33 C
Phnom Penh

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​សកម្មភាព​អនុវត្ត​ផែនការ​​កំណែ​ទម្រង់​នយោបាយបន្ថែមទៀត​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​សេចក្តី​លម្អិត​កាន់​តែ​ច្រើន​នៅ​ក្នុង​ផែនការ​របស់​លោក​ សម្រាប់​ដាក់​ចេញ​នូវ​កម្មវិធី​កែទម្រង់​នយោបាយ​ជា​ច្រើន​​ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​ជ័យ​ជម្នះ​មិន​ច្រើន​ ក្នុង​ព្រឹត្តិការណ៍​បោះ​ឆ្នោតកាលពី​ថ្ងៃទី២៨ ខែកក្កដាឆ្នាំមុន ក្នុង​នោះ​មាន​ដូចជា​ ការ​បង្កើត​ក្រុម​ការងារ​ថ្នាក់​ជាតិ​ថ្មី​មួយ​ និង​ការបង្កើត​វេទិកា​សាធា​រ​ណៈ​ ដើម្បី​ប្រមូល​ធនធាន​នៅ​ក្នុង​ខេត្ត​នីមួយ​ៗ​ ដោយ​ចាប់​ផ្តើម​ចាប់​ពីខែ​ក្រោយ​។

លោក ហ៊ុន សែន បាន​ពង្រីក​សកម្មភាព​ក្នុងផែនការ​របស់​លោក​ អំឡុង​កិច្ច​ប្រជុំ​រយៈ​ពេល​បី​ម៉ោង​កន្លះ​ ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នានា​ ដែល​មក​ពី​ក្រសួង​នីមួយ​ៗ​នៅ​ក្នុង​អគារ​ការិ​យាល័យ​របស់​លោក​គឺ​ទីស្តីការគណៈ​រដ្ឋ​មន្ត្រី​ (វិមាន​សន្តិភាព​) ក្នុង​រាជធានី​ភ្នំពេញ។

ក្រោយ​កិច្ច​ប្រជុំ​ លោក សក់ សេដ្ឋា រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​នេះ​គឺ​ជាកិច្ច​ប្រជុំ​ពិភាក្សា​តាម​ដាន​សកម្មភាព​របស់​មន្ត្រីរដ្ឋាភិបាល ​បន្ទាប់ពី​លោក ហ៊ុន សែន ​បាន​ថ្លែង​សុន្ទរកថា​រយៈ​ពេល​ប្រាំមួយម៉ោង​ នៅ​ក្នុង​ខុទ្ទកា​ល័យ​ថ្មី​របស់​លោក កាលពីចុង​ខែ​កញ្ញា​ឆ្នាំមុន។ អំឡុង​​ ពេលកំពុងតែ​ថ្លែង​សុន្ទរកថា ដែលត្រូវ​បាន​ផ្សព្វផ្សាយ​តាមកញ្ចក់ទូរទស្សន៍​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលបាន​មើល​ទៅហាក់​ដូចជា​អស់​កម្លាំង​ក្នុងរយៈពេល​តែ​ពីរ​ខែ​ក្រោយ​ពេល​​មានការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ដ៏អាក្រក់ បំផុត​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ សម្រាប់រយៈ​ពេល​២០ឆ្នាំកន្លងមក​នេះ បាន​សន្យា​អនុវត្ត​​កម្មវិធីកំណែទម្រង់​មិនមានភាពច្បាស់លាស់​ ​និង​បានជំរុញ​ដោយ​ប្រើ​ន័យ​ធៀប​ឲ្យមន្ត្រី​ពុក​រលួយ​ទាំងឡាយ “ដុសខ្លួន​ឯង​ឲ្យស្អាត” និង “ព្យាបាល​ជំងឺ​របស់​យើង​ឲ្យជា​”។

លោក សក់ សេដ្ឋា បាន​មា​ន​ប្រសាសន៍​ថា“ ក្រុ​មការងារ​ថ្នាក់ជាតិ​របស់​យើង​ នឹង​ចុះ​មូល​ដ្ឋាន​ ដើម្បី​ធ្វើការ​ជាមួយ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ ដោយ​ចាប់​ផ្តើម​ក្នុង​ខែ​កុម្ភៈ។​ យើង​នឹង​រៀប​ចំ​វេទិកា​សាធារណៈ​ដើម្បីពិភាក្សា​ជា​មួយ​ប្រជាជន​ នៅ​តាម​បណ្តាខេត្ត​។ យើង​គិត​ថា នេះ​គឺ​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​កែ​ទម្រង់​រដ្ឋាភិបាល​”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា លោក​មិន​ទាន់​អាច​ផ្តល់​បញ្ជី​រាយ​នាម​សមាជិក​ក្នុង​ក្រុម​ការងារ​ថ្មី​នេះបាន​ទេ ក៏ប៉ុន្តែ សមាជិក​ម្នាក់​ៗ​ត្រូវ​បាន​​ដាក់​បន្ទុក​ឲ្យ​ទទួល​ខុស​ត្រូវ​ក្នុង​ខេត្ត​របស់​ខ្លួន​។ លោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ នឹង​ទទួល​​ខុស​ត្រូវ​លើ​ការ​ប្រមូល​ធន​ធាន​ពី​ខេត្ត​បាត់​ដំបង និង​ខេត្ត​ព្រៃ​វែង លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​​ នឹង​ទទួល​ខុស​ត្រូវ​លើការ​ប្រមូលធនធាន​ពី​ខេត្ត​សៀមរាប​ និង​លោកឧបនាយករដ្ឋមន្ត្រី សុខ អាន នឹង​ទទួល​ខុសត្រូវ​លើ​ការប្រមូល​ធនធាន​ពី​ខេត្ត​តាកែវ​។លោក​បាន​ឲ្យ​ដឹង​បន្ថែម​បន្ត​ទៀត​ថា ក្រុម​ការងារ​នេះ​នឹង​មាន​អាណត្តិ​ពេញ​រយៈពេល​ប្រាំ​ឆ្នាំ​របស់​រដ្ឋាភិបាល​ជ្រើស​តាំង​ថ្មី។លោក​បាន​មាន​ប្រសាសន៍​ថា “ ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​នេះ​ នឹង​ចុះ​មូលដ្ឋាន​ដើម្បី​ធ្វើ​ការ​ងារ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ នៅក្នុង​សប្តាហ៍​ទី២​នៃ​ខែកុម្ភៈ​ខាង​មុខ​ ហើយ​យើង​នឹង​ធ្វើការ​រហូត​ដល់​ដំណាច់​អាណត្តិ​ថ្មី​នេះ​”។

ទោះ​ជាយ៉ាង​ណា​ អាណត្តិ​ថ្មី​នេះ​ក្នុង​ពេល​​បច្ចុប្បន្ន​ ត្រូវ​បាន​បង្កើត​ឡើង​ដោយមាន​តែ​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​តែ​តំណាង​រាស្ត្រ​លើស​ពាក់​កណ្តាល​បន្តិច​នៃ​ចំនួន​តំណាង​រាស្ត្រ​ទាំង​១២៣រូប​ ដែល​ត្រូវ​បាន​ជ្រើស​តាំង​តាម​រយៈការ​បោះ​ឆ្នោត​កាលពី​ខែ​កក្កដា។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​៥៥រូប​​មក​ពី​គណ​បក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ កំពុង​បដិសេធ​មិន​ទទួល​យក​អាសនៈ​របស់​ខ្លួន​ រហូត​ទាល់​តែ​វិវាទ​ជុំ​វិញ​បញ្ហា​បោះ​ឆ្នោត​ត្រូវ​បាន​ដោះ​ស្រាយ​។ គួរបញ្ជាក់​ថា តំណាង​រាស្រ្ត​ទាំង​នេះ​​ចោទ​ប្រកាន់​គណបក្ស​ប្រជា​ជាន​កម្ពុជា​ដែល​ជាគណបក្ស​កាន់​អំណាច​ ថា បាន​លួច​បន្លំ​សន្លឹក​ឆ្នោត​យ៉ាង​ច្រើន​។

ដោយសារ​តែ​គណបក្ស​ប្រឆាំង​កំពុង​ធ្វើ​ពហិការ​សភា​ លោក ផៃ ស៊ីផាន បាន​លើក​ឡើង​ថា វា​ជារឿង​ធម្មតា​ទេ ដែល​សមាជិក​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រៅ​ក្រុម​ការងារ​ថ្មី​ ដែល​នឹង​ធ្វើការ​ងារ​ក្នុង​កម្មវិធី​កែទម្រង់​រដ្ឋាភិបាល​នេះ​។ លោក​បាន​មាន​ប្រសាសន៍​អំពី​មូលហេតុ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ពាក់​ព័ន្ធ​ក្នុ​ង​រឿង​នេះថា “ នេះ​គឺ​ជារឿង​របស់​ពួកគេ។ នេះ​គឺ​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋសភា​ស្រប​ច្បាប់​ ហើយ​រដ្ឋសភានេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះ​មហាក្សត្រ​”។

លោក យ៉ែម បុញ្ញឫទ្ធិ​ អ្នកនាំ​ពាក្យ​គណ​បក្ស​​សង្គ្រោះ​ជាតិ​​ បាន​លើ​ក​ឡើង​ថា  រដ្ឋាភិបាល​ដែល​បាន​ប្រើ​ប្រាស់​ទាហាន និង​នគរបាល​​របស់​ខ្លួន​ ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​សកម្មភាព​តវ៉ា​ជាច្រើន​ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ នឹងមិន​ទទួល​បានការ​ស្វាគមន៍​ក្នុង​អារម្មណ៍​ពិត​របស់​សាធារណ​ជន​​​អំឡុង​វេទិកាពិភាក្សា​ដែល​នឹង​ត្រូវ​បាន​រៀប​ចំឡើង​នាពេល​ខាង​មុខទេ។

អ្នក​នាំពាក្យ​គណបក្ស​ប្រឆាំង​រូប​នេះ​​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​យល់​ឃើញ​ថា ពួកគាត់​[ប្រជាជន​ខ្មែរ​] នឹង​មិន​ហ៊ាន​ផ្តល់​យោបល់​របស់​ពួកគាត់​ទេ​ ពីព្រោះ​ពួកគាត់​មាន​អារម្ម​ណ៍​ភ័យ​ខ្លាច​”។ លោក យ៉ែម បុញ្ញឫទ្ធិ បាន​មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ​ថា “ ប្រសិន​បើ​ពួកគេ​[គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​គ្រង​អំណាច​] ចង់​កែ​ទម្រង់​រដ្ឋាភិបាល​នោះ អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​គឺ​ត្រូវ​ទទួល​ស្គាល់​ការពិត​គ្រប់​យ៉ាង​ទាក់​ទង​នឹង​អ្វី​ដែល​ពួកគេ​ធ្វើ​”៕សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស