37 C
Phnom Penh

លោក​ យឹម សុវណ្ណ ចេញ​លិខិត​បដិសេធ​ចំពោះ​​ការ​ចោទ​ថា លោក​​មើល​ងាយ​តួនាទី​របស់​កង​ទ័ព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ លោក យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​បញ្ជាក់​ពី​តួនាទី​របស់​លោក​ចំពោះ​កង​កម្លាំង​​ប្រដាប់​អាវុធ​បន្ទាប់​ពី​ក្រសួង​ការ​ពារ​ជាតិ​បាន​ចោទ​ប្រកាន់​រូប​លោក​ថា បាន​“ មើល​ងាយ”​រដ្ឋា​ភិបាល​ និង​​តួនាទី​​របស់​កង​ទ័ព​។

នៅក្នុង​លិខិត​បដិសេធ​ដ៏វែង​ចេញ​កាល​ពី​ម្សិល​មិញ លោក យឹម សុវណ្ណ បាន​​​ប្រើ​ពាក្យ​​​សរ​សើរ​អំពី “ ការ​ស្នេហា​ជាតិ​ និង​ភាព​ក្លា​ហាន​” របស់​កង​ទ័ព​។
លោក​បាន​ប​ន្ថែម​ថា នៅក្នុង​អាជីព​នយោ​បាយ​​ លោក​តែង​តែ​ជា​អ្នក​​គាំ​ទ្រ​​ខ្លាំង​ក្លាដល់​កង​ទ័ព​ ហើយ​ថែម​ទាំង​​បាន​អំពាវនាវ​ឲ្យ​មាន​ការ​​ដំឡើង​ប្រាក់បៀវត្សរ៍ដល់​កង​ទ័ព​ទៀត​ផង​។លោក​បាន​សរសេរ​ថា “ ក្នុងមុខ​តំណែង​​ជា​តំណាងរាស្ត្រជាង​១៥​ឆ្នាំ ខ្ញុំបានត​ស៊ូមតិ​ជានិច្ច​ ​​ការ​ពារ​ផល​ប្រយោជ​ន៍កង​ទ័ពជា​តិ​​​ជា​ពិសេស​ការ​​ស្នើសុំ​ឲ្យ​ដំឡើង​ប្រាក់​បៀវត្សរ៍​ជូន​កង​ទ័ព ដើម្បី​ឲ្យ​ពួកគាត់​អាច​រស់នៅ​ប្រកប​ដោយ​ជីវភាពថ្លៃថ្នូរក្នុង​សង្គម ហើយ​​ស័ក្តិសម​នឹង​គុណ​បំណាច់​ដែល​ពួកគាត់​បាន​​និង​​កំពុង​សាងជូន​ប្រទេស​ជាតិ”។

កា​លពីថ្ងៃ​អង្គារ​ ក្រសួង​ការ​ពារ​ជាតិ​បាន​លើក​​ឡើង​ថា ការអត្ថាធិប្បាយ​របស់​លោក យឹម សុវណ្ណ កាល​ពី​សប្តាហ៍​មុន​ដែល​​ថា “កង​​ទ័ព​បម្រើ​រដ្ឋាភិបាល​ខុស​ច្បាប់​” ដែល​​ធ្វើ​ឡើង​ដើម្បី​​ឆ្លើយ​តប​ចំពោះ​សេចក្តី​ប្រកាស​ជា​សាធារណៈ​​គាំទ្រ​រដ្ឋាភិ​បាល​ ​និង​ការ​​បោះឆ្នោត​កាល​​ពីឆ្នាំ​មុន​ពី​សំណាក់​លោក ​ឧត្តម​សេនីយ៍​ ទៀ​ បាញ់ នោះបាន​ធ្វើ​ឲ្យ​​គេ​បាត់​បង់​ជំនឿ​ទុកចិត្តលើ​​កា​រងារ​កង​ទ័ព​។

លោក យឹម សុវណ្ណ បាន​មាន​ប្រសា​សន៍​ថា “ ខ្ញុំ​សូម​បដិសេធទាំងស្រុងចំពោះសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​ពារ​ជាតិ​…ដែល​បក​ស្រាយខុស​ខ្លឹមសារពិតនៃការ​ធ្វើអត្ថាធិប្បាយ​របស់ខ្ញុំ​”។ លោក​បាន​បន្ថែម​ថា ន័យ​ពិត​​ប្រាកដ​ ការ​អត្ថាធិប្បាយ​របស់​​លោក​សំដៅទៅលើអ្នក​ធ្វើសេចក្ត​ីសម្រេចមួយ​ចំនួន​តូចក្នុង​ជួរ​កងទ័ព​ ដែល​លោក​បាន​មាន​ប្រសាសន៍ថា មាន​តួនាទី​ សំខាន់​ក្នុងការ​រៀប​ចំ​និង​ការ​​បញ្ជា​ឲ្យ​មាន​ការបង្ក្រាបហិង្សា​ទៅ​លើ​កូដ​កម្ម​​របស់​កម្មករ​រោងចក្រកាត់​ដេរ​ ព្រម​ទាំង​ទៅ​លើ​ការ​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​។ លោ​កបាន​មាន​ប្រសាសន៍ថា  ទង្វើ​បែប​នេះ​បង្ហាញ​ពីការ​គាំទ្រ​របស់​កង​ទ័ព​ចំពោះ​គណបក្ស​នយោបាយ​មួយ​ជាង​គណ​បក្ស​នយោបាយ​មួយ​ទៀត​ ។​ “​តាម​ច្បាប់​​កង​ទ័ពជាតិ​ត្រូវមាន​ភាព​អព្យាក្រឹតក្នុង​ការ​បំពេញ​តួនាទីនិង​ភារ​កិច្ច​​របស់​ខ្លួន​។

លោក សុក សំអឿន មេធាវី​ដ៏​ឆ្នើម​​មួយ​រូប​ និង​ជា​នាយក​ប្រតិបត្តិ​ក្រុម​អ្នក​​ច្បាប់​ការ​ពារ​សិទ្ធិកម្ពុជា​បាន​មាន​​​ប្រសា​សន៍​ថា ច្បាប់​ចែង​​មិន​​ច្បាស់​លាស់​អំពី​ភាព​អព្យាក្រឹត​របស់​កង​ទ័ព​ ហើយ​​ថា ពេល​​​បង្ហាញ​ពីការ​គាំទ្រ​ចំពោះ​រដ្ឋា​ភិបាល​ វា​មិនមាន​​ប​ញ្ហា​ទេ ​ប៉ុន្តែ​ការ​គាំទ្រ​ជា​សាធារណៈ​ទៅ​លើ​បុគ្គល​ដូច​ជា លោក ហ៊ុន សែន វាជា​បញ្ហា​បន្តិច​បន្តួច​”។​ លោក​ សុក សំអឿន​ បាន​មាន​​ប្រសា​សន៍​ថា “ យើង​ត្រូវ​ការ​ច្បាប់​ច្បាស់​លាស់​ស្តីពីការ​ចូល​រួម​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​និង​បញ្ហា​នយោបាយ​ដែល​កើត​ឡើ​ង​នៅក្នុង​ប្រទេស​កម្ពុជា”។ លោក​បាន​បន្ថែមថា “ ឥឡូវ​នេះ​ពួក​គេ​មាន​ការ​ភាន់​ច្រឡំ​អំពីតួនាទី​របស់​កង​កម្លាំង​ប្រដាប់​អាវុធ និង​អ្នក​នយោបាយ​។

លោក​ឧត្តមសេនីយ៍ ទៀ បាញ់ និង មន្ត្រី​កង​រាជអាវុធ​ហត្ថ​ និង​នគរបាលជាតិ​បាន​និយាយ​ប្រឆាំង​នឹង​គណ​បក្ស​ប្រឆាំង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​ បន្ថែម​​ពីលើ​ការ​ប្រកាស​គាំទ្រ​រដ្ឋា​ភិ​បាល​របស់​លោក ហ៊ុន សែន ។

នៅពេល​សួរ​​ថា តើ​​អព្យាក្រឹត​ភាព​ក្នុង​ចំណោម​កង​កម្លាំង​ប្រដាប់​អាវុធ​​កំពុង​ធ្វើ​ឲ្យ​មាន​​ការ​ប៉ះពាល់ឬ​យ៉ាង​ណា​នោះ លោក សុក សំអឿន ​បាន​មាន​​ប្រសាសន៍ថា “​ ពិត​មែន​ហើយ​។ អ្នក​អាច​មើល​ឃើញ​ហើយអំឡុង​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត  ឧត្តម​សេនីយ៍​​ជា​ច្រើន​រូប​បាន​ចូល​រួម​ធ្វើ​យុទ្ធ​នាការ​ឃោស​នា​​បោះ​ឆ្នោត​។ បើ​ទោះជា​ពួកគេ​មិន​ស្លៀក​ពាក់​ឯក​សណ្ឋាន​ក៏ដោយ ក៏ពួកគេ​នៅ​តែ​ជា​កង​កម្លាំង​ប្រដាប់​អាវុធតែ​ដដែល​ហ្នឹង​”។

ប៉ុន្តែ លោក ជាម​ យៀប អ្នក​នាំពាក្យ​រដ្ឋ​សភា ​បាន​មាន​ប្រសាសន៍ថា កង​កម្លាំង​ប្រដាប់​​អាវុធ​ត្រូវធ្វើ​តាម​បទ​បញ្ជា​របស់​សម្តេច​ ហ៊ុន សែន។
លោក​បានមាន​ប្រសាសន៍ថា “ ពួកគេ​ត្រូវ​នៅ​ជា​អព្យាក្រឹត​ ប៉ុន្តែ ពួកគេ​ត្រូវ​ស្តាប់​គណបក្ស​ណាដែល​ឈ្នះ​ឆ្នោត​និង​ស្តាប់​លោក​នាយក​រដ្ឋមន្ត្រី​”៕ សារុន

(រាយការណ៍​បន្ថែមដោយ​ Lauren Crothers)​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស