លោក ប៉ាល់ ជឿន អធិការនគរបាលស្រុកបានឲ្យដឹងថា កាលពីម្សិលមិញ ក្មេងចំនួនបីនាក់បានស្លាប់នៅក្នុងស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង បន្ទាប់ពីគ្រាប់កាំភ្លើងត្បាល់មួយ គ្រាប់ដែលពួកគេរកឃើញ បានផ្ទុះ។
លោក ប៉ាល់ ជឿន បានមានប្រសាសន៍ថាកុមារឈ្មោះ បឿង ចាន់ដែត អាយុ១០ឆ្នាំនិង និត ធីតា អាយុ១២ឆ្នាំ ទាំងពីរនាក់បានស្លាប់ភ្លាម ចំណែកប្អូនប្រុសរបស់ និត ធីតា ឈ្មោះ និត វណ្ណា អាយុ៨ឆ្នាំ បានស្លាប់តាម
ផ្លូវទៅកាន់មន្ទីរពេទ្យ។
លោក ដេង ឡូន នាយនគរបាលប៉ុស្តិ៍បានមានប្រសាសន៍ថា នៅមានយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនបីគ្រាប់ទៀតនៅក្នុងភូមិនេះ ចម្ងាយប្រហែលមួយគីឡូម៉ែត្រពីទីដែលការផ្ទុះនេះបានកើតឡើង។
លោក ប៉ែន សាវ៉ាត អនុប្រធានផ្នែកបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) មានប្រសាសន៍ថាបើទោះជាអង្គការរបស់លោកយកបានយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនរាប់រយគ្រាប់ដែលត្រូវបានដាក់អំឡុងសម័យខ្មែរក្រហមនៅខេត្តកំពង់ឆ្នាំងក៏ដោយ ក៏នៅតែមានសល់ខ្លះទៀតដែរ។ លោកបានបន្ថែមទៀតថា “យើងកំពុងតែធ្វើការយ៉ាងសកម្មបំផុត ដើម្បីដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់។ថ្ងៃស្អែក យើងនឹងទៅដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងបីគ្រាប់ដែលនៅសល់”៕ ប៊ុននី