26 C
Phnom Penh

បន្ទាប់​ពី​សន្និសីទរបស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​ ប្រទេស​កម្ពុជា​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ជា​ច្រើន​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទោះបីជា​ប្រទេស​កម្ពុជា​មាន​រយៈពេល​បួន​ឆ្នាំ​ ដើម្បី​អនុវត្ត​អនុសាសន៍​៩១​ចំណុច​អំពី​វិធី​ធ្វើ​ឲ្យ​ប្រសើ​រ​ឡើង​​នូវ​កំណត់​ត្រា​សិទ្ធិ​មនុស្ស​របស់ខ្លួន​ក៏​ដោយ​ ក៏​រដ្ឋជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ​នៅ​តែ​​ជំរុញ​ឲ្យ​មាន​​កំណែ​ទម្រង់​​នៅក្នុង​វិស័យ​សំខាន់​ៗ​ជាច្រើន​អំឡុង​សន្និសីទ​ត្រួត​ពិនិត្យ​ជាទៀង​ទាត់​ជា​សាកលលើក​ទី​២​របស់​ខ្លួន​នៅក្នុង​ទី​ក្រុង​ហ្សឺណែវ កាល​ពីថ្ងៃ​អង្គារ​។

នៅក្នុង​សុន្ទរកថា​ថ្លែង​ទៅកាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​​អង្គការ​សហប្រជាជាតិ​ក្នុងទីក្រុង​ហ្សឺ​ណែវ​ លោក ម៉ក់ សម្បត្តិ​ អនុ​ប្រធាន​គណៈកម្មា​ធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​​បាន​ទទួល​ស្គាល់ថា រដ្ឋាភិបាល​មិន​បាន​ដឹង​ច្បាស់​ថា អនុ​សាសន៍​ប៉ុន្មាន​ក្នុង​ចំណោម​​អនុសាសន៍​ទាំង​៩១​ចំណុច​ដែល​ត្រូវ​បាន​លើក​ឡើង​កាល​ពី​ឆ្នាំ​២០០៩​នោះ​ត្រូវ​បាន​យក​មក​អនុវត្ត​ពិត​ប្រាកដនោះ​ទេ​ ហើយ​លោក​បាន​​អះ​អាង​ថា កំណែ​ទម្រង់​លើ​ដំណើរការ​បោះ​ឆ្នោត​ និង​ប្រព័​ន្ធ​តុលាការ​មិន​ទាន់​បាន​​អនុវត្ត​បាន​នៅឡើយ​ទេ​​។

យោង​តាម​សេចក្តី​ប្រកាស​ខ្លីមួយ​ដែ​ល​ចេញ​ដោយ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​ សហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ទី​ក្រុង​ហ្សឺណែវ បានឲ្យដឹង​ថា អនុសាសន៍​ថ្មី​របស់​រដ្ឋ​ជាសមាជិក​សម្រាប់​កម្ពុជា​ផ្តោត​លើ​ចំណុច​សំខាន់​ៗចំនួន​១៣​ រួម​ទាំង​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សឯករាជ្យ​ដែល​កម្ពុជា​បាន​សន្យា​ធ្វើ​កាល​ពីឆ្នាំ​២០០៩​។

អនុសាសន៍​ថ្មី​ជាផ្លូវការ​នឹង​ត្រូវក្រុម​ប្រឹក្សា ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​ប្រគល់​​មក​ឲ្យកម្ពុជា​នៅថ្ងៃ​សុក្រ​។ លោក នីកូឡាស អាហ្គោ​ស្ទីនី ប្រតិភូ​សហ​​ព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​បាន​លើកឡើង​តាម​អ៊ីម៉េល​កាល​ពីម្សិលមិញថា កម្ពុជា​​ល្មម​ឈប់​មាន​លេស​ទៀត​ហើយ​​។
លោក  នីកូឡាស អាហ្គោស្ទីនី បាន​សរសេរ​តាម​អ៊ី​ម៉េល​​ថា “ ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​​ ឬកម្រិត​អភិវឌ្ឍន៍​ទាប​របស់​ប្រទេស​នេះ​មិន​មែន​ជាលេស​ចំពោះការ​មិន​អនុវត្ត​អនុ​សាសន៍​សំខាន់​ៗ​ពាក់​ព័ន្ធនឹង​សិទ្ធិ​ស៊ីវិល​ និង​សិទ្ធិ​នយោបាយ​ឡើយ​។ឥឡូវ​នេះត្រូវ​មាន​ការ​ចាត់​វិធាន​ការ​មួយចំនួន​ព្រោះ​វិធាន​ការ​ទាំង​នោះ​មិនត្រូវ​ការ​ធន​ធាន​ហិរញ្ញវត្ថុ​ទេ​។​ បើ​មាន​ឆន្ទៈ​នយោបាយ​ ពិត​ជា​អាច​ធ្វើ​បាន​​ភ្លាមៗ”។ លោក​បាន​បន្ថែម​ថា វិធាន​ការ​​មួយ​​បែប​នេះ​ គឺ​ត្រូវ​ដក​បម្រាម​​កាល​ពីថ្ងៃ​ទី ៤​ខែ​មករា​​ដែល​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​​គ្នា​ជា​សាធារណៈ​ជាបន្ទាន់។

លោក​ រ៉ូភើត​ អាប់បុត អ្នកស្រាវ​ជ្រាវ​ស្តី​ពីកម្ពុជា​​នៅអង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ​បាន​មា​ន​ប្រសាសន៍ថា គណៈប្រតិភូ​កម្ពុជា​​ដែល​អញ្ជើញ​ទៅទីក្រុង​ហ្សឺណែវ​ហាក់​ដូចជា​​មិន​ទទួល​ស្គាល់​​សច្ច​ភាព​នៃ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​។ លោក​ អាប់​បុត បាន​មាន​ប្រសាសន៍ថា  “ ការ​ឆ្លើយ​តប​ [ ពីសំណាក់​គណៈ​ប្រតិភូ​កម្ពុជា​​​ ចំពោះក្រុម​ប្រឹក្សានេះ​] ជាទូ​ទៅ​នៅ​​ខ្វះ​ខាត​ច្រើន​​​ និង​មិន​ទទួល​ស្គាល់​​ការ​ពិត​អំពី​ស្ថាន​ភាព​​ក្នុង​រយៈពេល​ពី​រ​បី​សប្តាហ៍​ថ្មី​ៗនេះ ដែល​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ណាស់​។ ត្រូវតែ​​មាន​កំណែ​ទម្រង់​ឲ្យស៊ី​ជម្រៅ​”៕គឹម​ហឿន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស