31 C
Phnom Penh

​គម្រោងស្តារ​​​ផ្លូវ​ដែក​​ផ្អាក​ដំណើរការ​ដោយ​មិន​កំណត់​​​រយៈ​ពេល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​មន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូនបាន​ឲ្យ​ដឹង​កាលពីម្សិលមិញ​ថា ការ​ងារ​លើ​គម្រោង​ដែល​ត្រូវ​ចំណាយ​ប្រាក់​១៤៣លាន​ដុល្លារ​ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ផ្លូវ​ដែកដ៏​​​ទ្រុឌ​ទ្រោមរបស់​ប្រទេស​កម្ពុជា។ គួរ​បញ្ជាក់​ថា គម្រោង​នេះ​មាន​ការ​ចំណាយ​ប្រាក់​ហួស​ថវិកា​កំណត់​រួច​ទៅ​ហើយ​ ហើយ​ដំណើរការ​ទៅ​មុខហួស​ពេល​កំណត់​ ដោយ​បន្សល់​ទុក​នូវ​ផ្លូវ​ដែក​វែង​ជាង​៣០០​​​គីឡូម៉ែត្រ​ទៀតដែល​ត្រូវ​ស្ថាបនា​។

លោក លី បូរិន ប្រធាន​នាយក​ដ្ឋានផ្លូវ​ដែក​នៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​​ឲ្យ​ដឹង​ថា ការងារ​លើ​គម្រោង​ស្តារផ្លូវ​ដែកនេះ ត្រូវ​បាន​ផ្អាក​កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០១៣ ហើយ​មិន​មាន​សង្ឃឹមថា គម្រោង​នេះ​អាច​នឹង​ទទួល​បាន​មូលនិធិ​បន្ថែមទៀត​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ឬ​​រដ្ឋាភិបាល​អូស្ត្រាលី ដែលជាអ្នក​ផ្តល់​មូលនិធិ​សំខាន់​ពីរ​ សម្រាប់​គម្រោងស្តារ​ផ្លូវ​ដែក​​នេះ។

លោក​ លី បូរិន បាន​ថ្លែង​ថា “គម្រោង​​​នេះ​ត្រូវ​បាន​ផ្អាក ​តាំង​ពី​យើង​អស់​​មូលនិធិ​ម៉្លេះ​ ហើយ​រដ្ឋាភិបាល​កំពុង​តែស្វែង​រក​មូលនិធិ​បន្ថែម​ទៀត​”។  លោក បូរិន បាន​ឲ្យ​ដឹង​ទៀត​ថា ចាំបាច់​ត្រូវ​មានការ​សិក្សា​ឲ្យ​ដឹង​ថា ត្រូវការ​មូលនិធិ​ប៉ុន្មាន​បន្ថែម​ទៀតលើ​មូលនិធិ​ដើម​១៤៣​លាន​ដុល្លារ​ សម្រាប់​បញ្ចប់ការងារ​នេះ​​ ប៉ុន្តែ សូម្បី​តែ​មូលនិធិ​សម្រាប់​អនុវត្ត​គម្រោង​សិក្សា​នេះ ក៏​មិន​មាន​គ្រប់​គ្រាន់​ដែរ។

រយៈពេល​មួយ​ឆ្នាំ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​ក្រុម​ហ៊ុន ធីអេស​អូ (TSO) ដែល​ជា​ក្រុម​ហ៊ុន​បារាំង​ជាប់​កិច្ច​សន្យា​ អនុវត្ត​ការងារ​កែលម្អ​ និង​ជួសជុល​ផ្លូវ​ដែក លោក បូរិន បាន​ឲ្យ​ដឹង​ថា ​​​ក៏​មិន​ទាន់​មាន​ក្រុម​ហ៊ុន​ណា​មក​​ជំនួស​ក្រុមហ៊ុន​នេះ​ដែរ។ នៅ​ពេ​ល​ការងារ​លើ​ផ្លូវ​ដែក​បាន​ចាប់​ផ្តើម​​​ក្នុងឆ្នាំ​២០០៧​ ធនាគារ​ ADB បាន​ឲ្យ​ដឹង​ថា ខ្លួន​សង្ឃឹមថា មាន​ប្រតិបត្តិការយ៉ាង​ពេញ​លេញ​លើ​ផ្លូវ​ដែក​ យ៉ាង​យូរ​ក្នុង​ឆ្នាំ​២០០៩។

រថភ្លើង​បាន​ចាប់​ផ្តើម​ដំណើរការ​នៅ​លើ​ផ្លូវ​ដែក​ប្រវែង​២៥៦គីឡូម៉ែត្រ នៅផ្នែក​​​ខាង​​​​​​​ត្បូង​​ពី​រាជធានី​ភ្នំពេញទៅ​​​កំពង់ផែ​​សមុទ្រ​​ខេត្ត​ព្រះ​សីហនុ​។ ក៏​ប៉ុន្តែ ទាក់​ទង​នឹង​ខ្សែ​ផ្លូវ​ដែក​ប្រវែង​៣៨៣គីឡូម៉ែត្រ នៅ​ផ្នែក​ខាង​ជើង​ពី​រាជធានី​ភ្នំពេញទៅ​ព្រំដែន​ថៃ នៅ​ក្រុង​ប៉ោយ​ប៉ែត​ លោក បូរិន បាន​ឲ្យ​ដឹង​​​​​​​ថា ផ្លូវ​ដែក​នេះ​ត្រូវ​បានស្តារ​ឡើង​វិញ បាន​តែ​៤២​​​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដោយ​សារ​តែ​អស់​មូល​​​និធិសម្រាប់​​​ប្រើប្រាស់​​​ ហើយ​ការងារ​បាន​បញ្ឈប់​កាលពី​ឆ្នាំ​មុន។

អ្នក​នាំ​ពាក្យ​ធនាគារ ADB បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ផ្លូវ​ដែក​ប្រវែង​៤២​គីឡូ​ម៉ែត្រ​នេះគឺ​ជា​ផ្នែក​មួយ​នៃ​កំណាត់​ផ្លូវ​ដែក​ប្រវែង​៤៨គីឡូម៉ែត្រ​ពី​ក្រុង​ប៉ោយ​ប៉ែត​ទៅ​ក្រុង​ស៊ីសុផុនក្នុង​ខេត្ត​បន្ទាយ​មានជ័យ។ អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា កំណាត់​ផ្លូវ​ដែក​ប្រវែង​២៣គីឡូម៉ែត្រត្រូវ​បាន​បញ្ចប់​ពី​ក្រុង​ស៊ីសុផុន ទៅ​ទិស​ខាង​កើត​។ មន្ត្រី​រដ្ឋាភិបាល​បាន​ដាក់​សំណើ​ម្តង​ហើយ​ម្តង​ទៀត​ដល់​ធនាគារ​ ADB និង​ប្រទេស​អូស្ត្រាលី​ ដើម្បី​រៃ​អង្គាស​មូលនិធិ​បន្ថែម​សម្រាប់​បញ្ចប់​ការងារ​នេះ​។

ធនាគារ​ ADB បាន​បង្វែរ​សំណួរ​ទាក់​ទង​ទៅនឹ​ង​បញ្ហា​ខ្វះ​មូលនិធិនេះ​ ទៅ​រដ្ឋាភិបាល​ហើយ​​ស្ថានទូត​អូស្ត្រាលីមិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​កាល​ពីម្សិលមិញទេ ។ គម្រោង​នេះ​បានធ្លាក់​ក្នុង​​ស្ថានភាព​ច្របូក​ច្របល់​ផ្នែក​ហិរញ្ញវត្ថុ​​ នៅ​ពេលមាន​បណ្តឹង​ពី​​អង្គការ​សិទ្ធិ​មនុស្សល្បី​ៗ​​ ដែល​បាន​និង​កំពុង​តាម​ដាន​យ៉ាង​ដិត​ដល់​អស់​រយៈពេល ជាច្រើន​ឆ្នាំ​មក​ហើយ​។

អង្គការ​សិទ្ធិមនុស្ស​បាន​លើក​ឡើង​អស់​រយៈពេល​ជាច្រើន​មក​ហើយ​ថា ប្រជាជន​៤.០០០គ្រួសារ​ដែល​បាន​បាត់​បង់​ដី​ធ្លី​ដោយ​សារ​គម្រោង​ស្តារ​ផ្លូវ​ដែក​នេះ ទទួល​បាន​សំណង​តិច​តួច​ណាស់​ ឬ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ទីតាំង​លំនៅ​ដ្ឋាន​ថ្មី ដែល​មាន​ស្ថានភាព​មិន​អំណោយ​ផល​ ហើយ​ថែម​ទាំង​ជាប់​បំណុល​គេ​យ៉ាង​ច្រើន​ទៀត​ផង។

បន្ទាប់​ពី​ព្យាយាម​​គេច​ចេញម្តង​ហើយ​ម្តង​​​​ទៀត​ពីការ​ស្តី​បន្ទោស​ និង​គ្រាន់​តែ​បាន​ផ្តល់​​​​​មូលនិធិ​មួយ​ចំណែក​ម្តង​ៗ កាលពី​សប្តាហ៍​មុន​ ធនាគារ​ ADB បាន​សារភាព​ជាលើក​ដំបូង​ថា ខ្លួន​ទទួល​បរាជ័យ​ក្នុង​ការ​ជួយ​ការពារ​ផល​ប្រយោជន៍​របស់​ប្រជាជន​ឲ្យ​បាន​គ្រប់​គ្រាន់​។

ធនាគារ​នេះ​បាន​លើក​ឡើង​ថា ខ្លួន​នឹង​បង្កើត​ផែនការ​សកម្មភាព​មួយ​ក្នុង​រយៈពេល​៦០ថ្ងៃ​ខាង​មុខ​​ដើម្បី​ជំរុញ​ឲ្យ​គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ពេញ​លេញ​តាម​គោល​ការ​ណ៍សុវត្ថិភាព​ប្រកប​ដោយ​ក្រម​សីលធម៌​របស់​ខ្លួន​។ ក៏​ប៉ុន្តែ ធនាគារ​នេះ​មិន​បាន​ឲ្យដឺង​ថា តើផែនការ​នេះ​នឹង​ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន​ទេ។ ធនាគារ​ ADB បាន​លើក​ឡើង​បន្ត​ថា ខ្លួន​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​​អំពី​ផែនការ​សកម្មភាព​របស់​ខ្លួន​ដែល​​​​មាន​​​គោល​​​បំណង​​​ជួយ​ប្រជាជន​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​​​សារ​គម្រោង​នេះ​ទេ លុះ​ត្រា​តែ​ខ្លួន​បាន​ធ្វើ​សកម្ម ភាព​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​។

លោក ឃួន ព្រំសារិទ្ធ ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​លំនៅ​ដ្ឋា​នរ​បស់​លោកក្នុង​រាជ​ធានី​ភ្នំពេញ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ទីតាំង​លំ​នៅ​ដ្ឋាន​ថ្មីកាលពី​ពីរ​ឆ្នាំ​មុន បាន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​​ការ​ហៅ​ទូរស័ព្ទ​ ពី​ធនាគារ​ ADB កាល​ពី​ថ្ងៃ​អាទិត្យ​ សប្តាហ៍​មុន ដោយ​បាន​សួរ​លោក​ថា តើ​គ្រួសារ​របស់​លោក​បាន​ដោះ​ស្រាយ​ស្ថានភាព​ដោយ​របៀប​ណា​ និង​ថា តើ​គ្រួសារ​របស់​លោក​ត្រូវ​ការ​អ្វី​បន្ថែម​ទៀត​។

លោក​បា​ន​មាន​ប្រសាសន៍ថា “ធនាគារ​ ADB បាន​ទូរស័ព្ទ​មក​ខ្ញុំ​ ហើយ​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​យល់​យ៉ាង​ម៉េចអំពី​សំណង​នេះ ហើយ​ជីវិត​រស់នៅ​ប្រព្រឹត្ត​ទៅ​យ៉ាង​ដូចម្តេចនៅ​ទី​តាំង​លំនៅ​ដ្ឋាន​ថ្មី​នេះ”។

លោក ព្រំ សារិទ្ធ បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំនួន​៧០០ដុល្លារ​ដែល​លោក​ទទួល​បាន ស្ទើរ​តែ​មិន​គ្រប់​គ្រាន់​សម្រាប់​ចំណា​យ​ទៅ​លើ​ការរើលំ​នៅ​ដ្ឋាន​ផង​ ហើយ​លោក​ត្រូវការ​ជំនួយ​ក្នុង​ការ​សង​បំណុល​គេ​ចំនួន​២.៦០០ដុល្លារ​​ដែល​លោក​នៅ​ជំពាក់គេ​ បន្ទាប់​ពី​លោក​បាន​ខ្ចី​ប្រាក់​គេ​យក​ទៅ​សង់​លំនៅ​ដ្ឋាន​ថ្មី​មួយ​ខ្នង ដែល​មាន​ទីតាំង​នៅ​លើ​ដី​ទទេមួយ​កន្លែង​។​ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រជាជន​មួយ​ចំនួន​ក្នុង​ចំណោម​ប្រជាជន​ជាច្រើន​គ្រួសារ​ផ្សេង​ទៀត​ដែល​រស់​នៅ​ក្នុង​ភូមិ​ជាមួយ​លោក ​មាន​ជីវភាព​កាន់​តែ​លំបាក​ទៅៗ​។

គម្រោង​សិក្សា​ស្រាវជ្រាវ​មួយ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ធនាគារ​ ADB កាលពី​ឆ្នាំ​២០១២ បាន​ចេញ​សេចក្តី​ព្រមាន​ថា ប្រជាជន​ជា​ច្រើន​​ គ្រួសារ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ទីតាំង​រស់នៅ​របស់​ខ្លួន​ដោយ​សារ​គម្រោង​ស្តារ​ផ្លូវ​ដែក​នេះ កំពុង​តែ​ប្រឈម​នឹងវិបត្តិ​បំណុល​។ លទ្ធផល​នៃ​គម្រោង​​សិក្សា​ស្រាវ​ជ្រាវ​នេះ​បាន​បង្ហាញ​ទៀត​ថា ប្រជាជន​ទាំង​នោះ​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់៕ សុធា

(រាយការណ៍​បន្ថែម​ដោយ Zsombor Peter)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស