29.3 C
Phnom Penh

ក្រសួង​​​សុខាភិបាល​​បំភ្លឺ​រឿង​វ៉ាក់​សាំង​បង្ការ​ជំងឺ​កញ្ជ្រឹល​ និង​ស្អូច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សុខាភិបាល​បានចាត់​វិធានការ​បញ្ឈប់ការ​ភ័យ​ខ្លាច​ជា​សាធារណៈចំពោះ​សុវត្ថិភាព​​​នៃវ៉ាក់​សាំង​បង្ការ​ជំងឺ​កញ្ជ្រឹល និង​ស្អូច​​ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យកុ មារ​កម្ពុជា​ចំនួន​៤,៥​លាន​នាក់​ក្នុងរយៈ​ពេល​បីខែ​ចុង​ក្រោយ​​​​នៃ​ឆ្នាំ​២០១៣​ បន្ទាប់ពីមាន​ពាក្យចចាម​អារ៉ាម​​​​ថា វ៉ាក់​សំាង​នេះបង្ក​ផល​ប៉ះពាល់​ដល់​សុខ​ភាព​ នេះបើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​​​របស់​ក្រសួង​ដែល​បាន​ចេញ​កាលពី​សប្ដាហ៍​មុននេះ​​។

កាលពីខែ​មករា​ ​មន្ត្រី​កម្មវិធី​ជាតិ​ផ្ដល់់ថ្នាំ​បង្ការ​​បាន​ប្រកាស​ថា ខ្លួន​បាន​​ផ្ដល់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កញ្ជ្រឹល​ និង​ស្អូច​​ដល់​កុមារ​៤,៥​លាន​នាក់​ ដែល​មាន​អាយុ​ចន្លោះ​​ពី​៩​ខែ​ទៅ​១៥​ឆ្នាំ​ក្នុ​ង​ខែ​តុលា វិច្ឆិកា និង​ធ្នូ គឺ​លើស​​​គោល​​​ដៅ​​​ដែល​បាន​កំណត់​ត្រឹម​តែ​​៤លាន​នាក់​។​នេះជា​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​ទូទាំង​ប្រទេស​​​ធំបំផុត​មិន​ធ្លាប់​មាននៅ​កម្ពុជា​។

ក្រសួង​សុខាភិបាល ​អង្គការ​សុខភាព​ពិភព​​​លោក​ និង​មូល​និធិ​កុមារ​អង្គការ​សហ​ប្រជា​ជាតិ​​បានចេញសេចក្ដី​ថ្លែង​ការណ៍រួមមួយ​ដែលមាន​ខ្លឹម​សារ​ថា “ថ្មីៗ​នេះ​មាន​ពាក្យ​ចចាម​​​​អារ៉ាម​គ្មា​នមូល​ដ្ឋាន​មួយ​ចំនួន​​ដែល​បាន​បង្ក​ឲ្យមាន​ការ​ភាន់​ច្រឡំ និង​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​សហគមន៍​មួយ​ចំនួន​​ ដោយ​បាន​សួរ​រក​ប្រភព​និង​គុណភាព​វ៉ាក់​សាំង​ដែល​ត្រូវ​បាន​ប្រើ​យ៉ាង​ជោគ​ជ័យ​ក្នុង​យុទ្ធនាការ​ផ្ដល់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កញ្ជ្រឹល​ និង​ស្អូច​នៅ​ចុង​ឆ្នាំ​២០១៣​”។

សេចក្ដី​ថ្លែង​ការ​ណ៍​នេះ​មាន​ការ​ធានា​អះ​អាង​ចំពោះ​សាធារណជន​ថា វ៉ាក់​សាំង​​នេះ​មាន​សុវត្ថិភាព​ និង​មាន​ប្រភព​ត្រឹម​ត្រូវ​ ប៉ុន្តែ​ពុំមាន​ការ​បរិយាយ​ល្អិត​ល្អន់​អំពី​ពាក្យចចាម​អារ៉ាម​នោះទេ។ សេចក្ដីថ្លែង​ការណ៍នេះ​មាន​ខ្លឹម​សារ​ថា “យើង​សូម​បញ្ជាក់​សាជាថ្មីថា រាល់​វ៉ាក់​សាំង​ទាំង​អស់​ដែល​ត្រូវ​បាន​ប្រើ​ដោយ​ក្រសួ ង​សុខា​​ភិបាល​ក្នុង​កម្មវិធីជាតិ​​​ គឺត្រូវ​បាន​ផ្ដល់​ដោយ​អង្គការ​យូនីសេហ្វ (UNICEF) ដែល​បាន​មក​ពី​ក្រុម​ហ៊ុន​នានា​ដែល​ត្រូ​វ​បាន​ទទួល​ស្គាល់​ដោយ​អង្គ​ការ​​​​សុខភាព​ពិភព​លោក​…​ដើម្បី​ធានា​ថា កុមារ​ទទួល​បាន​តែ​វ៉ាក់​សំាង​ណា​ដែល​​​មាន​គុណ​ភាព​​​ល្អបំផុត​”​ ដោយ​មាន​ការ​បន្ថែម​ថា ​វាជា​រឿង​ចំាបាច់​ដែល​ឪពុក​ម្ដាយ​ និង​អាណា​ព្យា​បាល​ត្រូវ​ជឿជាក់​លើរដ្ឋា​ភិបាល​ និង​ស្វែង​រក​ដំបូន្មាន​ពី​បុគ្គលិក​សុខា​ភិបាល​ក្នុង​មូល​ដ្ឋាន​​​ពាក់​ព័ន្ធ​នឹង​ផល​ប្រយោជន៍​​​នៃ​វ៉ាក់​សាំង​ទាំង​នេះ​។

លោក រីឆាដ ដាន់​ឃិន (Richard Duncan) មន្ត្រី​បច្ចេកទេស​នៃ​កម្មវិធី​ពង្រីកការ​ផ្ដល់​ថ្នាំ​បង្ការ​របស់​អង្គការ​សុខភាព​ពិភព​លោក​បាន​លើក​ឡើង​ថា លោក​មិនអាច​ធ្វើ​អត្ថាធិប្បាយ​អំពី​ពាក្យចចាម​អារ៉ាម​នេះ​បាន​ទេ គឺ​អាច​និយាយ​បាន​ត្រឹម​តែ​ថា វាពាក់​ព័ន្ធ​នឹង​គុណ​ភាព​ និង​ប្រភព​នៃ​វ៉ាក់​សាំង​ប៉ុណ្ណោះ។ លោក​បាន​មាន​ប្រសាសន៍​ថា “រាល់​ពាក្យ​​​​ចចាម​អារ៉ាម​ដែល​យើង​បាន​ឮ​រហូត​មក​ទល់​នឹង​ពេល​នេះ​ គឺ​មិនពិត​ទេ​។ វ៉ាក់​សាំង​ទាំង​នោះ​បាន​មកពី​អង្គការ​យូនីសេ ហ្វ និង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​ ហើយ​យើង​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​លើ​វា” ដោយ​បន្ថែម​ថា ពាក្យ​លេច​ឮ​​ក្រោយ​​មាន​កម្មវិធី​​ចាក់​វ៉ាក់​សាំង​បង្ការនេះ​​ គឺ​មិន​​មែនមាន​តែ​នៅកម្ពុជា​ទេ​​។

លោក ដាន់ឃិន បាន​លើកឡើង​ថា ការ​ទទួលបាន​ព័ត៌មាន​រឹតតែ​ងាយ​ស្រួល​តាម​​រយៈ​ប្រព័ន្ធ​អ៊ីន​ធើណិត​ និង​ការ​កើន​ឡើង​នូវ​​ការ​ប្រើ​ប្រាស់​​​បណ្ដាញ​ភ្ជាប់​ទំនាក់​ទំនង​សង្គម​ ដូច​ជា​ហ្វេស​ប៊ុក​ជាដើម​ បាន​រួម​ចំណែក​​​ដល់​ការ​​​ផ្សព្វ​ផ្សាយ​ពាក្យ​ចចាម​អារ៉ាម​បែប​នេះ​នៅ​​កម្ពុជា​​ ប៉ុន្តែ​លោក​បានបញ្ជាក់​ថា វា​នឹង​មិន​ប៉ះពាល់​ដល់​យុទ្ធនាការ​ផ្ដល់​វ៉ាក់​សាំង​ទេ​ ព្រោះ​គោល​ដៅ​​​ទាំង​អស់​​​ត្រូ​វ​បាន​សម្រេច​​​​​រួច​រាល់​ហើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ទោះ​ជា​យ៉ាង​ណា​​ យើង​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ថា វា​អាច​ធ្វើ​ឲ្យខូ​ច​កម្មវិធី​ផ្ដល់​វ៉ាក់​សាំង​បង្ការ​ដែល​ធ្វើ​​រៀង​រាល់​ឆ្នាំបាន​៕ សេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស