កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះក្តីរបស់ស្ត្រីម្នាក់ និងបុរសសមគំនិតម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទជួញដូរក្មេងស្រីគថ្លង់ម្នាក់អាយុ១៣ឆ្នាំម្នាក់ ដែលកើតរោគអេដស៍នៅផ្ទះបនមួយ ក្នុងខណ្ឌចំការមន។
សវនាការជំនុំជម្រះនេះ ធ្វើឡើងនៅក្នុងបន្ទប់បិទទ្វារ ដោយសារមានវត្តមានរបស់ជនរងគ្រោះអនីតិជន។ បន្ទាប់ពីសវនាការបានបញ្ចប់ លោកស្រី គឹម ដានី ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមាន ប្រសាសន៍ថា “ឈ្មាះ លួញ ចាន់ អាយុ២៨ឆ្នាំ និងឈ្មោះ ឯម សុភា អាយុ៤៤ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទជួញដូរ[ក្មេងស្រីរូបនេះ] នៅផ្ទះបនមួយកន្លែង សម្រាប់ការរួមភេទ”។
អ្នកស្រីបានបន្ថែមថា តុលាការបានចេញដីកាចាប់ខ្លួនឈ្មោះ លួញ ចាន់ ដែលកំពុងត្រូវបានកាត់ទោសកំបាំងមុខ បន្ទាប់ពីគេចខ្លួនពីការតាមចាប់។ ឈ្មោះ សុភា និងឈ្មោះ លួញ ចាន់ ត្រូវបានចោទប្រកាន់កាលពីខែកក្កដា បន្ទាប់ពីនគរបាលទទួលបានពាក្យបណ្តឹងពីលោក សុខ ផល្លា នាយកប្រតិបត្តិនៃអង្គការក្តីសង្ឃឹមថ្មីសម្រាប់កុមារកម្ពុជា (NHCC) ជាអង្គការក្រៅរដ្ឋាភិបាលដែលជួយកុមារកើតជំងឺអេដស៍ និងបានផ្តល់ផ្ទះមួយខ្នងឲ្យជនរងគ្រោះរូបនេះ ចាប់តាំងពីឪពុកម្តាយរបស់នាងបានស្លាប់ដោយសារជំងឺអេដស៍កាលពីប្រាំឆ្នាំមុន។
ជនរងគ្រោះ ដែលរស់នៅឯមណ្ឌលកុមារកំព្រា NHCC នៅក្នុងខេត្តកំពង់ស្ពឺ បានចេញទៅលេងផ្ទះមិត្តរួមថ្នាក់របស់នាងម្នាក់ ក្នុងរាជធានីភ្នំពេញកាលពីខែមិថុនា ហើយក្រោយមកនាងក៏បានបាត់ខ្លួនអស់រយះពេលពីរថ្ងៃ។ នៅពេលនាងត្រឡប់មកវិញ នាងបានប្រាប់បុគ្គលិកថា នាងត្រូវបានគេបញ្ជូនទៅផ្ទះបនមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ និងត្រូវបានគេរំលោភ។
លោក សាន សុដាឡែន មេធាវីរបស់ជនរងគ្រោះបានមានប្រសាសន៍ថា នាងបានចំណាយពេលមួយយប់នៅផ្ទះបនមួយក្នុងសង្កាត់ទន្លេបាសាក់ ជាទីដែលនាងត្រូវបានបង្ខំឲ្យរួមភេទជាមួយបុរសច្រើននាក់ មុនពេលនាងរត់ចេញបាន។
លោក ផល្លា នាយកប្រតិបត្តិអង្គការ NHCC បានឲ្យដឹងបន្តទៀតថា លទ្ធផលធ្វើកោសល្យវិច័យបានបញ្ជាក់ថាក្មេងស្រីនេះត្រូវបានគេរំលោភ។ លោក ផល្លា បានមានប្រសាសន៍ថា “យើងបានបញ្ជូននាងទៅមន្ទីរពេទ្យមួយក្នុងក្រុងតាខ្មៅ ហើយវេជ្ជបណ្ឌិតម្នាក់បានប្រាប់នគរបាលថា នាងត្រូវបានរំលោភ”។
លោក សូដាឡែន មេធាវីរបស់ជនរងគ្រោះបានឲ្យដឹងថា ឈ្មោះ សុភា បានច្រានចោលការចោទប្រកាន់ខ្លួនកាលពីម្សិលមិញ ដោយប្រាប់តុលាការថា ខ្លួនបានចេញក្រៅ នៅពេលដែលជនរងគ្រោះទៅផ្ទះរបស់ខ្លួនដើម្បីលេងជាមួយកូនស្រីរបស់ខ្លួន។
អ្នកស្រី ជា សារុន អាយុ៣៣ឆ្នាំ ជាអ្នកមើលថែកុមារនៅមណ្ឌលកុមារកំព្រា ដែលជាសាក្សីម្នាក់ក្នុងរឿងនេះ បានឲ្យដឹងបន្ទាប់ពីការជំនុំជម្រះក្តីបានបញ្ចប់ថា “យើងដឹងថា នាងបានបាត់ខ្លួនមួយយប់ក្នុងខែមិថុនា ហើយនៅពេលនាងត្រឡប់មកមណ្ឌលវិញ នាងមើលទៅស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឹន”។
អ្នកស្រី ជា សារុន បានមានប្រសាសន៍ថា “នាងបានប្រាប់ខ្ញុំថានាងត្រូវបានគេឃុំទុក ហើយរំលោភ”។ ឈ្មោះ សុភា ត្រូវប្រឈមនឹងការផ្តន្ទា ទោសឲ្យជាប់ពន្ធនាគាររយះពេល២០ឆ្នាំ ពីបទជួញដូរអនីតិជន។ ការជំនុំជម្រះក្តីនឹងបន្តនៅថ្ងៃនេះ៕ ប៊ុននី