ព័ត៌មានជាតិ

អ្នក​ភូមិ​មាន​កំហឹង​ចាប់​ឃាត់​ខ្លួន​នគ​របាល​ដែល​បង្ក​សំឡេង​រំខាន​​នៅថ្ងៃ​បុណ្យ​ចូលឆ្នាំ​ប្រពៃ​ណីចិន​

By

February 03, 2014

អ្នកភូមិ​មាន​កំហឹង​មួយ​ក្រុម​​នៅ​ក្នុង​ខណ្ឌ​សែន​សុខ​ រាជ​ធានីភ្នំពេញ ដែល​នាំគ្នា​អប​អរ​ពិធី​បុណ្យចូល​ឆ្នាំចិន​​កាលពីល្ងាច​ថ្ងៃ​សុក្រ បាន​ចាប់​ខ្លួន​​មន្ត្រី​នគរ​បាល​ពីរនាក់​ដែល​ពួក​គាត់​ចោទ​ថា បាន​រំខាន​ភាព​ស្ងប់​ស្ងាត់​។

មុន​ពេល​កើត​ហេតុ​ មន្ត្រី​នគរ​បាល​ទាំង​ពីរ​នាក់​នេះ​បាន​ជិះ​ម៉ូតូ​​ក្រឡឹង​ជុំវិញ​កន្លែង​មួយ​ដែល​មាន​ការ​រៀប​​ចំ​ពិធី​អបអរ​​បុណ្យ​ចូល​ឆ្នាំចិន​ និង​​បាន​រោទិ៍​ម៉ាស៊ីន​ម៉ូតូ​ឲ្យ​លាន់​​ឮ​ខ្លាំង​។ឃើញ​បែប​នោះ​​អ្នក​ភូមិ​ព្រួយ​បារម្ភ​ខ្លាច​ពួកគេ​បុក​ក្មេងៗ​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក វណ្ណ បឿង នាយ​រងប៉ុស្តិ៍​ព្រែក​ព្នៅ​។

ដំបូង​ឡើយ ​​អ្នក​ភូមិ​បាន​ស្រែក​ដាក់​​មន្ត្រី​នគរ​បាល​​ទាំង​ពីរ​​ឲ្យឈប់​បង្ក​សំឡេង​រំខាន​​​ និង​ឲ្យ​ប្រយ័ត្ន​ប្រយែង​បន្តិច​។ ភ្លាម​នោះ​មន្ត្រី​​​នគរ​បាល​ម្នាក់​ក្នុង​ចំណោម​អ្នកទាំង​ពីរ​​បាន​​យក​កាំភ្លើង​ខ្លីវាយ​អ្នក​ភូមិ​ម្នាក់​ជាហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​មាន​កំហឹង​កាន់​តែ​ខ្លាំង​។

លោក​ វណ្ណ បឿង បាន​និយាយ​ថា “ពួក​គេ​ជិះម៉ូតូ​ធំមួយគ្រឿង​ និង​មាន​កាំភ្លើង​ជាប់​ខ្លួន​មួយ​ដើម​។ មនុស្ស​ប្រហែល​៥០​នាក់​បាន​​​នាំគ្នា​ព័ទ្ធ​ចាប់​ពួកគេ​​ ធ្វើ​ឲ្យ​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​នគរ​បាល​ទាំង​ពីរ​នាក់​បាញ់​កាំភ្លើង​ពីរ​គ្រាប់ឡើង​លើ​”។ បន្ទាប់​មក​នគ​រ​បាល​សង្កាត់​នៅ​ក្បែរ​នោះ​​​ក៏​បាន​មក​ដល់​កន្លែង​កើត​ហេតុ​ ដោយនាំ​អ្នក​ទាំងពីរ​ទៅ​ប៉ុស្តិ៍​នគរ​បាល​ដើម្បី​ធ្វើ​ការ​សាក​សួរ​។

លោក ហង្ស វណ្ណី នាយ​ប៉ុស្តិ៍​រង​ទី២​ មិន​ព្រម​ផ្ដល់​ឈ្មោះ​នគរ​បាល​ទាំង​ពីរ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា ពួកគេ​ជា​នគរ​បាល​មែន។ លោក​បាន​និយាយ​ថា “ពួកគេ​គឺ​ជា​​នគរ​បាល​ថ្នាក់​ទាប​ ពីព្រោះ​ពួកគេមាន​កាំភ្លើង​” ដោយ​បាន​ពន្យាល់​ថា អ្នក​ទាំងពី​រ​បាន​ប្រព្រឹត្ត​​មិន​គប្បី​បែប​នោះដោយ​សារ​ពួក​គេ​ស្រវឹង​។

លោក សោម លីថុល នាយ​ការិយា​ល័យ​​នគរ​បាល​ព្រហ្ម​​ទណ្ឌ​​​ខ​ណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា ​ ​បន្ទាប់​មក​ទៀត ​​នគរ​បាល​សង្កាត់​​បាន​បញ្ជូន​​ពួកគេបន្ត​ទៅ​អធិការ​ដ្ឋាន​ ហើយ​ពេល​នេះ​​មន្ត្រី​នគ​របាល​ទាំង​ពីរ​កំពុង​ត្រូវ​​បាន​សាក​សួរ​​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​​រាជ​ធានី​ភ្នំពេញ​៕សេរីរុធ​