38.1 C
Phnom Penh

សមាជិក​សភា​សហភាព​អឺរ៉ុប​មក​ប្រទេស​កម្ពុជា​ដើម្បី​ស៊ើប​អង្កេត​ករណី​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អង្គការ​សមធម៌​​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា សមាជិក​សភាអឺរ៉ុប​មួយ​រូប​ កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ស៊ើប​អង្កេត​ក្រុម​ហ៊ុន​កសិពាណិជ្ជកម្ម​នានា​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​បណ្តេញ​ប្រជាជន​ជាច្រើន​រយ​គ្រួសារ​ចេញ​ពី​លំនៅ​ដ្ឋាន​ ក្នុង​ពេល​កំពុង​ទទួល​បាន​ផល​ប្រយោ​ជន៍​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​​មួយ​ជាមួ​យ​តំបន់​អឺរ៉ុប​ ដែល​មាន​តម្លៃ​ជាច្រើន​លាន​ដុល្លារ​។

លោក​ ផាតទ្រី ទីរ៉ូលៀន (Patrice Tirolien) បាន​មក​បំពេញ​ទស្សនកិច្ច​ពី​ប្រទេស​បារាំង​ បន្ទាប់​ពី​សភា​អឺរ៉ុប​អនុម័ត​សេចក្តី​សម្រេច​មួយ​កាលពី​ថ្ងៃទី​១៦ ខែនេះ ដើម្បី​ជំរុ​ញឲ្យ​គណៈកម្មការ​អឺរ៉ុប​អនុវត្ត​ចំណាត់​ការ​ទៅលើ​សេចក្តី​រាយការណ៍​ដោយ​អង្គការក្រៅ​រដ្ឋា​ភិ​បាល​ក្នុង​ស្រុក​ កាលពី​ឆ្នាំ​២០១៣ ដែល​​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​​ទាក់​ទង​នឹ​ង​សកម្ម​ភាព​បណ្តេញ​ចេញ និង​ទន្ទ្រានយក​ដី​ធ្វើ​ឡើង​​ដោយ​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​ដោយ​ទទួល​ផល​ប្រយោជន៍​ពី​កិច្ច​ព្រមព្រៀង​នាំ​ចេញ​ឥតគិ​ត​ពន្ធ​ទៅ​កាន់​តំបន់​អឺរ៉ុប​ ក្រោម​កិច្ច​ព្រម​ព្រៀង​អ្វី​ៗ​គ្រប់​យ៉ាង​លើក​លែង​តែ​សពា្វវុធ​។

បរិមាណ​នាំ​ចេញ​ទៅកាន់​តំបន់​អឺរ៉ុប​តាម​រយៈកិច្ច​ព្រម​ព្រៀង​អ្វី​ៗគ្រប់​យ៉ាង​លើក​លែង​តែ​សពា្វវុធ​ បាន​ជួយ​ជំរុញ​ឲ្យ​មានការ​បង្កើត​ការងារ​ជាច្រើន​ពាន់​កន្លែង​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ដែល​រហូត​មក​ទល់​ពេល​នេះ គឺ​ជា​វិស័​​យ​នាំ​ចេញ​សំខាន់​បំផុត​នៅ​ក្នុង​ប្រទេស​​កម្ពុជា​។ ក៏ប៉ុន្តែ អង្គការ​សិទ្ធិមនុស្ស​បាន​លើក​ឡើង​ថា កិច្ច​ព្រម​ព្រៀង​ដូចគ្នា​សម្រាប់​វិស័យ​អំពៅ​ បាន​ជំរុញ​ឲ្យ​មាន​សកម្ម​ភាព​បណ្តេញ​ចេញ​ និង​ទន្ទ្រាន​យក​ដី​កើន​ឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នៅ​តំបន់​ជន​បទ​ ហើយ​បច្ចុប្បន្ន​នេះ អង្គការ​ទាំង​នោះ​ចង់​ឲ្យ​មាន​ការ​ព្យួរ​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​សម្រាប់​ផលិតផល​អំពៅ​កម្ពុជា​។

មជ្ឈដ្ឋាន​រិះ​គន់​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​ និង​ស្ករ​ឥតគិត​ពន្ធ​ដែល​ក្រុម​ហ៊ុន​ទាំង​នេះ​នាំ​ចេញ​ទៅ​តំបន់​អឺរ៉ុប​ ​​សង្ឃឹមថា ដំណើរ​ទស្ស​នា​កិច្ច​របស់​លោក ទីរ៉ូលៀន នឹង​ជំរុញ​ឲ្យ​គណៈ​កម្មការ​ពាណិជ្ជកម្ម​បង្កើន​លឿន​ឆ្ពោះ​ទៅ​រក​ការ​អនុវត្ត​ប្រតិបត្តិការ​​ស៊ើប​អង្កេត​ពេញ​លេញ​ ទៅ​លើ​អំពើ​រំលោភ​បំពាន​ដែល​មាន​ទំនាក់​ទំនង​ទៅនឹង​កម្មសិទ្ធិ​ដី​ធ្លី​។

លោក អៀង វុទ្ធី នាយកប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា “ យើង​​ជឿថា គាត់​នឹង​ប្រើ​សម្ពាធ​របស់​គាត់​ សម្រាប់​​ជំរុញ​ឲ្យ​គណៈកម្មការ​អឺរ៉ុប​អនុវត្ត​ប្រតិបត្តិ​ការ​​​ស៊ើប​អង្កេត​នេះ។ តាម​រយៈដំណើរ​ទស្សនកិច្ច​របស់​គាត់​ យើង​ជឿថា នឹង​មាន​សម្ពាធ​កាន់​តែច្រើន​ទៅ​លើ​គណៈកម្មការ​អឺរ៉ុប​​ឲ្យ​ធ្វើ​សកម្មភាព​”។

នៅ​ខេត្ត​កោះកុង​ប្រជាជន​២០០គ្រួសារ​ដែល​បាន​បាត់​បង់​ដី​ដោយ​សារ​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​ កំពុង​ប្តឹង​ក្រុម​ហ៊ុន​ម្ហូប​អាហារ​​ Tate & Ly ដែល​ជា​ក្រុម​ហ៊ុន​ដ៏​ធំមួយ​នៅ​ចក្រ​ភព​អង់គ្លេស​ រឿង​ស្ករ​ដែល​ខ្លួន​បាន​នាំ​ចូល​ពី​ទឹក​ដី​របស់​ប្រជាជន​ទាំង​នោះ​តាម​ឈ្នួញ​កណ្តាល​ថៃ​។

ក្រុម​ហ៊ុន​នៅ​ពីក្រោយ​សកម្មភាព​បណ្តេញ​ទាំង​នេះ​បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​បង់​សំណង​​ឲ្យ​ប្រជាជន​ដែល​រង​ផល​ប៉ះ​ពាល់​យ៉ាង​យុត្តិធម៌​ និង​បាន​គោរព​តាម​ច្បាប់​ពាក់​ព័ន្ធ​ទាំង​អស់​។

ទោះ​បី​ជាមាន​សំណើជាច្រើន​ចេញ​ពី​ទាំង​អង្គការ​រដ្ឋាភិបាល​ក្នុង​ស្រុក​ ទាំង​សមា​ជិក​សភា​អឺរ៉ុប​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​នៅក្នុង​ប្រទេសកម្ពុជា​ក៏​ដោយ​ក៏​លោក ការ៉េល ដេហ្កាច់ (Karel de Gucht) សមាជិក​គណៈកម្មការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​កាលពី​ខែ​ឧសភា បាន​លើក​ឡើង​ថា ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បន្ទាន់​ធ្ងន់​ធ្ងរ​គ្រប់​គ្រាន់​ដែល​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ផ្លូវការ​ ឈាន​ដល់​ការ​ដាក់​ទណ្ឌកម្ម​នៅ​ឡើយ​ទេ​។

លោក វុទ្ធី បាន​ឲ្យ​ដឹង​ទៀត​ថា លោក ទីរ៉ូ​លៀន បាន​ចុះ​ទៅ​តំបន់​នានា​ជាមួយ​ប្រជា​ជនដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ដី​របស់​ខ្លួន​​ដោយ​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​នានា​នៅ​ក្នុង​ខេត្ត​​​ឧត្តរមានជ័យ​ និង​នៅ​ខេត្ត​កំពង់​ស្ពឺ ។​លោក​ក៏​បាន​ពិភាក្សា​ជាមួយ​លោក លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភាមក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​មាន​ចម្ការ​អំពៅ​ជាច្រើន​បំផុត​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចំា​កម្ពុជា​ និង​សមាជិក​គណបក្ស​ប្រឆាំង​ជាច្រើន​រូប​ទៀតផងដែរ។ លោក ទីរ៉ូលៀន បាន​ស្នើ​សុំ​ជំនួប​មួយ​ជាមួយ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ ក៏​ប៉ុន្តែ សំណើរបស់​លោក​មិន​ត្រូវ​បាន​អើពើ​ទេ​។

លោក ទ្មិន ទី ដែល​បាន​បាត់​បង់​ដីស្រែ​ប្រាំ​​ហិក​តា​ដោយ​សារ​ចម្ការអំពៅ​អង្គរ​របស់​លោក លី យ៉ុងផាត់ ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​លើក​ឡើង​ថា លោក រីករាយ​ដែល​លោក​ ទីរ៉ូ​លៀន បាន​​​ចុះ​មក​សហគមន៍​នេះកាលពី​ថ្ងៃ​អង្គារ​ ។ លោក​មាន​ប្រសាសន៍​ថា “ ខ្ញុំ​និង​អ្នក​ភូមិ​ដទៃទៀតមាន​សង្ឃឹម​ចំពោះ​សភា​អឺរ៉ុប​នៅ​ពេល​យើង​ឮថាលោក​សន្យា​ថានឹ​ង​ជួយ​យើង​។ លោក​បាន​សន្យា​ជាមួយ​អ្នក​ភូមិ​ថា លោកនឹង​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​សមាជិក​ផ្សេងៗ​ទៀត​នៅ​តំបន់​អឺរ៉ុប​ ហើយ​លោក​នឹង​ព្រមាន​ក្រុមហ៊ុន​ដែល​ពាក់​ព័ន្ធ​ក្នុង​អំពើ​រំលោភ​បំពាន​សិទ្ធិ​ប្រជាជន​ និង​ការ​បណ្តេញអ្នក​ភូមិចេញ​ពី​ដី​របស់​ពួកគាត់​”។ សុធា

(រាយការណ៍​បន្ថែម​ដោយ ឃួន ណារីម)​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស