កញ្ញា កឹម មនោវិទ្យា អនុប្រធានទទួលបន្ទុកកិច្ចការសាធារណៈ របស់គណបក្សសង្គ្រោះជាតិ បានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍មួយនៅលើទំព័របណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃសៅរ៍ ដើម្បីបញ្ជាក់ថា គណបក្សប្រឆាំងមិនពាក់ព័ន្ធជាមួយឈ្មោះ ធី សុវណ្ណថា ជាសកម្មជនប្រឆាំងអាយុ១៩ឆ្នាំ តាមបណ្តាញផ្សព្វផ្សាយសង្គមដ៏ធំមួយនេះ បន្ទាប់ពីប្រកាសថា កញ្ញា សុវណ្ណថា “មិនពាក់ព័ន្ធ” ជាមួយគណបក្សសង្គ្រោះជាតិឡើយ។
កាលពីសប្តាហ៍មុន កញ្ញា សុវណ្ណថា ជាគោលដៅនៃការគំរាមសម្លាប់ បន្ទាប់ពីការដាក់ពាក្យស្នើសុំលិខិតឆ្លងដែនរបស់នាង ដែលមានទាំងអាសយដ្ឋានទីលំនៅរបស់នាង ត្រូវបានបង្ហោះលើទំព័របណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ នាងអះអាងថា ឯកសារនេះត្រូវបានធ្វើឲ្យលេចធ្លាយដោយនគរបាលអន្តោប្រវេសន៍នៅឯការិយាល័យលិខិត ឆ្លងដែនរបស់ក្រសួងមហាផ្ទៃ។
សេចក្តីប្រកាសរបស់គណបក្សសង្គ្រោះជាតិដែលកញ្ញា មនោវិទ្យា បានបង្ហោះនោះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងសេចក្តីថ្លែងការណ៍មួយបង្ហោះនៅលើទំព័របណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់កញ្ញា សុវណ្ណថា ដែលមានអ្នកគាំទ្រជិត២០០ពាន់នាក់ ដែលថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្តឹងប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅតុលាការឧក្រិដ្ឋ កម្មអន្តរជាតិ ពីបទប្រឆាំងនឹងមនុស្សជាតិ។
សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារថា “គណបក្សសង្គ្រោះជាតិសូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា មិនពាក់ព័ន្ធជាមួយគណបក្ស សង្គ្រោះជាតិទេ។ លោក សម រង្ស៊ី ក៏ដូចជាគណបក្ស សង្គ្រោះជាតិដែរ មិនទាន់បានប្តឹងនៅឡើយទេ”។ សេចក្តីថ្លែងការណ៍នេះបានបង្ហាញថា មេធាវីមួយក្រុមកំពុងតែប្រមូលភ័ស្តុតាងក្នុងករណីនេះនៅឡើយ។
កញ្ញា សុវណ្ណថា បានលើកឡើងកាលពីម្សិលមិញថា ខ្លួនមិនដឹងថា ហេតុអ្វីបានជាគណបក្សសង្គ្រោះជាតិ ព្យាយាមផ្តាច់ខ្លួនជាសាធារណៈពីកញ្ញាទេ។ កញ្ញាបាននិយាយថា “ខ្ញុំមិនដឹងថា តើអ្នកផ្សេងទៀតកំពុងព្យាយាមបំបែកខ្ញុំ [ពីគណបក្សនេះ] ឬក៏បង្ខូចឈ្មោះខ្ញុំ ឬយ៉ាងណាទេ”។
កញ្ញា សុវណ្ណថា គឺជាសកម្មជនដ៏លេចធ្លោម្នាក់ក្នុងយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិ មុនការបោះឆ្នោតកាលពីខែកក្កដានិងនៅតែជាសកម្មជនម្នាក់ ក្នុងចំណោមសកម្មជនយុវជនដ៏លេចធ្លោបំផុតរបស់គណបក្សនេះ ដោយដឹកនាំការស្រែកខ្លាំងៗចេញពីរថយន្តម៉ាកឡិចស៊ីសរបស់នាង អំឡុងការហែរក្បួនតវ៉ា និងការបង្ហោះព័ត៌មានថ្មីៗយ៉ាងទៀងទាត់ ដោយបង្ហាញមុខខ្លួននាង នៅក្នុងបាតុកម្ម និងព្រឹត្តិការណ៍ប្រឆាំងផ្សេងៗទៀត។
បន្ទាប់ពីត្រូវបានសួរថា តើហេតុអ្វីបានជាគណបក្សនេះបានព្យាយាមផ្តាច់ខ្លួនពីកញ្ញាសុណ្ណថា អ្នកនាំពាក្យពីរនាក់របស់គណបក្សសង្គ្រោះជាតិ គឺទាំងកញ្ញា មនោវិទ្យា និងលោក យឹម សុវណ្ណ បានផ្តល់ចម្លើយខុសគ្នាស្រឡះ។
កញ្ញា មនោវិទ្យា បានលើកឡើងថា គណបក្សសង្គ្រោះជាតិ បានសម្រេចចេញសេចក្តីថ្លែងការណ៍មួយនេះដោយមានឈ្មោះ កញ្ញា សុវណ្ណថា “ពីព្រោះយើងបានឃើញព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់នាង”។ កញ្ញាបានមានប្រសាសន៍បន្ថែមទៀតថា គោលបំណងសំខាន់នៃសេចក្តីថ្លែងការណ៍នេះគឺចង់បញ្ជាក់ថា គណបក្សមិនទាន់ដាក់ពាក្យបណ្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅឡើយទេ។
ទោះបីជាយ៉ាងណា លោក សុវណ្ណ បានលើកឡើងថា សេចក្តីថ្លែងការណ៍នេះដែលនិយាយអំពីកញ្ញា សុវណ្ណថា ដោយត្រូវបានបង្ហោះដោយកញ្ញា មនោវិទ្យា ជាសេចក្តីថ្លែង ការណ៍ក្លែងក្លាយ ដោយគូសបញ្ជាក់ថា ខ្លឹមសារបកស្រាយកាលពីថ្ងៃសោរ៍ផងដែរ និងបង្ហោះនៅលើគេហទំព័ររបស់គណបក្សសង្គ្រោះជាតិ មិនបានសំដៅជាក់លាក់ទៅលើកញ្ញា សុវណ្ណថា ទេ។
បន្ទាប់ពីត្រូវបានសួរថា តើហេតុអ្វីបានជាមានសេចក្តីថ្លែងការណ៍ពីរបែបនេះ លោក សុវណ្ណ បានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយទេ។
ឆ្លើយតបនឹងសេចក្តីប្រកាសរបស់គណបក្ស សង្គ្រោះជាតិ ដែលបង្ហោះនៅលើទំព័របណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់កញ្ញា មនោវិទ្យា អ្នកគាំទ្រម្នាក់ក្នុងចំណោមអ្នកគាំទ្រកញ្ញា សុវណ្ណថា បានលើកឡើងថា ខ្លួនខកចិត្តចំពោះសេចក្តីប្រកាសនេះ។
អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ ជិនវ៉ារី បានលើកឡើងថា “លិខិតទី២នេះ ធ្វើឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាច្រើននាក់ ដែលពិតជាស្រឡាញ់កញ្ញា ធី សុវណ្ណថាចាប់តាំងពីកញ្ញាសកម្មបំផុតសម្រាប់គណបក្សសង្គ្រោះជាតិមកទល់ពេលនេះមានអារម្មណ៍ មិនសប្បាយចិត្ត”៕ ប៊ុននី