អ្នកស្រី រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន ដែលត្រូវបានចោទប្រកាន់ថា ជាចារនារី និងត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារតាំងពីឆ្នាំ២០១០នោះ សប្បាយចិត្តរហូតស្រក់ទឹកភ្នែកនៅពេលបានឮថា ទោសជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំរបស់ខ្លួនបានបញ្ចប់យ៉ាងរហ័សកាលពីថ្ងៃសុក្រ ដោយសារតែការព្រះរាជទានលើកលែងទោសពីសំណាក់ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលទ្រង់បានកាត់បន្ថយរយៈពេលជាប់ពន្ធនាគារ ព្រមទាំង និងបានដោះលែងទណ្ឌិតកម្ពុជារាប់រយនាក់ទៀត អំឡុងពេលប្រារព្ធពិធីថ្វាយភ្លើងដល់ព្រះបរមសពសម្ដេចឪ នរោត្តម សីហនុ។
នៅចំពោះមុខអ្នកយកព័ត៌មានថៃដែលបានមកជួបជុំគ្នានៅឯពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញដើម្បីត្រួតពិនិត្យមើលការដោះលែងនេះ អ្នកស្រី រ៉ាទ្រី បានរៀបរាប់អំពីទោសជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកន្លះរបស់អ្នកស្រី ដែលអ្នកស្រីបានឆ្លងព្រំដែនចូលមកក្នុងទឹកដីប្រទេសកម្ពុជាខុសច្បាប់ ហើយបន្ទាប់មកបានចូលក្នុងតំបន់យោធាហាមឃាត់នៅក្នុងខេត្តបន្ទាយមានជ័យជាផ្នែកមួយនៃការតវ៉ារបស់ពួកជាតិនិយមជ្រុល”ពួកអាវលឿងថៃ”។
អ្នកស្រីត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងផ្ដន្ទាទោសជាមួយនឹងចៅហ្វាយរបស់ខ្លួនឈ្មោះ វីរ៉ា សុំក្វាមឃីដ សកម្មជនជាន់ខ្ពស់របស់ពួកអាវលឿងដែលទោសជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំរបស់គាត់ត្រូវបានបន្ថយមកនៅត្រឹមរយៈពេលប្រាំមួយខែប៉ុណ្ណោះ កាលពីថ្ងៃសុក្រ។
លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា អ្នកស្រី រ៉ាទ្រី ត្រូវបានលើកលែងទោស ហើយលោក វីរ៉ា ត្រូវបានកាត់បន្ថយទោសដែរ បន្ទាប់ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសុំឲ្យក្រសួងយុត្តិធម៌ដោះលែងពួកគេកាលពីដើមខែនេះ ប៉ុន្ដែការលើកលែងទោសនេះមិនបានពាក់ព័ន្ធនឹងការព្រះរាជទានទោសទ្រង់ទ្រាយធំអំឡុងពេលបុណ្យថ្វាយព្រះភ្លើងដល់សម្ដេចឪនោះទេ។
លោក សាអាន បានមានប្រសាសន៍នៅឯពន្ធនាគារថា “នេះគឺជាបញ្ហាការទូទរវាងប្រទេសកម្ពុជា និងប្រទេសថៃ គ្មានអ្វីពាក់ព័ន្ធជាមួយនឹងពិធីបុណ្យថ្វាយព្រះភ្លើងនោះទេ…។ សម្ដេច ហ៊ុន សែន…បាននិយាយជាមួយលោកស្រី យីងឡាក់ [ស៊ីណាវ៉ាត្រា]នាយករដ្ឋមន្ត្រី[ថៃ] ហើយលោកស្រីបានស្នើសុំឲ្យគាត់លើកលែងទោសនិងកាត់បន្ថយទោសជាប់ពន្ធនាគាររបស់ពួកគេទាំងពីរ”។
ដោយឆ្លៀតឱកាសកេងចំណេញខាងនយោបាយ លោក សាអាន បានបន្ថែមថា ការដោះលែងទណ្ឌិតនេះគឺជាភ័ស្តុតាងបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងទីក្រុងបាងកក និងរាជធានីភ្នំពេញ ហើយថា មេដឹកនាំប្រទេសទាំងពីមិនគិតអំពីផលប្រយោជន៍បុគ្គលនោះទេ ប៉ុន្ដែគឺជាផលប្រយោជន៍នៃប្រជាជាតិទាំងមូល។
អ្នកស្រី រ៉ាទ្រី មិនបានលម្អិតអំពីឱកាសនេះទេ។
អ្នកស្រីបានមានប្រសាសន៍ជាភាសាថៃមុនពេលចូលក្នុងរថយន្ដផ្ដល់ដោយស្ថានទូតថៃថា “ខ្ញុំសប្បាយចិត្តណាស់”។
មន្ត្រីពន្ធនាគារបានឲ្យដឹងថា ទណ្ឌិតចំនួន៤១២នាក់ផ្សេងទៀតនឹងទទួលបានការព្រះរាជទានទោស និងមានសិទ្ធិដើហើរទូទាំងប្រទេស បន្ទាប់ពីពួកគេចូលរួមក្នុងពិធីបុណ្យថ្វាយព្រះភ្លើងព្រះបរមសព សម្ដេចឪ ចប់រួចរាល់នៅថ្ងៃច័ន្ទ។
កាលពីសប្ដាហ៍មុន ព្រះមហាក្សត្រ នរោត្តម សីហមុនី បានឡាយព្រហស្ថលើព្រះរាជក្រិតដោះលែងទណ្ឌិតទាំង៤១២នាក់នេះ ហើយការដោះលែងពួកគេពីពន្ធនាគារនឹងប្រកាសជាផ្លូវការនៅថ្ងៃច័ន្ទ។រយៈពេលជាប់ពន្ធនាគាររបស់ទណ្ឌិតចំនួន៨៤នាក់ក៏នឹងត្រូវកាត់បន្ថយមកត្រឹមចន្លោះពីប្រាំមួយខែទៅមួយឆ្នាំប៉ុណ្ណោះ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា