បើទោះជាក្រសួងព័ត៌មានបានបដិសេធម្តងហើយម្តងទៀតចំពោះសំណើរបស់លោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុឯករាជ្យ ដែលសុំអាជ្ញាប័ណ្ណដើម្បីបើកដំណើរការស្ថានីយទូរទស្សន៍មួយ និងស្ថានីយវិទ្យុផ្សាយបន្តក៍ដោយ ក៏ប៉ុន្តែរដ្ឋាភិបាលបានសម្រេចយល់ព្រមផ្តល់អាជ្ញាប័ណ្ណទូរទស្សន៍ ថ្មីយ៉ាងតិច បី និងស្ថានីយវិទ្យុផ្សាយបន្តថ្មីចំនួន១៦ ចាប់តាំងពីឆ្នាំ២០១១មក។ គួរបញ្ចាក់ថា ក្រសួងព័ត៌មានបានបដិសេធបែបនេះ ដោយលើកឡើងថា “គ្មានប្រេកង់” សម្រាប់ម្ចាស់វិទ្យុឯករាជ្យរូបនេះ។
លោក ម៉ម សូណង់ដូ ដែលជាអ្នករិះគន់រដ្ឋាភិបាលជារឿយៗ បានលើកឡើងកាលពីម្សិលមិញថា លោកមិនទាន់ដាក់សំណើមួយទៀតទៅក្រសួងព័ត៌មាននៅឡើយទេកាលពីថ្ងៃច័ន្ទ។ លោកបានឲ្យដឹងថា លោកបានដាក់សំណើជារៀងរាល់ឆ្នាំទៅក្រសួងព័ត៌មានសម្រាប់ដំណើរការស្ថានីយផ្សាយបន្តមួយ ចាប់តាំងពីឆ្នាំ២០០៥មក និងសុំអាជ្ញាប័ណ្ណទូរទស្សន៍មួយចាប់តាំងពីឆ្នាំ២០១០មក។
លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “ខ្ញុំនឹងទាមទារស្ថានីយវិទ្យុផ្សាយបន្តមួយ និងអាជ្ញាប័ណ្ណស្ថានីយទូរទស្សន៍ថ្មីមួយ ពីព្រោះក្រសួងព័ត៌មានត្រូវតែផ្តល់តម្លៃឲ្យមនុស្សរាល់គ្នាស្មើៗគ្នា”។ អាជ្ញាប័ណ្ណទូរទស្សន៍នេះនឹងជាអាជ្ញាប័ណ្ណលើកដំបូងហើយសម្រាប់លោក សូណង់ដូ ខណៈដែលលោកចង់បានស្ថានីយវិទ្យុមួយផ្សាយបន្តពីវិទ្យុសំបុកឃ្មុំដើម្បីបង្កើនសមត្ថភាពផ្សព្វផ្សាយរបស់លោកឲ្យដល់ខេត្តនានា។
កាលពីពេលថ្មីៗនេះ ក្រសួងព័ត៌មាន បានច្រានចោលសំណើរបស់លោកកាលពីថ្ងៃទី១៤ ខែមករា ដោយលើកឡើងម្តងទៀតថា ខ្វះទីកន្លែងហ្វ្រេកង់សម្រាប់ការផ្សព្វផ្សាយតាមរលកធាតុអាកាសក្នុងប្រទេស។ នៅពេលអ្នកគាំទ្ររាប់រយនាក់របស់លោកបានតវ៉ាទៅនឹងការច្រានចោលម្តងហើយម្តងទៀតនៅក្រៅក្រសួងព័ត៌មានកាលពីសប្តាហ៍មុន កងរាជអាវុធហត្ថបានប្រើកម្លាំងបំបែកសកម្មភាពតវ៉ានេះដោយគប់គ្រាប់បែកផ្សែង និងប្រើដំបងវាយអ្នកចូលរួមក្នុងសកម្មភាពតវ៉ានោះ ព្រមទាំងអ្នកសារ ព័ត៌មាន មួយចំនួន។
លោក សូណង់ដូ ដែលបានគាំទ្រគណបក្សសង្គ្រោះជាតិអំឡុងការបោះឆ្នោតជាតិកាលពីឆ្នាំមុន ជឿថា ការបដិសេធនេះពិតជារឿងនយោបាយ។ លោក សូណង់ដូ បានមានប្រសាសន៍ថា “ក្រសួងព័ត៌មាន បានបដិសេធម្តងហើយម្តងទៀត ចំពោះសំណើសុំបើកស្ថានីយវិទ្យុផ្សាយ បន្ត និងស្ថានីយទូរទស្សន៍មួយ ដោយអះអាង ថា គ្មានហ្រេ្វកង់ទៀតទេ។ ប៉ុន្តែស្ថានីយវិទ្យុថ្មី និងស្ថានីយទូរទស្សន៍ថ្មីជាច្រើន ដូចជា BTV News និងស្ថានីយទូរទស្សន៍ ហង្សមាស HDTV បច្ចុប្បន្នបានទទួលអាជ្ញាប័ណ្ណហើយ”។
ឯកសាររបស់រដ្ឋាភិបាលបញ្ជាក់ថា ទូរទស្សន៍ ហង្សមាស និង BTV របស់លោកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានផ្តល់អាជ្ញាប័ណ្ណកាលពីបីឆ្នាំមុន។ ទូរទស្សន៍ CNC របស់លោក គិត ម៉េង ដែលមានទំនាក់ទំនងស្និទ្ធនឹងលោក ហ៊ុន សែន ក៏ត្រូវបានផ្តល់អាជ្ញាប័ណ្ណផងដែរ តាំងពីឆ្នាំ២០១១មក។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មកពីគណបក្សប្រជាជនកម្ពុជា មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេកាលពីម្សិលមិញ។ ទោះជាយ៉ាងណា នៅក្នុង អត្ថបទព័ត៌មានមួយចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ អាកាប៉េ កាលពីសប្តាហ៍មុន បានរាយការណ៍ថា លោក ខៀវ កាញារីទ្ធ បានបដិសេធថា ក្រសួងរបស់លោកមិនមែនមិនបានអើពើសំណើរបស់លោក សំណង់ដូ ដោយសារតែមូលហេតុនយោបាយទេ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ អាកាប៉េ បានរាយការណ៍ថា “ឯកឧត្តម រដ្ឋមន្ត្រី [ខៀវ កាញារីទ្ធ] បានលើកឡើងថា ក្រសួងខ្វះហ្រេ្វកង់ ហើយ យោងតាមច្បាប់ អាជា្ញប័ណ្ណទូរទស្សន៍ត្រូវបានផ្តល់ឲ្យតែផ្នែកឯកជនប៉ុណ្ណោះ មិនផ្តល់ឲ្យគណបក្សនយោបាយទេ ហើយវិទ្យុសំបុកឃ្មុំ ធ្លាប់បានប្រកាសថា ខ្លួនគាំទ្រគណបក្សនយោ បាយមួយ”។
លោក កាញារីទ្ធ បានបន្ថែមថា វិទ្យុសំបុកឃ្មុំ មានអង់តែនខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ហើយសមត្ថភាពផ្សព្វផ្សាយខ្លាំងបំផុតបើធៀបនឹងសា្ថនីយវិទ្យុផ្សេងៗទៀត លើកលែងតែវិទ្យុជាតិ៕ ប៊ុននី