29.3 C
Phnom Penh

ក្រសួង​​អប់​រំ​​ យុវជន និងកីឡា ​ចេញ​​បម្រាម​​​មិន​​​ឲ្យ​លក់​​សៀវ​ភៅ​សិក្សាចែក​ចាយ​ដោយឥតគិត​ថ្លៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួ​ង​អប់​រំ​ យុវជន​ និង​កីឡា​ បា​ន​ព្រមា​ន​​អា​​ជី​វ​ករលក់​សៀ​វ​​ភៅ​​​នៅ​​​ទូ​ទាំង​ប្រទេ​ស​​ឲ្យ​​ឈប់​​លក់​​សៀវ​​ភៅ​ ​​ដែល​ត្រូវ​បាន​ចែក​ចាយ​ឲ្យ​​​​សិស្ស​សា​លា​​​ដោ​យ​​​មិ​ន​គិ​ត​​ថ្លៃ​។

​​ក្រសួ​ង​អប់​រំ​​​​​ យុវជន និងកីឡា បានចេញ​​សេចក្តី​ប្រកា​សចុះថ្ងៃសុក្រ ​ពោលគឺទើប​តែ​មួយ​ខែ​បន្ទាប់​លោក ហង់​ជួ​ន ​ណា​​រ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួ​ង​​​អ​ប់​​​រំ​ យុវ​​ជ​ន​​ និង​​​​កី​ឡា ​បា​ន​​លើក​ឡើ​ង​ថា លោក​​​កំ​ពុង​ស៊ើប​​អង្កេត​​លើ​សេចក្តី​អះ​​​អា​ង​​​ថា​ ក្រុម​​មន្ត្រី​រដ្ឋាភិបាល​​​កំ​ពុ​ង​លួ​ច​​សៀ​វ​ភៅ​សិក្សាពី​​ស្តុក​​​​របស់​រដ្ឋា​​ភិ​បាល​ និង​លក់​​សៀ​វ​ភៅ​ទាំងនោះ​​ឲ្យ​​​អា​​​ជី​វ​ករ។

​សេចក្តី​​ប្រកាស​​ចេញ​ផ្សាយ​កា​ល​​ពី​ថ្ងៃ​សុក្រ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សា​យ​​តា​ម​​​ទូរ​​ទស្ស​ន៍​ និង​​​​វិទ្យុ​​​ផង​ដែរ​នោះ មា​ន​​​ខ្លឹម​សារ​​ថា “​​យើង​​បា​ន​ឃើញ​ថា ​សៀវ​ភៅ​​នៅ​​ពេល​នេះ​​មា​ន​​លក់​​​នៅ​តាម​​ទីផ្សារ បណ្ណាល័យ ​និង​តូ​ប​ល​ក់​សៀវ​ភៅ ​​ក្នុង​រាជ​​​ធា​​​នី​ភ្នំ​ពេញ និ​ង​​​​តា​ម​​ខេត្ត​ ហើយ​​​បញ្ហានេះនឹង​មា​ន​​ផល​​​ប៉ះ​​​​ពាល់​​អ​វិជ្ជ​ មា​ន​​យ៉ាង​​​ធំ​​មួ​យលើ​​វិ​​ស័​យ​​អប់​​រំ​”។

ក្រសួ​ង​​​អប់រំ យុវជន និងកីឡា បា​ន​ឲ្យ​ដឹង​ថា សៀវ​​ភៅ​ដែលមា​​ន​​​ពាក្យ​​​ថា “ហាម​លក់ សម្បត្តិ​រដ្ឋ​” ​​បោះ​​ពុម្ព​​​លើ​​គម្រប​ ​​​មា​នគោល​​​បំ​ណ​ង​ចែកឲ្យ​​សិស្ស​សាលា​​​ដោ​យឥត​​គិត​ថ្លៃ។​ អាជីវ​ករ​ណា​​​ដែល​​ត្រូ​វ​បា​ន​​រក​ឃើញ​ថា​លក់​​សៀវ​ភៅ​​​នេះ​ដើម្បី​ប្រាក់​​ចំ​ណេញ ​នឹ​ង​​​ត្រូវប្រឈម​នឹង​ការ​​រឹប​​អូសសៀវ​ភៅទាំង​នោះ និង​​​ផាក​ពិ​ន័យ​។

សេចក្តី​ប្រកាសនេះ​​​មានខ្លឹមសារ​បន្ត​ថា “ដូច្នេះ​​​​​អ្នក​លក់​សៀវ​​ភៅ ​​​និង​សាធា​រណ​​ជ​ន​ទាំង​​អស់ត្រូ​វ​​​តែ​ឈ​ប់លក់​ និង​ទិញ​​សៀវ​ភៅ​​​​ដែល​​មា​ន​ស្លាក​​ថា​​ ‘សម្បត្តិ​​រដ្ឋ’ ”​។

​កា​ល​​ពី​ក្នុ​ង​ខែ​​ធ្នូ របា​យ​កា​រ​​​ណ៍​មួ​យ​​ចេញ​ផ្សាយ​ដោ​យ​​​អង្គការ​​ក្រៅ​​រដ្ឋាភិ​បាល​​​​ពីរបាន​​បង្ហាញ​​ថា​ មន្ត្រី​​​​​​ក្រសួង​អប់​រំ​​ យុវជន និងកីឡា ថ្នាក់ស្រុក​​​កំ​ពុង​​​លួ​ច​​សៀវ​ភៅ​ក្រោម​មូល​និធិរបស់ធនាគា​រ​​​អ​ភិ​វឌ្ឍ​ន៍អា​ស៊ី​ (ADB)​​ជាហេតុ​ជំរុញ​​​ឲ្យ​​ធ​នា​​​គារ​​នេះ​ ​និង​ក្រសួ​ង​​អ​​ប់​រំ​​ យុវ​​ជ​ន​និង​កី​ឡា ​​បើក​ប្រតិបត្តិ​ការ​​​ស៊ើប​អង្កេត​​​​ទង្វើ​មិន​សមរម្យរបស់​​មន្ត្រីទាំងនោះ​។

លោក ចាន់​ សុភា ​ប្រធា​ន​នា​យក​ដ្ឋាន​បឋម​​​​សិក្សានៃ​ក្រសួ​ង​​​អ​ប់​រំ​ យុវ​ជន​និង​​កីឡា​​ បា​ន​មា​ន​​ប្រ​សាសន៍​កាល​​ពីម្សិល​មិញ​ថា ក្រសួង​​​​មា​ន​បំ​ណង​​​ចុះ​​ធ្វើ​​​អធិ​កា​រ​​​កិច្ច​​​ជា​​ទៀង​ទាត់​នៅ​តា​ម​ទីផ្សារ ​និ​ង​តូ​ប​លក់​សៀវ​ភៅ ដោ​យ​​​ចាប់​ផ្តើម​​​ពី​សប្តាហ៍​នេះ​ទៅ។ លោក​​បា​ន​ថ្លែ​ង​ថា “​​យើង​​​បា​ន​រៀប​ចំ​ក្រុម​​​​ការងារ​រួចហើយ​ ដើម្បី​ស្វែង​រក​​អ្នក​​​ដែល​លក់​សៀវភៅ​នេះ​”។ លោក​​បា​ន​បន្ថែមថា ​​ជួន​កាល​​​ អ្នក​លក់​សៀវ​ភៅ​​​ទិញ​សៀវ​ភៅ​​​ពី​គ្រូបង្រៀន​ ​ដែល​មិន​ព្រម​ប្រគល់​​សៀវ​ភៅ​នៅ​ដំណាច់​ឆ្នាំ​​សិក្សា។

ទោះ​​ជាយ៉ាង​ណាក៏ដោយ ​​កា​ល​​​ពី​ម្សិល​​​មិញ​ ​​​អា​​​ជី​វ​ករ​មិនភ្ញាក់ផ្អើល​ឡើយ​ ដោ​យ​បាន​​និ​យាយ​​ថា​ ចាប់​តាំ​ង​​​ពី​​​​មន្ត្រី​មក​ពី​ក្រសួ​ង​អប់​រំ​ ​​គ្រូ​បង្រៀន​លក់​សៀវ​ភៅ​​ឲ្យ​​​ពួ​ក​គេពួ​ក​គេមិ​ន​ដឹង​ថា​ធ្វើ​អ្វី​​​ខុស​​ច្បាប់​​ទេ​។

អ្នក​ស្រី ​អ៊ុត សុភា​ព ​​អ្នក​​លក់​​សៀវ​ភៅ​នៅផ្សារ​ចាស់​ ក្នុង​ខណ្ឌ​ដូ​ន​ពេញ រាជ​ធា​​នី​ភ្នំ​ពេញ​​​បា​ន​មាន​​ប្រសាសន៍​ថា “យើង​បា​ន​និង​កំ​ពុង​ទិញ​សៀវ​ភៅ​​ នៅ​​ពេលបវេសនកា​ល​​ចាប់​ផ្តើម ​ពី​អ្នក​​​ដែលបាន​​និ​យា​យ​​ថា ខ្លួ​ន​​មក​​​ពី​ក្រសួងអប់​រំ​​”។ អ្នកស្រី សុភាព ​បាន​លក់​​សៀវ​​​ភៅ​​​មួយ​ឈុត​មាន​​បួ​ន​ក្បាល​​សម្រាប់​សិស្ស​​ថ្នាក់​​ទី​៥ដែល​មាន​​​ពាក្យ​ថា “ហា​ម​លក់។ ទ្រព្យ​សម្បត្តិ​​​ រដ្ឋ” លើ​គម្រប​។ ​អ្នក​ស្រី​​​បា​ន​ឲ្យដឹង​ថា ​​អ្នក​ស្រី​​​ទិញ​​មួ​យ​​ឈុត​​​តម្លៃ​​បួនដុល្លារលក់​​ចេញ ​វិញ​ក្នុង​តម្លៃ៤,៥០​​ដុល្លារ។

ឈ្មោះ​ ​បូវិសុទ្ធ ​វ៉នឌី ​អ្នកលក់​សៀវ​ភៅ​​នៅ​​ផ្សារ​​នេះ​​ដែរ ក៏​កំ​​​ពុ​ង​លក់​​សៀវ​​​ភៅ​​ដែល​គេលួ​ច​ដែរ​​​ នៅ​តូប​​​​របស់​គាត់​​កាល​ពី​ម្សិល​មិញ​។ ​​​អ្នកលក់​សៀវ​ភៅ​​រូ​ប​នេះ​​​បា​ន​ឲ្យដឹង​​ថា “​​ពេលខ្លះ ​ខ្ញុំ​​ទិញ​​សៀវ​ភៅ​​​បា​ន​​ចំ​នួន​២០​​​ក្បាល​ក្នុង​មួយ​ថ្ងៃ​ ​​នៅ​​ពេល​បវេស​នកាល​​ចាប់​ផ្តើម​។ ខ្ញុំ​ដឹង​​ថា​ មា​នបម្រាម​ ​ពី​ព្រោះ​​សៀវភៅទាំង​នេះ​សម្រាប់​ចែក​ចាយ​​ដោ​យ​ឥត​គិត​ថ្លៃ​ ប៉ុន្តែ​ប្រសិ​ន​​បើ​ខ្ញុំ​មិន​ទិញ​​​ទេ ​ក៏​​មា​ន​​អ្នកឯ​​ទៀត​​​នឹង​​ទិញ​​ដែរ​”៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស