34.8 C
Phnom Penh

សាលាដំបូង​ខេត្ត​កំពង់​ធំ​ចោទ​ប្រកាន់​ជន​សង្ស័យ​ម្នាក់​ពី​បទគប់គ្រាប់បែក​ចូលក្នុង​ពិធី​មង្គលការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុលាការ​ម្នាក់​បាន​និយាយថា កាល​​ពី​ម្សិល​មិញ សាលា​ដំបូង​ខេត្ត​កំពង់​ធំ​បាន​​ចោទ​ប្រកាន់​បុរស​អាយុ​២២ឆ្នាំ​ម្នាក់​ពី​បទ​មនុស្ស​ឃាត​ដោយ​គិត​​ទុក​ជាមុន​បន្ទាប់​ពី​ជន​នេះ​បាន​គប់​គ្រាប់​បែក​ដៃមួយ​គ្រាប់​ចូលកណ្តាល​កន្លែង​រាំកម្សាន្ត​​នៅពិធី​រៀប​អាពាហ៍​អាពាហ៍ មួយកាល​ពីយប់​​ថ្ងៃសៅរ៍ ដោយ​បណ្តាល​ឲ្យ មនុស្ស​១០នាក់​ស្លាប់ និង​៣៧នាក់ទៀត​របួស​។​

លោក សេង​ ម៉េងស្រ៊ុន ព្រះ​​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​បាន​មាន​ប្រសា​សន៍​ថា ជន​សង្ស័យឈ្មោះ ខឹម តារា ត្រូវ​បាន​ចោទ​ប្រកាន់​ និង​បញ្ជូន​ទៅ​​ឃុំ​ខ្លួន​​នៅ​ពន្ធ​នាគារ​ខេត្ត​​រង់​ចាំ​ការ​កាត់​ក្តី។ លោក​ ម៉េងស្រ៊ុន បាន​មាន​ប្រសា​សន៍ថា “ ជន​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​មនុស្ស​ឃាតដោយ​គិត​ទុក​ជាមុន”។លោក​បាន​បន្ថែម​ថា លោក​មិន​​អាច​និយាយ​អំពី​ភ័ស្តុតាង​ដែល​​នាំ​ឲ្យ​មាន​​ការ​ចោទ​ប្រកាន់​​នេះ​បានទេ ពីព្រោះ​ករណី​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​។

លោក ផាន់ សុផេង ប្រធាន​ពន្ធនា​គារ​ខេត​្ត​​​បាន​មាន​ប្រសាសន៍ថា នគរ​បាល​កំពុង​បន្ត​ស្វែង​រក​ជន​សង្ស័យ​បីនាក់ទៀត​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដ៏​បង្ហូរ​ឈាម​នេះដែរ។លោក​បាន​មាន​ប្រសាសន៍​ថា ខឹម តារា ត្រូវ​បាន​ចាប់ខ្លួន​ “ ពីព្រោះ​នគរ​បាល​បាន​រក​ឃើញ​ភ័ស្តុតាង​បន្ទាប់ពី​ការ​វាយ​ប្រហារ​ដោយ​​គ្រាប់​បែក​” ដែល​ទំនង​ជា​ធ្វើ​ឡើង​​ដើម្បី​សងសឹក​ បន្ទាប់ពី​បុរស​ទាំង​ពីរ​នេះ​មាន​ជម្លោះ​នឹង​គ្នា។

លោក ផាន់ សុផេង បាន​មាន​ប្រសាសន៍​ថា “ ជន​នេះ​ជា​អ្នក​ដែល​កូន​កម្លោះ​បាន​វាយ​​មុន​​ថ្ងៃ​រៀប​ការ ហើយ​ជន​នេះ​មាន​កំហឹង​យ៉ាងខ្លាំង​”។ លោក​បន្ថែម​ថា កូន​កម្លោះ​ក៏​បាន​គំរាម​សម្លាប់​ ខឹម តារា​ ផង​ដែរ។លោក​បាន​មាន​ប្រសាសន៍ថា សាក្សី​បាន​ស្តាប់ឮ ខឹម តារា​ អួត​​ពី​ការ​វាយ​ប្រហារ​បាន​សម្រេចនេះ​ ហើយ​ថា ​គេ​ឃើញ​ប្រពន្ធ​របស់​ជន​នេះ​ស្ថិត​នៅ​​ពិធី​មង្គល​កា​រ​នោះដែរ ​ដែល​បង្ហាញ​ថា ជន​នេះ​ក៏នៅ​ទីនោះ​ដែរ។ លោក​បាន​មាន​ប្រសាសន៍បន្ថែមទៀត​ថា “ យើង​មាន​ភ័ស្តុតាង​ជា​ច្រើន​ដែល​ឈាន​​ទៅ​ដល់​ការ​ចាប់​ខ្លួន​នេះគឺ៖មាន​ជម្លោះ​មុន​ពេល​ថ្ងៃរៀប​អាពាហ៍ពិពាហ៍ គេ​ឃើញ​​កង់​របស់​ជនសង្ស័យ​នៅ​ទីនោះ មនុស្ស​ម្នា​បាន​ឃើញ​ប្រពន្ធ​របស់​ជន​នេះ​ហូប​​មីនៅ​ក្បែរនោះ ហើយ​គេ​បាន​ស្តាប់ឮ​ជន​នេះ​និយាយ​ជាមួយ​មនុស្ស​បី​នាក់​ទៀត​ដែលជិះ​ម៉ូតូសង់កូរ៉េ​ពីរគ្រឿង ដោយ​និយាយថា ពួក​គេ​បានបំផ្លាញ​ពិធី​មង្គល​​ការ​នេះ​ហើយ​”។

មនុស្ស​ប្រាំមួយ​នាក់​បាន​ស្លាប់​ភ្លាម​ៗ​ដោយ​សារ​របួស​មួយ​កំណាត់ខ្លួន​ឡើង​លើ​ពីការ​ផ្ទុះ​គ្រាប់​បែក​នេះ ដែល​បាន​កើត​​ឡើង​នៅ​ម៉ោង​​ប្រហែល​១០និង​៣០នាទី​យប់​។​មនុស្ស​បួននាក់ទៀត​បាន​ស្លាប់​នៅ​ពេល​ក្រោយ​មក។ កូន​ក្រមុំ​រង​របួស​ជើង​​ម្ខាង​ ហើយ​​កូន​កម្លោះ​រង​របួស​ស្មា៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស