38 C
Phnom Penh

កម្មករ​​​​​​ប្រមូល​​​សំរាម​​​​​​របស់​​​ក្រុម​​​ហ៊ុន​​​ ស៊ីន​​​ទ្រី​​​ ធ្វើ​​​កូដកម្មទាមទារ​​​​​​​​​ដំឡើង​​​​​​ប្រាក់​​​​​​​​​និង​​​លក្ខខណ្ឌ​ការងារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​​​​​ប្រហែល២០០នាក់​​​​​​នៃ​​​ក្រុមហ៊ុន​​​ប្រមូល​​​សំរាម​​​​​​ ស៊ីន​​​ទ្រី​​​ នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​​​​បាន​​​ធ្វើ​​​​​​ការ​​​តវ៉ា​​​កាលពី​​​ព្រឹក​​​ម្សិលមិញ​​​​​​នៅ​​​ខាង​​​ក្រៅ​​​​​​ទីតាំង​​​​​​ចំណត​​​រថយន្ត​​​ប្រមូល​​​សំរាម​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​​​​នៅ​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​ ដើម្បី​​​ទាមទារ​​លក្ខខណ្ឌ​​​ការងារ​​​​​​សមរម្យ​​​ និង​​​​​​ដំឡើង​​​​​​ប្រាក់​​​ខែ​​​គោល​​​​​​របស់​​​ខ្លួន​​​។

លោក ប្រាក់​​​ សុខា តំណាង​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​​​​បាន​​​​​​ទាមទារ​​​​​​ប្រាំបួន​​​​​​ចំណុច​​​​​​ឲ្យ​​​គណៈគ្រប់​​​គ្រង​​​​​​​​​ក្រុម​​​ហ៊ុន​​​​​​ ស៊ីន​​​ទ្រី កែ​​​សម្រួល​​​លក្ខខណ្ឌ​​​​​​ការងារ​​​សម្រាប់​​​​​​កម្ម​​​ករ​​​​​​ទាំង​​​១.២២៥​​​នាក់​​​​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​ រួម​​​ទាំង​​​ការ​​​​​​ដំឡើង​​​ប្រាក់ខែ​​​​​​ដល់​​​២០០​​​ដុល្លារ​​​​​​ក្នុង​​​មួយ​​​ខែ​​​ ផ្ដល់​​​ឯកសណ្ឋាន​​​​​​ដោយ​​​ឥត​​​គិត​​​​​​ថ្លៃ​​​ ផ្ដល់​​​ធានា​​​រ៉ាប់​​​រង​​​សុខភាព​​​ និង​​​ផ្ដល់​​​ថ្លៃ​​​ស្នាក់​​​នៅ​​​​​​ផង​​​ដែរ​​​។​​​

លោកនិយាយ​​​ថា “យើង​​​ចង់​​​បញ្ជាក់ឲ្យ​​​បាន​​​​​​ច្បាស់​​​ថា យើង​​​ធ្វើ​​​ការ​​​តវ៉ា​​​ដោយ​​​សន្ដិវិធី​​​​​​ដើម្បី​​​ទាមទារ​​​លក្ខខណ្ឌ​​​ការងារ​​​ល្អ​​​ប្រសើរ​​​​​​សម្រាប់​​​​​​កម្មករ​​​និយោជិត​​​”។ លោក​​​បាន​​​​​​លើក​​​ឡើង​ទៀត​​​ថា ក្នុង​​​ចំណោម​​​​​​ការ​​​ទាមទារ​​​​​​ប្រាំបួន​​​ចំណុច​​​​​​ដូច​​​​​​បានលើក​​​ឡើង​​​ មាន​​​ពីរ​​​ចំណុច​​​​​​ដែល​​​សំខាន់​​​ជាង​​​គេ​​​​​​ គឺ​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ និង​​​ការ​​​​​​លុប​​​ចោល​​​​​​ការ​​​បង់​​​ថ្លៃ​​​១៥​​​ដុល្លារ​​​សម្រាប់​​​ឯកសណ្ឋាន​​​។

លោក​ មុំ​​​ សារ៉ន​​​ ប្រធាន​​​សហ​​​ព័ន្ធ​​​​​​សហ​​​​​​ជីព​​​លើក​​​តម្កើងជីវភាព​​​កម្មករ​​​​​​និយោជិត​​​​​​ខ្មែរ​​​​​​ បាន​​​មានប្រសាសន៍​​​ថា គណៈ​​​គ្រប់គ្រង​​​ក្រុមហ៊ុន​​​​​​ ស៊ីនទ្រី​​​ បាន​​​យល់​​​ព្រម​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​​​​សម្រាប់​​​កម្មករ​​​​​​ទូទៅ​​​​​​ពី​​​​​​៦៥​​​ដុល្លារ​​​ទៅ​​​​​​៨៥​​​ដុល្លារ និង​​​​​​ពី​​​ ៧០,៥​​​ដុល្លារ​​​ ទៅ​​​​​​៩៥​​​ដុល្លារ​​​ សម្រាប់​​​​​​កម្មករ​​​ប្រមូល​​​សំរាម​​​​​​ពេល​​​ថ្ងៃ។ ចំណែក​​​ឯ​​​កម្មករ​​​ប្រមូល​​​សំរាម​​​ពេល​​​​​​យប់​​​ទទួ​​​ល​​​បាន​​​​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ពី​​​​​​៩៧,៥​​​ដុល្លារ​​​ ទៅ​​​១១០​​​ដុល្លារ​​​ ហើយ​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ប្រមូល​​​សំរាម​​​ពេល​​​​​​ថ្ងៃ​​​ទទួល​​​បាន​​​​​​ការ​​​ដំឡើង​​​ប្រាក់ខែ​​​ពី​​​១១០​​​ដុល្លារ​​​ ទៅ​​​១២០​​​ដុល្លារ​​​ និង​​​ពី​​​​​​ ១២០​​​ដុល្លារ​​​ទៅ​​​១៣៥​​​ដុល្លារ​​​ សម្រាប់​​​អ្នក​​​បើក​​​បរ​​​វេន​​​​​​យប់​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ការ​​​​​​ដំឡើង​​​ប្រាក់​​​ខែ​​​នេះ​​​មិន​​​គ្រប់​​​គ្រាន់​​​ទេ​​​។

​​​ លោក​​ មុំ​​​ សារ៉ន​​​ បានមានប្រសាសន៍​​​ថា “យើង​​​នឹង​​​បន្ត​​​ចរចា​​​ [នៅ​​​ថ្ងៃ​​​នេះ​​​] រហូត​​​ទាល់​​​តែ​​​យើង​​​ឈាន​​​ដល់​​​​​​ដំណោះស្រាយ​​​សម​​​ស្រប​​​មួយ​​​ យើង​​​មាន​​​ស្នាម​​​​​​មេដៃ​​​​​របស់​​​កម្មករ​​​​​​ចំនួន​​​៣០០​​​នាក់​​​ ហើយ​​​យើង​​​នឹង​​​បន្ត​​​​​​ធ្វើ​​​ការ​​​តវ៉ា​​​រហូត​​​ទាល់​​​តែរក​​​ឃើញ​​​ដំណោះ​​​ស្រាយ​​​”។

ក្រុម​​​អ្នកតវ៉ា​​​ដែល​​​​​​​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​​​​នៅ​​​​​​ខាង​​​ក្រៅ​​​​​​​​​ទីធ្លា​​​​​​របស់​​​ក្រុមហ៊ុន​​​ស៊ីនទ្រី​​ កាលពី​​​ម្សិល​​​មិញ​​​ បាន​​​យល់​​​ស្រប​​​តាម​​​​​​​​​​​​លោក​ មុំ  សារ៉ន ដែល​​​យល់​​​ឃើញ​​​ថា  ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​នេះ​​​មិន​​​គ្រប់គ្រាន់​​​។ កម្មករ​​​ប្រមូល​​​សំរាម​​​ម្នាក់​​​ឈ្មោះ​​​ កាន ជ័រ អាយុ​​​៣១​​​ឆ្នាំ​​​​​​បាននិយាយ​​​ថា “រាល់​​​ថ្ងៃ​​​ខ្ញុំ​​​​​​ត្រូវ​​​ពុះ​​​ពារ​​​​​​រស់​​​នៅ​​​​​​ដោយ​​​អាស្រ័យ​​​​​​លើ​​​​​​ប្រាក់​​​ខែ​​​តិច​​​តួច​​​របស់​​​ខ្ញុំ​​​ ដូច្នេះ​​ខ្ញុំ​​​​​​នឹង​​​​​​មិន​​​ធ្វើ​​​ការ​​​ទេ​​​ រហូត​​​ទាល់​​​តែ​​​ក្រុមហ៊ុន​​​​​​រក​​​បាន​​​​​​ដំណោះ​​​ស្រាយ​​​”។

លោក​​​ ងួន ស៊ីផេង​​​​ នាយក​​​ប្រតិបត្តិ​​​ការ​​​​​​ក្រុម​​​ហ៊ុន​​​ ស៊ីនទ្រី​​​ បាន​​​ទទួល​​​ស្គាល់​​​ថា ចាប់​​​តាំង​​​ពី​​​ដំឡើង​​​ប្រាក់​​​ខែ​​​​​​របស់​​​​​​កម្មករ​​​​​​មក​​​ វា​​​មាន​​​រយៈ​​​ពេល​​​១០​​​ឆ្នាំ​​​ហើយ​​​ ប៉ុន្តែ​បន្ទាប់ពី​​​ការ​​​ជួប​​​​​​​​​ចរចា​​​ជាមួយ​​​មេដឹកនាំ​​​សហជីព​​​និង​​​តំណាង​​​​​​ក្រុម​​​ហ៊ុន​​​ បាន​​​យល់​​​ព្រ​​​ម​​​ដំឡើង​​​ប្រាក់ខែ​​​​​​ទៅ​​​តាម​​​​​​លទ្ធភាព​​​ដែល​​​ក្រុមហ៊ុន​​​អាច​​​ផ្ដល់​​​ជូន​​​បាន។
លោ​​​​​ក​​​បានមានប្រសាសន៍​​​ថា “យើង​​​បាន​​​យល់ព្រម​​​ដំឡើង​​​ប្រាក់​​​ខែ​​​របស់​​​ពួក​​​គាត់​​​​​​ហើយ​​​ ប៉ុន្តែ​​​ពួកគាត់​​​មិន​​​យល់ព្រម​​​ទេ​​​ ហើយ​​​នៅ​​​តែ​​​ធ្វើ​​​ការ​​​តវ៉ា​​​។ យើង​​​ពិត​​​ជា​​​ចង់​​​​​​ដំឡើង​​​ប្រាក់​​​ខែ​​​​​​​​​របស់​​​ពួក​​​គាត់​​​ទៀត​​​ណាស់​​​ ប៉ុន្តែ​​​​​​យើង​​​គ្មាន​​​លទ្ធភាព​​​ដំឡើង​​​ឲ្យ​​​ទេ​​​នៅ​​​ពេល​​​នេះ​​​”។

លោក​​​​​​ក៏​​​បាន​​​បដិសេធ​​​ដែរ​​​ថា កម្មករ​​​​​​មិន​​​​​​ត្រូវ​​​បាន​​​តម្រូវ​​​ឲ្យ​​​​​​បង់​​​ប្រាក់​​​​​​ជូន​​​​​​ក្រុមហ៊ុន​​​សម្រាប់​​​ថ្លៃ​​​អាវ​​​យឺត​​​នោះ​​​ទេ​​​ ប៉ុន្តែ​​​​​​ពួក​​​គាត់​​​ត្រូវ​​​បង់​​​ប្រាក់​​​តម្កល់​​​​​​១៥​​​ដុល្លារ​​​ ហើយ​​​ប្រាក់​​​​​​តម្កល់​​​១៥​​​ដុល្លារ​​​នោះ​​​នឹង​​​ប្រគល់​​​ជូន​​​វិញ​​​​​​នៅ​​​ពេល​​​ពួក​​​គេ​​​​​​ប្រគល់​​​អាវ​​​យឺត​​​នោះ​​​មក​​​វិញ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ទៀត​​​ថា “យើង​​​​​​នឹង​​​ប្រគល់​​​ប្រាក់​​​ឲ្យ​​​ពួក​​​គាត់​​​វិញ​​​ ប្រសិន​​​​​​បើ​​​​​​ពួក​​​គាត់​​​ប្រគល់​​​អាវយឺត​​​នោះ​​​មក​​​ក្រុមហ៊ុន​​​នោះ​​​​​​ មិន​​​ថា អាវ​​​យឺ​​​ត​​​នោះ​​​ចាស់​​​យ៉ាង​​​ណា​​​នោះ​​​ទេ​​​”។ លោក​​​បានមាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា ក្រុមហ៊ុន​​​ ស៊ីនទ្រី នឹង​​​បន្ត​​​ចរចា​​​គ្នា​​​ទៀត​​​នៅ​​​ថ្ងៃ​​​នេះ៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស