25 C
Phnom Penh

ប្រធាន​មន្ទីរ​អប់រំ​រាជធានី​ប្រាប់​​​​គ្រូ​បង្រៀន​​ឲ្យ​ឈប់​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​ក្នុង​ថ្នាក់់​រៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​សមា​គម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​មាន​តែ​មួយ​នៅកម្ពុជា​ បាន​​ធ្វើ​កូដកម្ម​​ទាម​ទារ​ដំឡើង​​ប្រាក់​​ខែនោះ​ ប្រធាន​មន្ទី​រ​អប់​រំ​រាជធានីភ្នំពេញ​បាន​ប្រាប់​​គ្រូបង្រៀន​នៅ​សប្តាហ៍​នេះថា ពួក​គេ​​ត្រូវ​តែ​ឈប់​ទទួល​សំណូក​ដើម្បី​​​អនុវត្ត​តាម​របៀប​វារៈកែ​ទម្រង់​ដែល​រដ្ឋាភិបាល​បាន​សន្យាធ្វើ​។

ថ្លែង​ទៅកាន់​គ្រូ​បង្រៀន​ប្រហែល​៥០០​នាក់​ដែល​ភាគ​ច្រើន​​ជា​នាយក​សាលា​មក​ពី​ទីក្រុង​ភ្នំពេញ​​កាល​ពីថ្ងៃ​ពុធ​ លោក​ ជា ជាតិ ប្រធាន​មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍ថា ការ​​យក​លុយ​ពីសិស្ស​នឹង​មិន​អាច​អត់ឱន​ឲ្យ​បាន​ទៀត​ទេ​។ លោក ជា ជាតិ បាន​ប្រាប់​គ្រូ​បង្រៀន​ដែល​មក​ចូល​រួម​មហាសន្និបាត​ប្រចាំ​ឆ្នាំ​​រយៈ​ពេល​ពីរ​ថ្ងៃ​នៅសាលា​រាជធានី​ភ្នំពេញ​នេះ​​ថា ​“ ការ​កេង​ប្រវ័ញ្ច​កុមារ​គឺជា​បញ្ហា​។ ប្រសិន​​​បើ​មាន​​ពាក្យ​បណ្តឹង​ប្តឹង​បុគ្គល​ [ គ្រូបង្រៀន ] ពួក​គេ​ត្រូវ​តែ​ទទួល​ខុសត្រូវ​”។លោក​បាន​មាន​ប្រសាសន៍​ថា “ សូម​ពង្រឹង​​ការ​អនុវត្ត​ច្បាប់​ចាប់​ពី​ការ​លុប​បំបាត់​ការ​បង្ខំ​សិស្ស​ឲ្យ​បង់លុយ​ឲ្យ​គ្រូ​បង្រៀន​ទៅ​” ។

តាម​រដ្ឋធម្មនុញ្ញ​ការ​សិក្សា​នៅ​សាលា​បឋម​សិក្សា​ និង​មធ្យម​សិក្សា​គឺ​ឥតគិត​ថ្លៃ​។ ប៉ុន្តែ​ តាម​ការ​ជាក់ស្តែង​ រដ្ឋាភិបាល​​ធ្វើ​មិន​ដឹង​មិន​ឮចំពោះ​គ្រូបង្រៀន​នៅ​សាលា​រដ្ឋ​ដែល​បាន​ទទួល​សំណូក​​ដែល​សិស្ស​សូក​​​ដើម្បី​បាន​​ឡើង​ថ្នាក់​ និង​ដើម្បី​បំពេញ​បន្ថែម​ប្រាក់​ខែ​របស់​ខ្លួន​ ដែល​មាន​ចំនួន​ចាប់​ពី​៨០ដល់​១២០​ដុល្លារ​ក្នុង​មួយ​ខែ​។

កាល​ពីដើមខែ​នេះ​ សមាគមគ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​ដឹក​នាំដោយ​លោក រ៉ុង​ ឈុន ប៉ុន​ប៉ង​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​ ដើម្បី​ទាម​ទារ​ប្រាក់​ខែគោល​២៥០​ដុល្លារ​ដែល​លោក​បាន​មាន​ប្រសាសន៍ថា អាចធ្វើ​ឲ្យជីវ​ភាព​គ្រូ​បង្រៀន​​​បាន​ល្អ​​ប្រសើរ​ និង​ជួយ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​។

លោក ជា ជាតិ បាន​អរគុណគ្រូ​បង្រៀន​ដែល​មិន​ចូល​រួម​ធ្វើ​កូដកម្ម​ ដោយ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ខែ​គោល​ដល់​គ្រូ​ប​បឋម​សិក្សា​ចំនួន​២០​ដុល្លារ​ និង​គ្រូ​វិទ្យាល័យ​ចំនួន​​១០ដុល្លារ។លោក​បានមាន​ប្រសាសន៍ថា “ កូដកម្ម​មិន​មែន​​ជាការ​ល្អទេ​។ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម ​​ដូច្នេះ​សូមកុំ​លេង​ជាមួយ​វា​។ ទុក​ការ​ងារ​នេះ​ឲ្យរដ្ឋាភិបាល​រក​ដំណោះស្រាយ​”។

នៅក្នុង​សុន្ទរកថា​របស់​លោក​ថ្លែង​ទៅ​កាន់​គណៈរដ្ឋមន្ត្រី ដែល​ទើប​បង្កើត​ថ្មីកាល​ពី​ខែ​កញ្ញា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​​ប្រាប់​មន្ត្រី​​រដ្ឋាភិបាលឲ្យ​​សម្អាត​ខ្លួន​ពី​​អំពើ​ពុករលួយ​ គឺមាន​ន័យ​ដូច​ជា​លុប​បំបាត់​ជំងឺ​អ៊ីចឹង​។ លោក​ក៏បានមាន​ប្រសាសន៍​ដែរ​ថា នឹង​មាន​ការ​​រៀប​ចំ​វេទិកា​ប្រជាពល​រដ្ឋ​ដើម្បី​​ឲ្យ​មានការ​ត្រួត​ពិនិត្យលើ​មន្ត្រី​រដ្ឋាភិបាល​ជា​សាធារណៈ។

លោក​ ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំ​ពេញ​ដែល​បាន​ថ្លែង​នៅ​ថ្ងៃ​ដំបូង​នៃមហា​សន្និ​បាត​នេះ​បាន​ប្រាប់​នាយក​សាលា​ឲ្យ​ចាប់​ផ្តើម​​រៀប​ចំវេទិកា​នៅតាម​សាលា​របស់​ខ្លួន​នៅ​ខែ​ក្រោយ​​ដើម្បី​ឲ្យ​ឪពុក​ម្តាយ​បញ្ចេញ​យោ​​បល់​អំពី​គុណភាព​អប់រំ​​និង​ការ​ចំណាយ​​ទៅលើ​ការ​អប់​រំ​សម្រាប់​កូន​របស់​​ពួកគាត់​។

លោក​ ឌី ទេព​កុសល នាយក​វិទ្យាល័យ​សម្តេច ​ជា ស៊ីម​ ចំរើន​រដ្ឋ​​នៅក្នុង​ខណ្ឌ​ប្ញស្សី​កែវ​បាន​មាន​ប្រសាសន៍​អំឡុង​ពេល​ឈប់​សម្រាក ពីមហាសន្និបាត​នេះថា លោក​បាន​អនុវត្ត​គោល​នយោបាយ​យ៉ាង​តឹង​រ៉ឹង​មិន​ឲ្យ​មាន​ការ​ទារ​ប្រាក់​ពីសិស្ស​នៅក្នុង​សាលា​របស់​លោក​ជាច្រើន​ឆ្នាំមក​ហើយ​។លោក​បាន​មាន​ប្រសាសន៍ថា  បញ្ហា​ជា​មួយ​នឹង​គោល​នយោបាយ​​ជោគ​ជ័យ​នេះ​ត្រង់​ថា គ្មាន​គ្រូ​បង្រៀន​ណាម្នាក់​ចង់​ធ្វើ​ការ​ឲ្យលោក​ទេ​នៅពេល​នេះ។លោក​បាន​មាន​ប្រសាសន៍ថា “ គ្រូ​បង្រៀន​​​ភាគ​ច្រើននៅសាលា​កណ្តាល​​ទី​ក្រុង​ភ្នំពេញ​មិន​ចង់​បង្រៀន​នៅសាលា​ខ្ញុំ​ទេ​ពីព្រោះ​ខ្ញុំ​តឹង​រ៉ឹង​ណាស់​​​ក្នុង​ការ​រារាំង​មិន​ឲ្យមាន​ការ​ទារ​លុយ​ពីសិស្ស​”។

ការ​អំពាវនាវ​របស់​លោក ជា ជាតិ ចំពោះ​គ្រូ​បង្រៀន​នៅ​សប្តាហ៍​នេះ​​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​​ការ​ប៉ុន​ប៉ង​មិន​បាន​សម្រេច​ពីមុន​របស់​រដ្ឋាភិបាល​ដើម្បីកាត់​បន្ថយ​អំពើ​ពុក​រលួយ​​នៅក្នុង​ថ្នាក់​រៀន​។

មាត្រា៣១​នៃ​ច្បាប់​ស្តីពីការ​អប់​រំ​ដែល​រដ្ឋ​សភា​បាន​អនុម័ត​កាល​ពីឆ្នាំ​២០០៧​ចែង​ថា “ប្រជាពល​រដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​ការ​អប់រំ​​​ដោយ​ឥតគិត​ថ្លៃ​យ៉ាង​ហោច​ណាស់​ប្រាំបួន​ឆ្នាំ​នៅ​​សាលារដ្ឋ​”។ដើម្បី​ជំរុញ​ឲ្យមាន​ការ​អនុវត្ត​ច្បាប់​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពីឆ្នាំ​២០០៨​បាន​ចុះ​ហត្ថ​លេខា​លើ​អនុក្រឹត្យ​មួយ​​​​ដើម្បី​រារាំង​គ្រូ​បង្រៀន​មិន​ឲ្យ​ទារ​លុយពី​សិស្ស​របស់ខ្លួន​។

មាត្រា​១៣​ស្តីពី​ក្រម​​សីលធម៌​វិជ្ជាជីវៈ​របស់​គ្រូ​បង្រៀន​ចែង​ថា “ គ្រូ​បង្រៀន​មិន​ត្រូវ​រៃ​អង្គាសប្រាក់​ ឬ​យក​តម្លៃ​ក្រៅ​ផ្លូវ​ការ​ ឬ​ធ្វើ​អាជីវកម្ម​នៅក្នុង​បន្ទប់​រៀន​ទេ​។ គ្រូ​បង្រៀន​មាន​កាតព្វកិច្ចបង្រៀន​ដោយ​គ្មាន​ការ​គាប​សង្កត់​ដើម្បី​ទទួល​ផល​ប្រយោជន៍​ពីសិស្ស​ ” នេះបើ​យោង​តាម​មាត្រា១៧។

លោក រ៉ុង​ ឈុន បានមាន​ប្រសាសន៍​កាល​​​ពី​ម្សិលមិញ​ថា ការ​​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​ផ្លាស់​ប្តូ​រឥរិយាបថ​របស់​គ្រូ​បង្រៀន​ត្រូវ​តែធ្វើ​​រួមគ្នា​ជាមួយ​នឹង​វិធាន​ការ សម្រាប់​ធ្វើ​ឲ្យ​ស្ថានភាព​រស់​នៅ​របស់​គ្រូ​បង្រៀន​​បាន​ល្អប្រសើរ ​ព្រោះ​គ្រូ​បង្រៀន​អាច​រក​លុយ​បាន​ចន្លោះ​ពី​៧​ដុល្លារ​ទៅ​១៥​ដុល្លារ​ក្នុង​មួយថ្ងៃ​តាម​រយៈ​ការ​យក​លុយ​ពីសិស្ស​ក្រៅ​ផ្លូវ​ការ​។

លោក រ៉ុង​ ឈុន បាន​មាន​ប្រសាសន៍​ថា “គ្រូ​បង្រៀន​លក់​នំ និង​ក្រដាស​ក្នុង​បន្ទប់​រៀន​ពីព្រោះ​ពួកគេ​មិន​អាច​រស់​បាន​ជាមួយ​ប្រាក់​ខែ​របស់​ខ្លួន​។ ខ្ញុំ​គិត​ថា មិន​អាច​បិទ​ចំណូល​នេះ​ដោយ​​មិន​មាន​ការ​ដំឡើង​ប្រាក់ខែ​ឲ្យ​ពួកគាត់​បាន​ទេ​”។

លោក អ៊ុំ ឡាវីន ឪពុក​ដែល​មាន​កូន​ពីរ​នាក់​រស់​នៅក្នុង​ផ្ទះ​​របស់​គាត់​ក្នុង​ខណ្ឌ​ប្ញស្សី​កែវ​ដែលមាន​របង​ជាប់​សាលាបឋម​សិក្សា​បឹង​ឈូក​បាន​និយាយថា កូន​ប្រុស​អាយុ​៩​ឆ្នាំ​របស់​គាត់​​ត្រូវ​បង់​លុយ​ចំនួន​​៧០០រៀល​ក្នុង​មួយ​ថ្ងៃ​​ទៅ​ឲ្យ​គ្រូ​បង្រៀន​ រីឯកូនស្រី​អាយុ​១៣​​ឆ្នាំ​របស់​គាត់​បង់​លុយ​ជាប្រចាំ​ប្រហែល​៣.០០០រៀល​សម្រាប់​​ការ​ថតចម្លង​ក្រដាស​មេរៀន​របស់​គ្រូ​​នៅ​វិទ្យាល័យ​ប្ញស្សីកែវ​។

លោក ឡាវីន បាន​ព្យាករ​ថា ការ​ប្រឹង​ប្រែង​ ចុងក្រោយ​របស់​រដ្ឋាភិបាល​ដើម្បី​លុប​បំបាត់​អំពើ​ពុករលួយ​នៅក្នុង​​បន្ទប់​រៀន​​នឹង​មិន​មាន​​ប្រសិទ្ធភាព​ទេ​។
គាត់​បាន​និយាយ​ថា “ ខ្ញុំគិត​ថា វា​មិន​មាន​​ប្រសិទ្ធ​ភាព​ទាល់​តែសោះពីព្រោះ​ប្រាក់ខែ​គ្រូ​​បង្រៀន​តិច​ណាស់​។ បើ​មិន​មាន​ការ​ដំឡើង​​ប្រាក់ខែ​គ្រូ​បង្រៀន​ទេ​ អំពើ​ពុក​រលួយ​​នៅ​តាម​សាលារៀន​នឹង​នៅ​តែ​មាន​៕ ​គឹមហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស