28 C
Phnom Penh

សកម្ម​ជន​អះអាង​​​ថា​​​ គណៈ​ប្រតិ​ភូ​សិទ្ធិមនុស្ស​​​​កម្ពុជា​​​​​កុហក​អង្គការ​សហប្រជាជាតិរឿង​​​វិវាទដីធ្លី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ​ លោក ម៉ក់ សម្បត្តិ អនុ​ប្រធាន​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​​​កម្ពុជា ​​​​បាន​​​​រង​ការ​រិះគន់​ពីសំណាក់​សកម្ម​ជន​​​​ ដែល​បាន​ចោទ​រូប​លោក​ថា បាន​ភូត​កុហក​​​អង្គការ​សហ​ប្រជា​ជាតិ​​​​នៅ​​​ក្នុង​​ទីក្រុង​ហ្សឺណែវ រឿង​​​វិវាទ​ដីធ្លី​ និង​​ការ​តាំង​ទីលំនៅ​ថ្មី​​​​ឲ្យ​​​​​ប្រជា​​​ពល​​​រដ្ឋ​​​​ដែល​បាន​​​រង​​ការ​​​​ប៉ះពាល់​។

ការ​រិះគន់​សេចក្តី​​​រាយ​​​ការណ៍​របស់​លោក ម៉ក់ សម្បត្តិ​ ​​​នៅ​​​ចំពោះ​​​មុខ​​​​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​កាលពី​សប្ដាហ៍ មុន​​​នេះ​​​​​​គឺ​​​ធ្វើឡើង​​អំឡុង​​​ពិធី​ដាក់​បណ្តាសា​មួយ​ដែល​​សកម្មជន​សហ​គមន៍​​បឹង​កក់​ និង​បុរីកីឡា​ប្រហែល​៥០​នាក់​បានរៀបចំនៅ​​តំបន់​បឹងកក់​។

លោក ម៉ក់ សម្បត្តិ​ ដែល​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា​ទៅចូលរួម​​​​​​នៅ​​​ក្នុង​​​​​ការ​ពិនិត្យ​ជា​សាកល​​​ជា​​​ទៀង​ទាត់​​​​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​​​​នៅ​ប្រទេស​កម្ពុជា​​​​​​​ កាលពី​សប្ដាហ៍​មុន​​​​​​​​​​ ​​​បាន​​​​ប្រាប់​ក្រុម​ប្រឹក្សានេះ​ថា ក្នុង​ករណី​ដែល​រដ្ឋា​ភិបាល​មិន​​អាច​ដោះ​ស្រាយ​វិវាទ​បាន​ គេ​គួរ​បន្ទោស​អ្នក​ភូមិ​ចំពោះការ​​បំប៉ោង​ចំនួន​អ្នក​​​ភូមិ​​​ដើម្បីទទួលបាន​ដី​កាន់​តែ​ច្រើន​។

ក្រុម​សកម្មជន​បាន​លើកឡើង​តាមរយៈ​​​លិខិត​​​មួយ​​​ក្នុង​​​ពិធី​នោះ​ថា “យើង​និយាយ​ដូច្នេះ​​​​​​ ព្រោះ​លោក​ ម៉ក់ សម្បត្តិ​ ហ៊ាន​លើក​ឡើង​ពី​បញ្ហា​ដីធ្លី​ដែល​អាជ្ញាធរ​និង​រដ្ឋាភិ​បាល​​មិន​អាច​ដោះ​ស្រាយ​បាន​ ដោយ​អះ​អាង​ថា​​​…​នៅ​​​​​ក្នុង​​​កន្លែង​មួយ ដំបូង​មាន​ប្រជា​ជន​តែ​៥០០​នាក់​  ក៏​​​ប៉ុន្តែ​​​​​​​​​ពេល​​អាជ្ញាធរ​ចុះ​​​ទៅ​វាស់​វែង​ដី​​​ ​​អ្នកភូមិស្រាប់តែ​​​​​​និយាយ​​​​ថា ​ប្រជា​ពល​​​​​​រដ្ឋ​​​​​​​មាន​​​ចំនួន​១.០០០​នាក់​ រួច​​​តមក​ទៀត​ថា មាន​​​​១.៥០០​នាក់​”។

លិខិត​​​នេះ​​​មាន​​​ខ្លឹមសារ​​​បន្ត​​​ថា ​​​​​​លោក​ ម៉ក់ សម្បត្តិ ​ព្យា​យាមនិយាយ​​​ប្រាប់​​​​​ក្រុម​ប្រឹក្សា​នេះ​ថា រដ្ឋា​ភិបាល​​​​កម្ពុជា​​​ជា​​​រដ្ឋាភិបាល​​​មាន​​​គោលនយោបាយ​​​ត្រឹមត្រូវ​​​ដែល​​​បាន​ផ្ដល់​​​​សំណង​គ្រប់​គ្រាន់  និង​​​ការ​​​​​​​តាំង​ទីលំនៅ​​ថ្មី​​​​​​​​​​ឲ្យ​​​ប្រជាពលរដ្ឋ​​​ “​​​ចុះ​​​​​​​​ស្ថានភាព​​​ពិត​​​របស់​​​​​​​អ្នកភូមិ​បឹង​កក់  បុរីកីឡា ​ភ្នំបាត  ដីក្រហម​  សម្បុក​ចាប​…​និង​ខេត្ត​ដទៃ​ទៀត​នៅ​​ក្នុង​​ប្រទេស​កម្ពុជា​វា​​​យ៉ាង​​​ម៉េច​​​ទៅវិញ”។

អ្នកស្រី​ ទេព វន្នី​​​ សកម្មជន​នាំ​មុខ​គេ​នៅ​​តំបន់​បឹង​កក់ ដែល​​​មាន​​​វត្តមាន​​​នៅ​​​ក្នុង​​​​ទី​ក្រុង​ហ្សឺណែវ កាលពី​សប្ដាហ៍​មុន​នេះ​​​ដែរ​​​ ដើម្បី​​​ឆ្លុះ​​​បញ្ចាំង​​​​ពី​​​បញ្ហា​​​​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​អំឡុង​​​ការ​​​ពិនិត្យ​​​ជា​​​សាកល​​​ជា​​​ទៀងទាត់​​​នេះ​​​នោះ​​​ បានថ្លែង​​​ថា ​​​“​យើង​សោក​ស្ដាយ​ណាស់​​​​ដែល​លោក​ ម៉ក់ សម្បត្តិ បាន​ចោទ​ប្រកាន់​ពួក​យើង​  ហើយ​​​​មួល​​​បង្កាច់​​​ការពិត​​​នៅ​​​ចំពោះ​​​មុខ​​​សហ​គមន៍​អន្តរជាតិ”។

អ្នកស្រី​បាន​សួរ​ថា ​​​“​​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ យើង​​​ ហើយ​យកពួក​​​យើង​ទៅ​ឃុំ​​​។យើង​​មិន​ទាំង​​​អាច​ការ​ពារ​​ដី​របស់​ខ្លួន​​​ឯង​​​​បាន​ផង ​តើ​ឲ្យ​​​ពួក​​​យើង​​​បំប៉ោង​ចំនួន​​​​​​​អ្នក​​​ភូមិ​​​​​​​​​ដោយ​​​របៀប​​​ណា​​​?”។ ក្រោយថ្លែង​​​ក្នុង​​​​​​សន្និសីទ​កាសែត​​​នេះ​​​​​​រួច​​​សកម្មជន​បាន​បាច​ក្រដាស​ និង​​​អង្ករ​​ចូល​ទៅ​ក្នុង​ភ្លើង​ ហើយ​បាន​ដាក់​បណ្ដាសា​លោ​ក ម៉ក់ សម្បត្តិ  ចំពោះ​​​ការ​​​ “ប្រមាថ​” ​ ប្រជា​​ ពលរដ្ឋ​​​​របស់​ខ្លួន​។

អ្នកស្រី ទេព វន្នី បាន​និយាយ​ថា “កោត​​​តែ​​​មិន​​​ចេះ​​​ខ្មាសគេ​​​។​​​​​​គាត់​​​​​​​​​កុហក​​​​​​​ប្រជា​​​ពលរដ្ឋ​​​ខ្លួន​ឯង​​​​មិន​​​អស់​​​ចិត្ត​​​ហើយ​​​ទៅ​​​​ភូត​កុហក​​​​សហ​​​គមន៍​​​អន្តរ​ជាតិ​ទៀត។​​​​ យើង​ឈឺចាប់​​​ណាស់​​​ដែល​​​មាន​​​មេដឹកនាំ​​​បែបនេះ​​​​​​​”។ ពេល​​​​ទាក់​ទង​​​​បាន​​​តាម​ទូរស័ព្ទ​ លោក ម៉ក់ សម្បត្តិ បាន​​​ប្រកាន់​​​តាម​​​ការលើកឡើង​របស់​​​លោក​​​​​​​ចំពោះ​​​មុខ​​​អង្គការ​សហ​ប្រជា​ជាតិ​។

លោក​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​និយាយ​​​​​​​ចំពោះ​​​មុខ​​​អង្គការ​សហ​​ប្រជាជាតិ​រួច​ហើយ យើង​បាន​បង្ហាញ​ច្បាស់​នៅ​ទីនោះ​​​ហើយ​​​។​ យើង​បាន​រាយ​ការណ៍​អំពី​រឿង​​​សិទ្ធិ​មនុស្ស​ដែល​រដ្ឋាភិបាល​របស់​យើង​​សម្រេច​បាន”​​​​។​ លោក​បាន​មាន​ប្រសាសន៍​បន្ថែមទៀត​​ថា លោក​​​ស្វាគមន៍​​​ក្រុម​សកម្មជន​​​ឲ្យ​​​ដាក់​​​បណ្តា​សា​​​លោក​ ដោយ​​​បាន​​​ថ្លែង​​​ថា​​​ “វា​​​ស្តែង​​​​​ឲ្យ​ឃើញ​​អំពី​សិទ្ធិ​​​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា”។

អំឡុង​ការ​ពិនិត្យជា​សាកល​​​​ជា​​​​ទៀង​ទាត់​ នេះ​​​ ប្រទេស​អាល្លឺម៉ង់ អូទ្រីស និង​បារាំង​ស្ថិត​​​​នៅ​​​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ផ្ដល់​អនុ​សាសន៍​ឲ្យ​រាជ​​​រដ្ឋាភិ​បា​ល​​ពង្រឹង​​​​និង​​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​​មាន​តម្លា​ភាព​​​​”​​​​​៕ សារុន​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស