28 C
Phnom Penh

ADB ​​សារ​​​ភាព​​​កំហុស​​​និង​​​សន្យា​​​ជួយ​​​​​ជនរងផល​​​ប៉ះពាល់ ដោយ​​​​​​សារ​​គម្រោង​​​ផ្លូវ​​​ដែក​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារ​​​អភិវឌ្ឍន៍​​​អាស៊ី​​ (ADB) បាន​​​សារ​​​ភាព​​​កំហុស​​​របស់​​​ខ្លួន​​​ជា​​​លើក​​​ដំបូង​​​ ក្នុង​​​​​​កិច្ច​​​​​​​​​​​​​​​​​ការពារ​​​​​​ផលប្រយោជន៍ប្រជាជន​​​​​​៤.០០០​​​គ្រួសារ​​​​​​ ដែល​​​បានបាត់​​​បង់​​​ដីធ្លី​​​​​​ដោយ​​​សារ​​​​​​តែ​​​​​​គម្រោង​​​​​​​​​មួយ​​​​​​ក្រោម​​​គម្រោង​​​​​​ថវិកា​​​ចំនួន​​​​​​​​​១៤៣​​​លាន​​​ដុល្លារ​​​ ដែល​​​ខ្លួន​​​​​​កំពុង​​​តែ​​​​​​ផ្ដល់​​​ឲ្យ​​​ដើម្បី​​​ស្ដារ​​​ឡើង​​​វិញ​​​​​​នូវ​​​​​​ប្រព័ន្ធ​​​​​​ផ្លូវ​​​ដែក​​​ដ៏​​ទ្រុឌ​​​ទ្រោម​​​​​​​​​ក្នុងប្រទេស​​​កម្ពុជា​​​។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​​​​​​​ ធនាគារ​​​ ADB បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​​​​នឹង​​​​​​ធ្វើ​​​ការ​​​ជាមួយ​​​រដ្ឋាភិបាល​​​​​​កម្ពុជា​​​ ដើម្បី​​​បង្កើត​​​ផែន​​​ការ​​​​​​​​​មួយ​​​​​​ក្នុង​​​រយៈ​​​ពេល​​​៦០​​​ថ្ងៃ​​​ ដើម្បី​​​​​​អនុវត្តន៍​​​គម្រោង​​​នេះ​​​​​ឲ្យ​​​ស្រប​​​​​​តាម​​​​​​គោល​​​ការណ៍​​​ការពារ​​​សុវត្ថិភាព​​​​​​របស់​​​ខ្លួន​​​​​​ឲ្យ​​​បាន​​​ពេញ​​​លេញ​​​ ពោល​​​គឺ​​​ការ​​​ពារ​​​​​​ប្រជាជន​​​​​​ដែល​​​រង​​​ផល​​​​​​ប៉ះពាល់​​​​​​ដោយ​​​សារ​​​តែ​​​ការងារ​​​របស់​​​ខ្លួន​​​​​​មិន​​​ឲ្យ​​​មាន​​​ជីវភាព​​​កាន់​​​តែ​​​យ៉ាប់​​​យ៉ឺន​​​។

ធនាគារ​​​ ADB បាន​​​​​​លើក​​​ឡើ​​​ង​​​​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​ខ្លួន​​​​​​ថា “ខណៈ​​​ដែល​​​​​​ជាង​​​៩០​​​ភាគរយ​​​​​​នៃ​​​ចំនួន​​​​​​គ្រួសារ​​​​​​​​​ដែល​​​រង​​​​​​ផល​​​ប៉ះពាល់​​​​​​ ទទួល​​​បាន​​​​​​​​​សំណង​​​ ហើយ​​​ជាង​​​៨០​​​ភាគ​​រយ​​​​​​នៃ​​​ចំនួន​​​គ្រួសារ​​​​​​ដែល​​​មាន​​​សិទ្ធិ​​​​​​ផ្លាស់​​​ទីលំនៅ​​​​​​បាន​​​​​​ទទួល​​​​​​ដី​​​ឡូដ៍​​​របស់​​​ខ្លួន​​​នោះ​​​ ធនាគារ​​​​​​ ADB ទទួល​​​ស្គាល់​​​ថា សំណង​​​​​​ដ៏​​​សម​​​រម្យ​​​​​​ គឺ​​​ជា​​​បញ្ហា​​​​​​សម្រាប់​​​ករណី​​​មួយ​​​ចំនួន​​​”។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​ធនាគារ​​​នេះ​​​​​​មាន​​​ខ្លឹម​​​សារ​​​​​​បន្ត​​​ទៀត​​​ថា “ការ​​​​​​តាំង​​​ទីលំនៅ​​​​​​ថ្មី​​​ គឺ​​​ជា​​​ដំណើរ​​​ការ​​​មួយ​​​​​​ ហើយ​​​ធនាគារ​​​ ADB ដឹង​​​ច្បាស់​​​ថា ដំណើរការ​​​នេះ​​​មិនទាន់​​​បញ្ចប់​​​នៅ​​​ឡើយ​​​​​​ទេ​​​ ជាពិសេស​​​​​​ការ​​​ធានា​​​ថា គ្រួសារ​​​ទាំង​​​អស់​​​​​​​​​ដែល​​​រង​​​​​​ផល​​​ប៉ះពាល់​​​​​​ទទួ​​​ល​​​បាន​​​​​​សំណង​​​​​​ ​​​និង​​​ជំនួយ​​​​​​​​​ឲ្យ​​​សម​​​ស្រប​​​តាម​​​គោល​​​​​​ការណ៍​​​របស់​​​ធនាគារ​​​​​​ ADB”។

ធនាគារ​​​​​​ដដែល​​​នេះ​​​​​​បាន​​​លើក​​​ឡើ​​​ង​​​បន្ត​​​ទៀត​​​ថា “ធនាគារ​​​ ADB ​ទទួល​​​ស្គាល់​​​ថា ចំា​​​បាច់​​​​​​ត្រូវ​​​មាន​​​​​​ការ​​​ពង្រឹង​​​កិច្ច​ការ​ត្រួត​​​ពិនិត្យ​​​​​​គម្រោង​​​​​​ ហើយកិច្ច​​​ពិគ្រោះ​​​យោបល់​​​ជាមួយ​​​គ្រួសារ​​​​​​ដែល​​​រង​​​​​​ផល​​​ប៉ះពាល់​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​​​​ឲ្យ​​​បាន​​​ញឹក​​​ញាប់​​​ជាង​​​មុន​​​ ដើម្បី​​​ធានា​​​​​​ថា ទស្សន​​​របស់​​​ពួក​​​គាត់​​​​​​ត្រូវ​​​បាន​​​​​​រំលេច​​​កាន់​​​តែ​​​ច្បាស់​​​នៅ​​​ក្នុង​​​ដំណើរ​​​ការ​​​តាំង​​​ទីលំនៅ​​​ថ្មី​​​”។

អង្គការ​​​សិទ្ធិ​​​លំនៅ​​​ដ្ឋាន​​​នានា​​​បាន​​​និង​​​កំពុង​​​​​​​​​រិះគន់​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​​​​ថា គ្រួសារ​​​ដែល​​​បាត់​​​បង់​​​ដី​​​ធ្លី​​​​​​ គឺ​​​ដី​ទាំង​​​អស់​​​ដែល​​​ពួក​​​គេ​​​មាន​​​ ដោយ​​​សារ​​​តែ​​​គម្រោង​​​នេះ​​​​​​ ក្នុង​​​ករណី​​​មួយ​​​ចំនួន​​​នោះ​​​ មិន​​​ទទួល​​​បាន​​​ប្រាក់​​​សំណង​​​​​​ត្រឹម​​​ត្រូវ​​​ទេ​​​ ហើយ​​​​​​ទីតាំង​​​លំនៅ​​​ដ្ឋាន​​​ថ្មី​​​ ដែល​​​ស្ថិត​​​នៅ​​​​​​តំបន់​​​​​​ឆ្ងាយ​​​ៗ​​​ សម្រាប់​​​ប្រជា​​​ជន​​​ ដែល​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​នោះ​​​ ខ្វះ​​​ទឹក​​​ប្រើប្រាស់​​​ សាលា​​​រៀន​​​ និង​​​ឱកាស​​​ការងារ​​​​​​ ដែល​​​ជា​​​តម្រូវ​​​ការ​​​ចាំបាច់​​​របស់​​​ពួ​​​កគាត់​​​។

នៅ​​​ក្នុង​​​របាយការណ៍​​​វាយ​​​តម្លៃ​​​ផល​​​ប៉ះ​​​ពាល់​​​​​​ដែល​​​​​​ធនាគារ​​​ ADB បាន​​​ឧបត្ថម្ភ​​​ឲ្យ​​​ធ្វើ​​​ក្នុង​​​ឆ្នាំ២០១២ និង​​​បន្ទាប់មក​​​​​​​​​​​​បាន​​​​​​ព្យាយា​​​ម​​​មិន​​​ផ្សាយ​​​របាយការណ៍​​​នេះ​​​ជា​​​សាធារណៈ​​​នោះ​​​ អ្នក​​​ជំនាញ​​​ផ្នែក​​​​​​រៀប​​​ចំ​​​តាំង​​​​​​ទីលំនៅ​​​​​​ថ្មី​​​​​​បាន​​​​​​លើក​​​ឡើ​​​ងថា ប្រជាជន​​​​​​ដែល​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​​​​កំពុង​​​ប្រឈម​នឹង​​​វិបត្តិ​​​​​​បំណុល​​​​​​​​​ដោយ​​​សារ​​​តែ​​​គម្រោង​​​នេះ​​​។

ធនាគារ​​​ ADB និង​​​អង្គការ​​​ អូសអេដ (AusAid) ដែល​​​ជា​​​​​​សេនាធិការ​​​​​​​​​ផ្នែក​​​​​​ជំនួយ​​​ក្រៅ​​​ប្រទេស​​​​​​របស់​​​រដ្ឋាភិបាល​​​អូស្ត្រាលី​​​ និង​​​កំពុង​​​​​​​​​តែ​​​ផ្ដល់​​​មូលនិធិ​​​ដល់​​​គម្រោង​​​​​​ផ្លូវ​​​ដែក​​​នេះ​​​ផង​​​ដែរ​​​នោះ​​​ បាន​​​ផ្ដល់​​​ជំនួយ​​​​​​មួយ​​​ចំណែក​​​​​​ម្ដង​​​ៗ​​​ ទៅ​​​តាម​​​ផែន​​​ការ​​​​​​ដើម​​​​​​របស់​​​ខ្លួន​​​ ក្នុង​​​ការ​​​​​​ជួយ​​​​​​ប្រជាជន​​​​​​ទាំង​​​នោះ​​​។ ក៏​​​ប៉ុន្តែ​​​​​​ធនាគារ​​​​​​ ADB និង​​​​​​អង្គការ​​​ AusAid មិន​​​បាន​​​បង្ហាញ​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​​​​ចំពោះ​​​​​​ប្រជាជន​​​​​​ដែល​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​ទេ​​​ ហើយ​​​បាន​​​ដាក់​​​​​​បន្ទុក​​​​​​នេះ​​​ទៅ​​​លើ​​​​​​រដ្ឋាភិបាល​​​ ដែលទទួល​​​ខុស​​​ត្រូវ​​​​​​ជា​​​ផ្លូវ​​​ការ​​​ចំពោះ​​​​​​ទីតាំង​​​លំនៅ​​​ដ្ឋាន​​​ថ្មី​​​​​​ទាំង​​​នោះ​​​ ក៏​​​ប៉ុន្តែ​​​រដ្ឋាភិបាល​​​បាន​​​​​​​​​ចង្អុល​​​ដាក់​​​ម្ចាស់​​​ជំនួយ​​​​​​ទំាង​​​នេះ​​​។

គិត​​​​​​ត្រឹម​​​ថ្ងៃ​​​សុក្រ​​​ សប្ដាហ៍​​​មុន​​​ ម្ចាស់​​​ជំនួយ​​​​​​មិន​​​បាន​​​ទទួល​​​​​​យក​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​​​​ចំពោះ​​​​​​ស្ថាន​​​ភាព​​​លំបាក​​​​​​ដែល​​​​​ប្រជាជន​​​​​​ទាំង​​​នោះ​​​​​​កំពុង​​​ប្រឈម​​​មុខ​​ទេ​​​។
នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​ខ្លួន​​​​​​ ធនា​​​គារ​​​ ADB បាន​​​សារភាព​​​ថា ប្រជាជន​​​​​​ជា​ច្រើន​គ្រួសារ​​​​​​នឹង​​​ទទួល​​​បាន​​​​​​សំណង​​​មិន​​សម​​​រម្យ​​​​​​ទេ​​​ មិន​​​មាន​​​ការ​​​​​​ពិគ្រោះ​​​​​​យោបល់​​​​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​ជាមួយ​​​គ្រួសារ​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​​​​ទេ​​​ ​​​ទីតាំង​​​​​​លំនៅ​​​ដ្ឋាន​​​​​​ថ្មី​​​មិន​​​មាន​​​លក្ខណៈ​​សម​​​ស្រប​​​ឡើយ​​​ ដំណើរ​​​ការ​​​​​​នៃ​​​ការ​​​​​​ប្ដឹង​​​​​​សារទុក្ខ​​​ប្រព្រឹត្តទៅ​​​មិន​​​​​​សម​​​ស្រប​​​ទេ​​​ មាន​​​ការ​​​ពន្យា​​​រ​​​ពេល​​​ជួយ​​​ប្រជាជន​​​​​​ដែល​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​ឲ្យ​​​មាន​​​មុខ​​​របប​​​ចិញ្ចឹម​​​​​​ជីវិត​​​ និង​​​ថា​​​ ការ​​​ត្រួត​​​ពិនិត្យ​​​​​​មាន​​​ភាព​​​ទន់​​​ខ្សោយ​​​​​​។

ការ​គិត​ឡើង​វិញ​​​​​​របស់​​​ធនាគារ​​​ ADB  ធ្វើ​​​ឡើង​​​​​​​​​បន្ទាប់​​​ពី​​​​​​ក្រុម​ការងារ​​​​ពិនិត្យ​​​​​​​​​ដំណើរ​​​ការ​​​អនុវត្តន៍​​​គម្រោង​​​​​​​​​របស់​​​ធនាគារ​​​នេះ​បាន​​​​​​ពិនិត្យ​​​ឡើង​​​​​​វិញ​​​​​​នូវ​​​ដំណើរ​​​ការ​​​អនុវត្តន៍​​​នេះ​​។​​​ ធនា​​​គារ​​​ ADB បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​នឹ​​​ងចេញ​​​ផ្សាយ​​​​​​របាយការណ៍​​​ពេញ​​​លេញ​​​​​​របស់​​​​​​ក្រុមការងារ​​​នេះយ៉ាង​​​យូរ​​​នៅ​​​ថ្ងៃ​​​សុក្រ​​​។​​​​

លោក​​​ ដេវីត​​​ ព្រេត​​​ (David Pred) សហ​​​នាយក​​​គ្រប់​​​គ្រ​​​ង​​​នៅ​​​អង្គការ​​​​​​អភិវឌ្ឍន៍​​​អន្តរ​​​ជាតិ​ដើម្បី​​​​​​ទាំង​​​អស់​​​គ្នា​​​ បាន​​​ជួប​​​ពិភាក្សា​​​ជាមួយ​​​​​ក្រុម​​​ប្រឹក្សា​​​ភិបាល​​​របស់​​​ធនាគារ​​​ ADB  នៅ​​​ទីក្រុង​​​ម៉ានីល​​​ កាលពី​​​សប្ដាហ៍​​​មុន​​​ និង​​​បាន​​​ឃើញ​​​​​​របាយការណ៍​​​នោះ​​​​​​ហើយ​​​លោក​​​​​​បាន​​​​​​ហៅ​​​របាយការណ៍​​​នោះ​​ថា ជា​​​​​​របាយការណ៍​​​​​​ពិនិត្យ​​​ដំណើរ​​​ការ​​​អនុវត្តន៍​​ “មិន​​​អំណោយ​​​ផល​​​បំផុត​​​” នៅ​​​ក្នុង​​​ប្រវត្តិសាស្ត្រ​​​នៃ​​​ប្រព័ន្ធ​​​គណនេយ្យ​​​ភាព​​​របស់​​​ធនាគារ​​​ ADB ។

លោក​​​បាន​​​មានប្រសាសន៍​​​ថា​​​ “នៅ​​​ពេល​​​​​​របាយការណ៍​​​នោះ​​​​​​ត្រូវ​​​បាន​​​ចេញ​​​ផ្សាយ​​​​​​… សាធារណជន​​​នឹង​​​​​​ដឹង​​​​​​អំពី​​​ទំហំ​​​​​​នៃ​​​កំហុស​​​របស់​​​ធនាគារ​​​ ADB ដែល​​​បាន​​​​​​​​​បណ្ដាល​​​ឲ្យ​​​ប្រជាជន​​​​​​ក្រីក្រ​​​ជា​​​ច្រើន​​​​​​​​​រង​​​ទុក្ខ​​​វេទនា​​​។ សារ​​​ដែល​​​យើង​​​បាន​​​ឮ​​​ពី​​​នាយក​​​ប្រតិបត្តិ​​​​​​នានា​​​ ដែល​​​យើង​​​​​​បានជួប​​​​​​មាន​​​​​​ន័យ​​​ច្បាស់​​​លាស់​​​ណាស់​​​​​​​​​ថា ធនាគារ​​​ ADB បាន​​​ល្មើស​​​​​​គោល​​​​​​ការណ៍​​​របស់​​​ខ្លួន​​​ ហើយ​​​ត្រូវតែ​​​​​​ជំរុញ​​​ឲ្យ​​​​​​គម្រោង​​​នេះ​​​​​​ត្រូវ​​​បាន​​​អនុវត្តន៍​​​យ៉ាង​​​ត្រឹម​​​ត្រូវ​​​​​​ឲ្យ​​​បាន​​​ឆាប់​​​​​​តាម​​​​​​លទ្ធភាព​​​ដែល​​​​​​អាច​​​​​​ធ្វើបាន​​​​​​”។

លោក អៀង​​​ វុទ្ធី នាយក​​​ប្រតិបត្តិ​​​អង្គការ​​​​​​សមធម៌​​​កម្ពុជា​​​ (Equitable Cambodia) ដែល​​​បាន​​​ជួប​​​​​​​​​ពិភាក្សា​​​​​​ជាមួយ​​​​​​​​​ក្រុម​​​ប្រឹក្សា​​​​​​ភិបាល​​​​​​របស់​​​ធនាគារ​​​ ADB ផងដែរ​​​នោះ​​​​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​សង្ឃឹម​​​ថា ធនាគារ​​​នេះ​​​​​​មិ​​​ន​​​បង្កើត​​​បទ​​​ពិសោធន៍​​​​​​ដូច​​​​​​​​​ធនាគារ​​​ពិភព​​​លោក​​​ (World Bank) កាលពីពេល​​​ថ្មីៗ​​​នេះ​​​ទេ​​​។ កាលពី​​​ឆ្នាំ​​​២០១១ ធនាគារ​​​នេះ​​​​​​បាន​​​​​​សារភាព​​​ថា គម្រោង​​​​​​មួយ​​​​​​ក្នុង​​​ចំណោម​​​​​​គម្រោង​​​របស់​​​ខ្លួ​​​ន​​​ផ្ទាល់​​​​​​​​​បាន​​​បណ្ដាល​​​ឲ្យ​​​ប្រជាជន​​​​ជា​​​ច្រើន​​​ពាន់​​​នាក់​​​​​​ត្រូវ​​​​​​បាន​​​​​​បណ្ដេញ​​​ចេញ​​​ និង​​​​​​ជួប​​​ការ​​​លំបាក​​​ ក៏​​​ប៉ុន្តែ​​​​​​ធនាគារ​​​នេះ​​​​​​បាន​​​​​បន្ទោស​​​​​​ថា មាន​ការ​ខ្វះ​​​​​​កិច្ច​​​សហប្រតិបត្តិការ​​​​​​ពី​​​​​​រដ្ឋាភិបាល​​​ ដែល​​​​​​មិន​​​អាច​​​ជួយ​​​ប្រជាជន​​​ទាំង​​​នោះ​​​បាន​​​។ លោក​​​មានប្រសាសន៍​​​ថា “​​​តាម​​​មេរៀន​​​​​​សិក្សា​​​ពី​​​ធនាគារ​​​ពិភព​​​លោក​​​ យើង​​​សង្ឃឹម​​​ថា ភាគី​​​ពាក់ព័ន្ធ​​​ទាំង​​​អស់​​​នឹង​​​ធ្វើ​​​ការ​​​ជាមួយ​​​គ្នា​​​ ដើម្បី​​​​​​ផ្ដល់​​​ដំណោះ​​​ស្រាយ​​​សមស្រប​​​​​​ដល់​​​​​​ប្រជាជ​​​​​​ន​​​ទាំង​​​នោះ​​​”។

លោក​​​ ឃួន ព្រហ្ម​​​សារិទ្ធិ​​​ បាន​​​​​​បាត់​​​បង់​​​លំនៅ​​​ដ្ឋាន​​​​​​របស់​​​​​​លោក​​​​​​ក្នុង​​​រាជធានីភ្នំពេញ​​​​​​ដោយ​​​សារ​​​គម្រោង​​​​​​ផ្លូវ​​​ដែក​​​នេះ​​​​​​កាល​​​ពី​​​ពីរ​​​ឆ្នាំមុន​​​ និងបាន​​​ទទួល​​​​​​ដី​​​ទទេ​​​មួយ​​​កន្លែង​​​​​​នៅ​​​​​​​​​ខណ្ឌ​​​មួយ​​​ផ្សេង​​​ទៀត​​​​​​ជា​​​សំណង​​​​​​ បូក​​​នឹង​​​​​​ប្រាក់​​​​​​ ចំនួន​​​៧០០​​​ដុល្លារ​​​ ដែល​​​ស្ទើ​​​រតែ​​​មិន​​​គ្រប់​​​គ្រាន់​​​​​​សម្រាប់​​​រ៉ាប់​​​រង​​​​​​ការ​​​ចំណាយ​​​លើ​​​ការ​​​​​​រើ​​​លំនៅ​​​​​​ដ្ឋាន​​​របស់​​​លោក​​​​​​ផង​​​នោះ​​​។ លោក​​​បាន​​​​​​ខ្ចី​​​ប្រាក់​​​​​​​​​គេ​​​ចំនួន​​​៦.០០០​​​ដុល្លារ​​​​​​ ដើម្បី​​​សង​​​លំនៅ​​​ដ្ឋាន​​​​​​ថ្មី​​​មួយ​​​ខ្នង​​​នៅ​​​​​​លើ​ដី​​​នោះ​​​​​​ ហើយ​​​លោក​​​​​​ចង់​​​ឲ្យ​​​ធនាគារ​​​ ADB រ៉ាប់​​​រង​​​​​​២.៦០០​​​ដុល្លារ​​​ដែល​​​លោក​​​នៅ​​​ជំពាក់​​​​​​គេ​​​។

លោក​​​ ព្រំ​​​ សារិទ្ធ​​​ បាន​​​ប្រកប​​​​​​មុខ​​​របរ​​​​​​​​​ជា​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​​​ បាន​​​​​​​​​និយាយ​​​ថា​​​ “ខ្ញុ​​​ំ​​​​​​មិន​​​ដឹង​​​ជា​​​យក​​​​​​៧០០​​​ដុល្លារ​​​​​​ទៅ​​​ធ្វើ​​​អ្វី​​​ទេ​​​ ដូច្នេះ​​​​​​ខ្ញុំ​​​ត្រូវ​​​​​​ខ្ចី​​​លុយ​​​​​​ពី​​​ធនាគារ​​​​​​ និ​​​ង​​​អ្នក​​​ចង​​​ការ​​​​​​។ ខ្ញុំ​​​សង្ឃឹម​​​ថា ធនាគារ​​​  ADB មិន​​​ផ្ដល់​​​សំណង​​​​​​សមរម្យ​​​ឲ្យ​​​ខ្ញុំ​​​ ទើប​​​ខ្ញុំ​​​អាច​​​ទូទាត់​​​​​​បំណុល​​​បាន​​​”។ លោក​​​បាន​​​​​​បន្ដ​​​ថា “ធនាគារ​​​ ADB គួរ​​​តែ​​​​​​ជួយ​​​​​​​​​មិន​​​ត្រឹម​​​​​​តែ​​​ខ្ញុំ​​​ទេ​​​ ក៏​​​គួរ​​​តែ​​​ជួយ​​​​​​ប្រជាជន​​​​​​ដទៃ​​​ទៀត​​​នៅ​​​​​​ក្នុង​​​ភូមិ​​​នេះ​​​ផង​​​ដែរ​​​។ តើ​​​ប្រជា​​​​​​ជន​​​​​​ដ៏​​​ទៃ​​​ ដែល​​​ទទួល​​​បាន​​​ប្រាក់​​​​​​តែ​​​៣០០​​​ដុល្លារ​​​​​​នោះ​​​​​​អាច​​​​​​​​​​​​រស់​​​នៅ​​​​​​ដោយ​​​របៀប​​​ណា​​​ទៅ​​​​​​?”។

លោក​ អួន សុង​​​ អនុរដ្ឋលេខាធិការ​​​ក្រសួង​​​​​​សាធារណការ​​​​​ និង​​​​​​ដឹក​​​ជញ្ជូន ​​​បាន​​​បង្វែ​​​រសំណួរ​​​​​​ទាក់ទង​​​​​​នឹង​​​ផែន​​​ការ​​​សកម្ម​​​ភាព​​​ដែល​​​មិន​​​ទាន់​​​មាន​​​ការ​​​អនុវន្ត​​​​​​​​​នេះ​​​ទៅ​​​លោក​​​ ញៀន លាង​​​ អនុរដ្ឋ​​​លេខាធិការនៅ​​​​​​​​​​​​ក្រសួង​​​​​​សេដ្ឋ​​​កិច្ច​​​​​ ​​​​និង​​​ហិរញ្ញ​​​វត្ថុ​​​។ ទោះ​​​បី​​​ជា​​​យ៉ាង​​​ណា​​​​​​ក៏​​​ដោយ​​​លោក ញៀន​​​ លាង​​​ ដែល​​​​​​ជា​​​សមាជិក​​​គណៈ​​​កម្មា​​​ធិការ​​​​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​អន្តររដ្ឋាភិបាល​​​ មិន​​​អាច​​​​​​ទំនាក់​​​ទង​​​​​​ធ្វើ​​​​​​សេចក្ដី​​​អត្ថាធិប្បាយ​​​បាន​​​ទេ។ គួរ​​​បញ្ជាក់​​​ថា គណៈកម្មាធិការ​​​នេះបាន​​​​​​​​​ពិភាក្សា​​​គ្នា​​​​​​​​​ជុំ​​​វិញ​​​ទីតាំង​​​លំ​នៅ​​​ដ្ឋាន​​​​​​ថ្មី​​​​​​សម្រាប់​​​​​​ប្រជាជន​​​​​​ដែល​​​ត្រូវ​​​​​​បាន​​​បណ្ដេញ​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​របស់​​​ខ្លួន​​​។

ខណៈ​​​ដែល​​​ការងារ​លើ​​​ផ្លូវ​​​ដែក​​​​​​នៅ​​​​​​ភាគ​​​ខាង​​​ត្បូង​​​ពីរាជធានីភ្នំពេញ​​​​​​​​​ទៅកាន់​​​​​​ក្រុង​​​ព្រះ​​​សីហនុ​​​បាន​​​បញ្ចប់​​​​​​ទៅ​​​ហើយ​​​នោះ​​​​​​ ប្រាក់​​​​​​ចំនួន​​​១៤២,៦​​​លាន​​​ដុល្លារ ដែល​​​កាល​​​ពី​​​ដើម​​​ឡើយ​​​​​​​​​ជា​​​ថវិកា​​​រៀប​​​ចំ​​​សម្រាប់​​​គម្រោង​​​នេះ​​​ ជា​​​ចំនួន​​​​​​ទឹក​​ប្រាក់​​​​​​​​​មិន​​​គ្រប់​​​គ្រាន់​​​​​​សម្រាប់​​​ការ​​​​​​ជួស​​​ជុ​​​ល​​​​​​កំណាត់​​​ផ្លូវ​​​ដែក​​​​​​នៅភាគខាង​ជើង​ ដែល​​​មាន​​​ចម្ងាយ​​​វែង​​​ជាង​​​​​​យ៉ាង​​​ខ្លាំង​​​ពី​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ទៅ​​​កាន់​​​​​​ព្រំដែន​​​ថៃ​​​​​​នៅក្នុង​​​​​​​​​ក្រុង​​​ប៉ោយ​​​​​​​​​ប៉ែត​​​ទេ។​​​ ដើម្បី​​​បញ្ចប់​​​ការ​​​ងារ​​​នេះ​​​ ចំា​​​បាច់​​​​​​ត្រូវ​​​មាន​​​​​​ថវិកា​​​​​​សម្រាប់​​​ប្រើប្រាស់​​​យ៉ាង​​​តិច​​​​​​៧៥​​​លាន​​​ដុល្លារ​​​​​​បន្ថែម​​​ទៀត​​​​​​៕សុធា

(រាយការណ៍​​​បន្ថែម​​​ដោយ ផន បុប្ផា)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស