ភ្នំពេញ/ខេត្តកណ្ដាល-ពីរឆ្នាំបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកការដ្ឋានអនុវត្តគម្រោងមួយដែលទទួលបានមូលនិធិពីប្រទេសចិន ដើម្បីពង្រីកផ្លូវជាតិលេខ៦A ក្នុងបំណងពង្រីកសមត្ថភាពផ្លូវនេះជាផ្លូវពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់មួយនោះ ការរស់នៅរបស់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារតាមបណ្ដោយកំណាត់ផ្លូវប្រវែង៥០គីឡូម៉ែត្រនៃផ្លូវជាតិនេះកំពុងជួបការលំបាកយ៉ាងខ្លាំង។រថយន្តធុនធ្ងន់ដឹកដីនិងគ្រឿងចក្របានធ្វើឲ្យផ្លូវដីក្រហមនេះដាច់មានជង្ហុក និងហុយទ្រលោម បណ្ដាលឲ្យអ្នកធ្វើដំណើរតាមផ្លូវនេះមើលអ្វីៗមិនឃើញច្បាស់ក្នុងចម្ងាយត្រឹមតែពីរបីម៉ែត្រ។
កំណាត់ផ្លូវជាតិ៦A ចាប់ពីរាជធានីភ្នំពេញឆ្លងកាត់ខេត្តកណ្ដាលរហូតដល់ខេត្តកំពង់ចាមមានសភាពហុយទ្រលោមរកមើលអ្វីក៏មិនឃើញដែរ។
គម្រោងពង្រីកផ្លូវជាតិលេខ៦A ពីទំហំ៧ម៉ែត្រទៅជាផ្លូវហាយវ៉េទំហំ២៦ម៉ែត្រនេះបានចាប់ផ្ដើមកាលពីដើមឆ្នាំ២០១២ ដោយក្រុមហ៊ុន Shanghai Construction Group របស់ចិន ជាអ្នកទទួលបានកិច្ចសន្យាស្ថាបនាក្រោមឥណទាន៧០,២៥លានដុល្លារពីប្រទេសចិន។ ដោយកំណាត់ផ្លូវប្រហែល៥០គីឡូម៉ែត្រនៃផ្លូវជាតិនេះគ្រោងនឹងស្ថាបនារួចរាល់នៅដើមឆ្នាំ២០១៥ ការបើកការដ្ឋានមួយទៀតបានធ្វើឡើងកាលពីខែមីនា ឆ្នាំ២០១៣ សម្រាប់ស្ថាបនាកំណាត់ផ្លូវនេះបន្ថែមទៀតប្រវែង២៤៨គីឡូម៉ែត្រពីខេត្តកំពង់ចាម ដល់ខេត្តសៀមរាប។
យោងតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា នៅពេលការស្ថាបនាចប់រួចរាល់ ផ្លូវនេះនឹងក្លាយជាផ្លូវទំនើបបំផុតនិងមានសារៈសំខាន់បំផុតក្នុងប្រទេសកម្ពុជា។ប៉ុន្តែពេលចេញផុតពីរាជធានីភ្នំពេញ កំណាត់ផ្លូវជាតិលេខ៦A មើលទៅមានសភាពដូចផ្លូវលំនៅក្នុងតំបន់ដោះមីន ឬដូចជាផ្ទៃនៃភពផ្កាយព្រះអង្គារ អំឡុងពេលមានធូលីហុយទ្រលោមនោះ គេពិបាកនឹងស្រមៃដល់ថាតើភាពទំនើបនៃផ្លូវដែលលោក ហ៊ុន សែន បានលើកឡើងនេះ នឹងមានសភាពយ៉ាងណាណាស់នៅពេលអនាគត។

ប្រជាពលរដ្ឋជាច្រើនដែលរស់នៅតាមបណ្ដោយផ្លូវជាតិនេះយល់ថា ការរស់នៅរបស់ពួកគាត់មិនត្រូវបាន គេយកចិត្តទុកដាក់ឡើយអំឡុងពេលកំពុងស្ថាបនាផ្លូវនេះ។ស្ត្រីវ័យ២៣ឆ្នាំម្នាក់ឈ្មោះ ពេជ្រ ស្រីលក្ខណា ដែលមានអាជីវកម្មលក់ដូរបោះដុំទ្រង់ទ្រាយតូចមួយនៅក្នុងសង្កាត់បាក់ខែង ខណ្ឌប្ញស្សីកែវ ជាយរាជធានីភ្នំពេញនិយាយថា “ខ្ញុំយល់ថា ការពង្រីកផ្លូវនេះមានផលល្អសម្រាប់អនាគតប្រទេសជាតិនិងប្រជាពលរដ្ឋ ហើយខ្ញុំសប្បាយចិត្តដែលមានផ្លូវថ្នល់ធំ បែបនេះប៉ុន្តែរយៈពេលស្ថាបនាផ្លូវនេះ គឺវាយូរពេកហើយ”។
ស្ត្រីវ័យក្មេងរូបនេះនិយាយទៀតថា “ខ្ញុំមិនយល់ថា ហេតុអ្វីបានជាគេត្រូវស្ថាបនាផ្លូវនេះទាំងមូលក្នុងពេលតែមួយដោយមិនស្ថាបនាឲ្យរួចរាល់ត្រង់ចំណុចណាមួយនោះទេ”។ នាងបានលើកឡើងទៀតថា នាងកំពុងព្យាយាមអត់ធ្មត់ ប៉ុន្តែពេលនេះផ្លូវនេះកំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់នាងនិងកូនៗរបស់នាងយ៉ាងខ្លាំង។នាងនិយាយថា “ខ្ញុំត្រូវរស់នៅជាមួយធូលីជារៀងរាល់ថ្ងៃ។ មុង ខ្នើយ និងសូម្បីភួយរបស់យើងគឺប្រឡាក់ធូលីពេញដែរ” ។
នាងនិយាយថា “ធូលីហុយចូលពេញភ្នែក យើងពិបាកបើកបរម៉ូតូណាស់ ហើយក៏ពិបាកដកដង្ហើមខ្លាំងណាស់ដែរ ដោយសារតែមានធូលីហុយទ្រលោមច្រើនពេកជុំវិញផ្ទះរបស់ខ្ញុំ”។នាងនិយាយទៀតថា កូនប្រុសអាយុមួយខួបរបស់នាងដែលមានជំងឺផ្លូវដង្ហើមជាញឹកញាប់ គឺដោយសារតែវាស្រូបខ្យល់ពោរពេញដោយធូលីតាមរយៈផ្លូវដង្ហើមជារៀងរាល់ថ្ងៃចាប់តាំងពីវាចាប់កំណើតមក។
នៅក្នុងហាងតូចរបស់ខ្លួនក្នុងឃុំប្ញស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ស្ត្រីកូនប្រាំ វ័យ៤៨ឆ្នាំម្នាក់ឈ្មោះ ទី ស្រី និយាយថា រឿងតែមួយគត់ដែលគាត់ដឹងពាក់ព័ន្ធនឹងគម្រោងនេះ គឺផលប៉ះពាល់ដែលគម្រោងនេះបង្កឡើងមកលើសហគមន៍។
សំដៅដល់ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលទទួលម៉ៅការបន្តពីក្រុមហ៊ុន Shanghai Construction Group ដើម្បីអនុវត្តគម្រោងនេះ អ្នកស្រីនិយាយថា “គ្មាននរណាម្នាក់មកប្រាប់យើងថា ការស្ថាបនាផ្លូវនេះនឹងចប់រួចរាល់ពេលណានោះទេ”។អ្នកស្រីនិយាយថា “ប៉ុន្តែកូនៗរបស់យើងសុទ្ធតែឈឺដោយសារបញ្ហាសួត និងជំងឺសើស្បែក។ ពិបាកដកដង្ហើមណាស់ ហើយធ្វើឲ្យពួកគេអស់កម្លាំង ហើយអាការជំងឺទាំងនេះទើបតែកើតឡើងបន្ទាប់ពីការស្ថាបនាផ្លូវនេះចាប់ផ្ដើមប៉ុណ្ណោះ”។ អ្នកស្រីបានលើកឡើងទៀតថា អ្នកស្រីត្រូវទៅមណ្ឌលសុខភាពជាច្រើនដងក្នុងមួយខែ ហើយចំណាយអស់ប្រាក់ចន្លោះពី៥០.០០០រៀលទៅ៧០.០០០រៀលក្នុងមួយលើកៗ។
អ្នកស្រី ទី ស្រី និយាយថា “ខ្ញុំត្រូវខ្ចីលុយពីអ្នកចងការប្រាក់ ដើម្បីចេញថ្លៃព្យាបាល”។ធូលីហុយទ្រលោមបែបនេះក៏កំពុងធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មលាងសម្អាតយានយន្តដែរ។ អ្នកប្រកបមុខរបរលាងម៉ូតូម្នាក់ឈ្មោះ វង្ស សា រស់នៅក្នុងភូមិមួយក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ដែលមានដីក្រហមហុយទ្រលោមជារៀងរាល់ថ្ងៃ និយាយថា ការរកស៊ីលាងម៉ូតូតាមបណ្ដោយផ្លូវនេះកាក់កបគ្រាន់បើ ប៉ុន្តែចាប់តាំងពីពេលផ្លូវថ្នល់មានសភាពហុយទ្រលោមមក បានធ្វើឲ្យម៉ួយរបស់គាត់រត់បាត់អស់។គាត់បាននិយាយទៀតថា “មុនពេលការស្ថាបនាផ្លូវនេះចាប់់ផ្ដើម ខ្ញុំរកប្រាក់បានយ៉ាងហោចណាស់ពី២០.០០០រៀល ទៅ៣០.០០០រៀលក្នុងមួយថ្ងៃ ប៉ុន្តែពេលនេះខ្ញុំរកបានតែប្រហែល១០.០០០រៀលប៉ុណ្ណោះ ពីព្រោះម្ចាស់ម៉ូតូមិនចង់លាងសម្អាតវាទេដោយសារតែម៉ូតូរបស់ពួកគេនឹងប្រឡាក់ដីវិញភ្លាមៗបន្ទាប់ពីលាងរួច”។នៅក្បែរនោះ មានរថយន្តបាញ់ទឹកបាញ់បន្សើមផ្លូវដើម្បីកុំឲ្យដីក្រហមហុយខ្លាំងពេក ប៉ុន្តែមានតែរថយន្តបាញ់ទឹកមួយគ្រឿងប៉ុណ្ណោះក្នុងចំណោមរថយន្តសរុបដែលមានតែពីរគ្រឿង បានបំពេញប្រតិបត្តិការលើផ្លូវប្រវែង៥០គីឡូម៉ែត្រ។
ក្រុមហ៊ុនស្ថាបនាផ្លូវ Shanghai Construction Group មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ ខណៈលោក ចេង ហុងប៉ (Cheng Hong Bo) ដែលជាប្រធានផ្នែកនយោបាយនៅស្ថានទូតចិនបានបង្វែរសំណួរដែលទាក់ទិននឹងគម្រោងស្ថាបនាផ្លូវនេះ ទៅមន្ត្រីពីរនាក់ផ្សេងទៀតនៅក្នុងស្ថានទូតនេះ ប៉ុន្តែមន្ត្រីទាំងពីររូបនោះ ក៏មិនអាចទាក់ទងបានដែរ។
កម្មករបម្រើការនៅកន្លែងការដ្ឋានខ្លះ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦A នេះ បានលើកឡើងកាលពីម្សិលមិញថា ឧបសគ្គគឺជាកត្តាដែលធ្វើឲ្យការងាររបស់ពួកគេយឺតយ៉ាវ។កម្មករសំណង់ដែលបម្រើការនៅក្រុមហ៊ុនសំណង់ Ly Chhuong ជាក្រុមហ៊ុនទទួលបន្ទុកស្ថាបនាផ្លូវថ្មីប្រវែង១៨គីឡូម៉ែត្រនៅខណ្ឌឫស្សីកែវ បាននិយាយថា “ មានបញ្ហាជាច្រើន”។
កម្មកររូបនេះដែលបដិសេធមិនប្រាប់ឈ្មោះព្រោះគាត់មិនចង់ឲ្យគេនិយាយថា គាត់ជាកម្មករដែលរិះគន់ថៅកែរបស់ខ្លួនបាននិយាយថា “ បញ្ហាទី១គឺដោយសារតែការយកបំពង់ទីបទឹក និងខ្សែកាបអគ្គិសនីចេញត្រូវចំណាយពេលយូរពេក”។ គាត់បាននិយាយបន្ថែមដោយសំដៅទៅលើប្រាក់សំណងត្រូវផ្តល់ជូនពលរដ្ឋដែលបាត់បង់ដីធ្លីដោយសារគម្រោងនេះថា “ បញ្ហាទី២ ខ្ញុំគិតថា មានបញ្ហាមួយចំនួនជាប់ទាក់ទិននឹងការចរចា និងការផ្តល់ប្រាក់សំណងទៅឲ្យពលរដ្ឋដែលរស់នៅទីនេះ”។
មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់នៅក្នុងស្រុក មុខកំពូលខេត្តកណ្តាល ដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិកដែរនោះ បាននិយាយថា គ្រួសារជាច្រើន បានផ្លាស់ទីលំនៅចេញឆ្ងាយពីតំបន់នេះ ដូចភ័ស្តុតាងដែលបានឃើញស្រាប់ គឺស្លាកសញ្ញា “ ផ្ទះជួល” នៅលើផ្ទះមួយចំនួនតាមបណ្តោយផ្លូវជាតិលេខ៦Aនេះ។គាត់បានស្តីបន្ទោសបញ្ហាទាំងនេះទាំងស្រុងលើក្រសួងសាធារណការនិងដឹកជញ្ជូន។គាត់បាននិយាយថា “ ក្រសួងបានអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើអ្វីតាមតែចិត្តចង់ ព្រោះមន្ត្រីរបស់ក្រសួងនេះ កម្រចុះមកមើល ឬក៏ត្រួតពិនិត្យការងាររបស់ពួកគេ ឬក៏ផលប៉ះពាល់នៃការស្ថាបនាផ្លូវនេះណាស់”។
លោក សំ សម្បតិ្ត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបដិសេធមិននិយាយពីផលប៉ះពាល់សង្គមបង្កឡើងដោយសារគម្រោងនេះឡើយ។
ប៉ុន្តែលោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បុគ្គលិករបស់លោកបានចុះទៅតំបន់់នោះជាច្រើនលើកច្រើនសា ហើយបានអះអាងថា គ្រួសារដែលរស់នៅទីនោះគ្មានអ្វីត្រូវព្រួយបារម្ភពីដីដែលហុយយ៉ាងខ្លាំងនេះទេ។លោកបានមានប្រសាសន៍ថា “ ដោយសារតែក្នុងខ្លួនមនុស្សយើងមានអង់ទីគ័រការពារមេរោគ ពោលគឺច្រមុះរបស់យើងមានរបាំងការពារមេរោគ ហេតុដូច្នេះហើយវាគ្មានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ”។
បើគិតត្រឹមសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ចូលមករាជធានីភ្នំពេញវិញ វាមិនមានដីហុយទេ ប៉ុន្តែការងារស្ថាបនាមានសភាពយឺតយ៉ាវ ដោយនៅខាងមុខហាងមួយចំនួនមានសភាពគ្រោះថ្នាក់ ព្រោះនៅតាមចិញ្ចើមផ្លូវនៅមានភាពរញ៉េរញ៉ៃនៅឡើយ។
ម្ចាស់ហាងមួយចំនួន ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ បានបដិសេធមិននិយាយពីភាពលំបាករបស់ខ្លួនឡើយ ដោយពួកគាត់បានលើកឡើងថា អាជ្ញាធរមូលដ្ឋានបានព្រមានពួកគាត់ថា នឹងមិនផ្តល់ប្រាក់សំណងឡើយ ប្រសិនបើពួកគេរកឃើញថា ពួកគាត់បានដាក់ពាក្យបណ្តឹងទៅប្រព័ន្ធផ្សព្ធផ្សាយ ឬក៏អង្គការក្រៅរដ្ឋាភិបាលណាមួយប្តឹងអំពីគម្រោងនេះ។ មន្ត្រីនៅខណ្ឌឫស្សីកែវ ក៏បានបដិសេធមិននិយាយអំពីផលប៉ះពាល់ដល់សហគមន៍នៅតំបន់នោះ ដោយសារគម្រោងនេះដែរ។
លោក សៀភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបាននិយាយថា អង្គការរបស់លោកបានជួបជាមួយអ្នកភូមិជាច្រើនដែលរស់នៅតាមបណ្តោយផ្លូវកំពុងស្ថាបនានេះ ហើយពួកគាត់បានឲ្យដឹងថា ពួកគាត់ខ្លាចបាត់បង់ប្រាក់សំណង ប្រសិនបើពួកគាត់ហ៊ាននប្តឹងរឿងដីដែលហុយទ្រលោមនេះ។ លោកបានមានប្រសាសន៍ថា “ យើងមានគម្រោងជួយពួកគាត់ គឺជួយពួកគាត់ឲ្យដឹងពីសិទ្ធិរបស់ខ្លួន ប៉ុន្តែយើងមិនអាចធ្វើអ្វីបានឡើយ ប្រសិនពួកគាត់មិនមករកយើងនោះហើយពួកគាត់ មានការភ័យខ្លាចយ៉ាងខ្លាំងដោយសារការបំភិតបំភ័យពីអាជ្ញាធរ”។
តែទោះជាយ៉ាងណា ផ្លូវ និងស្ពាននៅក្នុងប្រទេសកម្ពុជា មានសារៈសំខាន់ណាស់ចំពោះការអភិវឌ្ឍប្រទេស ព្រោះប្រទេសកម្ពុជានឹងចូលជាសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ ប៉ុន្តែផ្លូវ និងស្ពានដែលត្រូវបានស្ថាបនា និងសាងសង់នៅក្នុងប្រទេសកម្ពុជា គឺមិនត្រូវនឹងបទដ្ឋានដែលប្រទេសអភិវឌ្ឍន៍មួយចំនួនអាចទទួលយកបាននោះទេ នេះបើតាមការឲ្យដឹងពីលោក ហ័ង ឆាយ អ្នកជំនាញខាងសំណង់ស៊ីវិល។លោកបានមានប្រសាសន៍ថា “ នៅក្នុងប្រទេសផ្សេងទៀត ឧទាហរណ៍ដូចជា នៅសហភាពអឺរ៉ុប គេមិនស្ថាបនាផ្លូវនៅជិតផ្ទះប្រជាពលរដ្ឋឡើយ។ នៅក្នុងប្រទេសទាំងនេះផ្លូវដែលស្ថិតនៅជិតផ្ទះប្រជាពលរដ្ឋ និងអ្នកភូមិត្រូវបានគេចាត់ទុកថា ផ្លូវជាតិ រីឯផ្លូវដែលនៅឆ្ងាយពីផ្ទះរបស់ប្រជាពលរដ្ឋ គេហៅថាផ្លូវ ហាយវ៉េ”៕សុខុម និង ស៊ុយឈាង