លោក ហ៊ូហ្គោ ស្វាយអឺ (Hugo Swire) អនុរដ្ឋមន្ត្រីការបរទេសទស្សនកិច្ចរបស់អង់គ្លេស ទទួលបន្ទុកកិច្ចការនៅតំបន់អាស៊ីអាគ្នេយ៍ នឹងចូលជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំគណបក្សប្រឆាំងនៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីបញ្ហាធុរកិច្ចនិងបរិយាកាសនយោបាយនាពេលបច្ចុប្បន្ន ដែលបានរងផលប៉ះពាល់ដោយសារការជាប់គាំងចាប់តាំងពីការបោះឆ្នោតជាតិកាលពីខែកក្កដាមក។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសកម្ពុជាសម្រាប់លោក ហ៊ូហ្គោ ស្វាយអឺ ដែលដំបូងឡើយគ្រោងមកដល់ប្រទេសកម្ពុជាកាលពីល្ងាចម្សិលមិញ។លោកបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញដោយស្ថានទូតអង់គ្លេសកាលពីម្សិលមិញថា “ខ្ញុំមកទីនេះដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីទិដ្ឋភាព និងឧបសគ្គនយោបាយនាពេលបច្ចុប្បន្ន ដើម្បីធានាឲ្យបាននូវអនាគតប្រកបដោយសន្ដិភាព សុវត្ថិភាព និងលទ្ធិប្រជាធិបតេយ្យសម្រាប់កម្ពុជា។ ខ្ញុំក៏ចង់ស្វែងរកសក្ដានុពល ដើម្បីបង្កើតទំនាក់ទំនងធុរកិច្ចរវាងប្រទេសរបស់យើងទាំងពីរជាមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ចនាពេលអនាគត”។
កាលពីថ្ងៃទី១០ ខែមករា លោក ហ៊ូហ្គោ ស្វាយអឺ បានចេញសេចក្ដីថ្លែងការណ៍មួយរិះគន់បម្រាមថ្មីមួយលើបាតុកម្មនិងការប្រើប្រាស់កម្លាំងហួសហេតុពីសំណាក់មន្ត្រីកងរាជអាវុធហត្ថនៅមួយសប្ដាហ៍មុននោះ ដើម្បីបង្ក្រាបបាតុកម្មទាមទារដំឡើងប្រាក់ខែគោលសម្រាប់វិស័យកាត់ដេរ ដែលនាំចេញដោយមិនជាប់កាតព្វកិច្ចពន្ធទៅកាន់តំបន់អឺរ៉ុបក្រោមគម្រោងធុរកិច្ចសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះ លោក ហ៊ូហ្គោ ស្វាយអឺ បានលើកឡើងថា ប្រទេសអង់គ្លេសមានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះការប្រើប្រាស់កម្លាំងបង្ក្រាបហួសហេតុពីសំណាក់កងកម្លាំងសន្ដិសុខ” ហើយបានលើកឡើងថា កម្ពុជា “ត្រូវគោរពសិទ្ធិសេរីភាពក្នុងការជួបជុំដោយសន្ដិវិធី”។
ដោយគណបក្សសង្គ្រោះជាតិនៅតែមានជំហរច្រានចោលមិនទទួលស្គាល់ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជាតិ និងធ្វើពហិការមិនចូលសភានោះ លោកក៏បានជំរុញឲ្យគណបក្សទាំងពីរបន្តចរចាគ្នាឡើងវិញក្នុងពេលឆាប់ៗនេះ។
ស្ថានទូតអង់គ្លេសបានលើកឡើងថា ពេលនេះខ្លួនមិនអាចបញ្ជាក់បានថា តើលោក ហ៊ូហ្គោ ស្វាយអឺ នឹងលើកឡើងពីក្ដីបារម្ភដដែលទាំងនោះដោយផ្ទាល់ជាមួយលោក ហ៊ុន សែន នៅពេលលោកទាំងពីរជួបគ្នានៅរសៀលនេះឬយ៉ាងណាទេ។ លោក ហ៊ូហ្គោ ស្វាយអឺ ក៏គ្រោងជួបជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងលោក យឹម សុវណ្ណ តំណាងរាស្ត្រគណបក្សនេះផងដែរ។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា “យើងនឹងជម្រាបគាត់អំពីអនុសាសន៍របស់យើងសម្រាប់ការបោះឆ្នោតឡើងវិញ និងជំហរនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិនយោបាយនេះ”។ លោកថ្លែងថា គណបក្សប្រឆាំងក៏នឹងជំរុញឲ្យលោក ហ៊ូហ្គោ ស្វាយអឺ អនុវត្តតាមសេចក្ដីសម្រេចមួយដែលសភាអឺរ៉ុបបានអនុម័តកាលពីដើមខែនេះ ដែលអំពាវនាវឲ្យលោក ហ៊ុន សែន ធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនិងធ្វើការស៊ើបអង្កេតគួរឲ្យជឿទុកចិត្តបានលើការបោះឆ្នោតកាលពីខែកក្កដា និងការបាញ់សម្លាប់កម្មករកាត់ដេរប្រាំនាក់។ គណបក្សសង្គ្រោះជាតិបានលើកឡើងថា សហភាពអឺរ៉ុបគួរតែពិចារណាកាត់ផ្ដាច់ជំនួយជួយដល់កម្ពុជា ប្រសិនបើលោកនាយករដ្ឋមន្ត្រីមិនអនុវត្តតាមទេនោះ។
លោក ហ៊ូហ្គោ ស្វាយអឺ នឹងចូលជួបសវនាការជាមួយលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសនៅព្រឹកនេះ ហើយនឹងធ្វើទស្សនកិច្ចនៅសារមន្ទីរប្រល័យពូជសាសន៍នាពេលរសៀលមុនពេលចូលជួបសវនាការជាមួយលោក ហ៊ុន សែន៕ សុខុម