួន​នៅ​ក្នុង​ដៃ​ដែល​ចុះ​ហត្ថលេខា​ដោយ​អង្គការ​មិន​មែន​រដ្ឋា​ភិ​បាល​ក្នុង​ស្រុក​​ប្រហែល​២០០​នោះ​ សកម្ម​ជន​ ​បុគ្គលិក​អង្គ​ការ​សិទ្ធិមនុស្ស​ និង​ព្រះ​សង្ឃ​បាន​ហែក្បួន​​ទៅកាន់​ស្ថានទូត​ចំនួន​១៩និង​ការិ​​​យា​​​​ល័យ​អង្គការ​សហ​ប្រជា​ជាតិ​ចំនួន​ពីរ អំឡុង​​​ការ​ហែក្បួន​រយៈ​ពេល​បួន​ថ្ងៃ។

ស្ថាន​ទូត​មួយ​ចំនួន​រួម​ទាំង​ស្ថានទូត​ដែល​មាន​លទ្ធិ​ប្រជា​ធិបតេយ្យឈានមុខគេ​ ដូច​ជា​ស្ថានទូត​អាមេរិក និង​ស្ថានទូត​អង់​គ្លេស​​ជា​ដើម​។​ ប៉ុន្តែស្ថាន​ទូត​មួយ​ចំនួន​ដែល​អ្នក​ហែ​​​ក្បួន​​​បាន​ទៅ​​កាល​ពី​ម្សិល​មិញ ផ្តល់​​ជម្រើស​មិន​ច្បាស់​លាស់​​សម្រាប់​​យុទ្ធនា​ការ​ដាក់​ញត្តិ​​ស្វះ​ស្វែង​​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទោស​នយោ​បាយ​។​ ប្រទេស​ចិន​ និង​ប្រទេស​វៀត​​​ណាម ​ខ្លួន​ឯង​មាន​អ្នក​ទោស​នយោបាយ​រាប់​រយ​នាក់ ហើយ​ទំនង​ជា​មិន​ដាក់​សម្ពាធ​ដល់​ប្រទេស​កម្ពុជា​ឲ្យ​ដោះ​លែង​អ្នក​ទោស​របស់​ខ្លួន​​ឡើយ។

អង្គការ​សិទ្ធិមនុស្ស​នានា​​​បន្ទោស​រដ្ឋា​ភិបាល​កម្ពុជា​ថា បាន​រំលោភ​សិទ្ធិ​ពល​រដ្ឋ​របស់​ខ្លួន​ដើម្បី​តែផល​ប្រយោជន៍​របស់​ក្រុម​ហ៊ុន​ចិន និង​ក្រុម​ហ៊ុន​វៀតណាម​ដែល​មក​រក​ស៊ីនៅទីនេះ។

បើ​ទោះ​ជា​ដូច្នេះ​ក្ដី​អ្នក​ដាក់​ញត្តិ​នៅ​តែ​មាន​ក្ដី​សង្ឃឹម​ថា ​ពួកគេ​អាច​ប្រើ​ប្រាស់​​​ទំនាក់​ទំនង​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយកម្ពុជា (ក្រៅ​ពី​ប្រទេស​ចិន) ដើម្បី​គាប​សង្កត់​​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ឲ្យ​ដោះ​​ស្រាយ​បញ្ហា​របស់​ពួក​គេ​បាន​ដែរ។

រស់ សុភាព នាយក​ប្រតិបត្តិ​អង្គការ​យេន​ឌ័រ និង​អភិវឌ្ឍន៍ ជា​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​បាន​មាន​ប្រសាសន៍​ថា “ ដោយ​សារ​ស្ថានទូត​ធំៗ​មួយ​ចំនួន​បាន​បើកដំណើរការ​​នៅ​ក្នុង​ប្រទេស​របស់​យើង​ ពួកគេ​អាច​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​ពិចារណា​អំពីរឿង​នេះ​បាន​”។ពួកគេ​ក៏​បាន​ធ្វើការ​អំពាវ​នាវ​ជា​ពិសេស​​ឲ្យ​មាន​ការ​ជួយ​ពី​​ប្រទេស​ភូមា​ផងដែរ​ដែល​ទទួល​ធ្វើ​ជាប្រធាន​អាស៊ាន​ប្ដូរ​វេន នៅ​ឆ្នាំ​២០១៤​។

ក្រៅពី​ស្ថានទូត​ភូមា ស្ថានទូត​ចិន និង​ស្ថាន​ទូត​វៀតណាម ក្រុម​អ្នកហែក្បួន​​​បាន​​ធ្វើ​ដំណើរ​ទៅកាន់​ស្ថានទូត​ព្រុយ​ណេ ​ឥណ្ឌូ​ណេស៊ី ហ្វីលីពីន និង​ស្ថានទូត​សិង្ហបុរី កាល​ពីម្សិលមិញ។ពួកគេ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ការិយា​ល័យ​កម្មវិធី​អភិវឌ្ឍ​ន៍អង្គការ​សហ​ប្រជា​ជាតិ​ និង​គម្រោង​អន្តរទីភ្នាក់​ងារ​អង្គការ​​សហ​ប្រជា​ជាតិ​ទទួលបន្ទុក​ជួញ​ដូរ​មនុស្ស​ផង​ដែរ​។

ខណៈ​ដែល​ស្ថានទូត​មួយ​ចំនួន​បញ្ជូន​មន្ត្រី​ឲ្យ​ចេញមកទទួល​យក​ញត្តិ​នោះ ស្ថាន​ទូត​វៀត​ណាមបាន​បិទទ្វារ ហើយ​ស្ថានទូត​ហ្វីលី​ពីនបាន​​ឲ្យ​អ្នក​បើក​បររថយន្ត​​មក​​ទទួល​ញត្តិ។

បន្ទាប់ពី​មាន​ការ​ព្រមាន​​នៅពេល​ព្រឹក​ពីសំណាក់​នគរ​បាល​ថា នឹង​បញ្ឈប់​ការ​ហែ​ក្បួន​នោះ​ ក្រុម​អ្នក​ហែក្បួន​បាន​ចៀសវាង​មិនឲ្យ​មានការ​ជ្រៀត​ជ្រែក​បន្ថែម​ទៀត​ពី​សំណាក់​អាជ្ញាធរឡើយ។

រថយន្ត​ដឹក​នគរ​បាល​បង្ក្រាប​បាតុកម្ម​ពីរ​បីគ្រឿង​បាន​បើក​តាម​​ពួកគេ​ដល់​ក​ន្លែង​ដែល​ពួកគេ​ឈប់​ ប៉ុន្តែ​មិន​បាន​រារាំង​ពួកគេ​ទេ។
អ្នក​ដាក់​ញត្តិ​បាន​និយាយ​ថា ពួកគេ​នឹង​បន្តលើកឡើង​ពី​បញ្ហានេះរហូត​ដល់​អ្នក​ជាប់ឃុំ​ទាំង​២៣​នាក់​ត្រូវ​បាន​ដោះ​លែង បើ​ទោះ​ជា​មាន​បម្រាម​ហាម​មិន​ឲ្យ​ធ្វើការ​តវ៉ា និង​ធ្វើ​បាតុកម្ម​ក៏ដោយ​។

ទឹម សាក់មុនី សកម្មជន​មក​ពី​សហ​គម​ន៍​​បុរីកីឡាក្នុង​រាជ​ធានី​ភ្នំពេញបាន​និយាយ​ថា “យើង​ចង់​ឲ្យ​ស្ថានទូតនានា និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ជួយ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់ឃុំទាំង​​២៣​នាក់​។ យើង​មិន​ខ្វល់​អំពី​សុវត្ថិភាព​របស់​យើង​ឡើយ ហើយ​យើ​ង​មិនដែល​ចុះ​ចាញ់​ទេ យើង​នឹង​បន្ត​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​តាម​ដែលយើង​អាច​ធ្វើ​បាន​រហូត​ដល់​អ្នកជាប់ឃុំ​ទាំង​២៣​នាក់​នោះ​ត្រូវ​បាន​ដោះ​លែង​”។

អ្នក​ជាប់​ឃុំ​ទាំង​២៣​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​​បង្ក​អំពើ​ហិង្សា​ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ និង​កំពុងត្រូវ​​ឃុំ​ខ្លួន​រង់​ចាំការ​កាត់​ក្ដី។ពួកគេ​ត្រូវ​បានចាប់​ខ្លួន​​អំឡុង​ការ​ធ្វើ​បាតុ​កម្ម​រយៈ​ពេល​ពីរ​ថ្ងៃ​របស់​កម្មករ​រោង​ចក្រ​

កាត់ដេរ​ ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃទី​៣ ខែ​មករា នៅ​ពេល​ដែល​កង​រាជ​អាវុធ​ហត្ថ​បាន​បាញ់​ទៅលើ​ក្រុម​អ្នក​តវ៉ា​ដែល​គប់​ដុំ​ថ្ម​ដាក់​ពួកគេ ដោយ​ធ្វើ​ឲ្យ​​កម្មករប្រាំ​នាក់​ស្លាប់​ និង​របួស​ជាង​៤០​នាក់។

លោក សំ សុគង់ មេធាវី​ការ​ពារ​អ្នក​ជាប់​ឃុំ​ប្រាំមួយ​នាក់​​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញថា សាលា​ឧទ្ធរណ៍​គ្រោង​បើក​សវនាការដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំទាំង​២៣​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ។

លោក ឃុន លាង​ម៉េង​ ចៅក្រម​សាលា​ឧទ្ធរណ៍​បាន​មាន​ប្រសាសន៍​ថា សវនាការ​សុំ ឲ្យ​មាន​ការ​ដោះ​លែង​នៅ​ក្រៅ​ឃុំ​បណ្ដោះ​ អាសន្ន​នៅ​ថ្ងៃ​នោះ​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​មិនទាន់​ច្បាស់​​ទេ៕សារុន​​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស