38 C
Phnom Penh

ក្រុម​​​បណ្តាញ​​​ព្រះ​​​សង្ឃ​​​ឯករាជ្យ​​​ដើម្បី​​​យុត្តិធម៌​​​សង្គម ​​​នឹង​​​ផ្សាយ​​​កម្មវិធី​​​វិទ្យុ​​​ប្រចាំ​​​សប្តាហ៍​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ពេល​​​ដែល​​​ព្រះ​​​សង្ឃ​​​ព្រះ​​​ពុទ្ធ​​​សាសនា​​​ទូទាំង​​​ប្រទេស​​​គ្រង​​​ស្បង់​​​ចីពរ និង​​​និមន្ត​​​ចេញ​​​ពី​​​វត្ត​​​ដើម្បី​​​បិណ្ឌបាត​​​ជា​​​រៀង​​​រាល់​​​ព្រឹកនោះ ព្រះ​​​សង្ឃ​​​ប្រាំ​​​ពីរ​​​អង្គ​​​គង់នៅ​​​ក្នុង​​​ខណ្ឌ​​​ដង្កោ​​​ជាយ​​​រាជ​​​ធានី​​​ភ្នំពេញ​​​ កំពុង​​​​​​គិត​​​​​​តែ​​​ម្យ៉ាង​​​គត់​​​ធ្វើ​​​យ៉ាង​​​ណា​​​បំពេញ​​​សេចក្តី​​​ត្រូវ​​​ការព័ត៌មាន​​​ឯករាជ្យ​​​កាន់​​​តែ​​​ច្រើន​​​ឡើងៗ ​​​របស់​​​ប្រជា​​​ពលរដ្ឋ​​​ទូទាំង​​​ប្រទេស​​​។

​​​​​​ពេល​​​ថ្ងៃ​​​ត្រង់​​​ នៅ​​​ពេល​​​ដែល​​​ព្រះ​​​សង្ឃ​​​ភាគ​​​ច្រើន​​​គង់​​​ចុះ​​​ដើម្បី​​​ឆាន់​​​ចង្ហាន់​​​ថ្ងៃ​​​ត្រង់​​​ ដែល​​​ជា​​​ចង្ហាន់​​​ចុង​​​ក្រោយ​​​ សម្រាប់​​​ពេល​​​ពេញ​​​​​​មួយ​​​ថ្ងៃ​​​ ព្រះ​​​សង្ឃ​​​​​​ទាំង​​​ប្រាំ​ពីរអង្គ​​​នេះ​​​សរសេរមាតិការ​​​ព័ត៌មាន​នៅ​​​លើ​​​ផ្ទាំង​​​ក្រដាស ធំ​​​មួយ ដោយ​​​ព្រះ​​​សង្ឃ​​​ពីរ​​​អង្គ​​​នឹង​​​និមន្ត​​​ចេញ​​​ទៅ​​​តាម​​​ប្រមាញ់​​​ព័ត៌មាន​​​សំខាន់​​​ៗ​​​​​​ប្រចាំ​​​ថ្ងៃ​​​ ហើយ​​​ព្រះសង្ឃ​​​ដែល​​​នៅ​​​សេសសល់​​​ផ្សេង​​​ទៀត​​​ នឹង​​​ធ្វើការ​​​តាម​​​ដាន​​​ព្រឹត្តិការណ៍​​​ប្រចាំ​​​ថ្ងៃ​​​តាម​​​គេហទំព័រ​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​ហ្វេសប៊ុក​​​ និង​​​ទ្វីតធើ។​​​

ហើយ​​​មុន​​​នឹង​​​សម្រាក​​​ពេល​​​ល្ងាច ក្រុម​​​វិទ្យុ​នេះ​​​ ដែល​​​​​​សុទ្ធ​​តែ​​ជា​​​​​​​​​​សមាជិក​​​​​​​​​បណ្តាញ​​​​​​ព្រះ​​​​សង្ឃ​​​ឯករាជ្យដើម្បី​​​យុត្តិធម៌​​​សង្គម​​​ ​​​នឹង​​​ផលិត​​​ព័ត៌មានបាន​​​ប្រហែល​​​១០នាទី​​​ ហើយ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌មាន​​​នោះ​​​តាម​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​បណ្តាញ​​​ព្រះ​​​សង្ឃ​​​ឯករាជ្យដើម្បី​​​យុត្តិធម៌​​​សង្គម ដែល​​​មាន​​​អ្នក​​​គាំទ្រ​រហូត​ដល់​ទៅ​​​ជាង​​​១០.០០០​​​នាក់​​​។

​​​នេះ​​​គឺ​​​ជា​​​គម្រោង​​​សាក​​​ល្បង​​​សម្រាប់​​​ការ​​​ចាប់​​​ផ្តើម​​​វិទ្យុ ​​​VIM (សំឡេង​​​ព្រះ​​​សង្ឃ​​​ឯករាជ្យ​​​) តាមការ​​​គ្រោង​​​ទុក​​​នៅ​​​ថ្ងៃ​​​ទី​​​១៤​​​ ម្តង​​​ក្នុង​​​មួយ​​​សប្តាហ៍​​​​​​នៅ​​​​​​ពេល​​​រសៀល​​​ថ្ងៃ​​​ខែកុម្ភៈ​​​ ជាកម្មវិធី​​​​​ផ្សាយរយៈពេល​​​មួយ​​​ម៉ោង​​​សុក្រ​​​ តាម​​​វិទ្យុ​​​មហា​​​នគរ​​​ FM៩៣.៥ ដែល​​​យោង​​​តាម​​​ការ​​​ស្ទាប​​​ស្ទង់​​​មតិ​​​មួយ​​​កាលពី​​​ឆ្នាំ​​​២០១០​​​ធ្វើ​​​ឡើង​​​ដោយ​​​វិទ្យាស្ថាន​​​សាធារណ​​​រដ្ឋ​​​អន្តរជាតិហៅ​​​កាត់​​​ថា IRI ​​​បង្ហា​​​ញ​​​ថា​​​មាន​​​សមត្ថភាព​​​អាច​​​ផ្សាយ​ទៅ​​​ដល់​​​​ប្រិយ​​​មិត្ត​​​​​អ្នក​​​ស្តាប់​​​ជាង​​​៩លាន​​​នាក់​​​។

កម្មវិធី​​​នេះ​​​នឹង​​​ដឹក​​​នាំ​​​ដោយ​​​ព្រះតេជ​​​គុណ​​​ ប៊ុត​​​ ប៊ុន​​​ទិញ ស្ថាបនិក​​​បណ្តាញ​​​​​​ព្រះ​​​សង្ឃ​​​ឯក​​​រាជ្យដើម្បី​​​យុត្តិធម៌​​​សង្គម ហើយ​​​នឹង​​​ផ្សាយ​​​ខ្លឹម​​​​​​​​​សារ​​​ព័ត៌មានដែល​​​​​​ចែក​​​ចេញ​​​ជា​​​បី​​​ប្រភេទ​​​ផ្សេង​​​គ្នា​​​ ទី១​​​ព័ត៌មាន​​​ពុទ្ធសាសនា ទី២​​​ ព័ត៌មាន​​​​​​​​​សង្គម​​​ និង​​​ទី៣​​​ កិច្ចពិភាក្សា​​​តុមូល​​​ ស្តី​​​ពី​​​បញ្ហា​​​បន្ទាន់​​​បំផុត​​​ប្រចាំ​​​ថ្ងៃ​​​​​​។

លោក​​​ ម៉ូសេស ង៉ែត​​​ មន្ត្រី​​​សម្រប​​​សម្រួល​​​ផ្នែក​​​ទំនាក់​​​ទំនង​​​នៅ​​​មជ្ឈមណ្ឌល​​​អប់រំ​​​ច្បាប់​​​សម្រាប់​​​សហគមន៍​​​ ដែល​​​ចាប់​​​តាំង​​​ពី​​​ខែ​​​មិថុនា​​​មក​​​បាន​​​ផ្សាយ​​​ប្រចាំ​​​ថ្ងៃ​​​នៅក្នុង​​​ម៉ោង​​​ផ្សាយ​​​ម៉ោង៣រសៀល​​​របស់​​​វិទ្យុមហានគរ​​​ ហើយ​​​នឹង​​​ប្រគល់​​​ម៉ោង​​​ផ្សាយថ្ងៃសុក្រ​​​​​​របស់​​​ខ្លួន​​​ប្រគេន​​​ដល់​​​ព្រះ​​​សង្ឃ​​​ទាំងនេះ​​​ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា ការ​​​ចាប​​​​​​់​​​កំណើតរបស់​​​​​​វិទ្យុ​​​ VIM ​​​​​​មាន​​​សក្តានុពល​​​បង្កើន​​​ការ​​​ផ្សាយ​​​ព័ត៌មាន​​​ឯករាជ្យ​​​។

លោក​​​ ង៉ែត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​វា​​​មិន​​​មែន​​​វិជ្ជា​​​ជីវៈព័ត៌មាន​​​​​​អាជីពទេ​​​​​​ ប៉ុន្តែ​​​វាជា​​​វិជ្ជា​​ជីវៈ​​​ព័ត៌មាន​​​ដែល​​​ចេញ​​​ពី​​​ថ្នាក់​​​មូលដ្ឋាន​​​​​​​​​។ ជា​​​ញឹក​​​ញាប់​​​ព័ត៌មាន​​​ចេញ​​​ពី​​​មូលដ្ឋាន​​​ត្រូវ​​​បាន​​​បណ្តា​​​អ្នក​​​កាសែត​​​​​​​​​​​​អាជីព​​​យក​​​ទៅ​​​សរសេរ​​​ជា​​​ភាសា​​​អង់​​​គ្លេស​​​ រួច​​​​​​ចុះ​​​ផ្សា​​យ​​​នៅ​​​ក្នុង​​​កាសែត​​​មួយ​​​​​​​​​​​​ ដែល​​​ថ្នាក់​​​​​​មូល​​​ដ្ឋាន​​​ប្រហែល​​​ជា​​​មិន​​​អាន”។ លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​កាសែត​​​ពលរដ្ឋ ​​​[វិទ្យុ ​​​VIM]  ជាមួយ​​​នឹង​​​លែបថប់របស់់​​​ខ្លួន​​​គឺ​​​ដូច​​​ជា​​​ស្ថានីយវិទ្យុ​​​នៅ​​​ថ្នាក់​​​មូលដ្ឋាន​​​អ៊ីចឹង​​​ ពួក​​​គេ​​​អាច​​​ផ្សាយ​​​ជា​​​ភាសា​​​ខ្មែរ​​​បាន​​​ចេញ​​​ពី​​​ភូមិ មួយ​​​ក្រោម​​​ដើម​​​ឈើ​​​ ទៅ​​​ដល់​​​អ្នក​​​គ្រប់​​​គ្នា​​​ដែល​​​មាន​​​វិទ្យុ​​​”  លោក​​​បាន​​​បន្ត​​​ថា វិទ្យុ​​​ VIM  ក៏នឹង​​​មាន​​​ផ្សាយ​​​តាម​​​ប្រព័ន្ធ​​​អ៊ីនធើ​​​ណិត​​​ផង​​​ដែរ​​​។

ខណៈដែល​​​គ្មាន​​​ព្រះ​​​សង្ឃ​​​អង្គ​​​ណា​​​មួយ​​​ក្នុង​​​ចំណោម​​​ព្រះ​​​សង្ឃ​​​ទាំង​​​ប្រាំពីរ​​អង្គ​​​ដែល​​​ជា​​​សមាជិក​​​ក្រុម​​​​​​វិទ្យុ​​​ VIM ​​​ធ្លាប់​​​ទទួល​​​បាន​​​ការ​​​បណ្តុះ​​​បណ្តាល​​​ផ្លូវការ​​​ផ្នែក​​​សារព័ត៌មាន​​​ផ្លូវការនោះ​​​ព្រះសង្ឃទាំងនេះ​​​ធ្លាប់ទទួល​​​បានការ​​​​​​បណ្តុះ​​​បណ្តាល​​​ផ្នែក​​​សារព័ត៌មានកម្រិត​​​​​​មូលដ្ឋាន​​​ពី​​​លោក ណុប វី​​​ ប្រធាន​​​ផ្នែក​​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​​នៃ​​​មជ្ឈមណ្ឌល​​​កម្ពុជា​​​ដើម្បី​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ឯករាជ្យ​​​  ដែល​​​មាន​​​ប្រសាសន៍​​​ថា  ខណៈពេល​​​ព្រះ​​​សង្ឃ​​​ និមន្ត​​​មក​​​ពី​​​បណ្តាញ​​​ព្រះ​​​សង្ឃ​​​ឯករាជ្យ​​​ដើម្បី​​​យុត្តិធម៌​​​សង្គម​​​ អាច​​​ដើរ​​​តួនាទី​​​សំខាន់​​​នៅក្នុង​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​នោះ​​​ ប្រពៃ​​​ណី​​​​​​ព្រះ​​​ពុទ្ធ​​​សាសនា​​​អាច​​​នឹង​​​ធ្វើ​​​ឲ្យ​​​មាន​​​ឧបសគ្គ​​​ក្នុង​​​ការ​​​ប្រមូល​​​ព័ត៌មាន​​​​​​សំខាន់ៗ​​​។ លោក ណុប​​​ វី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “សកម្ម​​​ភាព​​​មួយ​​​ចំនួន​​​ជា​​​ធម្មតា​​​ព្រះ​​​សង្ឃ​​​មិន​​​អា​​​ច​​​ធ្វើ​​​បាន​​​ទេ​​​”។

សំដៅ​​​ដល់​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​ស្ត្រី​​​នៅ​​​ក្នុង​​​ការ​​​ប្រមូល​​​ព័ត៌មាន​​​ដែល​​​នឹង​​​ផ្ទុយ​​​ពី​​​ឥរិយាបថ​​​របស់​​​ព្រះ​​​សង្ឃ​​​ទូទៅ​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍ ​​​ថា “ខ្ញុំ​​​មិន​​​ដែល​​​ចាត់​​​តាំង​​​ព្រះ​​​សង្ឃ​​​ឲ្យ​​​និមន្ត​​​ចុះ​​​តាម​​​ទី​​​វាល​​​ដើម្បី​​​ស្វែង​​​រក​​​រឿង​​​និ​​​ង​​​ធ្វើ​​​សម្ភាស​​​ន៍​​​ឡើយ​​​ ពី​​​ព្រោះ​​​រឿង​​​រា៉វ​​​ដែល​​​កើត​​​ឡើង​​​នៅ​​​ទី​​​វាល​​​នោះ​​​អាច​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​សីលធម៌​​​របស់​​​ព្រះ​​​សង្ឃ​​​”។

ចំណែក​​​ឯ​​​ព្រះ​​​តេជ​​​គុណ​​​ ប៊ុត​​​ ប៊ុន​​​ទិញ​​​ វិញ​​​យល់​​​ឃើញ​​​ថា វាជាការទទួល​​​ខុស​​​ត្រូវ​​​របស់​​​ព្រះ​​​សង្ឃ​​​ដែល​​​ត្រូវ​​​បម្រើ​​​ប្រជា​​​ពលរដ្ឋ​​​ នៅ​​​ពេល​​​ដែល​​​សំឡេង​​​ប្រឆាំង​​​តែង​​​តែ​​​រង​​​ការ​​​បង្ក្រាប​​​។ ព្រះ​​​អង្គ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា “ប្រជា​​​ពល​​​រដ្ឋ​​​របស់​​​យើង​​​ត្រូវ​​​បាន​​​អាជ្ញាធរ​​​ និង​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ដែល​​​ពួក​​​គេ​​​គ្រប់​​​គ្រង​​​ភូត​​​កុហក​​​ជា​​​យូរ​មកហើយ​​​”។ ព្រះ​​​អង្គ​​​បាន​​​មាន​​​សង្ឃ​​​ដីកា​​​បន្ត​​​ទៀត​​​ថា “យើង​​​ជា​​​ព្រះ​​​សង្ឃ​​​  ហើយ​​​យើងក៏​​​ជា​​​ប្រជា​​​ពល​​​​​​រដ្ឋ​​​ដែរ​​​ ពេលវេលា​​​បាន​​​មក​​​ដល់ហើយ​​​​​​សម្រាប់​​​យើង​​​ប្រើ​​​ប្រាស់​​​តួនាទី​​​របស់​​​ខ្លួន​​​​​ជា​​​អ្នក​​​ដែល​​​គេ​​​គោរព​​​នៅ​​​ក្នុង​​​សង្គម​​​ ដើម្បី​​​ក្លាយ​​​ខ្លួន​​​​​ជា​​​អ្នក​​​កាសែត​​​ពលរដ្ឋ​​​ ហើយ​​​ចុះ​​​ផ្សាយ​​​រឿង​​​ពិតប្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​របស់​​​យើង​​​។ ហេតុ​​​អ្វី​​​យើង​​​មិន​​​អាច​​​ធ្វើ​​​ដូច្នេះ​​​បាន​​​? ព្រះ​​​ពុទ្ធមិន​​​ហាម​​​ឃាត់​​​រឿង​​​នេះ​​​ទេ​​​”។

ព្រះ​​​តេជ​​​គុណ​​​ ប៊ុត ប៊ុន​​​ទិញ​​​ ទទួល​​​ស្គាល់​​​ថា វិជ្ជា​​​ជីវៈ​​​សារព័ត៌មានជា​​​ការ​​​ងារ​​​មួយ​​​ ​​​ដែល​​​មនុស្ស​​​ភាគ​​​ច្រើន​​​​​​យល់​​ថា​​​មាន​​​គ្រោះ​​​ថ្នាក់​​​ ដោយសារតែ​​​​​​អ្នក​​​កាសែត​​​ចំនួន​​​១១នាក់​​​ ដែល​​​​​​រិះ​​​គន់​​​រដ្ឋា​​​ភិបាល​​​ត្រូវ​​​បាន​​​សម្លាប់​​​ចោល​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៤​​​មក ហើយ​​​ព្រះ​​​អង្គ​​​បាន​​​ព្យាយាម​​​ស្វែង​​​រក​​​ក្រុម​​​មួយ​​​ដែល​​​មាន​​​ឆន្ទៈ​​​ និង​​​​អាច​​​គាំទ្រ​​​ព្រះ​​​អង្គ​​​បាន​​​នៅ​​​ក្នុង​​​ការ​​​ងារ​​​​​​នេះ​​​។

ព្រះ​​​អង្គ​​​បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា “អាត្មា​​​បាន​​​អង្កេត​​​តាម​​​ដាន​​​មនុស្ស​​​គ្រប់​​​គ្នា​​​ដែល​​​បាន​​​តាម​​​ដាន​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​អាត្មា[​​​ដើម្បី​​​ជ្រើស​​​រើស​​​ក្រុម​​​វិទ្យុ​​​ VIM ]”។ ព្រះ​​​តេជ​​​គុណ​​​បាន​​​មាន​​​សង្ឃ​​​ដីកា​​​ទៀត​​​ថា​​​ “​​​អាត្មា​​​អាច​​​មើល​​​ឃើញ​​​អ្នក​​​ណា​​​ដែល​​​មាន​​​ភាព​​​អង់​​​អាច​​​គ្រប់​​​គ្រាន់​​​ហ៊ាន​​​​​​ចែក​​​រំលែក​​​វីដេអូ​​​ឃ្លីប​​​របស់​​​អាត្មា​​​ ជា​​​អ្នក​​​ដែល​​​មាន​​​សមត្ថ​​​ភាព​​​ជំរុញ​​​គាំ​​​ទ្រ​​​ព្រះ​​​សង្ឃដែល​​​​​​ចូល​​​រួម​​​បាតុកម្ម​​​ និង​​​អ្នក​​​ដែល​​​មិន​​​ពុក​​​រលួយ​​​។ អាត្មា​​​បាន​​​អង្កេត​​​តាម​​​ដាន​​​ពីរ​​​ទៅ​​​បី​​​ខែ​​​ ហើយ​​​បន្ទាប់​​​​​​អាត្មា​​​បាន​​​ទូរស័ព្ទ​​​ហៅ​​​ពួក​​​គេ​​​ឲ្យ​​​មក​​​ចូល​​​​រួម​​​ជាមួយ​​​ក្រុម​​​អាត្មា​​​”។

អ្នក​​​ដែល​​​ទទួល​​​បាន​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​ ដើម្បី​​​​​​​​​ឲ្យ​​​ធ្វើ​​​ជា​​​អ្នក​​​យក​​​ព័ត៌មាន​​​របស់​​​វិទ្យុ VIM មាន​​​ដូច​​​ជា​​​ព្រះតេជ​​​គុណ​​​ យឹម​​​ ហឿន​​​ ព្រះជន្ម​​​២៥ ​​​វស្សា​​​ជា​​​និស្សិត​​​បញ្ចប់​​​បរិញ្ញាបត្រ​​​ផ្នែក​​​អប់រំ​​​ ព្រះ​​​តេជគុណ​​​ ឈាន​​​ ពិសិដ្ឋ​​​ ព្រះជន្ម​​​​​​២៣ វស្សា ជា​​​និស្សិត​​​ផ្នែក​​​ហិរញ្ញ​​​វត្ថុ ព្រះ​​​តេជ​​​គុណ​​​​​​ អាន​​​ វិចិត្រ​​​ ព្រះជន្ម​​​​​​២៨ វស្សា​​​ ជា​​​និស្សិត​​​​​​​​​ច្បាប់ ព្រះតេជគុណ​​​​​​ ហេង ស្រ៊​​​ ព្រះជន្ម​​​​​​១៩​​​វស្សា​​ សិក្សា​​​នៅ​​​ថ្នាក់​​​ទី​​​១២​​​ និ​​ង​​​ព្រះតេជគុណ​​​​​​ គួង​​​ ផល្លា​​​ ព្រះជន្ម ​​​២០ វស្សា​​​ រៀន​​​នៅ​​​ថ្នាក់​​​ទី​​​៧​​​។

បន្ថែម​​​ពី​​​លើ​​​អ្នក​​​យក​​​ព័ត៌មាន​​​ទាំង​​​ប្រាំនាក់​​​នេះ​​​ ព្រះតេជគុណ​​​​​​ ចៅ​​​ សាន​​​រដ្ឋា​​​ ព្រះជន្ម​​​២៨​​​វស្សា​​​ ជា​​​និស្សិត​​​បញ្ចប់​​​បរិញ្ញាបត្រ​​​ផ្នែក​​​វិទ្យា​​​សាស្ត្រ​​​កុំព្យូទ័រ ​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​ឲ្យ​​​ធ្វើ​​​ជា​​​នាយក​​​វិទ្យុ​​​VIM  និង​​​ជា​​​ជំនួយការ​​​របស់​​​ព្រះ​​​តេជ​​​គុណ​​​ ប៊ុត ប៊ុន​​​ទិញ​​​ ដែល​​​ហៅ​​​ព្រះ​​​អង្គ ​​​ឯង​​​ថា ជា​​​និពន្ធ​​​នាយក​​​​​​ ជា​​​មុខ​​​តំណែង​​​មួយ​​​ដែល​​​​​​ព្រះអង្គ​​​​​​សារភាព​​​ថា ហួស​​​ពី​​​សមត្ថ​​​ភាព​​​របស់​​​ខ្លួន​​​។

សំដៅ​​​ដល់​​​លែបថប់​​​ពីរ​​​គ្រឿង​​​ កាមេរ៉ា​​​ពីរ​​​គ្រឿង​​​ និង​​​ទូរស័ព្ទ​​​ប្រភេទ​​​ស្មាត​​​ហ្វូន​​​ប្រាំពីរ គ្រឿង​​​ ដែល​​​ភាគ​​​ច្រើន​​​បរិច្ចាគ​​​ដោយ​​​អង្គ​​​ការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ សម្រាប់​​​ការ​​​ចាប់​​​កំណើត​​​វិទ្យុ​​​ VIM ព្រះតេជ​​​គុណ​​​​​​បាន​​​លើក​​​ឡើង​​​ថា  “យើង​​​ទទួល​​​​​​បាន​​​ការ​​​បណ្តុះ​​​បណ្តាល​​​​​​​​​​​​​​​​​​​​​​​​​​​ត្រឹម​​​ថា្នក់់​​​មូល​​​ដ្ឋាន​​​​​​ប៉ុណ្ណោះ គឺ​​​ Who How What  Why Where When ហើយ​​​តំណែង​​​និពន្ធនាយក​​​នេះ​​​ពិត​​​ជា​​​មិនស័ក្តិ​​​សមនឹង​​​​​​​​​ខ្ញុំ​​​ទេ​​​ ប៉ុន្តែ​​​យើង​​​មាន​​​ឧបករណ៍​​​ដែល​​​យើង​​​ត្រូវ​​​ការ​​​ដើម្បី​​​ធ្វើ​​​កម្មវិធី​​​វិទ្យុ”។

ដោយ​​​ចាប់​​​កំណើត​​​នៅ​​​ក្នុង​​​គ្រួសា​​​រ​​​កសិ​​​ករ​​​​​​ក្រី​​​ក្រ​​​ក្នុង​​​ស្រុកវ៉ារិន​​​ ខេត្ត​​​សៀម​​​រាប​​​ ក្នុង​​​ឆ្នាំ​​​១៩៧៩​​​ និង​​​បាន​​​សាង​​​ផ្នួស​​​ជា​​​បព្វ​​​ជិត​​​នៅ​​​ក្នុង​​​វត្ត​​​ដំណាក់​​​ក្នុង​​​ខេត្ត​​​នេះ​​​ ក្នុង​​​វ័យ​​​២០​​​ឆ្នាំ ​​​​​​​​​ព្រះ​​​តេជគុណ​​​ ប៊ុត ប៊ុន​​​ទិញ​​​ បាន​​​តស៊ូ​​​ព្យាយាម​​​សិក្សា រៀន​​​សូត្រ​រហូត​​​ទទួល​​​បាន​​​អាហារូប​​​ករណ៍​​​ទៅ​​​បន្ត​​​ការ​​​សិក្សា​​​នៅ​​​សាកល​​​វិទ្យា​​​ល័យ​​​​​​​​​​​​បុម​​​បៃ​​​​ (University of Bombay)​ក្នុង​​​ប្រទេស​​​ឥណ្ឌា​​​។

ប្រាំមួយ​​​ឆ្នាំ​​​ក្រោយមក​​​ ព្រះតេជ​​​គុណ​​​ បាន​​​បញ្ចប់​​​អាហារូបករណ៍​​​ថ្នាក់​​​អនុ​​​បណ្ឌិត​​​ផ្នែក​​​សង្គម​​​វិទ្យា ហើយ​​​ធ្វើ​​​ឲ្យ​​​ព្រះ​​​អង្គមាន​​​ឱកាស​​​បង្រៀន​​​ផ្នែក​​​សីលធម៌​​​ និង​​​អភិបាល​​​កិច្ច​​​ល្អ​​​ នរវិទ្យា​​​វប្បធម៌​​​​​​ សង្គម​​​វិទ្យា​​​ និង​​​ព្រះ​​​ពុទ្ធ​​​សាសនា​​​នៅ​​​សាកល​​​វិទ្យាល័យ​​​បញ្ញាសាស្ត្រ​​​ នៅ​​​ពេល​​​ព្រះ​​​អង្គ​​​និមន្ត​​​មក​​​កាន់​​​រាជ​​​ធានី​​​វិញ​​​ ជា​​​មុខ​​​តំណែង​​​មួយ​​​ដែលព្រះ​​​អង្គ​​​ត្រូវ​​​បាន​​​គេ​​​បណ្តេញ​​​ចេញ​​​ដោយ​​​គ្មាន​​​ការ​​​ពន្យល់​​​បក​​​ស្រាយ​​​ បី​​​សប្តាហ៍​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាល ​​​ពី​​​ខែ​​​កក្កដា​​​។ ព្រះ​​​អង្គ​​​ជឿ​​​ថា ការ​​​បណ្តេញ​​​​​​​​​​​​ ព្រះ​​​ អង្គចេញ​​​ពីការងារនេះ​​​ គឺ​​​ដោយ​​​សារ​​​ព្រះ​​​អង្គ​​​ធ្វើ​​​សកម្ម​​​ភាព​​​នយោបាយ​​​តាម​​​ហ្វេសប៊ុក​​​។

ក្រៅ​​​ពី​​​ភាសា​​​ខ្មែរ​​​ ព្រះ​​​តេជ​​​គុណ​​​ ប៊ុត​​​ ប៊ុន​​​ទិញ​​​​​​ ចេះ​​​និយាយ​​​ភាសា​​​បរទេស​​​ចំនួន​​​ប្រាំ​​​​​​ គឺ​​​ភាសា​​​អង់គ្លេស​​​ ភាសា​​​ហីណ្ឌី ភាសា​​​ថៃ​​​ ភាសា​​​ភូមា និង​​​ភាសា​​​វៀ​តណាម​​​ ប៉ុន្តែ​​​ភាសា​​​ដែល​​​ព្រះ​​​អង្គ​​​តែង​​​តែ​​​ប្រើ​​​ប្រាស់​​​នៅ​​​ក្នុង​​​វោហា​​​សាសន៍​​​ធ្ងន់ៗ​​​ប្រឆាំង​​​​​​រដ្ឋាភិបាល ​​​គឺ​​​ភាសា​​​ខ្មែរ​​​ ដែល​​​ជា​​​ភាសា​​​កំណើត​​​របស់​​​ព្រះ​​​អង្គ​​​។
ចាប់​តាំង​​​ពី​​​មាន​​​កិត្តិ​​​នាម​​​ល្បី​​​ល្បាញ​​​ជុំ​​​វិញ​​​បញ្ហា​​​បោះ​​​ឆ្នោត​​​ដ៏​​​ចម្រូង​​​ចម្រាស​​​នេះ​មក​​​​​ ព្រះ​​​តេជ​​​គុណ ប៊ុត ប៊ុនទិញ​​​ បាន​​​ក្លាយ​​​ជា​​​ព្រះ​​ សង្ឃ​​​រិះ​​​គន់​​​បើក​​​ចំហ​​​ធ្ងន់​​​ៗ​​​បំផុត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

ព្រះ​​​អង្គធ្លាប់​​​​​​បាន​​​ដឹក​​​នាំ​​​ការ​​​ហែ​​​ក្បួន​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​សិទ្ធិ​​​មនុស្ស​​​ រិះ​​​គន់សម្តេច​​​​​​អគ្គ​​​មហា​​​សង្ឃរាជ​​​ ទេពវង្ស​​​ ធ្ងន់ៗ​​​ ​​​អំពាវនាវ​​​ឲ្យ​​​លោក មិន ឃិន​​​ រដ្ឋម​​​ន្ត្រី​​​ក្រសួង​​​ធម្មការ​​​និង​​​សាសនា​​​ ចុះ​​​ចេញ​​​ពី​​​តំណែង​​​ដោយ​​​សារ​​​ការ​​​បាត់​​​ព្រះសារិរិកធាតុ​​​ពី​​​ព្រះសក្យមុនីចេតិយ លើកំពូល​​​ភ្នំ​​​ឧដុង្គ ​​​ហើយ​​​ត្រូវ​​​បាន​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ឃាត់​​​ព្រះកាយ​​​ដោយ​​​គ្មាន​​​មូល​​​ហេតុ​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះវិហារ ​​​ខណៈ​​​ពេល​​​ព្រះ​​​អង្គ​​​គាំ​​​ទ្រ​​​អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគតិច​​​គួយ​​​ ដែល​​​ធ្វើ​​​ការ​​​តវា​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ចេញ​​​ពី​​​ដី​​​ធ្លី​​​។

ជា​មេដឹកនាំ​មួយ​រូប​ក្នុង​ចំណោម​មេ​ដឹក​នាំ​ជា​​ព្រះសង្ឃដែល​​រិះគន់​ឥត​​សំចៃ​មាត់​ ពេល​នេះ​ព្រះ​​តេជ​គុណ​ ប៊ុត ប៊ុនទិញ មាន​តួនាទី​​ ជា​មេ​ដឹកនាំ​របស់​ប្រជា​ពល​រដ្ឋ​ប្រឆាំង​រដ្ឋាភិបាល​ដែល​ចេះ​តែ​ប្រើ​អំពើ​ហិង្សា​ និង​គាប​សង្កត់​។ ហើយ​​តួនាទីរបស់​ព្រ​ះតេជគុណ​​ស្រដៀង​​ទៅ​នឹង​តួនាទី​របស់​អាចារ្យ ហែម ចៀ​វ​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ងើប​ឡើង​ប្រឆាំង​នឹង​ពួក​អណានិគមនិយម​បារាំង​ក្នុង​ឆ្នាំ​១៩៤២​។ នៅ ក្នុង​ខែកក្កដា​ ឆ្នាំ​នោះ​អាចារ្យ​ ហែម ចៀវ ដែល​ ជា​ព្រះ​សង្ឃ​ត្រូវ​បាន​ចាប់ខ្លួន ដាក់​ពន្ធនាគារ​ពីបទ​​​សម​គំនិត​ធ្វើ​រដ្ឋ​ប្រហារ​ ហើយ​ការ​ចោទ​ប្រកាន់​នេះ ​​បាន​ធ្វើ​ឲ្យ​មាន​មហា​បាតុ កម្ម​ជាលើក​ដំបូង​ប្រឆាំង​នឹង​ការគ្រប់​គ្រង​របស់​ប្រទេស​បារាំង​មក​លើ​ប្រទេស​កម្ពុជា​។

ការ​ហែក្បួន​មួយ​ទៅកាន់​ភូមិ​គ្រឹះ​របស់​លោក ហ្សង់​ ដឺឡង់ (Jean De Lens) ដែល​ជា​ រ៉េស៊ីដង់​ ស៊ុបពែរី​យើ ស្តីទីនៅពេល​នោះ​បាន​ធ្វើ​ឲ្យ​មាន​អ្នក​ចូល​រួម​​តវ៉ា​ជាង​១.០០០    អង្គ នាក់​ក្នុង​នោះ​មាន​ពាក់​កណ្តាល​ជា​ព្រះ​សង្ឃ​ ហើយ​ការ​ហែ​ក្បួន​នោះ​ត្រូវ​បាន​ដឹក​នាំ​ដោយ​លោក ប៉ាច ឈឿន និពន្ធនា​យក​​កាសែត​នគរវត្ត​​ដែល​ជា​កាសែត​ភា​សា​ខ្មែរ​ដំបូង​គេ​បង្អស់នៅក្នុង​ប្រទេស​កម្ពុជា​។

ព្រះតេជគុណ ប៊ុត ប៊ុនទិញ បានមាន​​សង្ឃ​ ដីកា​ថា “ពល​រដ្ឋ​​ភ្លេច​ហើយ​នូវ​​ទំនាក់​ទំនង​រវាង​ព្រះសង្ឃ​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​ការ​ចូល​រួម​ចំណែក​របស់​ព្រះសង្ឃ​ក្នុង​ការ​អភិ​រក្ស​វប្បធម៌​និង​សង្គម​កាល​ពីអតីត​កាល​​”។ ព្រះតេជគុណ ប៊ុត ប៊ុនទិញ មាន​សង្ឃ​ដីកា​​បន្ថែមថា “វាគឺជា​ផ្នែក​មួយ​នៃការ​ងារ​របស់យើង​ដើម្បី​ធានា​ថា ពល​រដ្ឋខ្មែរ​មិន​ភ្លេច​​ប្រវត្តិសាស្ត្រ​ខ្លួន។ ហើយ​ប្រវត្តិសាស្ត្រ​កើត​ឡើង​គ្រប់​ពេល​វេលា​​។ តើ​យើង​ ចង់​ឲ្យ​ប្រវត្តិ​សាស្ត្រ​របស់​យើង​បន្ត​ដើរ​តាម​គន្លង​​ដូចសព្វ​ថ្ងៃ​​ ហើយ​បន្ទាប់​មក​និយាយ​តែ​​មួយ​ជ្រុង​តូច​នៃ​ប្រវត្តិ​សាស្ត្រ​នេះ​ ឬយ៉ាង​ណា​​?”។

កាល​ពីថ្ងៃ​ព្រហស្បតិ៍ សម្តេចព្រះសង្ឃ​រាជ​ នន់​ ង៉ែត បានមាន​បន្ទូល​ថា ការបើក​ស្ថានីយវិទ្យុ VIM គឺ​ “ស្ថិត​នៅ​ក្រៅ​ព្រំ​ដែន​ព្រះ​ពុទ្ធ​សាសនា” ហើយ​អាច​នឹង​ប៉ះពាល់​   “ស្ថិរភាព​សង្គម”។

កាល​ពីដើម​សប្តាហ៍​នេះ ព្រះញាណ​វង្ស​ ឃឹម សន ព្រះមេគណ​រាជធានីភ្នំពេញ​បាន​មាន​សង្ឃ​ដីកាថា ព្រះ​សង្ឃ​ដែល​មាន​​ចំណេះ​ ​ដឹង​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កំពុង​​ “បំពានវិ​ន័យ​ ” ហើយ​បាន​ហាម​ប្រាម​ព្រះ​សង្ឃ​ទាំង​​នេះ​មិន​ឲ្យ​ធ្វើ​ការនេះ​ទេ​​” ។ តែ​ទោះ​ជាយ៉ាង​ណា​ព្រះតេជគុណ ប៊ុត ប៊ុនទិញ​ មិន​ខ្លាច​ការ​គំរាម ​ទាំង​នេះ​ឡើយ​។ព្រះ​តេជគុណមាន​សង្ឃ​ដីកាថា “ពួកគេ​ [រដ្ឋាភិបាល​ដែ​ល​ដឹក​នាំ​ដោយ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​] មាន​ព្រះសង្ឃ​ជាច្រើន ចូល​រួម​ពាក់​ព័ន្ធ​ក្នុង​ប្រព័ន្ធ ផ្សព្វ​ផ្សាយ។ រីឯ​យើង​វិញ​គឺ​ជា​ព្រះ​សង្ឃ​សម្រាប់​ប្រជា​ពល​រដ្ឋ​”៕ សុខុម

(រាយការណ៍​បន្ថែម​ដោយ សេក​ ឧត្តម 
និង​ ឃួន ណារីម)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស