34 C
Phnom Penh

ធី សុវណ្ណថា ប្តេជ្ញា​ថា នឹងតវ៉ា​ចំពោះ​រឿង​ដែល​គេ​ធ្វើ​ឲ្យ​ឯកសារ​លិខិត​ឆ្លង​ដែន​របស់​នាង​លេច​ធ្លាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ ​សកម្ម​ជន​រិះ​គន់​រដ្ឋា​ភិបាល​ឥតសំ​ចៃ​មាត់​របស់គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​អះ​អាង​ថា ពាក្យ​សុំ​ធ្វើ​លិខិត​ឆ្លង​ដែន​របស់​នាង​ត្រូវ​នគរ​បាល​អន្តោ​ប្រវេសន៍​ធ្វើ​ឲ្យ​លេច​ធ្លាយ​ បានឲ្យ​ដឹង​ថា នាង​នឹង​ដឹកនាំ​ការ​​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​មហា​ផ្ទៃ​និង​ភូមិ​គ្រឹះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ក្នុង​រាជ​ធានី​ភ្នំពេញ​ ប្រសិន​បើ​​អាជ្ញា​ធរ​មិន​ព្រម​ដោះ​ស្រាយ​រឿង​នេះ​​។

កញ្ញា​ ធី​ សុវណ្ណថា អាយុ​១៩​ឆ្នាំ​ ដែល​ទំព័រ​​ហ្វេសប៊ុក​របស់​នាង​មាន​អ្នក​គាំ​ទ្រ​ជាង​១៨៨.០០០​នាក់ កំពុង​តែ​ទាម​ទារ​ឲ្យ​លោក ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ចេ​ញបទ​បញ្ជា​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​​ស្វែង​រក​ជន​ដែល​ធ្វើ​ឲ្យ​លេចធ្លាយ​ឯកសារ​លិខិត​ឆ្លង​ដែន​ ហើយ​ចាត់​វិធាន​ការ​ ដើម្បី​ការ​ពារ​នាង​និង​គ្រួសារ​របស់​នាង​ បន្ទាប់​ពី​ជីវិត​របស់​នាង​ត្រូវ​គេ​គំរាម​កំហែង​។ នាង​បាន​និយាយ​ថា​ “ កាល​ពីថ្ងៃ​ពុធ​ ខ្ញុំ​បាន​​ប្តឹង​ទៅ​លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្ញុំ​ ដើម្បី​ស្វែង​រក​ជន​ដែល​ធ្វើ​ឲ្យ​ពាក្យ​សុំ​ធ្វើ​លិខិត​ឆ្លង​ដែន​​របស់​ខ្ញុំ​លេច​ធ្លាយ​”។

ប្រសិន​បើ​ក្រសួង​មហា​ផ្ទៃ​​មិន​ចាត់​វិធាន​ការ​ទេ​ កញ្ញា​ សុវណ្ណថា និយាយ​ថា នាង​នឹង​ដាក់​ពាក្យ​ប្តឹង​ជា​ផ្លូវ​ការ​ទៅ​លោក​ ស ខេង​ នៅ​ថ្ងៃ​​ច័ន្ទ​។ ហើយ​ប្រសិន​បើ​ការ​ប្តឹង​នេះ​នៅ​តែ​មិន​បាន​ការ​ នាង​នឹង​ដាក់​ញត្តិ​ទៅ​ស្ថាន​ទូត​នានា​ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​បួន​ថ្ងៃ​ក្រោយ​ ដើម្បី​ធានាឲ្យ​​បាន​ថា​ គ្មាន​គេ​មក​រុក​គួន​នាង​។ ប្រសិន​បើ​វិធី​ចុង​ក្រោយ​នេះ​ នៅ​តែ​មិន​បាន​ការ​ទៀត​ នាង​នឹង​ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​មហា​ផ្ទៃ​នៅ​បួន​ថ្ងៃ​ក្រោយ​ ហើយ​បួន​ថ្ងៃ​បន្ទាប់មក​ទៀត​​ នាង​នឹង​ធ្វើ​ការ​តវ៉ា​នៅ​ភូមិ​គ្រឹះ​របស់​លោក​ ហ៊ុន​ សែន​ ក្បែរ​វិមាន​ឯករាជ្យ​។ នាង​បាន​និយាយ​ដោយ​សំដៅ​ទៅលើ​ជំហរ​ទាក់​ទិន​នឹង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ថា “ មនុស្ស​មក​ពី​គណបក្ស​លេខ​៤​ត្រូវ​តែ ​ទទួល​ខុសត្រូវ​លើ​ការ​ស្វែង​រក​ជន​ដែល​មក​ពី​គណ​បក្ស​លេខ​៤នេះ​ ដើម្បី​ផ្តន្ទាទោស”​។

ទំព័រ​ហ្វេស​ប៊ុក​របស់​អ្នក​ប្រើ​ប្រាស់់​ម្នាក់​​ដែល​ដាក់​ឈ្មោះ​ថា ជា​​ សុវណ្ណារី​ បាន​ចែក​រំលែក​ពាក្យ​​​សុំ​ធ្វើ​លិខិត​ឆ្លង​ដែនរបស់​កញ្ញា​ ធី សុវណ្ណថា​ ដែល​រួម​មាន​​អាសយដ្ឋាន​ផ្ទះ​ និង​ឈ្មោះ​សាច់​ញាតិ​​របស់​នាង​ ដោយ​មាន​អម​នឹង​សារ​មួយ​ប្រាប់​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​​​ឲ្យ​ស្រោច​ទឹក​អាស៊ីត​លើ​ក្បាល​របស់​នាង​។ ឧត្ត​ម​សេនីយ៍ឯក​ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​សង្ស័យ​ថា ពាក្យ​សុំ​ធ្វើ​លិខិត​ឆ្លងដែន​ដែល​លេច​ធ្លាយ​នេះ​ ប្រហែល​ជា​ចេញ​មក​ពី​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​។

ប៉ុន្តែ​កញ្ញា សុវណ្ណថា បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ដែរ​ថា វា​គ្មាន​ប្រភព​ផ្សេង​ក្រៅ​ពី​នេះ​ទេ​។ នាង​បាន​និយាយ​ថា “ មាន​តែ​មន្ត្រី​លិខិត​ឆ្លង​ដែន​ប៉ុណ្ណោះ​ ដែល​កាន់​កាប់​ឯកសារ​នេះ​ ហេតុ​ដូច្នេះ​ហើយ​វា​បង្ហាញ​ថា ជន​ដែល​​ធ្វើ​ឲ្យ​លេច​ធ្លាយ​ឯកសារនេះ​ ប្រាកដ​ជា​ចេញ​​មក​ពី​នាយក​ដ្ឋាន​លិខិត​ឆ្លង​ដែន​ ដែល​ស្ថិត​ក្រោម​ក្រសួង​មហា​ផ្ទៃ​”។

ពាក្យ​សុំ​ធ្វើ​លិខិត​ឆ្លង​ដែន​ដែល​ចុះ​កាល​បរិច្ឆេទ​នៅ​ថ្ងៃ​ទី​៦​ខែ​មករា​ គឺ​ត្រូវ​បាន​ចុះ​ហត្ថ​​លេខា​ដោយ​វរសេនីយ៍ត្រី​​ កៅ ​ កុលវុទ្ធ និង​អនុ​សេនីយ៍​ត្រី​ ថាន កន្ធុល​ ហើយ​ពួក​គាត់​ទាំង​ពីរ​មិន​អាច​ទាក់​ទង​បាន​ទេ​ កាល​ពី​ម្សិល​មិញ​។

លោក អំ សំអាត​ អ្នក​គ្រប់គ្រង​បច្ចេក​ទេស​នៅ​អង្គការ​សិទ្ធិ​មនុស្ស​ លី​កាដូ​ បាន​លើក​ឡើង​ថា វា​អាស្រ័យ​លើ​រដ្ឋាភិបាល​ ដែល​ធានា​ថា ឯកសារ​របស់​បុគ្គល​ឯក​ជន​មិន​ត្រូវ​បង្ហាញ​ជា​សាធារណៈ​នោះ។ លោក​បាន​មាន​ប្រសាសន៍ថា​ “ វា​ជា​រឿង​មួយ​មាន​សារៈសំខាន់​ណាស់​ ដែល​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់​ ដើម្បី​ស្វែង​រក​ជន ដែល​ធ្វើ​ឲ្យ​លេច​ធ្លាយ​ឯកសារ​នេះ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កញ្ញា​ សុវណ្ណថា ជួប​ហានិ​ភ័យ​ខ្ពស់​នៃ​ការ​វាយ​ប្រហារ​ បន្ទាប់​ពី​អាសយ​ដ្ឋាន​ និង​សាច់​ញាតិ​របស់​នាង​ត្រូវ​បាន​បង្ហាញ​ឲ្យ​គេ​ឯង​បាន​ដឹង​​”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស