យោងតាមអង្គការសមធម៌កម្ពុជា បានឲ្យដឹងថា សមាជិកសភាអឺរ៉ុបមួយរូប កំពុងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីស៊ើបអង្កេតក្រុមហ៊ុនកសិពាណិជ្ជកម្មនានាដែលត្រូវបានចោទប្រកាន់ថា បានបណ្តេញប្រជាជនជាច្រើនរយគ្រួសារចេញពីលំនៅដ្ឋាន ក្នុងពេលកំពុងទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយជាមួយតំបន់អឺរ៉ុប ដែលមានតម្លៃជាច្រើនលានដុល្លារ។
លោក ផាតទ្រី ទីរ៉ូលៀន (Patrice Tirolien) បានមកបំពេញទស្សនកិច្ចពីប្រទេសបារាំង បន្ទាប់ពីសភាអឺរ៉ុបអនុម័តសេចក្តីសម្រេចមួយកាលពីថ្ងៃទី១៦ ខែនេះ ដើម្បីជំរុញឲ្យគណៈកម្មការអឺរ៉ុបអនុវត្តចំណាត់ការទៅលើសេចក្តីរាយការណ៍ដោយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក កាលពីឆ្នាំ២០១៣ ដែលបានបង្ហាញព័ត៌មានលម្អិតទាក់ទងនឹងសកម្មភាពបណ្តេញចេញ និងទន្ទ្រានយកដីធ្វើឡើងដោយក្រុមហ៊ុនចម្ការអំពៅដោយទទួលផលប្រយោជន៍ពីកិច្ចព្រមព្រៀងនាំចេញឥតគិតពន្ធទៅកាន់តំបន់អឺរ៉ុប ក្រោមកិច្ចព្រមព្រៀងអ្វីៗគ្រប់យ៉ាងលើកលែងតែសពា្វវុធ។
បរិមាណនាំចេញទៅកាន់តំបន់អឺរ៉ុបតាមរយៈកិច្ចព្រមព្រៀងអ្វីៗគ្រប់យ៉ាងលើកលែងតែសពា្វវុធ បានជួយជំរុញឲ្យមានការបង្កើតការងារជាច្រើនពាន់កន្លែងនៅក្នុងវិស័យកាត់ដេរដែលរហូតមកទល់ពេលនេះ គឺជាវិស័យនាំចេញសំខាន់បំផុតនៅក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែ អង្គការសិទ្ធិមនុស្សបានលើកឡើងថា កិច្ចព្រមព្រៀងដូចគ្នាសម្រាប់វិស័យអំពៅ បានជំរុញឲ្យមានសកម្មភាពបណ្តេញចេញ និងទន្ទ្រានយកដីកើនឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅតំបន់ជនបទ ហើយបច្ចុប្បន្ននេះ អង្គការទាំងនោះចង់ឲ្យមានការព្យួរផលប្រយោជន៍ពាណិជ្ជកម្មសម្រាប់ផលិតផលអំពៅកម្ពុជា។
មជ្ឈដ្ឋានរិះគន់ក្រុមហ៊ុនចម្ការអំពៅ និងស្ករឥតគិតពន្ធដែលក្រុមហ៊ុនទាំងនេះនាំចេញទៅតំបន់អឺរ៉ុប សង្ឃឹមថា ដំណើរទស្សនាកិច្ចរបស់លោក ទីរ៉ូលៀន នឹងជំរុញឲ្យគណៈកម្មការពាណិជ្ជកម្មបង្កើនលឿនឆ្ពោះទៅរកការអនុវត្តប្រតិបត្តិការស៊ើបអង្កេតពេញលេញ ទៅលើអំពើរំលោភបំពានដែលមានទំនាក់ទំនងទៅនឹងកម្មសិទ្ធិដីធ្លី។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា បានមានប្រសាសន៍ថា “ យើងជឿថា គាត់នឹងប្រើសម្ពាធរបស់គាត់ សម្រាប់ជំរុញឲ្យគណៈកម្មការអឺរ៉ុបអនុវត្តប្រតិបត្តិការស៊ើបអង្កេតនេះ។ តាមរយៈដំណើរទស្សនកិច្ចរបស់គាត់ យើងជឿថា នឹងមានសម្ពាធកាន់តែច្រើនទៅលើគណៈកម្មការអឺរ៉ុបឲ្យធ្វើសកម្មភាព”។
នៅខេត្តកោះកុងប្រជាជន២០០គ្រួសារដែលបានបាត់បង់ដីដោយសារក្រុមហ៊ុនចម្ការអំពៅ កំពុងប្តឹងក្រុមហ៊ុនម្ហូបអាហារ Tate & Ly ដែលជាក្រុមហ៊ុនដ៏ធំមួយនៅចក្រភពអង់គ្លេស រឿងស្ករដែលខ្លួនបាននាំចូលពីទឹកដីរបស់ប្រជាជនទាំងនោះតាមឈ្នួញកណ្តាលថៃ។
ក្រុមហ៊ុននៅពីក្រោយសកម្មភាពបណ្តេញទាំងនេះបានឲ្យដឹងថា ពួកគេបានបង់សំណងឲ្យប្រជាជនដែលរងផលប៉ះពាល់យ៉ាងយុត្តិធម៌ និងបានគោរពតាមច្បាប់ពាក់ព័ន្ធទាំងអស់។
ទោះបីជាមានសំណើជាច្រើនចេញពីទាំងអង្គការរដ្ឋាភិបាលក្នុងស្រុក ទាំងសមាជិកសភាអឺរ៉ុបឲ្យមានការស៊ើបអង្កេតទៅលើក្រុមហ៊ុនចម្ការអំពៅនៅក្នុងប្រទេសកម្ពុជាក៏ដោយក៏លោក ការ៉េល ដេហ្កាច់ (Karel de Gucht) សមាជិកគណៈកម្មការពាណិជ្ជកម្មសហភាពអឺរ៉ុបកាលពីខែឧសភា បានលើកឡើងថា ស្ថានភាពនៅក្នុងប្រទេសកម្ពុជា បន្ទាន់ធ្ងន់ធ្ងរគ្រប់គ្រាន់ដែលទាមទារឲ្យមានការស៊ើបអង្កេតផ្លូវការ ឈានដល់ការដាក់ទណ្ឌកម្មនៅឡើយទេ។
លោក វុទ្ធី បានឲ្យដឹងទៀតថា លោក ទីរ៉ូលៀន បានចុះទៅតំបន់នានាជាមួយប្រជាជនដែលត្រូវបានបណ្តេញចេញពីដីរបស់ខ្លួនដោយក្រុមហ៊ុនចម្ការអំពៅនានានៅក្នុងខេត្តឧត្តរមានជ័យ និងនៅខេត្តកំពង់ស្ពឺ ។លោកក៏បានពិភាក្សាជាមួយលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាដែលមានចម្ការអំពៅជាច្រើនបំផុតគណៈប្រតិភូសហភាពអឺរ៉ុបប្រចំាកម្ពុជា និងសមាជិកគណបក្សប្រឆាំងជាច្រើនរូបទៀតផងដែរ។ លោក ទីរ៉ូលៀន បានស្នើសុំជំនួបមួយជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏ប៉ុន្តែ សំណើរបស់លោកមិនត្រូវបានអើពើទេ។
លោក ទ្មិន ទី ដែលបានបាត់បង់ដីស្រែប្រាំហិកតាដោយសារចម្ការអំពៅអង្គររបស់លោក លី យ៉ុងផាត់ ក្នុងខេត្តឧត្តរមានជ័យបានលើកឡើងថា លោក រីករាយដែលលោក ទីរ៉ូលៀន បានចុះមកសហគមន៍នេះកាលពីថ្ងៃអង្គារ ។ លោកមានប្រសាសន៍ថា “ ខ្ញុំនិងអ្នកភូមិដទៃទៀតមានសង្ឃឹមចំពោះសភាអឺរ៉ុបនៅពេលយើងឮថាលោកសន្យាថានឹងជួយយើង។ លោកបានសន្យាជាមួយអ្នកភូមិថា លោកនឹងយកបញ្ហានេះទៅពិភាក្សាជាមួយសមាជិកផ្សេងៗទៀតនៅតំបន់អឺរ៉ុប ហើយលោកនឹងព្រមានក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងអំពើរំលោភបំពានសិទ្ធិប្រជាជន និងការបណ្តេញអ្នកភូមិចេញពីដីរបស់ពួកគាត់”។ សុធា
(រាយការណ៍បន្ថែមដោយ ឃួន ណារីម)