34.8 C
Phnom Penh

ទោះ​បី​ជា​មាន​អ្នកស្លាប់​រហូត​ដល់​ទៅ​៧​នាក់​ក៏ដោយ​ ក៏​ការ​ស៊ើប​អង្កេត​នៅ​តែ​គ្មាន​លទ្ធផល 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​វេលា​ម៉ោង​១០​ព្រឹកនា​ថ្ងៃទី​៣​ ខែ​មករា​ ​កង​កម្លាំង​សន្តិសុខ​ប្រហែល​២.០០០​នាក់​ ដែល​ភាគ​ច្រើន​ជា​កង​រាជ​អាវុធ​ហត្ថ​ បាន​​​បង្ក្រាប​កម្មករ​រោង​ចក្រ​កាត់​ដេរ​ ដែល​កំពុង​តវ៉ា​នៅ​លើ​ផ្លូវ​វេង​ស្រេង​ ដោយ​ប្រើ​កាំ​ភ្លើង​​ ​អាកា​-៤៧ បាញ់ប្រហារ​ទៅ​លើ​អ្នក​តវ៉ា​​ប្រ​ហែល​១០០នាក់​ ដែល​គប់​ដុំ​ថ្ម​និង​ដប​សាំង​។

កង​រាជ​អាវុធ​ហត្ថ​ក៏​បាន​បាញ់​សំដៅ​ទៅ​លើ​​អគារ​នៅ​ជុំ​វិញ​នោះដែរ​ ជា​ទី​ដែល​បាតុ​ករ​​​​បាន​ចោល​ឧប​ករណ៍​ផ្សេង​ៗ​ មក​លើ​ពួ​កគេ​។ កង​រាជ​អាវុធ​ហត្ថ​បាន​បាញ់​ប្រហារ​បណា្តល​​​​​​ឲ្យ​កម្ម​ករ​រោងចក្រ​កាត់​ដេរ​ ដែលកំពុង​តវ៉ា​ចំនួន​ប្រាំ​នាក់​បាន​ស្លាប់​ និងយ៉ាង​តិច​៤០​​នាក់​រង​របួស​ដោយ​សារ​គ្រាប់​កាំភ្លើង​ ហើយ​១៣​នាក់​​​ផ្សេងទៀ​ត​ត្រូវ​រង​ការ​វាយដំ​ រួច​បញ្ជូន​​​ចូល​ពន្ធ​នាគារ​ ដែល​មាន​ការ​រឹត​បន្តឹង​សន្តិ​សុខ​ខ្ពស់​​បំផុត​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ ជា​ទី​ដែល​តុលា​ការ​បាន​បដិសេធ​មិន​ដោះ​លែង​​​ពួក​គេ​ឲ្យ​នៅ​ក្រៅឃុំ​ មុន​ពេល​ការ​បើក​សវ​នា​ការ​ជំនុំ​ជម្រះ​រឿង​ក្តី​ ដែល​មកទល់​នឹង​ពេល​នេះ​នៅ​មិន​ទាន់​មាន​កាលបរិច្ឆេទ​នៅ​ឡើយ​។

មក​ទល់​នឹង​ពេលនេះ​ វា​មាន​រយៈ​ពេល​មួយ​​​​​ខែ​ហើយ​ បន្ទាប់​ពី​ការ​ស្លាប់របស់​​​អ្នក​តវ៉ា​ចំនួន​ប្រាំ​នាក់​ ដែល​​ត្រូវ​បាន​ថ្កោល​​ទោស​ដោយ​​​​​អង្គ​​​ការ​សិទ្ធិ​មនុស្ស ​និង​អង្គការ​សហ​ប្រជា​ជាតិ​​​ ប៉ុន្តែ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ ដើម្បី​ស្វែង​រក​ថា តើ​នរណា​ជា​អ្នក​បាញ់​ប្រហារ​​​​បណ្តាល​ឲ្យ​ស្លាប់​អ្នក​តវ៉ា​ ឬ​ក៏​ថាតើ​នរណា​ជា​អ្នក​ចេញ​បទ​បញ្ជា​ឲ្យ​មាន​​ការ​បាញ់​ប្រហារ​នោះ​​ គ្មាន​ការវិវឌ្ឍឡើយ​។

ឧត្តម​សេនីយ៍​ត្រី​​ ខេង​ ទី​តូ​ អ្ន​ក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​មាន​ប្រសាសន៍​ថា​ “ យើង​កំពុង​តែ​បន្ត​ការ​ស៊ើប​អង្កេត​ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ណា​មួយ​នៅ​ឡើយ​ទេ​”។ ទោះ​ជា​យ៉ាង​ណា​ ប្រសិន​បើ​ការ​ស៊ើប​អង្កេត​​​របស់​​កង​រាជ​អាវុធ​​ហត្ថ​មិន​ដែល​ចេញ​​ជា​លទ្ធ​ផល​បែប​នេះ​ វាទំនង​ជា​​មិន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ ដែល​បាន​សួរ​ថា នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ​​ដែល​គ្មាន​អាវុធ​ក្នុងដៃ​ទាំង​ប្រាំ​នាក់​នោះ​ឡើយ​។

កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មករា​ ឧត្តម​សេនីយត្រី​ខេង​ ទី​តូ​ បាន​មាន​ប្រសាសន៍​ថា “កង​រាជ​អាវុធ​​ហត្ថ​មិន​ដែល​បាញ់​ប្រហារ​ក្នុង​គោល​បំណង​ផ្តាច់​​ជីវិត​នរណា​ម្នាក់​ឡើយ​”។ លោក​បាន​​បន្ត​ថា ការ​ស៊ើប​អង្កេត​ណា​មួយ​លើ​ការ​ស្លាប់​​​នៅ​ថ្ងៃ​ទី​៣​ ខែ​មករា​ មិន​មែន​ជា​ការ​ស៊ើប​​អង្កេត​​លើ​តួនាទី​របស់​កង​រាជ​អាវុធហត្ថ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​ស៊ើប​អង្កេត​លើ​តួនាទី​របស់​ “អ្នក​ញុះញង់​”  ដែល​ដឹក​នាំ​ការ​តវ៉ា​នេះ​​។

ជន​​រង​គ្រោះ​ និង​សាក្សី​ដែល​បាន​ឃើញ​ការបង្ក្រាប​ដ៏​សាហាវ​នៅ​លើ​ផ្លូវ​វេង​ស្រេង​ បាន​រាយ​ការណ៍​ថា បាន​ឃើញ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បាញ់​កាំភ្លើង​វែង​របស់​ខ្លួន​រំលង​ក្បាល​របស់​អ្នក​តវ៉ា​ មុន​ពេល​ងាក​មក​ប្រើ​វិធី​ធម្មតាដើម្បី​ទប់​ទល់​នឹង​អ្នក​តវ៉ា​វិញ​។ បន្ទាប់​ពី​ការ​ស្លាប់​របស់​អ្នក​តវ៉ា​ទាំង​ប្រាំ​នាក់​នេះ​មក​ មន្ត្រី​កង​រាជអាវុធ​ហត្ថ​នៅ​តែ​បនទប់ទល់​នឹង​អ្នក​តវ៉ា​គប់​ដុំ​ថ្ម​ ដោយ​ប្រើ​កាំភ្លើង​វែង​របស់​ខ្លួន​ម្តង​ម្កាល​។

កញ្ញា​ អ៊ុក​ ម៉ារ៉ា​ អាយុ​១៧​ឆ្នាំ​ ជា​ជន​រង​គ្រោះ​ដែល​ក្បាល​របស់​នាង​ត្រូវ​គ្រាប់​កាំភ្លើង​មួយ​ខែ​កន្លង​មក​ហើយ​ បាន​និយាយ​ពី​លើ​គ្រែ​ពេទ្យ​បន្ទាប់​ពី​ការ​ប្រើ​អំពើ​ហិង្សា​ថា​ “ ខ្ញុំ​បាន​ឃើញ​ពួកគេ​​បាញ់​ប្រហារ​ក្នុង​បំណងផ្តាច់​​ជីវិត​តែ​ម្តង។ វាហាក់បី​ដូច​ជា​ កំពុង​មើល​ក្មេង​ៗលេង​​​​កាំ​ជ្រួច​​អ៊ីចឹង​”​ ។

ជន​រង​គ្រោះ​ម្នាក់​ទៀត​ ឈ្មោះ​ ហៀត​ រ៉ា​ ឌី​ អាយុ​២០​ឆ្នាំ​ ដែល​ត្រូវ​រង​របួស​ចំ​ទ្រូង​ដោយ​សារ​គ្រាប់​កាំ​ភ្លើង​អំឡុង​ការ​ប្រើ​អំពើ​ហិង្សា​ បាន​និយាយ​ថា “កង​រាជ​អាវុធ​ហត្ថ​​បាន​រត់​ចុះ​រត់​ឡើង​ជុំ​វិញ​នោះ​ ហើយ​បាញ់​ប្រហារ​ដោយ​មិន​រើ​ស​មុខ​”។

ចាប់​តាំង​ពី​ការ​បង្ក្រាប​ដ៏​ហិង្សា​នោះ​រួច​មក​ រដ្ឋាភិបាល​បាន​ទទួល​រង​ការ​រិះ​គន់​យ៉ាង​ធ្ងន់ៗ​ចំពោះ​ការ​ប្រើ​កម្លាំង​ហួស​ហេតុ​ប្រឆាំង​​នឹង​យុវជន​គប់​ដុំ​ថ្ម​។ សហ​ព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ និង​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ លី​កាដូ​ និង​អាដ​ហុក​ បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​៦​ ខែ​មករា​ ដោយ​លើក​ឡើង​ថា “ការ​សម្លាប់អ្នក​តវ៉ា​ដោយ​មន្ត្រី​រដ្ឋាភិបាល​ គឺ​មិន​អាច​ទទួល​​​យក​បាន​ទាំង​ស្រុង​” ហើយ​បាន​អំពាវ​នាវ​ “ ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯក​រាជ្យ​ ហ្មត់​ចត់​ និង​ឆាប់​រហ័ស​មួយ​លើ​ការ​ស្លាប់​នៅ​ថ្ងៃ​ទី​៣​ ខែ​មករា​នេះ​”។

មន្ត្រី​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ទី​ក្រុង​ហ្សឺណែវ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ស្រដៀងគ្នានេះ​មួយ​ដែរ​ពីរ​ថ្ងៃ​ក្រោយ​​មក​។ សេចក្តី​ថ្លែង​ការណ៍​នេះ​មាន​ខ្លឹម​សារ​ថា​ “ យើង​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់​ចត់​ និង​បន្ទាន់​មួយ​លើការ​ស្លាប់​អ្នក​តវ៉ា​ទាំង​ប្រាំ​នាក់​ និង​អ្នក​តវ៉ា​ដែល​រង​របួស​យ៉ាង​តិច​៤២​នាក់​ផ្សេង​ទៀត​ ដោយសារ​ស្នាដៃ​កង​រាជ​អាវុធ​ហត្ថ​នោះ​”។

កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មករា​ វេទិកា ​អាស៊ី​ប៉ា​ស៊ីហ្វិក​ ដើម្បី​​ស្ត្រី​ ច្បាប់​ និង​ការ​អភិវឌ្ឍន៍​ បាន​ប្រកាស​យុទ្ធនាការ​សប្តាហ៍​សកម្មភាព​ពិភពលោក​មួយសម្រាប់​ប្រទេស​កម្ពុជា​ ដែល​សហជីព​ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ទូទាំង​ពិភពលោក​​​បាន​តវ៉ា​នៅ​ក្នុង​រដ្ឋធានី​ និង​រាជ​ធានី​មួយ​ចំនួន​ដោយ​អំពាវ​នាវ​ឲ្យ​មាន​ការ​បញ្ចប់​ការ​ប្រើ​អំពើ​ហិង្សាលើ​អ្នក​តវ៉ា​នៅ​កម្ពុជា​​ និងដើម្បី​ឲ្យមាន​ការ​​​ដោះ​លែង​មនុស្ស​ដែល​ត្រូវ​ឃុំ​ឃាំង​ទាំង​២៣​នាក់​​​។

សហព័ន្ធ​សហជីព​អន្តរជាតិ​ចំនួន​៣០​ និង​ក្រុម​ហ៊ុន​លក់​សម្លៀក​បំពាក់​យីហោ​ល្បីៗ​ ដូចជា​ Wal Mart និង​ Gap ជាដើម​ បាន​ផ្ញើ​លិខិត​​មួយ​ច្បាប់​ទៅ​កាន់​លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដោយ​ផ្ទាល់​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មករា​ ដោយ​សម្តែង​ “ក្តី​ព្រួ​យ​បារម្ភ​យ៉ាង​ខ្លាំង​” ចំពោះ​ការ​បាញ់​ប្រហារ​នេះ​។

លិខិត​នេះ​មាន​ខ្លឹម​សារ​ថា “ការ​ប្រើ​កង​កម្លាំង​បាញ់​ប្រហារ​លើ​កម្មករ​ដែលកំពុង​តវ៉ា​ នឹង​មិន​ធ្វើ​ឲ្យ​វិស័យ​កាត់​ដេរ​មាន​សន្តិភាព​បាន​យូរ​នោះ​ទេ​ ហើយ​បាន​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ឈ្មោះ​របស់​ប្រទេស​កម្ពុជា​ ដែល​ជា​កន្លែង​​​​​​​​ដ៏​មាន​ស្ថិរភាព​សម្រាប់​ក្រុម​ហ៊ុន​អន្តរជាតិ​យីហោ​ល្បី​ៗ​”។

អំឡុង​ការ​មក​បំពេញ​ទស្សនកិច្ច​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាល​ពី​ខែ​មុន​លោក​ សុរិយា​ ស៊ូបេឌី​ ប្រេសិត​ពិសេស​ទទួល​​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្កោល​ទោស​ចំពោះ​​ការ​បាញ់​ប្រហារ​លើកម្មករ​កាត់​រោងចក្រ​កាត់​ដេរ​ ដែល​កំពុង​ធ្វើ​កូដកម្ម​នេះ​។

លោក​ ស៊ូបេឌី​ បាន​មាន​ប្រសាសន៍​អំឡុង​សន្និសីទ​កាសែត​មួយ​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មករា​​ថា “ខ្ញុំ​ព្រួយបារម្ភ​យ៉ាង​ខ្លាំងចំពោះ​​ទង្វើ​របស់​អាជ្ញាធរ​ទាក់​ទិន​នឹង​ព្រឹត្តិការណ៍​នៅ​សប្តាហ៍​ទី​១ដើម​ខែមករា”។

កង​រាជ​អាវុធ​ហត្ថ​ និង​នគរបាល​ជាតិ​ក៏​បាន​​បាញ់​សម្លាប់​អ្នក​នៅ​តាម​ចិញ្ចើម​ផ្លូវ​ចំនួន​ពីរនាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើ​ន​នាក់​ផ្សេង​ទៀត​រង​របួស​​ដែរ អំឡុង​ការ​តវ៉ា​នៅ​ក្បែរ​ស្ពាន​ព្រះ​មុនី​វង្ស​ កាល​ពី​ខែកញ្ញា​និង​ការ​តវ៉ា​នៅ​ខណ្ឌ​មាន​ជ័យ​កាល​ពី​ខែ​វិច្ឆកា​​។ ការ​ស៊ើប​​អង្កេត​លើ​ការ​ស្លាប់​ទាំង​នេះ​ ក៏ទំនង​ជា​គ្មាន​ការ​រីក​ចម្រើន​ដែរ​  ទោះ​បី​ជា​កង​រាជ​អាវុធ​​ហត្ថ​ និង​នគរបាល​អះ​អាង​ថា ខ្លួន​កំពុង​ស៊ើប​អង្កេត​លើ​ករណី​ស្លាប់​ទាំង​ពីរនេះ​ក៏​ដោយ​។

ឧត្តម​សេនីយ៍​ឯក​ ខៀវ​ សុភ័គ​ អ្នកនាំ​ពាក្យ​​ក្រសួង​មហាផ្ទៃ​បាន​បង្វែ​រ​សំណួរ ​កាល​ពី​ម្សិល​​មិញ​ទាក់​ទិន​នឹង​ការ​ស៊ើប​អង្កេត​លើ​ការ​ស្លាប់​របស់​អ្នកតវ៉ា​ទៅ​លោក​ នេត​ សាវឿន​ អគ្គ​ស្នង​ការនគរ​បាល​ជាតិ​ និង​ លោក​ សៅ សុខា​ អគ្គ​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​​ដែល​លោក​បាន​លើក​ឡើង​ថា ពួក​គាត់បច្ចុប្បន្ន​កំពុង​ដឹក​នាំ​គណៈកម្មការ​ស៊ើប​អង្កេត​លើ​ការ​បាញ់​ប្រហារ​នេះ​វិញ​​។

ហើយ​ទោះ​បី​ជាការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាលលើ​ការ​បាញ់ប្រហារ​អ្នក​តវ៉ា​ និង​អ្នក​នៅ​តាម​ចិញ្ចើម​ផ្លូវ​ដោយ​មិន​រើស​មុខ​ និង​​ការ​ធ្វើ​ឲ្យ​​មនុស្សជា​ច្រើន​នាក់​​ផ្សេង​ទៀតរង​របួសនោះ​​​​គ្មាន​ការ​វិវឌ្ឍ​ក៏ដោយ​ ប៉ុន្តែ​រដ្ឋាភិបាល​បែរ​ជា​ផ្តល់​រង្វាន់​ទៅ​ឲ្យ​នគរ​បាល​និង​កង​រាជ​អាវុធ​ហត្ថ​ ដែល​ភាគ​ច្រើន​រង​​របួស​ស្រាល​ អំឡុង​ការ​តវ៉ា​ថ្មី​ៗ​នេះ​ទៅ​វិញ​។

យោង​តាម​កាសែត​កោះ​សន្តិភាព​បាន​ឲ្យ​ដឹង​ថា អំឡុង​ពិធីមួយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ចំនួន​២៩​នាក់​ និង​មន្ត្រី​នគរបាល​ជាតិ​ចំនួន​១៦​នាក់​ បាន​ទទួល​ថវិកាក្នុង​ម្នាក់ៗ​ចំនួន​ប្រហែល​២០០​ដុល្លារ​សម្រាប់​ការ​បំពេញ​ការ​ងារ​របស់​ពួក​គេ​អំឡុង​ការ​បង្ក្រាបលើ​អ្ន​ក​តវ៉ា​ ជួស​មុខ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន​ សែន​ និង​ភរិយា​របស់​លោក​ គឺ​លោកស្រី​ ប៊ុន រ៉ា​នី​។

អត្ថបទ​មួយ​នៅ​លើ​ទំព័រ​របស់​កាសែត​កោះ​សន្តិភាព​មាន​ខ្លឹម​សារ​ដូច​តទៅ​ “[សម្តេច​ហ៊ុន​ សែន​ និង​លោកជំទាវ​​ ប៊ុន​ រ៉ានី​] បាន​កោ​ត​សរសើរ​ចំពោះ​ជំហរ​ដ៏​រឹង​មាំរបស់​កង​រាជ​អាវុធ​ហត្ថ​ និង​នគរបាល​ជាតិ​ ដែល​បាន​ខិតខំ​ការពារ​សណ្ដាប់​ធ្នាប់​សង្គម​ និង​សន្តិសុខ​ អំឡុង​​​គណបក្ស​ប្រឆាំង​បង្ក​ភាព​ចលាចល​ដោយ​ដើរ​ញុះ​ញង់​ឲ្យ​មាន​ការ​ប្រើ​អំពើហិង្សា​”។

ឧត្តម​សេនីយ៍ត្រី​ ខេង ទី​តូ​ បាន​បដិសេធ​មិន​​និយាយ​អំពី​ការ​ផ្តល់​ប្រាក់​​រង្វាន់​​​នេះ​ទៅ​​ឲ្យ​កង​រាជ​អាវុធ​ហត្ថ​ និង​នគរបាល​ជាតិ​ឡើយ​។

អ្នក​ស្រី​ ឃួន​ ស្រី​ឯម​ ម្តាយ​របស់​ជន​រង​គ្រោះ​ តិច ថេង​ អាយុ​១៨​ឆ្នាំ​ ជា​អ្នក​តវ៉ា​ម្នាក់ ដែល​ត្រូវ​បាន​វះ​កាត់​ខួរ​ក្បាល​ បន្ទាប់​ពី​រង​ការ​វាយ​ដំ​យ៉ាង​សាហាវ​ពី​សំណាក់​កង​រាជ​អាវុធ​ហត្ថ​នៅ​លើ​ផ្លូវ​វេង​ស្រេង​ បាន​ឲ្យ​ដឹង​ថា ក្រុម​​​គ្រួសារ​របស់​អ្ន​ក​ស្រី​ គ្មាន​បាន​ទទួល​អ្វី​ពី​រដ្ឋា​ភិបាល​ឡើយ​ ចាប់​តាំង​ពី​កូន​ប្រុស​របស់​អ្នក​ស្រី​​​​​​​ត្រូវ​បាន​គេ​វាយ​ដំ​ស្ទើរ​បាត់​បង់​ជីវិត​មក​។

អ្នក​ស្រី​បាន​និយាយថា​ “ខ្ញុំ​គ្មាន​ទទួល​​បាន​ប្រាក់​សំណង​ណាមួយ​ពី​រដ្ឋាភិបាល​ឡើយ​ ហើយ​មាន​ការសោក​ស្តាយ​ណាស់​ ដែល​មក​ទល់​នឹង​ពេល​នេះ​អា​ជ្ញា​ធរ​ នៅ​តែ​មិន​ទាន់​ចាប់​​​​បាន​ជន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ណា​មួយនោះ​”។ អ្នក​ស្រី​បានប​ន្ថែម​ថា អ្នក​ស្រី​ខ្លាច​ក្រែង​ការ​ផ្តល់​រង្វាន់​ទៅ​ឲ្យ​សមាជិក​របស់​អង្គភាព​កង​រាជ​អាវុធ​ហត្ថ​ និង​នគរបាល​ជាតិ​ដែល​បាន​ប្រើ​អំពើ​ហិង្សា​នោះ​ អាច​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​ប្រើ​អំពើ​ហិង្សា​ស្រដៀង​គ្នានេះ​នៅ​លើកក្រោយ​ទៀត​។ អ្នក​ស្រី​បាន​និយាយ​បន្ត​ទៀត​ថា “តាម​រយៈ​ការ​ផ្តល់​ប្រាក់​រង្វាន់​​នេះ​ រដ្ឋាភិបាល​​កំពុង​តែ​លើក​ទឹក​ចិត្ត​ឲ្យ​នគរ​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​ ប្រើ​អំពើ​ហិង្សា​បន្ថែម​ទៀត​លើ​កម្មករ​”៕ស៊ុយ​ឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស