34.8 C
Phnom Penh

អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​​អង់គ្លេស​ ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​អំពី​បាតុកម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​សុក្រ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុ​ន​ សែន​ និ​ង​លោក​ ហោ​ ណាំ​ហុង​ រដ្ឋ​មន្ត្រី​ក្រសួង​​​ការបរទេស​​​​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ ហ៊ូហ្គោ ស្វាយអឺ​ (Hugo Swire) អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​ប្រទេស​អង់គ្លេស​ទទួល​បន្ទុក​កិច្ចការ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​បានសន្យា​ផ្តល់​មូល​និធិ​​បន្ថែម​សម្រាប់​តុលា​ការ​ខ្មែរ​ក្រហម​ និង​ដែល​​បាន​​ស្នើឲ្យ​មានការ​ផ្តល់​ព័ត៌មាន​បន្ថែម​អំពី​ការឆ្លើយ​តប​ដ៏​ហិង្សា​ពី​សំណាក់​រដ្ឋា​ភិបាល​​លើ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ និង​ការ​ធ្វើ​បាតុកម្ម​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ​ អំឡុង​លោក​បាន​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​​ពី​រ​ថ្ងៃ​​នៅ​ប្រទេស​កម្ពុជា​។

លោក​ កុយ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ បន្ថែម​ពី​លើ​ការ​សន្យា​ជំរុញ​ឲ្យ​មាន​វិនិយោគ​ទុន​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក​ស្វាយ​អឺ​ បាន​សួរ​អំពី​ភាព​ជាប់​គាំ​ងផ្នែក​នយោ​បាយ​​ក្រោយ​ការ​បោះ​ឆ្នោត​ និង​ការ​គាប​សង្កត់លើ​អ្នក​តវ៉ា។ លោក​បានលើក​ឡើង​ថា លោក​ ហោ​ ណាំ​ហុង​ បាន​បង្ហាញ​លោក ស្វាយ​អឺ​ នូវ​ច្បាប់​ស្តី​ពី​ការ​ធ្វើ​បាតុកម្ម​ ហើយ​បាន​ពន្យល់​ថា ការ​ស្លាប់​ដែល​មាន​ជាប់​ទាក់​ទិន​នឹង​ការ​តវ៉ាវា​គឺ​ជា​កំហុស​របស់​អ្នក​រៀប​ចំ​បាតុកម្ម​ហើយ​​កង​សន្តិសុខ​មិន​បាន​ប្រើគ្រាប់​កាំភ្លើង​ពិត​បាញ់​ពួក​គេ​ឡើយ។

លោក​ កុយ​ គួង​​ បាន​មាន​ប្រសាសន៍ថា “ រដ្ឋាភិបាល​មិន​បាន​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម​ទេ​ ពួក គេ​គ្រាន់​តែ​ផ្អាក​អ្នក​តវ៉ា​ដោយ​ពឹង​ផ្អែក​​ទៅ​លើ​ច្បាប់​ប៉ុណ្ណោះ​ ព្រោះ​បាតុកម្ម​បាន​ចាប់​ផ្តើម​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​មនុស្ស និង​បំផ្លិច​​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ ព្រម​ទាំង​បាន ​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​ផង​ដែរ​ ហេតុ​ដូច្នេះ ​ហើយ​យើង​ត្រូវ​តែ​ផ្អាក​បាតុ​កម្ម ​រហូត​ទាល់​តែ​ស្ថាន​ភាព​វិល​មករក​សភាព​ធម្មតា​វិញ​”។

លោក​ កុយ​ គួង បាន​លើក​ឡើង​ថា​ លោក​ ហោ​ ណាំ​ហុង​ បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​អង់​គ្លេស​ចំពោះ​ការ​ចូល​រួម​ចំណែក​ផ្តល់​មូលនិធិដល់​វិស័យ​សុខាភិបាល​​​របស់​ប្រទេស​កម្ពុជា​ និង​ភាពក្រី​ក្រ​ព្រម​ទាំង​បញ្ហា​សិទ្ធិ​មនុស្ស​ផង​ដែរ​។

លោក​បានឲ្យ​ដឹង​ លោក​ ស្វាយ​អឺ​ បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន​ ៨២៣​.០០០​ដុល្លារ​ដល់​តុលាការ​ខ្មែរ​ក្រហម​ ដែល​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ ពោល​គឺ​បាន​ធ្វើ​ឲ្យ​ជំនួយ​របស់​ប្រទេស​អង់គ្លេស​បាន​ឡើង​ដល់​ជាង​ ១០,៥​លាន​ដុល្លារ​ បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​ ដែល​ប្រទេស​អង់គ្លេស​តែង​តែ​ផ្តល់​ជំនួយ​ដល់​តុលា​ការ​ខ្មែរ​ក្រហម​នេះ​មក​។

លោក​ យឹម​ សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ថា លោក ស្វាយ​អឺ​ បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ កឹម​ សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អស់​រយៈ​ពេល​មួយ​ម៉ោង​ កាល​ពី​ថ្ងៃ​សុក្រ​។ លោក សុវណ្ណ​ បាន​និយាយថា “ពួកគេ​បាន​ពិភាក្សា អំពី​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​លោក ស្វាយ​អឺ​ មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ ថា​តើ​ត្រូវ​ស្វែង​រក​មធ្យោបាយ​ដោះស្រាយ​ភាព​ជាប់​គាំ​ង​ផ្នែក​នយោបាយ​នេះយ៉ាង​ដូច​ម្តេច​”។ ​លោកបាន​បន្ត​ថា “យើង​បាន​ប្រាប់​គាត់​នូវ​ចំណុចចំនួន​ពីរ​ មួយ​យើង​ចង់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជាតិ​ឡើង​វិញ​ និង​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​។ លោក​បាន​ស្តាប់​យើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​”។

លោក​​​​និង​លោក​ ស្វាយ​អឺ​ សុទ្ធ​តែ​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភរបស់​ស្ថានទូត​របស់​ប្រទេស​អង់គ្លេស​ កាល​ពី​ខែ​មុន ​បន្ទាប់​ពី​កង​រាជ​អាវុធ​ហត្ថ​បាន​បង្ក្រាប​លើកម្មករ​រោង​ចក្រ​កាត់​ដេរ​ ដែល​កំពុង​តែ​ធ្វើ​ការ​តវ៉ា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។ មន្ត្រី​ការទូត​អង់​គ្លេស​រូបនេះក៏​បាន​ទៅ​ទស្សនកិច្ច​នៅ​​​សារមន្ទីរ​​​ទួល​ស្លែង​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​​ផង​ដែរ​ ប៉ុន្តែ​អ្នក​យក​ព័ត៌​​​មាន​មិន​អាច​ចូល​​​ជួបលោក​​បាន​ឡើយ។​ យោង​តាម​លោក អៀង  សុផាល្លែត​ ជំនួយ ​ការ​របស់​​​លោក​ហ៊ុន​ សែន​បាន​ឲ្យ​ដឹង​ថា ​​​ជំនួប​​​នៅ​ពេល​ល្ងាច​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ផ្តោតជា​ចម្បង​លើ​ពាណិជ្ជកម្ម​ និង​​​​តុលាការ​ខ្មែរ​ក្រហម​៕ស៊ុយឈាង

(រាយ​ការ​ណ៍​បន្ថែម​ដោយ Lauren Croters)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស